និស្សិតថៃម្នាក់ឈ្មោះ វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ (Wanchalearm Satsaksit) ដែលជាសកម្មជននយោបាយ ក្រុមអាវក្រហមថៃ គាំទ្រអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ ស៊ីន ត្រូវបានគេចាប់ពង្រត់ពីមុខអគារស្នាក់នៅរបស់គាត់នៅក្រុងភ្នំពេញ កាលពីថ្ងៃទី៤ ខែមិថុនាម្សិលមិញ។
ប្រភពនៃសារព័ត៌មានថៃ ជាភាសាអង់គ្លេស ប្រៈឆាថៃ (prachatai) ឲ្យដឹងថា យុវជនរូបនេះ បានរស់នៅនិរទេសខ្លួន ក្នុងប្រទេសកម្ពុជា ក្រោយត្រូវបានចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រថៃ តាំងពីឆ្នាំ២០១៤ មក។
ប្រភពដដែលអះអាងថា យុវនិស្សិតរូបនេះ ត្រូវបានគេចាប់បញ្ចូលរថយន្តពណ៌ខ្មៅមួយ។ ភិនភាគរថយន្តនោះ ត្រូវបានផ្តិតជាប់ក្នុងកាមេរ៉ាសុវត្ថិភាព នៅមុខអគារដែលគាត់ស្នាក់នៅនោះ។
យុវនិស្សិត វ៉ាន់ឆាឡឺម ជាអ្នករិះគន់ឥតសំចៃមាត់ទៅលើនយោបាយដឹកនាំរបស់នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា។
អង្គការសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (HRW) ដែលកំពុងឃ្លាំមើលរឿងនេះ បញ្ជាក់ប្រាប់អាស៊ីសេរីថា ការចាប់ពង្រត់សកម្មជននយោបាយជនជាតិថៃរូបនេះ ពិតជាកើតមាន ប៉ុន្តែអង្គការនេះនៅមិនទាន់អាចបញ្ជាក់បានថា តើអំពើនេះធ្វើឡើងដោយសមត្ថកិច្ចកម្ពុជា ឬថៃនោះទេ។ ជោគវាសនារបស់យុវជននេះ ក៏នៅមិនទាន់ដឹងយ៉ាងម៉េចនោះដែរ។
អាស៊ីសេរី មិនទាន់អាចសុំការបំភ្លឺពីអាជ្ញាធរក្រុងភ្នំពេញ អំពីការចាប់ពង្រត់នេះ បាននៅឡើយទេ។
ប្រភពសុំមិនបញ្ចេញឈ្មោះ ព្រោះបារម្ភពីសុវត្ថិភាព ប្រាប់សារព័ត៌មាន ប្រៈឆាថៃ ថា នៅពេលហេតុការណ៍ចាប់ពង្រត់នេះ កំពុងកើតឡើង លោកបាននិយាយតាមទូរស័ព្ទជាមួយជនរងគ្រោះ ដែលពេលនោះ លោកបានឮលោក វ៉ាន់ឆាឡឺម និយាយថា លោក «មិនអាចដកដង្ហើមបានទេ» ហើយរំពេចនោះទូរស័ព្ទក៏ត្រូវបានកាត់ផ្ដាច់តែម្ដង។
មន្ត្រីសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (HRW) ព្រួយបារម្ភថា យុវជន វ៉ាន់ឆាឡឺម អាចត្រូវគេសម្លាប់។
ទាក់ទងនឹងការចាប់ពង្រត់លោក វ៉ាន់ឆាឡឺម នេះ ត្រូវបានអនុប្រធានការិយាល័យប៉ូលិសជាតិថៃ លោក គ្រីសាណា ផាតាណាចារើន (Krisana Pattanacharoen) ប្រាប់សារព័ត៌មាន បេណារ៍ (BenarNews) ថា លោកមិនបានដឹងថានរណាជាអ្នកចាប់ពង្រត់ទេ ហើយខាងលោកក៏មិនពាក់ព័ន្ធអ្វីនឹងករណីនេះដែរ៕