APHR ជំរុញ​ឱ្យ​ក្រុមមេដឹកនាំ​អាស៊ាន​ដាក់ទណ្ឌកម្ម​លើ​មេដឹកនាំ​របបសឹក​ភូមា

0:00 / 0:00

ក្រុម​សមាជិក​​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស (APHR) ជំរុញ​ឱ្យ​ក្រុមមេដឹកនាំ​អាស៊ាន​ដាក់ទណ្ឌកម្ម​លើ​មេដឹកនាំ​របបសឹក​មីយ៉ាន់ម៉ា (Myanmar) ឬភូមា (Burma)។

ការជំរុញ​នេះ ធ្វើឡើង​ក្នុង​ លិខិត​ចំហ​មួយច្បាប់​ផ្ញើជូន​ក្រុមមេដឹកនាំ​អាស៊ាន​ទាំងប្រទេស រួមទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផង ស្របពេល​ដែល​ថ្ងៃទី២៤ ខែមេសា នេះ គឺជា​ខួប១ឆ្នាំ​គត់ ចាប់តាំងពី​ក្រុមមេដឹកនាំ​អាស៊ាន និង​មេដឹកនាំ​របបសឹក​ភូមា បាន​សម្រេចជា​ឯកច្ឆ័ន្ទ​នូវ​កិច្ចព្រមព្រៀង​គោលការណ៍ ៥ចំណុច ដែល​មេដឹកនាំ​ភូមា​ត្រូវ​គោរពតាម​ដើម្បី​ដោះស្រាយ​វិបត្តិនយោបាយ និង​មនុស្សធម៌​នៅ​ប្រទេសនេះ​ចាប់តាំងពី​មាន​អំពើរដ្ឋប្រហារ​កាលពី​ដើមឆ្នាំ២០២១​មក។

Myanmar People against Prak Sokhon to Myanmar on 21-03-2022-02.jpg
ពលរដ្ឋភូមាលើកបដាប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់លោក ប្រាក់ សុខុន ប្រេសិតពិសេសប្រធានអាស៊ាន កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។

ក្រុមសមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស គូសបញ្ជាក់​ថា អស់រយៈពេល ១ឆ្នាំ​មកនេះ ក្រុមយោធា​ភូមា​បាន​បើក​សង្គ្រាម​ពេញទំហឹង​ប្រឆាំងនឹង​ពលរដ្ឋ​ភូមា​ដែលមិនពេញចិត្ត​នឹង​ការដឹកនាំ​ខុសច្បាប់​របស់​ខ្លួន។ ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​បាន​ហៅ​ទង្វើ​របស់​ក្រុមយោធា​ភូមានេះ​ថាជា «អំពើរំលោភ​សិទ្ធិមនុស្ស​ជាប្រព័ន្ធ និង​កំពុង​រីករាលដាល» ដែល​អាច​ចាត់ទុកថាជា «ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ»។ ក្រុមសមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស ជំរុញឱ្យ​ក្រុមមេដឹកនាំ​អាស៊ាន​ទាំង ១០ប្រទេស អនុវត្ត​នូវ​ជំហាន​ចំនួន ៤ចំណុច ដើម្បី​បញ្ឈប់​អំពើឃោឃៅ​របស់​ក្រុមយោធា​ភូមា តម្រូវឱ្យ​ពួកគេ​ទទួលខុសត្រូវ និង​ចាប់ផ្តើម​ដំណើរការ​ឆ្ពោះទៅ​រក​សន្តិភាព និង​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ប្រទេសនេះ។

ក្នុងចំណោម​ជំហាន​ទាំង ៤ចំណុចនេះ ទីមួយ ក្រុមសមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស ហៅកាត់ថា APHR បាន​ស្នើឱ្យ​អាស៊ាន​ពិចារណារឡើងវិញ​នូវ​តួនាទី និង​យន្តការ​នៃការតែងតាំង​ប្រសិតពិសេស​របស់​អាស៊ាន​សម្រាប់​បញ្ហា​មីយ៉ាន់ម៉ា។ APHR ថា ប្រេសិត​ពិសេស​របស់​អាស៊ាន​ពីមុន និង​បច្ចុប្បន្ន​ពុំមាន​សមត្ថភាព​អាចដោះស្រាយ​បញ្ហា​នៅភូមា​បានទេ​ដោយសារ​តែ​ប្រេសិត​ពិសេស​របស់​អាស៊ាន​ត្រូវបាន​ផ្លាស់ប្តូរ​ជារៀងរាល់ឆ្នាំ​ដែលធ្វើឱ្យ​ពួកគេ​ពិបាក​រក្សានូវ​គោលនយោបាយ​ទៀងទាត់​មួយ។ APHR ចង់ឃើញ​អាស៊ាន​បង្កើត​តួនាទី​របស់​ប្រេសិតពិសេស​នេះ​ជាយូរអង្វែង និង​ត្រូវឆ្លើយតប​ទៅនឹង​ជំហរ​របស់​អាស៊ាន​ជារួម ដោយ​មិនត្រូវ​ឆ្លុះបញ្ចាំង​ពី​ជំហរ​របស់​ប្រធានប្តូរវេន​អាស៊ាន​នោះទេ។

APHR-Myanmar.jpgOpens in new window
យោធាភូមា៣នាក់ប្រដាប់ដោយអាវុធកំពុងឈររារាំងកម្លាំងមហាជនភូមានៅពេលរដ្ឋប្រហារនៅក្នុងប្រទេសភូមា។ (រូប៖ APHR)

ចំណុចទីពីរ ក្រុមសមាជិកសភា​អាស៊ាន​ដើម្បីសិទ្ធិមនុស្ស គូសបញ្ជាក់​ពី​ការមិនបាន​កំណត់​ពេលវេលា​ជាក់លាក់​ដែល​ក្រុមមេដឹកនាំ​របបសឹក​ត្រូវតែ​អនុវត្តតាម។ ការណ៍នេះ​បាន​ធ្វើឱ្យ​កិច្ចព្រមព្រៀង​កុងសង់ស៊ីស ៥ចំណុច ពុំមាន​ប្រសិទ្ធភាព។ APHR សង្កត់ធ្ងន់ថា ដល់ពេលវេលា​ហើយ​ដែល​ក្រុមមេដឹកនាំ​របបសឹក​ភូមា​ត្រូវប្រឈម​នឹង​ទណ្ឌកម្ម​ដោយសារ​តែ​ទង្វើ​បែប​ឧក្រិដ្ឋ​របស់​ពួកគេ។ ទណ្ឌកម្ម​ទាំងនោះ​មានដូចជា ការព្យួរ​សមាជិកភាព​របស់​មីយ៉ាន់ម៉ា​ពី​អាស៊ាន ការហាមប្រាម​មេដឹកនាំ​របបសឹក​ភូមា លោក មីន អ៊ុងលាំង (Min Aung Hlaing) និង​សមាជិក​នៃ​របបនេះ​ មិនឱ្យ​ធ្វើដំណើរ​ក្នុង​តំបន់អាស៊ាន និង​ការដាក់ទណ្ឌកម្មជាក់លាក់​ប្រឆាំងនឹង​ផលប្រយោជន៍​សេដ្ឋកិច្ច​របស់​ក្រុមមេដឹកនាំ​រដ្ឋប្រហារ​ភូមា។

ក្រៅពីនេះ ក្រុមសមាជិក​សភា​អាស៊ាន​ដើម្បីសិទ្ធិមនុស្ស ក៏ជំរុញ​ឱ្យ​ក្រុមមេដឹកនាំ​អាស៊ាន​ជួបជាមួយ​តំណាង​រដ្ឋាភិបាល​រួបរួមជាតិ​ភូមា (NUG) ដែល​ជា​រដ្ឋាភិបាល​ស្របច្បាប់ ជាបន្ទាន់ និង​ជាសាធារណៈ ដើម្បី​បើកឱ្យ​មាន​កិច្ចសន្ទនា​ដោះស្រាយ​បញ្ហា​នៅភូមា។ ចំណុចចុងក្រោយ APHRជំរុញ​ឱ្យ​អាស៊ាន​ចាប់ផ្តើម​ធ្វើការ​ជាបន្ទាន់​ជាមួយ​សហគមន៍​មូលដ្ឋាន និង​អង្គការ​សង្គមស៊ីវិល​ភូមា ព្រមទាំង​ភ្នាក់ងារ​អន្តរជាតិ​ពាក់ព័ន្ធនានា ដើម្បី​ផ្តល់​ជំនួយ​ដោយផ្ទាល់​ប្រកបដោយ​ប្រសិទ្ធភាព​ដល់​ពលរដ្ឋភូមា។

ទន្ទឹមគ្នានេះ ក្រុមសមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស APHR ជំរុញ​ឱ្យ​ដៃគូសន្ទនា​របស់​អាស៊ាន ដូចជា​សហរដ្ឋអាមេរិក សហភាពអឺរ៉ុប ប្រទេសអូស្ត្រាលី​ (Australia)​ កាណាដា​ (Canada)​ និង​​ជប៉ុន (Japan)​ ព្រម​ទាំង​​សហគមន៍​​អន្តរជាតិ គាំទ្​រ​អាស៊ាន​​ក្នុង​តួនាទី​នៃ​​ភាព​ជាមេដឹកនាំ​ប្រចាំ​តំបន់ ដើម្បី​ឆ្លើយតប​នឹង​ស្ថានភាព​ដ៏ធ្ងន់ធ្ងរ​នៅ​ក្នុង​ប្រទេសភូមា​នេះ រួមទាំង​គាំទ្រ​ដល់​ការអនុវត្ត​នូវ​ជំហាន​ដែល​ខ្លួន​បាន​ស្នើឡើង​ទាំង ៤ចំណុច​នេះ។

គិតត្រឹមម៉ោងផ្សាយនេះ វិទ្យុអាស៊ីសេរី នៅមិនទាន់​អាចទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក ជុំ សុន្ទរី ដើម្បី​សុំប្រតិកម្ម​ជុំវិញ​ការស្នើឡើង​នៅក្នុង​លិខិតចំហ​របស់​ក្រុមសមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស APHR នេះ​ បាននៅឡើយទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។