អ្នកវិភាគ និងអ្នកឃ្លាំមើលបញ្ហាសង្គម លើកឡើងថា ការដកហូតសៀវភៅរបស់តំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ គឺមានចេតនានយោបាយធំជាងការអនុវត្តច្បាប់។ ការលើកឡើងនេះ បន្ទាប់ពីអាជ្ញាធរខណ្ឌទួលគោក បានដកហូតសៀវជាច្រើនក្បាល របស់លោក យ៉ែម បុញ្ញឫទ្ធិ ដែលបោះពុម្ពផ្សាយ និងចែកចាយលក់នៅតាមតូបលក់សៀវភៅ ក្រោមហេតុផលថា គ្មានការអនុញ្ញាត។
អ្នកវិភាគវ័យក្មេង លោក ហង្ស វិទូ លើកឡើងថា ថ្វីដ្បិតតែតាមច្បាប់ តម្រូវឲ្យអ្នកនិពន្ធសៀវភៅ ត្រូវស្នើសុំការអនុញ្ញាតពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឬក្រសួងអប់រំ ដើម្បីពិនិត្យមើលខ្លឹមសារ និង អក្ខរាវិរុទ្ធក្តី ប៉ុន្តែអាជ្ញាធរក៏មិនគួរតឹងរ៉ឹងចំពោះតែមន្ត្រីគណបក្សប្រឆាំងពេកនោះទេ ព្រោះសព្វថ្ងៃ នេះ មានសៀវភៅជាច្រើន ដែលបានបោះពុម្ព មិនបានសុំច្បាប់អនុញ្ញាត។ លោកបន្ថែមថា ប្រសិន បើលោក យ៉ែម បុញ្ញឫទ្ធិ មិនមែនជាមន្ត្រីជាន់ខ្ពស់បក្សប្រឆាំង គឺប្រហែលមិនមានបញ្ហាឡើយ ប៉ុន្តែ ដោយសារតែលោក យ៉ែម បុញ្ញឫទ្ធិ ជាអ្នកនយោបាយប្រឆាំង និងអាចដោយសារខ្លឹមសារនៃសៀវភៅនោះ រិះគន់រដ្ឋាភិបាល។ អ្នកវិភាគវ័យក្មេង ក៏ចាត់ទុកចំណាត់ការរបស់អាជ្ញាធរនេះ គឺជាការរឹតត្បិតសិទ្ធិសេរីភាពកាន់តែធ្ងន់ធ្ងរបន្ថែមទៀត។ «»
សៀវភៅដែលមានចំណងជើងថា ''ចក្ខុវិស័យក្នុង ការផ្សះផ្សាជាតិ'' និង''ការរៀបចំសង្គមជាតិ'' ចំនួន ២១ ក្បាលដែលនិពន្ធរៀបរៀងនិងចេញផ្សាយដោយតំណាងរាស្ត្រ និងជាអ្នកនាំពាក្យគណបក្ស សង្គ្រោះជាតិ លោក ញ៉ែម បុញ្ញឫទ្ធិ ត្រូវបានអាជ្ញាធរខណ្ឌទួលគោក ចុះដកហូតមិនឲ្យដាក់លក់នៅ កម្ពុជា កាលពីរសៀល ថ្ងៃទី១ ខែកញ្ញា នៅតូបលក់កាសែត ជាប់របងវិទ្យាល័យសន្ធរម៉ុក ផ្លូវលេខ២៥៣ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។ បច្ចុប្បន្ននេះ សៀវភៅទាំងនោះ កំពុងរក្សាទុកជាបណ្ដោះអាសន្ន នៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានីភ្នំពេញ។
អាស៊ីសេរីមិនអាចសុំការឆ្លើយតបពីអភិបាលខណ្ឌទួលគោក លោក ឯក ឃុនជឿន និងអភិបាលរង ខណ្ឌទួលគោក លោក ប៉ាង លីដា បានទេ នៅថ្ងៃទី២ ខែកញ្ញា ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។ ទោះយ៉ាងណាក្តី អភិបាលខណ្ឌទួលគោក លោក ឯក ឃុនជឿន បានប្រាប់សារព័ត៌មានក្នុងស្រុកថា មូលហេតុដែលអាជ្ញាធរចុះប្រមូលសៀវភៅទាំងនោះ គឺដោយសារតែគ្មានច្បាប់អនុញ្ញាតពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈត្រឹមត្រូវ។ លោកបញ្ជាក់ថា អ្នកចែកចាយលក់សៀវភៅនេះ គឺជាជំនួយការលោក យ៉ែម បុញ្ញឫទ្ធិ ប៉ុន្តែអាជ្ញាធរបានណែនាំរូបគេ ឲ្យបញ្ឈប់សកម្មភាពចែកចាយសៀវភៅនេះទៀត។
ទាក់ទងករណីនេះដែរ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ថៃ នរៈសន្យា អះអាងថា លោកមិនបានដឹងករណីនេះដែរ។ «»
អាស៊ីសេរី មិនអាចសុំការឆ្លើយតបពីលោក យ៉ែម បុញ្ញឫទ្ធិ បានទេ អំពីករណីនេះ។ ចំណែកមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិលោក ហ៊ីង សុខសាន្ត អះអាងថា សៀវភៅនេះ ទើបតែត្រូវបានជំនួយការលោក យ៉ែម បុញ្ញឫទ្ធិ បោះពុម្ពចែកប៉ុន្មានថ្ងៃមុននេះទេ ហើយមិនទាន់ត្រូវបានចែកចាយទូលំទូលាយឡើយ។ លោកក៏មិនបានដឹងអំពីខ្លឹមសារនៃសៀវភៅនេះដែរ។ «»
អ្នកស្រាវជ្រាវបញ្ហាសង្គម និងនយោបាយ លោកបណ្ឌិត មាស នី មានប្រសាសន៍ថា ចំណាត់ការ របស់អាជ្ញាធរនេះ គឺមិនទំនងសោះឡើយ ហើយបើគ្រាន់តែលើកហេតុផលថា ដោយសារការបោះពុម្ភសៀវភៅនោះ គ្មានច្បាប់អនុញ្ញាតគឺមិនគ្រប់គ្រាន់ដែលអាចទទួលយកបានឡើយ។ លោកបន្តថា ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិសេរីភាពក្នុងការសរសេរ និងបោះពុម្ភផ្សាយ កុំឲ្យតែប៉ះពាល់សិទ្ធិអ្នកដទៃ។ លោកយល់ថា វិធានការរបស់អាជ្ញាធរខណ្ឌទួលគោកនេះ គឺប្រហែលមិនមែនជាបញ្ជារបស់រដ្ឋាភិបាលនោះទេ។ «»
ចំណាត់ការរបស់អាជ្ញាធរនេះ ក៏ត្រូវក្រុមអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក (Facebook) រិះគន់ព្រោងព្រាតថា អាជ្ញាធរមានចេតនារារាំងមិនចង់ឲ្យប្រជាពលរដ្ឋចេះដឹង និងយល់ដឹងអំពីរឿងសង្គមជាតិ ព្រោះ ការលក់សៀវភៅផ្សព្វផ្សាយផ្នែកគំនិតបែរជាហាមឃាត់ខណៈផ្លាកយីហោស្រាបៀរផ្សាយយ៉ាងសេរី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។