ប្រពន្ធសកម្មជនគណបក្សសង្គ្រោះជាតិម្នាក់នៅរាជធានីភ្នំពេញគឺ លោក ឃឹម ភាណាអះអាងថា ប្ដីរបស់លោកស្រីធ្លាក់ខ្លួនឈឺនិងមានសភាពស្គមស្លេកស្លាំងក្នុងពេលជាប់ឃុំនៅពន្ធនាគារព្រៃស។ ការលើកនេះបន្ទាប់ពីលោកស្រីចូលសួរសុខទុក្ខប្ដីរបស់គាត់នៅក្នុងពន្ធនាគារជាលើកដំបូងកាលពីថ្ងៃទី១៥ មិថុនា។
ប្រពន្ធចៅសង្កាត់ដេប៉ូ៣ ជាប់ឆ្នោតគណបក្សសង្គ្រោះជាតិនៅរាជធានីភ្នំពេញ លោកស្រី សុខ បូលីម៉ា រៀបរាប់ថាលោកស្រីតក់ស្លុតយ៉ាងខ្លាំងនៅពេលដែលមើលឃើញប្ដីតាមចម្រឹងដែកនិងមានបាំងកញ្ចក់ក្នុងពេលសួរសុខទុក្ខប្ដីនៅពន្ធនាគារព្រៃស ដោយប្ដីមានសភាពស្គមស្លេកស្លាំងខុសប្រក្រតី ដែលមើលមិនចង់ស្គាល់ប្ដីរបស់ខ្លួនឯង។ ប្រពន្ធសកម្មជនបក្សប្រឆាំងរូបនេះបន្ថែមថា ប្ដីរបស់គាត់គឺលោក ឃឹម ភាណា មានជំងឺលើសឈាមធ្ងន់ធ្ងរ រមាស់តាមដងខ្លួន និងជំងឺផ្ដាសាយធំជាច្រើនថ្ងៃមកហើយ ធ្វើឱ្យលោកពិសាបាយមិនបានសម្រាន្តមិនសូវលក់នោះទេ៖ «បងអាណិតគាត់សង្វេគមែនទែនយើងជាប្រពន្ធ ក្នុងខ្លួនគាត់ថាអត់អីរហូត ប៉ុន្តែបងមានអារម្មណ៍សង្វេគ ព្រោះអាណិតគាត់។គាត់សួរពីការយ៉ាងម៉េចដែរ ការងារខ្ញុំមិនអាចទៅមុខរួចទេគេនឹងបញ្ឈប់ខ្ញុំនៅចុងខែមិថុនានេះហើយ គេមិនប្រើពាក្យបញ្ឈប់ទេ តែគេឱ្យយើងឈប់ចុងខែ៦នេះ។ខ្ញុំមិនអាចទទួលយកបានទេទី១គាត់គ្មានកំហុសដូចតុលាការចោទប្រកាន់ទេ សូមឱ្យដោះលែងគាត់ជាបន្ទាន់និងដោយឥតលក្ខខ័ណ្ឌ » ។
លោកស្រីបន្តថា ថ្វីបើលោកឃឹម ភាណា មានសភាពបែបនេះក្ដីក៏លោក នៅតែបន្តផ្ដាំឱ្យលោកស្រីតាំងស្មារតីឱ្យបាននឹងធឹងធ្វើអំពើល្អបន្តទៀត ដើម្បីរួមចំណែកជំរុញឱ្យកម្ពុជាមានប្រជាធិបតេយ្យពេញលេញ។
ចៅសង្កាត់ផ្សារដេប៉ួទី៣ជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ ខណ្ឌទូលគោកលោក ឃឹម ភាណា ត្រូវបានប៉ូលិសខេត្តកណ្ដាលចាប់ខ្លួនបញ្ជូនទៅដាក់ឃុំក្នុងពន្ធនាគារព្រៃសកាលពីព្រឹកថ្ងៃទី២មេសា។ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក កូយ សៅ បានប្រកាន់លោកឃឹម ភាណា ពីបទរួមគំនិតក្បត់ ញុះញង់ឲ្យយោធាមិនស្តាប់បញ្ជា និង ញុះញង់ឲ្យប្រព្រឹត្តបទ ឧក្រិដ្ឋជាអាទិ៍។
មេធាវីការពារក្តីឲ្យសកម្មជនបក្សប្រឆាំង គឺលោកសំ សុគង់ មានប្រសាសន៍ថា សកម្មជនគណបក្សប្រឆាំងដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃស ភាគច្រើនមានជំងឺប្រចាំកាយដូចជាជំងឺលើសឈាម និងវិលមុខជាដើម។លោកបន្តថា មន្ត្រីពន្ធនាគារនៅតែបន្តឃុំពួកគេក្នុងបន្ទប់ជាមួយអ្នកទោសចម្រុះដូចជាឧក្រិដ្ឋ ជនគ្រឿងញៀន និងក្រុមចោរលួចចោរប្លន់ជាដើម ដែលពួកគេតែងតែជក់បារីនិងមាត់ឡូឡាធ្វើឱ្យពួកគាត់សម្រាន្តមិនសូវលក់នោះទេ៖ «គាត់ចង់បានបន្ទប់ស្ងប់ស្ងាត់ ដើម្បីឱ្យគាត់មានកន្លែងផ្ចង់អារម្មណ៍ ឬក៏អាចធ្វើអារម្មណ៍ឱ្យបានស្រួល ហើយពួកគាត់ត្រូវបានចាប់ពាក់ព័ន្ធនឹងសំណុំរឿងនយោបាយទៀតធ្វើគាត់ហ្នឹងមានការសម្រាន្តនិងការកេងឱ្យបានស្កប់ស្កល់ » ។
ឆ្លើយតបនឹងបញ្ហានេះ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក នុត សាវនា ប្រាប់អាស៊ីសេរីថា សាច់ញាតិជនជាប់ឃុំអាចសុំទៅព្យាបាលខាងក្រៅពន្ធនាគារបាន ប្រសិនបើជនជាប់ឃុំមានជំងឺធ្ងន់ធ្ងរ ក៏ប៉ុន្តែលោកថា ត្រូវឆ្លងកាត់ការពិនិត្យត្រឹមត្រូវពីគ្រូពេទ្យប្រចាំនៅពន្ធនាគារជាមុន។ចំណែកករណីការស្នើសុំដាក់សកម្មជននយោបាយនៅក្នុងបន្ទប់ដាច់ដោយឡែកនោះ លោក ថា រឿងនេះមិនអាចធ្វើតាមការស្នើសុំបានឡើយដោយសារតុលាការមិនទាន់ជំនុំជម្រះក្ដីអ្នកជាប់ឃុំទាំងអស់នោះរួចរាល់នៅឡើយ៖ «អ៊ីចឹងទាល់តែគាត់កាត់ទោសហើយទើបយើងរែងទៅតាមហ្នឹង ប្រភេទបទល្មើសអីយើងដាក់នៅណា កម្រិតទោសបទឧក្រិដ្ឋ បទមជ្ឈិមអីហ្នឹងគឺយើងបែងចែកទៅតាមហ្នឹង ទាល់តែកាត់ទោសហើយ ទើបយើងបែងចែកកន្លែងឃុំទៅតាមហ្នឹង។អីចឹងបើគាត់ទើបតែនាំខ្លួនមកទេអត់តាន់កាត់ទោសទេ គាត់អះអាងថាគាត់ជាអ្នកទោសនយោបាយគេអ្នកទោសឧក្រិដ្ឋ តាមពិតសុទ្ធតែបទល្មើសឧក្រិដ្ឋដូចគ្នាហ្នឹងបានគេឃុំកើតហ្នឹង នយោបាយមិនមែនជាទោសឧក្រិដ្ឋណា » ។
ទោះជាយ៉ាងណាប្រធានផ្នែកសិទ្ធិមនុស្ស នៃសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) លោក នី សុខា មានប្រសាសន៍ថា ការចាប់ខ្លួននិងចោទប្រកាន់សកម្មជនបក្សប្រឆាំងនេះជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយច្រើនជាងការអនុវត្តច្បាប់ ។លោក បន្តថា ការធ្វើទុក្ខបុកម្នេញទាំងនេះ ដោយសារតែគណបក្សសង្គ្រោះជាតិជាគណបក្សប្រឆាំងដ៏ធំមួយនៅកម្ពុជាដែលមានប្រជាពលរដ្ឋគាំទ្រប្រដំប្រសងគ្នានឹងគណបក្សកាន់អំណាច ត្រូវបានតុលាការកំពូលរំលាយចោលកាលពីឆ្នាំ២០១៧ ក្តី ប៉ុន្តែសកម្មជនគណបក្សប្រឆាំងជាច្រើននាក់នៅតែបន្តគាំទ្រថ្នាក់ដឹកនាំគណបក្សនេះនៅឡើយ៖ «អ៊ីចឹងហើយបានទំនាស់ដែលអូស បន្លាយមកទាំងអស់ហ្នឹងរហូតដល់ចុងក្រោយហ្នឹងមានការធ្វើទុក្ខបុកម្នេញមានការចាប់ខ្លួន មានការគំរាមកំហែងបំភិតបំភ័យ រហូតមានពេលខ្លះវាយដុំបង្ករបួសស្នាមដល់សកម្មជននយោបាយ ដែលគណបក្សត្រូវគេរំលាយហ្នឹង។អីចឹងហើយបានយើងយល់ឃើញថា ទាំងអស់ហ្នឹងដែលកើតឡើងវាជារឿងនយោបាយច្រើនជាងរឿងវិវាទខាងផ្លូវច្បាប់ » ។
ចាប់តាំងពីឆ្នាំ២០២០ មក របបក្រុងភ្នំពេញ បានចាប់សកម្មជនបក្សប្រឆាំងចំនួន ១៦នាក់ហើយ ដាក់ពន្ធនាគារ តែដោះលែងសកម្មជនបក្សប្រឆាំងខេត្តស្វាយរៀងវិញម្នាក់ ដោយសារមានជំងឺធ្ងន់ធ្ងរ ពេលចាប់ខ្លួនដោយបង្ខំ។ ចំណែកសកម្មជនបក្សប្រឆាំងចំនួន ១៦នាក់ទៀត រងការវាយរបួសក្បាល និងដៃ ពីជនមិនស្គាល់មុខ តែសមត្ថកិច្ចមិនទាន់រកឃើញជនដៃដល់ និងអ្នកបញ្ជាទេ។មន្ត្រីគណបក្សប្រឆាំងទាំងនោះត្រូវបានចោទប្រកាន់ដូចៗ គ្នាពីបទរួមគំនិតក្បត់ ញុះញង់ឲ្យយោធាមិនស្ដាប់បញ្ជា និង ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។
កាលពីថ្ងៃទី១១ មិថុនា ក្រុមអង្គការសង្គមស៊ីវិល ៣០ស្ថាប័ន ចេញសេចក្ដីថ្លែងការណ៍រួមគ្នាអំពាវនាវដល់រដ្ឋាភិបាល ឱ្យយាយីដល់សកម្មជននយោបាយ ព្រមទាំងដោះលែងអ្នកទោសនយោបាយ ឲ្យមានសេរីភាពឡើងវិញ។ ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ ក៏បានរុញឱ្យរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ ត្រូវគោរពសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ ដូចជាសិទ្ធិនយោបាយ និងសិទ្ធិបញ្ចេញមតិជាដើម៕