ក្រសួង​ការពារ​ជាតិ​ ទាត់ចោល​របាយការណ៍​ភ្នាក់ងារ​សម្ងាត់​អាមេរិកាំង​ រឿង​កម្ពុជា​អាច​ឈាន​ទៅ​កែ​ប្រែ​រដ្ឋធម្មនុញ្ញ​បើក​ផ្លូវ​ឲ្យ​មាន​មូលដ្ឋាន​យោធា​ចិន

0:00 / 0:00

​អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​ បដិសេធ​អំពី​លទ្ធភាព​ដែល​កម្ពុជា​ ​បើក​ផ្លូវ​ឲ្យ​មាន​មូលដ្ឋាន​យោធា​ចិន​នៅលើ​ទឹកដី​កម្ពុជា​ ​តាមរយៈ​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​។ ​ សហព័ន្ធ​ភ្នាក់ងារ​កិច្ចការ​សម្ងាត់​អាមេរិកាំង​ ​បាន​ចេញ​របាយការណ៍​ប្រចាំ​ឆ្នាំ​មួយ​របស់​ខ្លួន​ កាលពី​ថ្ងៃ​ទី ២៩ មក​រា ​វាយតម្លៃ​អំពី​ស្ថានភាព​គំរាមកំហែង​នៅលើ​សាកលលោក​។​​

អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​ ​លោក​ ​ឈុំ​ ​សុជាតិ​ ​ហៅ​របាយការណ៍​របស់​សហព័ន្ធ​ភ្នាក់ងារ​កិច្ចការ​សម្ងាត់​អាមេរិកាំង​ ថា​ជា​ឧបាយកល​ញុះញង់​របស់​សហរដ្ឋ​អាមេរិក​ ​ដើម្បី​បំផ្លាញ​សេចក្តីសុខសាន​របស់​ប្រជាពលរដ្ឋ​កម្ពុជា​។ ​ «​និយាយ​រួម​ ការចោទប្រកាន់​ដែល​គ្មាន​មូលហេតុ​អី​ច្បាស់លាស់​ ​គាត់​ចង់​និយាយ​ផ្អែក​លើ​គំនិត​របស់​គាត់​ ​មិន​ឆ្លុះ​ពី​សត្យានុម័ត​របស់​សភាពការណ៍​ជាក់ស្តែង​ របស់​ប្រជាជន​កម្ពុជា​ ​របស់​រដ្ឋាភិបាល​កម្ពុជា​ ​ដែល​យើង​កំពុង​រស់​នៅក្នុង​សុខ​សន្តិភាព​ជាមួយ​ប្រទេស​ជិតខាង​ភូមិ​ផង​របង​ជាមួយ​ក្នុង​សហគមន៍​អាស៊ាន​។ ​ដូច្នេះ​ ​យើង​មិន​ចាំបាច់​ធ្វើ​នូវ​ទង្វើ​អី​ដែល​គាត់​លើកឡើង​នេះ​ទេ​។ ​នេះ​ជា​ទង្វើ​មួយ​ដែល​យើង​សូមថ្កោល​ទោស​ ​ច្រានចោល​ទាំងស្រុង​នូវ​អំពើ​ដែល​លើកឡើង​ដែល​គ្មាន​ហេតុផល​ គ្មាន​មនសិការ​នេះ​បាទ​។​»
ប្រតិកម្ម​របស់​អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​រូប​នេះ​ ​ធ្វើឡើង​ក្រោយពេល​ដែល​ការិយាល័យ​របស់​ប្រធាន​កិច្ចការ​សម្ងាត់​អាមេរិកាំង​ ​(Office of the Director of National Intelligence) ​នៃ​ ​ដែល​ជា​បណ្តុំ​ភ្នាក់ងារ​កិច្ចការ​សម្ងាត់​អាមេរិកាំង​ចំនួន​ ១៧ ​ស្ថាប័ន​ ក្នុង​នោះ​រួមទាំង​ភ្នាក់ងារ​ ស៊ី​.​អាយ​.​អេ ​(CIA) ​ផង​ បាន​ចេញ​របាយការណ៍​វាយតម្លៃ​ការគំរាមកំហែង​ជា​សាកល​ប្រចាំឆ្នាំ ២០១៩ ​ដោយ​វាយតម្លៃ​ថា​ ​ការរអិល​ធ្លាក់​របស់​កម្ពុជា​ចូល​ទៅក្នុង​របប​គ្រប់គ្រង​បែប​ផ្តាច់ការនិយម ​ដែល​បណ្តាល​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ​គ្រប់គ្រង​បាន​ទាំងស្រុង​នូវ​អំណាច​នីតិប្បញ្ញត្តិ​របស់​ប្រទេស​នេះ​ ​បើក​ផ្លូវ​ឲ្យ​មាន​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ​ដែល​អាច​បណ្តាល​ឲ្យ​មាន​វត្តមាន​យោធា​ចិន​នៅក្នុង​ប្រទេស​នេះ​បាន​។​


លោក​ ​ឈុំ​ ​សុជាតិ​ ​បញ្ជាក់​ថា​ ​អ្វី​ដែល​កម្ពុជា​បាន​ធ្វើ​នា​ពេល​កន្លង​មក​ តាមរយៈ​ការបញ្ជាក់​ជំហរ​ជាច្រើន​លើក​ច្រើន​សារ ​ដោយ​ផ្ទាល់​មាត់​ក្តី​ ​និង​ជាលាយលក្ខណ៍អក្សរ​ក្តី​របស់​នាយករដ្ឋមន្ត្រី​ ​និង​ក្រសួង​ការពារ​ជាតិ​ ​ជា​ការគ្រប់គ្រាន់​ហើយ​សម្រាប់​គ្រប់​ប្រទេស​ទាំងអស់ ​ឲ្យ​យល់​ពី​ជំហរ​កម្ពុជា​ជុំវិញ​បញ្ហា​នេះ​។ «​ ដូចជា​គ្រប់គ្រាន់​ហើយ​។ ​កន្លង​មក​យើង​បាន​ប្រកាស​ហើយ​តាមរយៈ​ការចេញ​សេចក្តីថ្លែងការណ៍​ហើយ​។ ​វា​គ្រប់គ្រាន់​ហើយ​ ​មិន​ចាំបាច់​ធ្វើ​អី​ទៀត​ទេ​។ ​គ្រាន់តែ​ជម្រាប​ទៅ​គាត់​វិញ​ ​ផ្នែក​ចារកម្ម​ហ្នឹង​ ​សូមឲ្យ​បញ្ឈប់​ការលាប​ពណ៌​ដាក់​មក​លើ​ប្រជាពលរដ្ឋ​ខ្មែរ​ទៀត​ ​ព្រោះ​យើង​ស្រលាញ់​សន្តិភាព​ ​អព្យាក្រឹត្យភាព​ ​យើង​មិន​អាច​ធ្វើ​ដូច្នេះ​បាន​ទេ​។ ​ចេះតែ​លាប​ពណ៌​គេ​អញ្ចឹង​ ​បង្ក​អសន្តិសុខ​គ្រប់​កន្លែង​ ​គាត់​អាង​គាត់​មហា​អំណាច​ចឹង​ ​ធ្វើ​ចឹង​អត់​កើត​ទេ​។ ​យើង​មិន​ទទួលយកបាន​ទេ​។​ »

ផ្ទុយពី​ការលើកឡើង​របស់​លោក​ ​ឈុំ​ ​សុជាតិ​ ​អ្នកវិភាគ​នយោបាយ​លោក​ ​គឺ​ម ​សុខ​ ​យល់​ថា​ ​សហរដ្ឋ​អាមេរិក​មាន​ការសិក្សា​ស្រាវជ្រាវ​ច្បាស់លាស់​តាម​បណ្តាញ​សម្ងាត់​របស់​ខ្លួន​ត្រឹមត្រូវ​ ​មុននឹង​ឈាន​ទៅ​​វាយតម្លៃ​ដូច្នេះ​។ ​លោក​ថា ​ផ្អែក​តាម​ដំណើរ​វិវត្ត​ចុងក្រោយ​ ​លោក​ ហ៊ុន ​សែន ​មាន​ផែនការ​មិន​ត្រឹមតែ​កែ​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​អនុញ្ញាតឲ្យ​មាន​មូលដ្ឋាន​កងទ័ព​បរទេស ​ជាពិសេស​ចិន​នៅលើ​ទឹកដី​ខ្លួន​ប៉ុណ្ណោះ​ទេ ​តែ​ថែមទាំង​មាន​គម្រោង​ចង់​រម្លាយ​រាជ​បល្ល័ង​ ​ហើយ​ដាក់​ជំនួស​មកវិញ​នូវ​ប្រព័ន្ធ​សាធារណៈ​រដ្ឋ ​ដើម្បីឲ្យ​លោក​អាចផ្ទេរ​អំណាច​ត​ដល់​កូនប្រុស​ច្បង​របស់​លោក​ទៀតផង​។ «​ ការសង្ស័យ​របស់​អាមេរិក​ ​មាន​មូលដ្ឋាន​ច្បាស់លាស់​។ ​ខ្ញុំ​គិត​ថា​ ​ជា​ការស្រាវជ្រាវ​ដែល​មាន​ការស៊ើបអង្កេត​ ​និង​វិនិច្ឆ័យ​ ​ព្រមទាំង​វិភាគ​ត្រឹមត្រូវ​ ពីព្រោះ​ដំណើរ​ហ្នឹង​វា​មាន​ច្រើន​មក​ហើយ​អំពី​បំណង​នៃ​ការកែប្រែ​រដ្ឋធម្មនុញ្ញ​ដើម្បី​លោក​ ហ៊ុន ​សែន​ ក្តោប​អំណាច​។ ​អ្វី​ដែល​ខ្ញុំ​ដឹង​នោះ​ ​លោក​ ហ៊ុន ​សែន​ ​កំពុងតែ​បង្ខំ​ព្រះមហាក្សត្រ​ឲ្យ​លាលែង​ពី​រាជ​បល្ល័ង​។ ​គោលដៅ​របស់​គាត់​គឺ​ថា​ ​កែ​រដ្ឋធម្មនុញ្ញ​ឲ្យ​ទៅ​ជា​សាធារណៈ​រដ្ឋ ​ដើម្បីឲ្យ​គាត់​ធ្វើ​ស្តេច​សាធារណៈ​រដ្ឋ​។​ ស្តេច​សាធារណៈ​រដ្ឋ​គឺ​ប្រធានាធិបតី​ ​ដែល​មាន​តួនាទី​ទាំង​ជា​ប្រមុខរដ្ឋ​ ​និង​ជា​ប្រមុខ​រដ្ឋាភិបាល​។ ​អំណាច​នៅលើ​គាត់​ទាំងស្រុង​ !​»​

លោក​ ​គឹម​ ​សុខ ​មើល​ឃើញ​ពី​ហានិភ័យ​ជាច្រើន​ដែល​ប៉ះពាល់​ដល់​សន្តិសុខ​ប្រទេស​កម្ពុជា​ទាំងមូល ​ប្រសិនបើ​លោក​ ហ៊ុន ​សែន ​និង​គណបក្ស​ប្រជាជន​កម្ពុជា​ ​ឈាន​ទៅ​សម្រេច​មហិច្ឆិតា​បែបនេះ​មែន​។
នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ ​ដែល​សហរដ្ឋ​អាមេរិក​ ​ដាក់​ការសង្ស័យ​លើ​លទ្ធភាព​ដែល​កម្ពុជា​អាច​អនុញ្ញាតឲ្យ​មាន​មូលដ្ឋាន​យោធា​ចិន​នៅលើ​ទឹកដី​ខ្លួន​នេះ​ ​ជាពិសេស​ ក្រោយពេល​របប​ក្រុង​ភ្នំពេញ​រត់​ទៅ​ពឹង​ចិន​កាន់តែ​ខ្លាំង​ឡើង​ៗ​ ​ដើម្បី​ជួយ​កាង​អំណាច​របស់​ខ្លួន​ ក្រោយពី​បាន​រៀបចំ​ ​ព្រឹត្តិការណ៍​បោះឆ្នោត​ ​និង​រដ្ឋាភិបាល​ខុស​ច្បាប់​មួយ​ ​ដែល​រង​ការថ្កោលទោស​ជុំ​ទិស​ពី​សហគមន៍​អន្តរជាតិ​។ ​កាលពី​ចុង​ឆ្នាំ ២០១៨ ​អនុ​ប្រធានាធិបតី​អាមេរិក​ លោក ម៉ៃឃ៍ ផេនស៍ (Mike Pence) ​បាន​សរសេរ​លិខិត​ផ្លូវការ​មួយ​ច្បាប់​ទៅ​លោក​ ហ៊ុន ​សែន ​ព្រមាន​ថា​ ​ប្រសិនបើ​មាន​ហេតុការណ៍​ដូច្នេះ​ ​កើត​មាន​ឡើង​មែន​នោះ​ ​នោះ​ទំនាក់ទំនង​រវាង​កម្ពុជា​ ​និង​អាមេរិក​ ​នឹងប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ៕