ព្រះសង្ឃ​​ចូលរួម​ធម្មយាត្រា​លើកកម្ពស់​សីលធម៌​សង្គម ​ត្រូវ​បាន​ព្រះ​ចៅអធិការ​បណ្ដេញ​ចេញ​ពី​វត្ត​

0:00 / 0:00

ព្រះ​សង្ឃ​មួយ​អង្គ​ដែល​បាន​ចូលរួម​ធម្មយាត្រា​លើក​កម្ពស់​សីលធម៌​សង្គម​ជាមួយ​សមាគម​គ្រូបង្រៀន​ ត្រូវ​បាន​ព្រះ​ចៅអធិការ​វត្ត​បណ្ដេញ​ចេញ​ពី​វត្ត​ដោយ​ចោទ​ប្រកាន់​ថា ការ​ចូលរួម​ធម្មយាត្រា​នេះ គឺ​បំផ្លាញ​សុខ​សន្តិភាព។ អ្នកនាំពាក្យ​ក្រសួង​ធម្មការ​ថា នឹង​តាម​ដាន​ករណី​នេះ។

ព្រះ​តេជគុណ ​សយ សាត ព្រះ​ជន្ម ៧២ព្រះ​វស្សា កំពុង​គង់​នៅ​ក្នុង​ព្រៃ​មួយ​កន្លែង​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង ក្រោយ​ពី​ព្រះ​ចៅអធិការ​វត្ត​ភ្នំផ្លោច ក្នុង​ឃុំ​ត្រពាំង​ជោរ ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ​​​ បណ្ដេញ​ចេញ​ពី​វត្ត។ ព្រះតេជព្រះគុណ សយ សាត ពេល​នេះ​កំពុង​ប្រឈម​ខ្វះខាត​ចង្ហាន់ និង​គ្មាន​វត្ត​គង់​នៅ។

ព្រះ​តេជគុណ សយ សាត ឱ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​នៅ​ថ្ងៃ​ទី១៥ ខែ​កុម្ភៈ​ថា ព្រះ​ចៅអធិការ វត្ត​​ភ្នំផ្លោច និង​គណៈកម្មការ​វត្ត បាន​បណ្ដេញ​ព្រះអង្គ​ចេញ​ពី​វត្ត​កាល​ពី​ថ្ងៃ​ទី៩ ខែ​កុម្ភៈ។ ព្រះតេជព្រះគុណ​ឱ្យ​ដឹង​ទៀត​ថា ព្រះ​ចៅ​អធិការ​វត្ត ព្រះនាម អ៊ុំ ហម បាន​ជេរ​ប្រមាថ ព្រះ​អង្គ និង​ព្រមាន​ហៅ​អាជ្ញាធរ​មក​ចាប់​ផ្សឹក​ព្រះ​អង្គ បើ​ព្រះអង្គ​មិន​និមន្ត​ចេញ​ពី​វត្ត។ ព្រះ​តេជគុណ​បន្ត​ទៀត​ថា ក្រោយ​ការ​បណ្ដេញ​ចេញ​ពី​វត្ត​ព្រះ​អង្គ​បាន​សុំ​វត្ត​ផ្សេងៗ ទៀត​ចំនួន៤ វត្ត ដើម្បី​គង់​នៅ ប៉ុន្តែ​គ្មាន​ព្រះ​ចៅអធិការ​វត្ត​ណា​មួយ​ឱ្យ​ព្រះ​តេជគុណ​គង់​នៅ​ទេ។

ព្រះតេជព្រះគុណ សយ សាត៖«មិន​គាំទ្រ មិន​ស្វាគមន៍​ចំពោះ​ព្រះ​សង្ឃ​អង្គ​ណា ដែល​ចូល​ការងារ​សង្គម​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​ទេ ចេញ​ឱ្យ​ឆ្ងាយ​ពី​វត្ត។ អាត្មា​ក៏​រើ​អីវ៉ាន់​ពី​កុដិ​ខាង​លើ មក​នៅ​ខាង​ក្រោម ព្រលឹម​ឡើង​អាត្មា​ទៅ​នៅ​ក្នុង​ខ្ទម​តូច​មួយ​នៅ​ក្បែរ​ហ្នឹង​ដែរ។ ព្រលឹម​ឡើង​មក​ដេញ​អាត្មា​ជា​លើក​ទី២ ទី៣ ដេញ​អាត្មា​ឱ្យ​ចេញ បើ​មិន​ចេញ​ទេ នឹង​ហៅ​ក្រសួង​មាន​សមត្ថកិច្ច​​នឹង​ចាប់​យក​ទៅ​ផ្ដន្ទាទោស ព្រោះ​អាត្មា​ជា​អ្នក​បំផុស​បំផុល​បំផ្លាញ​នូវ​សុខ​សន្តិភាព»។

បើ​ទោះ​ជា​ត្រូវ​បាន​ព្រះ​ចៅអធិការ​បណ្ដេញ​ចេញ​ពី​វត្ត ព្រោះ​តែ​ការ​ចូលរួម​ធម្មយាត្រា​លើក​កម្ពស់​សីលធម៌​សង្គម​ក្ដី ក៏​ព្រះតេជព្រះគុណ សយ សាត នៅ​តែ​រក្សា​ព្រះទ័យ​ចូលរួម​សកម្មភាព​សង្គម​នេះ មិន​ខុស​ច្បាប់​សង្ឃ​ ឬ​ការ​បំផ្លាញ​សន្តិភាព​ដូច​ការ​ចោទ​ប្រកាន់​ឡើយ។ ព្រះ​តេជគុណ សយ សាត នឹង​បន្ត​ព្យាយាម​សុំ​វត្ត​ផ្សេង​ទៀត ដើម្បី​គង់​នៅ។

ព្រះតេជព្រះគុណ សយ សាត៖«ករុណា​សុំ​ទៅ​នៅ​វត្ត​ណា​ សូម​ឱ្យ​ព្រះ​គុណ​ម្ចាស់​ចៅអធិការ​​មេត្តា​ឱ្យ​អាត្មា​គង់នៅ​ផង​គ្មាន​ទោស​កំហុស​អ្វី​ទេ គ្រាន់តែ​ជា​ការ​ចូលរួម​នេះ សូម​ឱ្យ​ព្រះ​គុណ​ម្ចាស់​គ្រប់​ព្រះ​អង្គ​មេត្តា​ឱ្យ​អារាម​អាត្មា​គង់​ផង»។

ព្រះតេជព្រះគុណ សយ សាត បាន​ចូលរួម​ធម្មយាត្រា​ជាមួយ​សមាគម​គ្រូបង្រៀន​ សកម្មជន​ការពារ​សិទ្ធិមនុស្ស ក្រុម​ស្ត្រី​ថ្ងៃសុក្រ​ និង​ជាមួយ​លោក រ៉ុង ឈុន កាល​ពី​ដើម​ខែ​កុម្ភៈ ដោយ​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង ពី​រាជធានី​ភ្នំពេញ​ឆ្ពោះ​ទៅ​ខេត្ត​ពោធិ៍សាត់ ដើម្បី​លើក​កម្ពស់​សីលធម៌​សង្គម។ ក្បួន​ធម្មយាត្រា​នេះ ទទួល​បាន​យល់​ព្រម​ពី​ក្រសួង​មហាផ្ទៃ។

ទាក់ទង​ករណី​នេះ​វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង​ព្រះ​ចៅអធិការ​វត្ត​ភ្នំផ្លោច ព្រះតេជ​ព្រះគុណ អ៊ុំ ហម ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី១៥ ខែ​កុម្ភៈ។

ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួង​ធម្មការ និង​កិច្ចការ​សាសនា លោក សេង សុមុនី សុំ​មិន​ទាន់​ធ្វើ​អត្ថាធិប្បាយ​បែប​ណា​លើ​រឿង​នេះ​នៅ​ឡើយ​ទេ ដោយ​លោក​ថា លោក​មិន​ទាន់​ដឹង​រឿង​នេះ​នៅ​ឡើយ។ ទោះ​បែប​ណា​ក្ដី​លោក​ថា ក្រសួង​នឹង​តាមដាន​ករណី​នេះ។

លោក សេង សុមុនី៖«ព្រះ​អង្គ​លោក​ទាក់ទង​រឿង​ច្បាប់​ព្រះសង្ឃ​ឬ​ក៏​ច្បាប់​ការងារ​របស់​រដ្ឋ ឬ​ក៏​បុគ្គល​ឬ​ក៏​អង្គការ ដល់​អ៊ីចឹង អត់​ទាន់​ហ៊ាន​ឆ្លើយ​ជូន​មិន​ដឹង​ថា ឆ្លើយ​ខាង​ណា ចាំ​មើល​ទទួល​បាន​ព័ត៌មាន​ចាំ​ជម្រាប​ជូន​ណា»។

អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​លោក រ៉ុង ឈុន ដែល​ធ្លាប់​ដឹកនាំ​ការ​ចូលរួម​ក្បួន​ធម្មយាត្រា​នេះ កាល​ពី​លោក​មិន​ទាន់​ធ្វើ​នយោបាយ លើកឡើង​ថា ករណី​បណ្ដេញ​ព្រះសង្ឃ​ចេញ​ពី​វត្ត បែប​នេះ​ជា​រឿង​គួរ​ឱ្យ​សោកស្ដាយ និង​ជា​រូប​ភាព​គំរាម​កំហែង​លើ​ព្រះសង្ឃ ដែល​ហ៊ាន​ចូលរួម​ធ្វើ​ការងារ​សង្គម។ លោក រ៉ុង ឈុន ឱ្យ​ដឹង​ទៀត​ថា ពេល​នេះ​លោក​កំពុង​ជជែក​ជាមួយ​ក្រុម​ការងារ​របស់​លោក​ ដើម្បី​រក​វត្ត ឬ​កន្លែង​គង់​នៅ​ជូន​ព្រះ​តេជគុណ​ សយ សាត។

លោក រ៉ុង ឈុន៖«សូម្បី​តែ​ព្រះសង្ឃ​ជា​និមិត្តរូប​សម្រាប់​ជាតិ បែរ​ជា​មាន​ការ​ប្រទឹងប្រទះ​គ្នា​បែប​នេះ​គឺ​ជា​រឿង​មួយ​មិន​ល្អ ព្រោះ​យើង​ដឹង​ហើយ ព្រះសង្ឃ​ដើរ​តួនាទី​ប្រស​សត្វ​ទាំង​សត្វ​លោក ទាំង​សត្វ​ព្រៃ​អី»។

នេះ​មិនមែន​ជា​លើក​ទី១ ដែល​ព្រះ​សង្ឃ​ចូលរួម​បំពេញ​ការងារ​សង្គម​ត្រូវ​បាន​អ្នក​គ្រប់គ្រង​វត្ត ឬ​ព្រះ​ចៅអធិការ បណ្ដេញ​ចេញ​ពី​វត្ត ឬ​ចាប់​ផ្សឹក។ ព្រះ​តេជគុណ សយ សាត អំពាវនាវ​ដល់​ព្រះ​អង្គ​ផ្សេងទៀត ដែល​ទទួល​ចង្ហាន់​ពី​ពុទ្ធ​បរិស័ទ ត្រូវ​មាន​ព្រះទ័យ​ក្លាហាន​ធ្វើ​សកម្មភាព​ជួយ​សង្គម លើក​កម្ពស់​សីលធម៌​សង្គម​ និង​ជួយ​កែប្រែ​សង្គម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។