ស្ថានទូត​អាមេរិក​អំពាវនាវ​ដល់​របប​ភ្នំពេញ​​ឱ្យ​ស៊ើប​អង្កេត​​ពេញលេញ​រឿង​ឃាតកម្ម​បណ្ឌិត កែម ឡី

ដោយ វ៉ែន សុមេធ
2019.07.11
កែម ឡី វីល្លៀម ហៃដ៍ ៦២២ អតីត​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក វីល្លៀម ហៃដ៍ (William Heidt) (ស្ដាំ) និង​អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត កែម ឡី (ឆ្វេង)។
Photo courtesy of US Embassy in Cambodia

តំណាង​រដ្ឋាភិបាល​អាមេរិក​ប្រចាំ​កម្ពុជា រំឭក​ជា​ថ្មី​ទៀត​អំពី​ភាព​អយុត្តិធម៌​ក្នុង​សំណុំរឿង​ឃាតកម្ម​បណ្ឌិត កែម ឡី និង​ស្នើ​ឱ្យ​មាន​ការ​រក​យុត្តិធម៌​ពិតប្រាកដ​ជូន​ជនរងគ្រោះ​។ ក្រសួង​យុត្តិធម៌​ថា តុលាការ​បាន​បិទ​បញ្ចប់​សំណុំរឿង​ទី​មួយ​ហើយ និង​កំពុង​ចាត់ការ​សំណុំរឿង​ទី​ពីរ​បន្ត​ទៀត។

ស្ថានទូត​អាមេរិក​នៅ​ភ្នំពេញ​អំពាវនាវ​សាជាថ្មី​ម្តង​ទៀត​ដល់​រដ្ឋាភិបាល​កម្ពុជា បើក​ការស៊ើបអង្កេត​ឱ្យ​បាន​ពេញលេញ ប្រកបដោយ​តម្លាភាព និង​គួរ​ឱ្យ​ទុក​ចិត្ត​បាន​ចំពោះ​ករណី​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី។ ស្ថានទូត​បាន​ចាត់​ទុក​ករណី​ឃាតកម្ម​នេះ​ថា ជា​ការ​សម្លាប់​ដ៏​កំសាក និង​មិន​សម​ហេតុផល​។ ស្ថានទូត​ដដែល​បាន​សម្ដែង​សមាន​ទុក្ខ​ដល់​គ្រួសារ​បណ្ឌិត កែម ឡី ដែល​កំពុង​ទន្ទឹង​រង់ចាំ​យុត្តិធម៌ និង​ការទទួលខុសត្រូវ​ដ៏​ពេញលេញ​របស់​អាជ្ញាធរ។

ស្ថានទូត​អាមេរិក​លើកឡើង​បែបនេះ​នៅ​លើ​ហ្វេសប៊ុក (Facebook) ផ្លូវការ​របស់​ខ្លួន នៅ​រសៀល​ថ្ងៃទី​១១ កក្កដា ស្រប​ពេល​នៃ​ការ​ប្រារព្ធ​ខួប​៣ ឆ្នាំ​នៃ​ឃាតកម្ម​បណ្ឌិត កែម ឡី។ ស្ថានទូត​អាមេរិក​ក៏បាន​ភ្ជាប់​មក​ជា​មួយ​នូវ​សេចក្ដី​ថ្លែងការណ៍​រួម​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ដែល​ទាមទារ​ឱ្យ​មាន​ការ​បង្កើត​គណៈកម្មការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ​លើ​សំណុំ​រឿង​នេះ​ផង​ដែរ។ទោះជា​យ៉ាងណា អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន អះអាង​ថា ការ​ស៊ើបអង្កេត​ករណី​នេះ​បាន​ធ្វើ​ឡើង​ដោយ​ពេញលេញ​ហើយ ដូច្នេះ​នឹង​មិន​មានការ​បង្កើត​គណៈកម្មការ​ស៊ើបអង្កេត​បន្ថែម​ទៀត​នោះ​ទេ​។ លោក​បន្ត​ថា តុលាការ​កម្ពុជា​កំពុង​ដំណើរការ​រឿង​ក្តី​នេះ​ដើម្បី​រក​យុត្តិធម៌​ឱ្យ​ជនរងគ្រោះ ដូច្នេះ​បើ​សហរដ្ឋអាមេរិក ឬ​ភាគី​ពាក់ព័ន្ធ​ដទៃ​ទៀត មាន​ភស្តុតាង​អ្វី​បន្ថែម​ដែល​អាច​ជួយ​ដល់​ការ​បំបែក​រឿង​ក្តី​នេះ​បាន គឺ​គួរតែ​ផ្តល់​ឱ្យ​តុលាការ​កម្ពុជា។ «»

សំណុំរឿង​ឃាតកម្ម​បណ្ឌិត កែម ឡី ត្រូវ​បាន​តុលាការ​របប​ក្រុងភ្នំពេញ​បំបែក​ជា​ពីរ ដោយ​សំណុំរឿង​ទីមួយ​ផ្លោត​លើ​ការ​កាត់​ទោស​បុគ្គល អឿត អាង ហៅ ជួប សម្លាប់ និង​ទី​ពីរ​ផ្ដោត​លើ​ការស៊ើបអង្កេត​រក​អ្នក​ពាក់ព័ន្ធ និង​អ្នក​នៅ​ពីក្រោយ​ខ្នង​បុគ្គល​នេះ។

សំណុំរឿង​ទី​មួយ បាន​បិទ​បញ្ចប់​ហើយ​កាលពី​ចុងខែ​ឧសភា កន្លងទៅ បន្ទាប់ពី​តុលាការ​កំពូល​សម្រេច​ឱ្យ អឿ​ត អាង ជាប់ពន្ធនាគារ​អស់​មួយ​ជីវិត ដោយ​គ្មាន​ការ​បន្ធូរបន្ថយ​ទោស ពី​បទ “​ឃាតកម្ម​គិតទុក​ជាមុន​” និង “​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត​”​។ ចំណែក សំណុំរឿង​ទី​ពីរ​វិញ ហាក់​ដូចជា​គ្មាន​ការ​វិវឌ្ឍ​ជឿនលឿន​ទៅមុខ​ឡើយ ពីព្រោះ​តុលាការ​ក្រុងភ្នំពេញ​មិនបាន​កោះហៅ​ជនណា​ម្នាក់​មក​សាកសួរ ឬក៏​ចាប់​បាន​ជនសង្ស័យ​ណា​ផ្សេងទៀត​មក​កាត់ទោស​ឡើយ​។

ទោះជា​យ៉ាងណា សហគមន៍​ជាតិ និង​អន្តរជាតិ​មិន​ទទួលយក​លទ្ធផល​នៃ​ការស៊ើបអង្កេត និង​ការ​ជំនុំជម្រះ​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឡើយ ដោយសារ​តុលាការ​ហាក់​គ្មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​បំបែក​រឿង​ក្តី​នេះ​។ ជាពិសេស តុលាការ​គ្រប់​ជាន់ថ្នាក់​នៃ​របប​ក្រុងភ្នំពេញ​បានសម្រេច​រឿង​នេះ​ក្នុង​របៀប​តែមួយ គឺ​កាត់ទោស ជួប សម្លាប់ តែម្នាក់​ឯង ដោយ​ផ្អែក​សឹង​ទាំងស្រុង​លើ​ចម្លើយ​សារភាព​របស់​បុគ្គល​នេះ មិន​មាន​ការ​ផ្ទៀងផ្ទាត់ និង​បញ្ជាក់​បន្ថែម​ពី​សាក្សី​ណា​ម្នាក់​ឡើយ។

ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក (ADHOC) លោក នី សុខា កត់សម្គាល់​ថា សាធារណជន​មាន​មន្ទិលសង្ស័យ​កាន់តែ​ខ្លាំង​លើ​រឿង​នេះ ពីព្រោះ​ដំណើរ​ការ​រក​យុត្តិធម៌​ខ្វះ​តម្លាភាព ហើយ​អាជ្ញាធរ​បែរជា​ប្រឹង​បំបិទមាត់​អ្នក​លើកឡើង​ពី​បញ្ហា​នេះ​ទៅវិញ​។ ដូច្នេះ​លោក​ថា មានតែ​ការ​បង្កើត​គណៈកម្មការ​ស៊ើបអង្កេត​ឯករាជ្យ ដែល​មាន​ការចូលរួម​ពី​អ្នក​ជំនាញ​ជាតិ និង​អន្តរជាតិ​ទេ ទើប​អាច​លាង​ជម្រះ​ការសង្ស័យ និង​ការរិះគន់​ទាំងឡាយ​ទៅលើ​រដ្ឋាភិបាល​បាន។ «»

អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ចំនួន​២៤ ស្ថាប័ន បាន​ពិនិត្យ​ឃើញ​ថា រយៈពេល​៣ ឆ្នាំ​មកនេះ សំណុំរឿង​ដ៏​រសើប​មួយ​នេះ​គ្មាន​ការស៊ើបអង្កេត​ឱ្យ​បាន​ហ្មត់ចត់ និង​ត្រឹមត្រូវ​នោះ​ឡើយ ពីព្រោះ​គ្មាន​គណៈកម្មការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ និង​មិន​លម្អៀង​។ អង្គការ​ទាំងនេះ​បញ្ជាក់​ថា របប​ក្រុងភ្នំពេញ​ត្រូវតែ​បង្កើត​គណៈកម្មការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ ឥត​លម្អៀង និង​មាន​ប្រសិទ្ធភាព​ចំពោះ​រឿង​ក្តី​ឃាតកម្ម​នេះ ដើម្បី​ឱ្យ​ស្រប​ទៅ​នឹង​បទដ្ឋាន​អន្តរជាតិ​ដែល​កម្ពុជា​បាន​ទទួល​ស្គាល់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
លោក ហ៊ុន ម៉ាណែត អះអាង​ថា យុវជន ៩នាក់ ដែល​កំពុង​ជាប់​ឃុំ ពាក់ព័ន្ធ​នឹង «គម្រោង​ផ្ដួល​រំលំ​រដ្ឋាភិបាល»
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។