ប្រជាពលរដ្ឋ និងសកម្មជនលើកឡើង ថា ការណ៍ដែលលោក ហ៊ុន សែន សម្ញែងនាឡិកា ដៃមានតម្លៃរាប់លានដុល្លារគឺបង្ហាញថា លោកពិតជាមេដឹកនាំពុករលួយ និងមិនសូវខ្វល់ខ្វាយពីទុក្ខលំបាករបស់ពលរដ្ឋឡើយ។ ការលើកឡើងរបស់ពួកគាត់នេះធ្វើឡើង បន្ទាប់ពីលោក ហ៊ុន សែន បានបញ្ចេញប្រតិកម្មដ៏កម្រមួយទៅអ្នករិះគន់ ដោយថា ទោះបីលោកប្រើប្រាស់នាឡិកាដៃថ្លៃៗ ក៏មិនទើសអ្នកណាឡើយ ក៏ប៉ុន្តែលោកមិនបានបញ្ជាក់អំពីប្រភពទ្រព្យសម្បត្តិទាំងនោះទេ។
ប្រជាពលរដ្ឋ និងសកម្មជនមួយចំនួនលើកឡើងថា ជារឿងដ៏គួរឲ្យសង្ស័យ និងអាម៉ាស់បំផុត ដែលលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃប្រទេសក្រីក្រមួយ ហើយទទួលបានប្រាក់បៀវត្សទាប បែរជាមានលទ្ធភាពប្រើប្រាស់នាឡិកាដៃតម្លៃរាប់លានដុល្លារ។ ពួកគាត់បន្តថា បើទោះបីជាលោក ហ៊ុន សែន ព្យាយាមបកស្រាយថា ការពាក់នាឡិកាប្តូរម៉ូតហើយមានតម្លៃថ្លៃ គឺជារឿងធម្មតា ដោយលើកហេតុផលថា ពលរដ្ឋក៏មានលទ្ធភាពទិញឡានម៉ូតូជិះដែរនោះ គឺជារឿងគួរឲ្យហួសចិត្ត និងមិនអាចប្រៀបធៀបបានឡើយ ព្រោះនាឡិកាដៃជាច្រើនគ្រឿងរបស់លោក ហ៊ុន សែន មានតម្លៃខ្ពស់កប់ពពក ខុសពីឡាន ឬម៉ូតូរបស់ពួកគាត់ មានតម្លៃថោក ហើយភាគច្រើនទិញបង់រំលស់ ឬជាប់បំណុលធនាគារ។
កម្មការិនីរោងចក្រនៅរាជធានីភ្នំពេញម្នាក់ លោកស្រី ឈួ សារិត លើកឡើងថា នៅរោងចក្រលោកស្រីមានកម្មករជាង១ពាន់នាក់ ហើយម្នាក់ៗ ខំប្រឹងរកលុយដើម្បីសងធនាគារផង និងផ្គត់ផ្គង់ជីវភាពគ្រួសារដែលកំពុងជួបការខ្វះខាតជាប្រចាំថ្ងៃផង។ លោកស្រីបន្តថា បច្ចុប្បន្ន កម្មករស្ទើរទាំងអស់ជំពាក់ធនាគារ ដោយសារអ្នកខ្លះខ្ចីលុយមកទិញ ឬសាងសង់ផ្ទះ និងយានជំនិះដែលជាតម្រូវការចាំបាច់ជាដើម ដូច្នេះមិនអាចប្រៀបធៀបនឹងស្ថានភាពដ៏ហ៊ឺហារបស់លោកនាយករដ្ឋមន្ត្រីបានឡើយ។ កម្មការិនីរូបនេះ ត្អូញត្អែរថា បច្ចុប្បន្នពួកគាត់ កំពុងជួបការលំបាកកាន់តែខ្លាំងឡើង ព្រោះគ្មានការងារ និងប្រាក់ខែទៀងទាត់ ដោយសាររោងចក្រមួយចំនួនបិទទ្វារ និងព្យួរការងារ។
លោកស្រី ឈួ សារិត៖ «ភាគច្រើនសុទ្ធតែជំពាក់បំណុលធនាគារទាំងអស់ ទោះទិញឡាន ទិញផ្ទះក៏ដោយ ក៏ត្រូវជំពាក់គេដែរ។ បើតាមលទ្ធភាពធ្វើការរោងចក្រ ក៏មិនបានលុយណាទៅទិញទាំងដុំអ៊ីចឹងដែរ»។
ជាមួយគ្នានេះ ពលករខ្មែរនៅក្នុងប្រទេសកូរ៉េខាងត្បូងលោក ម៉ាត់ វណ្ណនី ថ្លែងថា វាជារឿងគួរឱ្យហួសចិត្តមួយ ខណៈកម្ពុជាជាប្រទេសក្រីក្រ និងមានពលកររាប់លានចំណាកស្រុកចេញទៅធ្វើនៅក្រៅប្រទេស បែរជាមានមេដឹកនាំ ចូលចិត្តប្រើប្រាស់សម្ភារៈនិយមតម្លៃរាប់លានដុល្លារសម្ញែងគេឯងទៅវិញ។
លោក ម៉ាត់ វណ្ណនី៖ «មែនទែនទៅ វាអត់ស៊ីគ្នា រវាងសម្ភារៈរបស់គាត់រាប់លានដុល្លារ ជាមួយនឹងជីវភាពពលរដ្ឋ ជាមួយកេរ្តិ៍ឈ្មោះកម្ពុជា ក៏កាន់តែដុនដាបទៅទៀត។ និយាយរួមទៅ វាអត់អាចឱ្យប្រជាពលរដ្ឋទទួលយកបានទេ។ អាហ្នឹងៗ យើងមិនទាន់និយាយពីអំពើពុករលួយផង»។
ពលករនៅប្រទេសកូរ៉េរូបនេះបន្តទៀតថា ចំពោះពលរដ្ឋសាមញ្ញដែលលោក ហ៊ុន សែន ឆ្ងល់ថាហេតុអ្វីក៏មានឡានជិះនោះ គឺពួកគាត់ខិតខំរកបានពីកម្លាំងញើសឈាមត្រឹមត្រូវ ហើយមួយចំនួនដោយសារមានកូនចៅធ្វើចំណាកស្រុក មកធ្វើការនៅក្នុងប្រទេសកូរ៉េខាងត្បូង ឬប្រទេសជប៉ុនជាដើម និងអ្នកខ្លះទៀតមានបានដោយសារការលក់ដី។ លោកបន្ថែមថា ចំពោះអ្នកដែលមានទ្រព្យសម្បត្តិហ៊ឺហាឆើតឆាយនៅក្នុងសង្គម ភាគច្រើនជាមន្ត្រីនៅក្នុងជួរគណបក្សប្រជាជនកម្ពុជា ដែលមានខ្សែមានខ្នងជាអ្នកមានអំណាច និងជាប់ពាក់ព័ន្ធនឹងការរកស៊ីជំនួញខុសច្បាប់ ដូចជាការកាប់បំផ្លាញព្រៃឈើ ឬក្រុមឧកញ៉ារកស៊ីអចលនទ្រព្យដែលមានការជួយគាំទ្រពីក្រោយដោយលោក ហ៊ុន សែន ជាដើម។
ប្រតិកម្មរបស់កម្មករ និងពលករទាំងនេះ ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតកាលពីថ្ងៃទី២២ មីនា បានថ្លែងសារភាពជាលើកដំបូងថា លោកជាមនុស្សដែលចូលចិត្តប្រើប្រាស់នាឡិកាតាំងពីវ័យកុមារ ឬចាប់តាំងពីលោកនៅធ្វើជាក្មេងវត្ត។ លើសពីនេះ លោក ហ៊ុន សែន មិនបានបដិសេធរឿងប្រើនាឡិកាថ្លៃឡើយ ប៉ុន្តែលោកថែមទាំងឆ្លើយតបឌឺដងទៅអ្នករិះគន់ថា ទោះបីជាលោកប្រើប្រាស់នាឡិកាថ្លៃៗ ក៏មិនទើសទាល់អ្នកណាដែរ។
លោក ហ៊ុន សែន៖ «ហ៊ុន សែន ពាក់នាឡិកាថ្លៃ អើ!អញពាក់ថ្លៃមានទើសក្បាលអីហ្អែង និយាយឱ្យច្បាស់ ម៉េចក៏វាពិបាកម្ល៉េះ។ ប្រាក់ខែប៉ុណ្ណឹង មានលុយឯណាទិញប៉ុណ្ណឹង។ ចុះពួកឯង អត់មានអីដែរ ម៉េចក៏មានឡានជិះ និយាយអ៊ីចឹងហ្មងទៅ ពីឆ្នាំ៧៩មក អត់មានអីដែរ ស្រាប់តែមកមានឡានជិះដែរ»។
ការឆ្លើយតបរបស់លោក ហ៊ុន សែន នៅពេលនេះ គឺបន្ទាប់ពីប្រជាពលរដ្ឋមួយចំនួន បញ្ចេញមតិរិះគន់ជាបន្តបន្ទាប់រឿងលោកប្រើប្រាស់នាឡិកាដៃ ដែលមានតម្លៃរាប់លានដុល្លារ ស្របពេលដែលប្រទេសកម្ពុជា ឋិតក្រោមការដឹកនាំរបស់លោកជិតមួយទសវត្សរ៍មកនេះ នៅតែជាប់ឈ្មោះជាប្រទេសក្រីក្រក្នុងពិភពលោក និងកំពុងជាប់បំណុលបរទេសវ័ណ្ឌក ហើយប្រជាពលរដ្ឋ និងយុវជនជាច្រើនលាននាក់ បង្ខំចិត្តចំណាកស្រុកព្រាត់ប្រាសគ្រួសារជាទីស្រលាញ់ ដើម្បីស្វែងរកការងារធ្វើនៅក្រៅប្រទេស។
បើទោះជាយ៉ាងណា លោក ហ៊ុន សែន ដែលសហគមន៍ជាតិ និងអន្តរជាតិ ចាត់ទុកថា ជាមេដឹកនាំផ្ដាច់ការ និងពុករលួយនោះ មិនបានបញ្ជាក់ថា លោកទទួលបាននាឡិកាដៃ ឬប្រភពលុយមកពីណាដើម្បីទិញនាឡិកាថ្លៃៗទាំងនោះឡើយ។ លោក ហ៊ុន សែន កាលពីឆ្នាំ២០១១ បានប្រកាសទ្រព្យសម្បត្តិជាសម្ងាត់ ទៅអង្គភាពប្រឆាំងអំពើពុករលួយ ដោយមិនបង្ហាញជាសាធារណៈនោះទេ។ លោកបានបញ្ជាក់នៅពេលនោះថា លោកមិនមានប្រភពចំណូលអ្វីផ្សេងទៀតនោះទេ ក្រៅពីប្រាក់បៀវត្សចំនួន ៤លាន ៦សែនរៀល ឬស្មើប្រមាណ ១ពាន់ ៥រយ (១.៥០០)ដុល្លារក្នុងមួយខែ។ ក្រោយមក នៅចុងឆ្នាំ២០១៦ លោក ហ៊ុន សែន ប្រកាសថា ចាប់ពីខែមករា ឆ្នាំ២០១៧ ប្រាក់ខែរបស់លោក ឡើងដល់ ១០លានរៀល ឬប្រមាណ ២ពាន់ ៥រយ (២៥.០០០) ដុល្លារអាមេរិក ប៉ុន្តែលោកបែរជាមាននាឡិកាដៃប្រណិតជាច្រើនគ្រឿង ក្នុងតម្លៃរាប់លានដុល្លារ។
នាឡិកាដែលគេធ្លាប់ប្រទះឃើញលោក ហ៊ុន សែន ពាក់ជារឿយៗ មានប្រមាណ ១១គ្រឿងដែលអ្នកជំនាញមួយចំនួន បានគណនាដោយផ្អែកទៅលើតម្លៃដែលដាក់លក់នៅលើគេហទំព័ររបស់ក្រុមហ៊ុនផលិតនាឡិកាទាំងនោះ យ៉ាងហោចណាស់មានតម្លៃរហូតទៅជាង២០លានដុល្លារ។ កាលពីឆ្នាំ២០២០ បណ្ដាញព័ត៌មានព័ត៌មានអន្តរជាតិឈ្មោះថា វ៉ាយស៍ (VICE) បានចេញផ្សាយអត្ថបទដ៏លម្អិតមួយថា ក្នុងចំណោមនាឡិកាដៃដ៏ប្រណិតទាំងនោះ មានដូចជាប្រភេទនាឡិកាដៃផលិតក្នុងប្រទេសស្វីស ម៉ាក ផាថេក ហ្វីលីប (Patek Philip) ដែលផលិតចេញពីមាសពណ៌សអំឡុងឆ្នាំ២០១៤-២០១៦ មានតម្លៃ១លាន២សែនដុល្លារ ហើយបច្ចុប្បន្ន តម្លៃរបស់វាបានកើនដល់ ៣លានដុល្លារ នៅពេលគេដាក់ឲ្យដេញថ្លៃ។ ក្រៅពីនេះ នាឡិកាម៉ាក រីឆាត មៀល (Rechard Mill Sapphire Dragon Tuorbilon) មានតម្លៃ ៩៥ម៉ឺនដុល្លារ ជាប្រភេទកម្រ មានតែ ៥៥គ្រឿងលើពិភពលោក និងនាឡិកាប្រភេទផាថេក ហ្វីលីប ម៉ាស្ទឺ ឆែ ( patek philippe grandmaster chime featuring 20 complications ) មានតម្លៃជាង ៣លានដុល្លារជាដើម។ នាឡិកាទាំងនេះ ផលិតចេញពីមាស និងពេជ្រ ហើយរចនាយ៉ាងពិសេស។
សារព័ត៌មានអន្តរជាតិបញ្ជាក់ថា ប្រភេទនាឡិកាដៃ ដែលលោក ហ៊ុន សែន ប្រើប្រាស់នេះ មិនមែនជាផលិតផលសម្រាប់អតិថិជនធម្មតា ដែលនរណាៗ ក៏អាចរកទិញបាននោះទេ គឺសុទ្ធតែត្រូវបានផលិតទៅតាមការបញ្ជាទិញ ដែលត្រូវកក់ប្រាក់ទុកជាមុនពីសំណាក់អតិថិជនលំដាប់ វី.អាយ.ភី «VIP» មួយចំនួន ដែលសុទ្ធសឹងជាមហាសេដ្ឋី តារាល្បីៗលំដាប់ពិភពលោក ពួកសប្បុរសធម៌ជាអ្នកលេង និងសម្រាប់បុរសខ្លាំងខាងប្រើអំណាចផ្តាច់ការ ដែលដឹកនាំប្រទេសក្រីក្រនៅលើពិភពលោក។
មិនមែនតែលោក ហ៊ុន សែន ទេ ដែលចូលចិត្តប្រើប្រាស់សម្ភារៈនិយមនោះ ភរិយារបស់លោក គឺអ្នកស្រី ប៊ុន រ៉ានី ក៏គេសង្កេតឃើញថា អ្នកស្រី តែងសម្ងែងគ្រឿងអលង្ការប្រណិតៗមិនចាញ់ប្តីឡើយ រាប់តាំងពីសំលៀកបំពាក់ កាបូប នាឡិកាដៃ និងវ៉ែនតាជាដើម។ ជាក់ស្តែង រូបភាពមួយសន្លឹក ដែលអ្នកស្រី និងស្វាមី ដឹកដៃគ្នាទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដកន្លងមក បង្ហាញថា អ្នកស្រីបានពាក់នាឡិកាម៉ាក់ រីឆាត មៀល ( Richard Mille RM 037) ពណ៌មាសផ្កាឈូក មានតម្លៃ ១៨.០០០ដុល្លារ។ ទោះជាយ៉ាងណា នាឡិកាដៃទាំងនេះ គ្រាន់តែផ្នែកតូចមួយប៉ុណ្ណោះនៃទ្រព្យសម្បត្តិដ៏មហាសាលរបស់ក្រុមគ្រួសារលោក។
លោក ហ៊ុន សែន មានភូមិគ្រឹះដ៏ធំស្កឹមស្កៃនៅជិតវិមានឯករាជ្យ និងមានភូមិគ្រឹះដ៏ធំមួយទៀត ស្ថិតក្នុងក្រុងតាខ្មៅ ហើយក៏មានផ្ទះតាមបណ្ដាខេត្តផ្សេងៗដែរ។ មិនតែប៉ុណ្ណោះ អំឡុងពេលនៃការកាន់អំណាចជិត៤០ឆ្នាំមកនេះ លោកបានប្រែក្លាយពូជអម្បូររបស់លោកឱ្យក្លាយជាអភិជនមានទ្រព្យសម្បត្តិហូរហៀរ សូម្បីតែក្មួយៗរបស់លោកមួយចំនួនដែលមានប្រវត្តិជាបងធំ ក៏បានក្លាយជាមន្ត្រីរាជការជាន់ខ្ពស់ ដូចជាឧកញ៉ាមហាសេដ្ឋីស្ទើរគ្រប់ៗគ្នាដែរ។ ដោយសារការកាន់អំណាច អាចធ្វើឲ្យក្រុមគ្រួសាររបស់លោក មានទ្រព្យសម្បត្តិមហាសាលបែបនេះហើយ ទើបបានជាលោក មិនព្រមចាកចេញពីអំណាច ហើយខិតខំរកគ្រប់មធ្យោបាយ ដើម្បីឲ្យកូនប្រុសរបស់លោក គឺ លោក ហ៊ុន ម៉ាណែត បន្តស្នងតំណែងកំពូលពីលោក។
ជុំវិញរឿងនេះ ស្ថាបនិកអង្គការមាតាធម្មជាតិលោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson) ហៅ អាឡិច ប្រាប់អាស៊ីសេរីថា លោក ហ៊ុន សែន បានដើរតាមគំរូចាស់គំរឹលរបស់ក្រុមមេដឹកនាំផ្ដាច់ការ ដែលចូលចិត្តប្រើប្រាស់របស់មានតម្លៃ ដូចជា មាស ពេជ្រ កែវកង សម្ញែងទៅពលរដ្ឋឱ្យគោរពកោតខ្លាចពីអំណាចរបស់លោក។ លោកបន្តថា នៅពេលលោក ហ៊ុន សែន ប្រើប្រាស់របស់មានតម្លៃកាន់តែច្រើន កាន់តែខាតសម្រាប់លោក ព្រោះធ្វើឱ្យពលរដ្ឋខ្មែរដឹងកាន់តែច្បាស់ ថា លោកជាមេដឹកនាំពុករលួយ និងជាអ្នកដឹកនាំមិនសូវខ្វល់ខ្វាយពីតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋប៉ុន្មានឡើយ ខណៈពលរដ្ឋភាគច្រើនខិតខំធ្វើការងារហត់នឿយ ប៉ុន្តែរកចំណូលប្រចាំខែមិនគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់គ្រួសារ និងអ្នកខ្លះទៀតប្រឈមគ្មានការងារធ្វើ។
លោក អាឡិច៖ «ពេលប្រជាជនមានចំណូលជាមធ្យមមិនដល់២០០ដុល្លារ អ្នកខ្លះអត់មានការងារធ្វើ អ្នកខ្លះខំធ្វើការងារក្នុងការងារហត់នឿយបានតែមួយខែ១៥០(ដុល្លារ)ពេលឃើញប្រមុខរដ្ឋាភិបាលពាក់នាឡិកាដែលមានតម្លៃសរុបរាប់លានដុល្លារ គេអត់សប្បាយចិត្តទេ គេខ្ពើម។ ហើយគេមិនត្រឹមខ្ពើមទេ គេយល់ថា លោក ហ៊ុន សែន រាល់ថ្ងៃហ្នឹង កាន់អំណាចដោយសារលុយ។ ប៉ុន្តែនៅក្នុងពេលនេះ មិនទាន់អាចនិយាយជាសាធារណៈបានទេ មានន័យថា ប្រជាជនមិនទាន់អាចរិះគន់ជាសាធារណៈបានទេ ប៉ុន្តែក្នុងចិត្តគេគិតអ៊ីចឹង!»។
ស្ថាបនិកអង្គការមាតាធម្មជាតិ លើកឡើងទៀតថា ប្រសិនបើនៅក្នុងសង្គមមានលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋពិតប្រាកដ លោក ហ៊ុន សែន ប្រាកដណាស់ នឹងត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ និងអាជ្ញាធរពាក់ព័ន្ធផ្សេងទៀត ស៊ើបអង្កេតពីប្រភពទ្រព្យសម្បត្តិ ឬប្រភពចំណូលដែលលោកទទួលបានលុយសម្រាប់ទិញនាឡិកាតម្លៃរាប់លានដុល្លារ ឬមូលហេតុដែលលោកទទួលបាននាឡិកាដ៏មានតម្លៃទាំងនោះ ខណៈប្រាក់ខែជានាយករដ្ឋមន្ត្រីរបស់លោក ទោះសន្សំពេញជីវិត ក៏មិនគ្រប់ទៅទិញនាឡិកាទាំងនោះផង។
ទន្ទឹមនឹងលោក ហ៊ុន សែន ងប់ងុលនឹងចំណាយលុយដ៏ច្រើនសន្ធឹកសន្ធាប់ទិញសម្ភារៈនិយមសម្រាប់តុបតែងខ្លួនប្រាណរបស់លោកនោះ រដ្ឋាភិបាលរបស់លោក នៅពេលសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ និងសាលាឃុំ-សង្កាត់ សម្រាប់បម្រើផលប្រយោជន៍សាធារណៈនោះ បែរជាខ្វះលុយ ហើយតែងតែទៅខ្ចីបុលបរទេស ជាពិសេសមហាមិត្ត គឺប្រទេសចិនជាបន្តបន្ទាប់។
កម្ពុជាដែលស្ថិតក្រោមការដឹកនាំរបស់លោក ហ៊ុន សែន បានទទួលរងការរិះគន់ជាសង្គមសម្បូរទៅដោយអំពើពុករលួយ ខណៈអាជីវកម្មធំៗភាពច្រើន សុទ្ធតែគ្រប់គ្រងដោយកូនចៅត្រកូនហ៊ុន។
របាយការណ៍ អង្គការឃ្លាំមើលពិភពលោក គ្លបល វីនេស (Global Witness) ផ្សាយកាលពីឆ្នាំ២០១៦ បង្ហាញថា ត្រកូល "ហ៊ុន" កំពុងក្ដោបក្ដាប់សេដ្ឋកិច្ចធំៗរបស់កម្ពុជា ដោយអំពើពុករលួយ រំលោភអំណាច និងរំលោភសិទ្ធិមនុស្សដើម្បីការពារអំណាចរបស់លោក ហ៊ុន សែន ។ គ្រួសារត្រកូល "ហ៊ុន" បានកាន់កាប់ផ្ទាល់ ឬកាន់កាប់ដោយផ្នែកក្នុងក្រុមហ៊ុនជាច្រើនដែលមានដើមទុនចុះបញ្ជីជាង២០០លានដុល្លារសហរដ្ឋអាមេរិក ហើយបានដាក់ភាគហ៊ុនជាមួយក្រុមហ៊ុនបរទេសដែលមានយីហោល្បីៗ។ ចំនួនទឹកប្រាក់ជាង២០០លានដុល្លារនេះ ជាចំនួនទឹកប្រាក់ដែលដាក់ចេញឱ្យឃើញក្នុងក្រុមហ៊ុនរបស់ត្រកូល "ហ៊ុន" ដែលបានចុះបញ្ជីក្នុងក្រសួងពាណិជ្ជកម្ម ប៉ុន្តែអង្គការ គ្លបល វីនេស អះអាងថា ពួកគេមានភាគហ៊ុនច្រើនជាងនេះ ប៉ុន្តែលាក់ព័ត៌មាន។
ជាមួយគ្នានេះ សន្ទស្សន៍អំពើពុករលួយប្រចាំឆ្នាំ២០២២ បង្ហាញថា កម្ពុជាបានស្ថិតនៅក្នុងលេខរៀងទី១៥០ ក្នុងចំណោម១៨០ប្រទេសក្នុងពិភពលោក និងជាលេខរៀងស្ថិតនៅលើប្រទេសមីយ៉ាន់ម៉ា ឬភូមាប៉ុណ្ណោះនៅក្នុងតំបន់អាស៊ាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។