ក្រុមយុវជនប្រមាណ ៣០នាក់មកពី ២៥ឃុំក្នុងខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៤ កុម្ភៈ ចូលរួមស្វែងយល់អំពីរបៀបបោះឆ្នោតឲ្យមានភាពយុត្តិធម៌ និងត្រឹមត្រូវ ដែលរៀបចំដោយមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីការអភិវឌ្ឍន៍ និងសន្តិភាព។ កម្មវិធីនេះ មានបំណងឲ្យយុវជនបានបញ្ចេញមតិយោបល់របស់ខ្លួនអំពីការបោះឆ្នោតនាពេលកន្លងមក និងដើម្បីកែលំអការបោះឆ្នោតពេលខាងមុខឲ្យមានភាពប្រសើរឡើង។
ក្រុមយុវជនដែលបានចូលរួមសិក្សាកម្មវិធីនៅវត្តពិភិទ្ធារាម ក្រុងបាត់ដំបង លើកឡើងស្រដៀងគ្នាថា កម្មវិធីនេះជាការល្អមួយសម្រាប់យុវជន ដើម្បីរួមចំណែកពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
តំណាងយុវជនមកពីសង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង គឺលោក ភា ឌីស្កូ ថ្លែងថា កម្មវិធីនេះធ្វើឲ្យពួកគេបានយល់ដឹងអំពីការបោះឆ្នោតប្រកបដោយភាពសុក្រឹត យុត្តិធម៌ មានជាអាទិ៍ ពីរបៀបចុះឈ្មោះ និងការរួមចំណែកទៅបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួន សម្រាប់ដឹកនាំប្រទេស ជាដើម៖ « បាទ ! ការងារនេះសំខាន់ណាស់ ព្រោះអីអ្នករៀបចំកម្មវិធីបានបណ្ដុះបណ្ដាលពួកខ្ញុំធ្វើជាយុវជនបង្គោល ដើម្បីយកទៅផ្សព្វផ្សាយក្នុងមូលដ្ឋានរបស់ខ្លួនបន្តទៀត »។
អ្នករៀបចំកម្មវិធីនេះ មានដាក់បញ្ចាំងស្លាយបង្ហាញពីប្រវត្តិនៃការបោះឆ្នោតនៅកម្ពុជា នាពេលកន្លងមក ដើម្បីឲ្យក្រុមយុវជនបានយល់ដឹងកាន់តែច្បាស់ និងយកចំណេះទាំងនោះ ទៅកែលំអក្នុងការបោះឆ្នោតនៅពេលខាងមុខឲ្យបានត្រឹមត្រូវ។
ប្រធានកម្មវិធីមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីការអភិវឌ្ឍន៍ និងសន្តិភាព ហៅកាត់ថា ភី.ឌី.ភី (PDP) គឺលោក សេង ឫទ្ធី មានប្រសាសន៍ថា ក្រុមយុវជនដែលជ្រើសរើសមកសិក្សានេះ មានអាយុចាប់ពី ១៧ឆ្នាំទៅ ៣០ឆ្នាំ តំណាងឲ្យក្រុមយុវជនមកពី ២៥ឃុំក្នុងខេត្តបាត់ដំបង។ លោកបញ្ជាក់ថា ក្រុមយុវជនដែលបានមកសិក្សាក្នុងកម្មវិធីនេះ ពួកគេនឹងយល់ដឹងកាន់តែច្បាស់អំពីរបៀបចុះឈ្មោះបោះឆ្នោតឲ្យបានត្រឹមត្រូវ និងជាការលើកទឹកចិត្តឲ្យពួកគេទៅចូលរួមការបោះឆ្នោតនៅឆ្នាំក្រោយៗទៀត៖ « អ៊ីចឹងយើងអត់ចង់ឲ្យយុវជនបាត់បង់ឱកាសក្នុងការបោះឆ្នោតទេ ព្រោះអីកាលណាពួកគាត់អត់មានឈ្មោះក្នុងបញ្ជីបោះឆ្នោតទេ មានន័យថា ពួកគាត់ក៏មិនអាចទៅបោះឆ្នោតបានដែរ »។
ទាក់ទងនឹងបញ្ហានេះដែរ ប្រធានលេខាធិការគណៈកម្មការរៀបចំការបោះឆ្នោតខេត្តបាត់ដំបង លោក វន ពន មានប្រសាសន៍ថា ការអប់រំយុវជនឲ្យយល់ដឹងពីការបោះឆ្នោត គឺជាការល្អប្រសើរមួយ ដើម្បីសម្រួលដល់ដំណើរការបោះឆ្នោតប្រព្រឹត្តទៅបានឆាប់រហ័ស៖ « បើកាលណាប្រជាពលរដ្ឋយល់ដឹងពីរបៀបបោះឆ្នោតហើយ ខ្ញុំគិតថា ការងារបោះឆ្នោតនឹងងាយស្រួលជាងមុន »។
អ្នករៀបចំកម្មវិធីរំពឹងថា យុវជនដែលចូលរួមសិក្សា នឹងនាំយកចំណេះរបស់ខ្លួនទៅចែករំលែកដល់ក្រុមយុវជនផ្សេងទៀតនៅក្នុងមូលដ្ឋានរបស់ពួកគេ។ មជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីការអភិវឌ្ឍន៍ និងសន្តិភាព នឹងរៀបចំកម្មវិធីបែបនេះនៅតំបន់ដែលមានប្រជាពលរដ្ឋរស់នៅច្រើនចំនួន ១៦ខេត្តទូទាំងប្រទេស។ បន្ទាប់ពីខេត្តបាត់ដំបង កម្មវិធីនេះនឹងត្រូវរៀបចំឡើងនៅខេត្តសៀមរាប កំពង់ចាម ព្រៃវែង និងខេត្តកណ្ដាល ជាបន្តបន្ទាប់ទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។