យុវជន​ស្នើ​ឱ្យ​ពិនិត្យ​ច្បាស់​ពី​ផល​ប៉ះពាល់​នៃ​គម្រោង​វិនិយោគ​ចិន​មុន​បង្ហាញ​មោទនភាព

ដោយ ជុន ច័ន្ទបុត្រ
2019.03.02
Share on WhatsApp
Share on WhatsApp
សំរាម​នៅ​ខេត្ត​ព្រះសីហនុ យុវជន​ ថុន រដ្ឋា ជា​សកម្មជន​បរិស្ថាន​លាត​ត្រដាង​​អំពី​បញ្ហា​សំរាម​​ក្នុង​ខេត្ត​ព្រះសីហនុ នៅ​លើ​​ហ្វេសប៊ុក កាល​ពី​ពេល​ថ្មីៗ នេះ។
រូបថត៖ អង្គការ​មាតាធម្មជាតិ

យុវជន​ស្នើ​ឱ្យ​មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន ពិនិត្យ​ឱ្យ​បាន​ដិតដល់​អំពី​គម្រោង​វិនិយោគ​ទាំងឡាយ​របស់​ចិន មុននឹង​បង្ហាញ​មោទនភាព​ជា​សាធារណៈ និង​ថ្លែង​ការពារ​គម្រោង​វិនិយោគ​ទាំងនោះ​។ កាលពី​ថ្ងៃទី១១ វិច្ឆិកា កន្លង​ទៅ លោក ហ៊ុន សែន បាន​បង្ហាញ​មោទនភាព​ដែល​មាន​ប្រទេស​ចិន​ជា​មិត្ត​ទុកចិត្ត និង​មក​បណ្ដាក់​ទុន​វិនិយោគ​ច្រើន​នៅ​កម្ពុជា។

យុវជន​ដែល​ជា​សកម្មជន​បរិស្ថាន និង​អ្នកការពារ​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច ថ្លែង​ថា ពួកគេ​ទទួលស្គាល់​អំពី​ផលប្រយោជន៍​ដែល​បាន​មក​ពី​ការ​វិនិយោគ​របស់​ចិន​នៅ​កម្ពុជា ក៏ប៉ុន្តែ​ពួកគេ​អះអាង​ថា មិនមែន​គ្រប់​គម្រោង​ទាំងអស់​របស់​ចិន​សុទ្ធតែ​បាន​ប្រយោជន៍​ដល់​ពលរដ្ឋ​ខ្មែរ​នោះ​ឡើយ​។ ផ្ទុយទៅវិញ គម្រោង​មួយ​ចំនួន​បាន​បង្ក​ផល​ប៉ះពាល់​យ៉ាង​ធំធេង​ដល់​បរិស្ថាន និង​សង្គម ព្រមទាំង​ជះឥទ្ធិពល​អវិជ្ជមាន​ជាច្រើន​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ។

សកម្មជន​បរិស្ថាន​លោក ថុន រដ្ឋា ថ្លែង​ថា លោក​ស្វាគមន៍​ចំពោះ​គម្រោង​វិនិយោគ​ទាំងឡាយ​ពី​បរទេស ក្នុង​នោះ​ក៏​រួមបញ្ចូល​ទាំង​ក្រុមហ៊ុន​របស់​ចិន​ផង​ដែរ។ ក៏ប៉ុន្តែ​អ្វី​ដែល​លោក​មាន​ក្ដី​ព្រួយបារម្ភ​នោះ គឺ​ការ​វិនិយោគ​របស់​ចិន​មួយ​ចំនួន​កំពុង​បង្ក​ជា​បញ្ហា​សង្គម​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ជាពិសេស​នៅ​ខេត្ត​ព្រះសីហនុ ដែល​មាន​អ្នក​រកស៊ី​ចិន​ខ្លះ បាន​បើក​បន​ល្បែង និង​កន្លែង​ពេស្យាចារ​ជាដើម​។ ចំណែក​ការ​រីក​ដុះដាល​នៃ​វិស័យ​សំណង់​វិញ ដែល​កើត​ចេញ​ពី​ការ​ហូរ​ចូល​យ៉ាង​គំហុក​នៃ​ជន​ជាតិ​ចិន ក៏បាន​បណ្ដាល​ឱ្យ​បរិស្ថាន​តំបន់​ឆ្នេរ និង​ទឹកសមុទ្រ រង​ការ​បំពុល​ធ្ងន់ធ្ងរ​ផង​ដែរ​។ បន្ថែម​ពីលើ​នេះ គម្រោង​វិនិយោគ​របស់​ចិន​មួយ​ចំនួន គឺជា​ប្រភព​នៃ​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ ដូចជា​ករណី​ក្រុមហ៊ុន​យូឌីជី (UDC) នៅ​ស្រុក​គិរីសាគរ ខេត្ត​កោះកុង ជាដើម ដែល​ធ្វើ​ឱ្យ​មាន​ការរំលោភ​សិទ្ធិ​មនុស្ស និង​ការ​បណ្តេញ​ពលរដ្ឋ​ចេញ​ដោយ​បង្ខំ​ផង​ដែរ៖ «វិនិយោគិន​ចិន គឺ​ផ្ដោត​ទៅ​លើ​តែ​ផល​ចំណេញ​ជាជាង​ការ​គោរព​សិទ្ធិមនុស្ស ឬក៏​លទ្ធិ​ប្រជាធិបតេយ្យ ឬក៏​ផលប្រយោជន៍​អ្វីមួយ​ដើម្បី​ជួយ​មកដល់​ប្រជាជន​ខ្មែរ ឬក៏​ប្រទេស​ខ្មែរ​ទេ​។ គេ​សំដៅ​តែ​ប្រាក់ចំណេញ​ដែល​គេ​នឹង​ទទួល​បាន ហើយ​គេ​នឹង​យក​អាហ្នឹង​ត្រឡប់​ទៅ​ប្រទេស​គេ​វិញ ឬក៏​មានបាន​សម្រាប់​សោយសុខ​នៅ​កម្ពុជា​។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គួរតែ​គិត​ឡើងវិញ​មុននឹង​បញ្ចេញ​មោទនភាព​ជា​សាធារណៈ​ថា​តើ​ការ​វិនិយោគ ការ​មក​រស់នៅ​របស់​ជនជាតិ​ចិន​ហ្នឹង​ពិតជា​ឆ្លើយតប​ទៅ​នឹង​ការ​រីក​ចម្រើន ការ​អភិវឌ្ឍ​របស់​ប្រទេស​មែន ឬក៏​អត់ ហើយ​ថា​តើ​របាយការណ៍​ពី​ថ្នាក់ក្រោម​ដែល​និយាយ​ពី​ការ​រីកចម្រើន​ទៅកាន់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហ្នឹង វា​ពិតជា​ឆ្លុះបញ្ចាំង​ពី​ការពិត​ដែល​កំពុងតែ​កើត​មាននៅ​កន្លែង​ហ្នឹង​មែនដែរ ឬ​អត់​។ ហើយ​អ្វី​ដែល​សំខាន់​មួយទៀត​ហ្នឹង គឺ​គាត់​ត្រូវតែ​ចាប់ផ្ដើម​ពង្រឹង​ច្បាប់»

ប្រតិកម្ម​របស់​យុវជន ថុន រដ្ឋា នេះ គឺ​នៅ​បន្ទាប់ពី​មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន បាន​បង្ហាញ​មោទនភាព​អំពី​គម្រោង​វិនិយោគ​របស់​ចិន ដែល​លោក​អះអាង​ថា បាន​ជួយ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​បានជា​ច្រើន​ផ្នែក​។ លោក ហ៊ុន សែន បាន​ថ្លែង​ថា ប្រទេស​ចិន​បាន​ជួយ​ដល់​កម្ពុជា​លើ​វិស័យ​ហេដ្ឋារចនាសម្ពន្ធ ការ​ផលិត​ថាមពល និង​អគ្គិសនី ព្រមទាំង​ការ​បង្កើត​ការងារ​ជាច្រើន​កន្លែង​សម្រាប់​ពលរដ្ឋ​ខ្មែរ​។ លោក​បន្ត​ថា ចិន​ជា​មហាអំណាច​សេដ្ឋកិច្ច ហើយ​ការ​វិនិយោគ​របស់​ចិន​មាន​គ្រប់​ទីកន្លែង​ទាំងអស់ ដូច្នេះ​កម្ពុជា​គួរតែ​មាន​មោទនភាព​ដែល​មាន​ចិន​ជា​មិត្ត និង​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ៖ «ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស អ្នកណា​ក៏​ចង់បាន​ដែរ ប៉ុន្តែ​ចម្លែក​ត្រង់​តែ​កម្ពុជា​នេះ នៅ​ពេល​ដែល​ចិន​ចូល​មក​វិនិយោគ​យ៉ាង​គំហុក​នៅ​ក្នុង​ប្រទេស​កម្ពុជា បែរជា​មាន​អ្នក​ចង់​បណ្ដេញ​ចិន​ចេញទៅ​វិញ​។ ឯង​(​ខ្ញុំ​)​ខំ​ទៅ​ទាក់ទង​គេ ដើម្បី​ឱ្យ​គេ​មក​វិនិយោគ យក​លុយ​មក​ដាក់​ស្រុក​ខ្មែរ កសាង​អាគារ​ឱ្យ​ខ្ពស់ៗ​ទៅ​។ កសាង​រួចហើយ គាត់​មិន​អាច​ដឹក​តាម​កប៉ាល់​ហោះ​ត្រឡប់​ទៅ​ស្រុក​គាត់​វិញ​ទេ កុំ​ឆ្ងល់​ពេក»

ចិន​កុម្មុយនិស្ត គឺជា​ប្រទេស​នាំ​មុខ​គេ​ក្នុង​ការ​វិនិយោគ​នៅ​កម្ពុជា ដោយ​កាលពី​ឆ្នាំ​២០១៨ ទំហំ​ទុន​វិនិយោគ​សរុប​របស់​ចិន​មាន​ប្រមាណ ៣​ពាន់ ៦​រយ​លាន​ដុល្លារ ឬ​ស្មើនឹង ៥៣​ភាគរយ នៃ​ទំហំ​វិនិយោគ​សរុប​ចំនួន ៦​ពាន់ ៨​រយ​លាន​ដុល្លារ​អាមេរិក​។ ចិន​ក៏​ជា​ប្រទេស​ឈានមុខ​គេ​ក្នុង​ការ​ផ្ដល់​ជំនួយ​ដល់​កម្ពុជា​ផង​ដែរ ប៉ុន្តែ​ជំនួយ​ទាំងនោះ​សុទ្ធតែ​ជា​ជំនួយ​គ្មាន​លក្ខខណ្ឌ ដែល​ធ្វើ​ឱ្យ​មាន​ការ​បារម្ភ​ពី​ការប្រើប្រាស់​ខុស​ទិសដៅ និង​បាត់បង់​ទៅ​ក្នុង​អំពើពុករលួយ​។

សកម្មជន​ការពារ​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​កួយ​ឃុំ​ប្រមេរ​នៃ​ខេត្ត​ព្រះវិហារ លោក លូត សាំង យល់ឃើញ​ថា ប្រសាសន៍​របស់​លោក ហ៊ុន សែន នេះ មិនបាន​ឆ្លុះបញ្ចាំង​ការពិត​គ្រប់​ជ្រុងជ្រោយ​នោះ​ទេ។

លោក​បន្ត​ថា មូលហេតុ​ដែល​ពលរដ្ឋ​មួយ​ចំនួន​មិន​ពេញ​ចិត្តនឹង​គម្រោង​វិនិយោគ​របស់​ចិន គឺ​ដោយសារតែ​គម្រោង​ទាំងនោះ​បាន​ធ្វើឱ្យ​ពួកគាត់​បាត់បង់​ដីធ្លី និង​មុខរបរ​របស់​ខ្លួន​។ តួយ៉ាង ករណី​គម្រោង​វិនិយោគ​ស្ករស​របស់​ក្រុមហ៊ុន​ចិន​នៅ​ខេត្ត​ព្រះវិហារ ដែល​លោក ហ៊ុន សែន ធ្លាប់​បាន​រំពឹង​ថា នឹង​ជួយ​លើក​ស្ទូ​យ​ជីវភាព​ពលរដ្ឋ​នោះ មិនបាន​ផ្ដល់​ផលប្រយោជន៍​អ្វី​ដល់​ពលរដ្ឋ​ឡើយ​។ ផ្ទុយទៅវិញ គម្រោង​នេះ​បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​រាប់ពាន់​គ្រួសារ​ដែល​ភាគច្រើន​ជា​ជនជាតិ​ដើម​ភាគតិច​កួយ បាត់បង់​ដីធ្លី ស្រែចម្ការ និង​ព្រៃឈើ ដែល​ពួកគាត់​ធ្លាប់​ពឹង​អាស្រ័យ​ផល​តាំងពី​ដូនតា​មក​។ លោក​យល់ថា គម្រោង​វិនិយោគ​របស់​ចិន​ភាគច្រើន​ផ្តល់​ផល​ចំណេញ​ទៅ​ពួក​នាយទុន និង​មន្ត្រី​មានអំណាច ចំណែក​ពលរដ្ឋ​វិញ​ទទួល​បាន​ផលប្រយោជន៍​តិចតួច​ប៉ុណ្ណោះ៖ «ធ្វើ​ម៉េច​អភិវឌ្ឍ​ឱ្យ​ប្រជាជន​ខ្លួនឯង​ហ្នឹង មាន​ជីវភាព​ស្មើគ្នា​ក្នុង​ការ​រស់នៅ​ហ្នឹង​។ ឧទាហរណ៍ បើ​គេ​បង្កើត​រោងចក្រ​អ៊ីចឹង យើង​បង្រៀន​បច្ចេកទេស​ដល់​ប្រជាជន ឱ្យ​គាត់​ចេះ​ដាំ​អំពៅ​ឱ្យ​ល្អជា​ដើម​។ ការ​អភិវឌ្ឍ​ឱ្យ​គាត់​មាន​ជីវភាព​(​ល្អ​) ហើយ​បើ​រក​កម្មករ យើង​រក​អ្នក​ក្នុងស្រុក ហើយ​ឱ្យ​ប្រាក់ខែ​សមរម្យ​។ នេះ​ដូច​ជាក់ស្ដែង វា​អត់​បាន​ផ្តល់​ផលប្រយោជន៍​ដល់​ពួកគាត់​អ៊ីចឹង​ទេ​។ អ៊ីចឹង​ហើយ​បានជា​ខ្ញុំ​អត់​ពេញចិត្ត​ទាក់ទង​នឹង​សម្បទាន​របស់​ចិន ក្រុមហ៊ុន​មួយ​ចំនួន​ដែល​នាំមក​នៅ​ស្រុក​ខ្មែរ (​ព្រោះ​)​ការ​រំលោភ​សិទ្ធិមនុស្ស​វា​ច្រើន​ខ្លាំងក្លា​មែនទែន»

កំណើន​ជនជាតិ​ចិន​នៅ​កម្ពុជា ក៏បាន​ក្លាយ​ជា​កង្វល់​របស់​យុវជន និង​ពលរដ្ឋ​ខ្មែរ​ទូទៅ​ផង​ដែរ​។ ក្តី​ព្រួយបារម្ភ​នោះ គឺ​ពាក់ព័ន្ធ​នឹង​រឿង​បញ្ហា​អសន្តិសុខ ការប្រើប្រាស់​ទឹកដី​កម្ពុជា​ជា​កន្លែង​ប្រព្រឹត្ត​បទល្មើស​ចាប់​ជំរិត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត និង​ការ​ក្ដោបក្ដាប់​សេដ្ឋកិច្ច​នៅ​តាម​តំបន់​សំខាន់ៗ​មួយ​ចំនួន ដូចជា នៅ​ខេត្ត​ព្រះសីហនុ សៀមរាប និង​ក្រុងភ្នំពេញ ជាដើម​។ គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​ឱ្យដឹង​ថា គិត​ត្រឹម​ចុង​ឆ្នាំ ២០១៨ ជនជាតិ​ចិន​ដែល​កំពុង​រស់នៅ​កម្ពុជា មាន​ចំនួន​ជាង ២០ ម៉ឺន​នាក់ ដែល​ចំនួន​នេះ​មិន​រាប់បញ្ចូល​អ្នកទេសចរ និង​អ្នកការទូត​ឡើយ។

យុវជន​ស្នើ​ឱ្យ​ប្រមុខ​របប​ក្រុងភ្នំពេញ​ពិនិត្យ​ឱ្យ​បាន​ច្បាស់លាស់​ពី​គម្រោង​វិនិយោគ​របស់​ចិន ដោយ​កុំ​មើល​ឃើញ​តែ​ចំណុច​វិជ្ជមាន​នៃ​គម្រោង​ទាំងនោះ ពោល​គឺ​ត្រូវ​យកចិត្តទុកដាក់​ដោះស្រាយ​ផល​ប៉ះពាល់​ទៅលើ​ប្រជាពលរដ្ឋ​របស់​ខ្លួន​ផង។ លើស​ពី​នេះ ពួកគេ​សំណូមពរ​ឱ្យ​មាន​ការអនុវត្ត​ច្បាប់​ដោយ​គ្មាន​ការយោគយល់ បើ​ពិនិត្យ​ឃើញ​ថា ក្រុមហ៊ុន​ចិន​ណាមួយ​បាន​ប្រព្រឹត្ត​ផ្ទុយ​នឹង​បញ្ញត្តិ​ច្បាប់​របស់​កម្ពុជា ជាពិសេស​ករណី​ក្រុមហ៊ុន​សម្បទាន​ដី​សេដ្ឋកិច្ច​របស់​ចិន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
លោក ហ៊ុន សែន រង​ការរិះគន់​រឿង​ជេរ​ប្រមាថ​សកម្មជន​សិទ្ធិមនុស្ស​កញ្ញា សេង ធារី
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។