សាលាដំបូង​ខេត្ត​បាត់ដំបង​កោះហៅ​មន្ត្រី​បក្ស​ប្រឆាំង​ ៧នាក់​បន្ថែម​ទៀត​ទៅ​សាកសួរ​ ខណៈ​ពួកគាត់​ប្រកាន់​ជំហរ​ស្មោះស្ម័គ្រ​នឹង​បក្ស​ខ្លួន

ដោយ វ៉ែន សុមេធ
2019.05.02
Share on WhatsApp
Share on WhatsApp
ថោង សារឿន ឌឹម សារឿន 122418 BTB លោក ថោង សារឿន (ឆ្វេង) អតីត​ប្រធាន​ប្រតិបត្តិ​ស្រុក​គាស់​ក្រឡ និង​លោក ឌឹម សារឿន អតីត​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ក្នុង​ចំណោម​មន្ត្រី​គណបក្ស​ប្រឆាំង​នៅ​ខេត្ត​បាត់ដំបង ៧នាក់ ដែល​សាលាដំបូង​ខេត្ត​បាត់ដំបង​កោះហៅ​ទៅ​សាកសួរ ដោយ​បទ​ចោទ​ប្រកាន់​ថា​ប្រឆាំង​នឹង​សាលដីកា​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។
រូប៖ ហ្វេសប៊ុក Dim Saroeun ថ្ងៃទី២៤ ខែ​ធ្នូ ឆ្នាំ២០១៨

មន្ត្រី​គណបក្ស​ប្រឆាំង​នៅ​ខេត្ត​បាត់ដំបង​ដែល​តុលាការ​កោះ​ហៅ​សាកសួរ​ អះអាង​ថា​ បើ​ទោះ​បី​ជា​មាន​កោះហៅ​យ៉ាង​នេះ​ក្ដី ក៏​ពួកគេ​នៅ​តែ​ប្រកាន់​ជំហរ​ស្មោះស្ម័គ្រ​ជា​មួយ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​មាន​លោក កឹម សុខា និង​ លោក សម រង្ស៊ី ជា​មេ​ដឹក​នាំ​ដោយ​ឥត​ងាករេ​ដដែល​។ តំណាង​អយ្យការ​នៃ​សាលា​ដំបូង​ខេត្ត​បាត់ដំបង​ បាន​កោះហៅ​មន្ត្រី​គណបក្ស​ប្រឆាំង​ចំនួន​ ៧នាក់​បន្ថែម​ទៀត ទៅ​សាកសួរ​ពី​បទ​ប្រឆាំង​សាលដីកា​តុលាការ​កំពូល។

អតីត​សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​គាស់​ក្រឡ​លោក​ ថោង សារឿន ​ប្រាប់​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី១ ឧសភាថា ដីកា​កោះ​នេះ គឺ​ជា​ការ​គំរាម​កំហែង​ថ្មី​មួយ​ទៀត​ បន្ទាប់​ពី​របប​ក្រុង​ភ្នំពេញ​បាន​រំលាយ​ចោល​គណបក្ស សង្គ្រោះ​ជាតិ​ កាល​ពី​ឆ្នាំ២០១៧ នោះ។ មន្ត្រី​​គណបក្ស​ប្រឆាំង​រូប​នេះ​អះអាង​ថា ពួកគាត់​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ ដើម្បី​ចូល​បំភ្លឺ​តុលាការ​តាម​ការ​កោះ​ហៅ ​ដោយ​មិន​មាន​ការ​ភ័យ​ខ្លាច​នោះ​ទេ ព្រោះ​ពួកគេ​មិន​បាន​ធ្វើ​ខុស​ច្បាប់​នោះ​ឡើយ៖ «សម្រាប់​ខ្ញុំ​គឺ​អត់​មាន​ភ័យ​តក់ស្លុត​ទេ​ គឺ​នៅ​ជា​ធម្មតា​ ប៉ុន្តែ​ខ្ញុំ​ត្រូវ​តែ​ទៅ​ចូល​បំភ្លឺ​តុលាការ​ ដើម្បី​ចង់​ដឹង​ថា​តុលាការ​ហៅ​ក្នុង​សាច់​រឿង​ស្អី​ មិន​ដឹង​ជា​យើង​ធ្វើ​ស្អី​ខុស​ គ្រាន់​តែ​គេ​រំលាយ​គណបក្ស​ខ្ញុំ​ចោល​ហើយ​ ខ្ញុំ​ជា​ប្រជាពលរដ្ឋ​ម្នាក់​ យើង​ចង់​ដឹង​សាច់​រឿង​នឹង​វា​យ៉ាង​ម៉េច​វិញ»

លោក​បន្ត​ថា បើ​ទោះ​បី​ជា​មាន​ការ​គំរាមកំហែង​យ៉ាង​នេះ​ក្ដី ក៏​នៅ​តែ​ប្រកាន់​ជំហរ​ស្មោះស្ម័គ្រ​ជា​មួយ​គណបក្ស​សង្គ្រោះ​ជាតិ​ដដែល​ពីព្រោះ​លោក​យល់​ថា​ ស្ថានការណ៍​នយោបាយ​សព្វ​ថ្ងៃ​ គឺ​មាន​តែ​លោក សម រង្ស៊ី និង​ លោក កឹម សុខា ទេ ដែល​អាច​ជួយ​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឱ្យ​រស់​ឡើង​វិញ​បាន។

ចំណែក​អតីត​សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​សំពៅលូន​ឯណោះ​វិញ គឺ​លោក ស៊ឹម ឡៅ ថ្លែង​ថា លោក​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ នៅ​ពេល​ដែល​លោក​បាន​ទទួល​ដីកា​ពី​​មន្ត្រី​ប៉ូលិស​ស្រុក​សំពៅ​លូន​កាល​ពី​រសៀល​ថ្ងៃ​ទី​១ ឧសភា ព្រោះ​មិន​បាន​ធ្វើ​អ្វី​ខុស​ច្បាប់​ពី​មុខ​មក​នោះ​ឡើយ។ មន្ត្រី​គណបក្ស​ប្រឆាំង​រូប​នេះ​​បន្ត​ទៀត​ថា ដីកា​នេះ​មិន​អាច​បំភ័យ​ឱ្យ​លោក​ឈប់​គាំទ្រ​គណបក្ស​ សង្គ្រោះ​​ជាតិ​ បាន​ឡើយ ព្រោះ​​គណបក្ស​មួយ​នេះ អាច​ជួយ​ទាមទារ​សិទ្ធិ​សេរីភាព​និង​ធ្វើ​ឱ្យ​ជីវភាព​របស់​ពលរដ្ឋ​បាន​ប្រសើរ​ជាង​ពេល​បច្ចុប្បន្ន៖ «បើ​សិន​ជា​មាន​ដំណើរ​វិល​ត្រឡប់​របស់​លោក​ សម រង្ស៊ី ក្នុង​នាម​ខ្ញុំ​ជា​ពលរដ្ឋ​ម្នាក់​ដែល​ស្រលាញ់​បុគ្គល​ សម រង្ស៊ី​ គឺ​ជា​សិទ្ធិ​សេរីភាព​របស់​ខ្ញុំ​ស្រលាញ់​ និង​គោរព​គាត់​ដូច​ជា​ឪពុក​របស់​ខ្ញុំ​ដែរ​ ហើយ​បើ​សិន​ជា​ឪពុក​ធ្វើ​មាតុភូមិ​​និវត្តន៍​ ខ្ញុំ​ជា​កូន​ត្រូវ​តែ​ទៅ​ទទួល​ដំណើរ​ឪពុក​ បើ​ទោះ​បី​ជា​គាត់​មាន​ទោស​ គឺ​ខ្ញុំ​អត់​បាន​ដឹង​ទេ​ ព្រោះ​អី​ខ្ញុំ​គាំទ្រ​ទៅ​លើ​បុគ្គល​អត់​មាន​គាំទ្រ​ទៅ​លើ​ទោសកំហុស​ទេ»

តំណាង​អយ្យការ​នៃ​សាលាដំបូង​ខេត្ត​បាត់ដំបង លោក គី ប៊ុណារ៉ា កោះហៅ​ មន្ត្រី​​គណបក្ស​ សង្គ្រោះ​ជាតិ​ ចំនួន​ ៧នាក់​បន្ថែម​ទៀត រួម​មាន លោក ថោង សារឿន លោក ស៊ឹម ឡៅ និង​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សន្តិភាព ​ស្រុក​សំពៅលូន​លោក​ ស៊ិន សាន​ លោក​ រឿន​ កែប​ ចៅសង្កាត់​ក្តុល​ដូនទាវ លោក​ ផាន់ រ៉េត​ ជំទប់ទី១​ សង្កាត់​ក្តុល​ដូនទាវ លោក​ ខាន់​ ប៊ុន​ផេង​ ចៅសង្កាត់​ព្រែក​ព្រះ​ស្តេច និង​លោក ​ពួក​ លី​ហាក់​ ក្រុមប្រឹក្សា​ខេត្ត​បាត់ដំបង ឱ្យ​​​​ចូល​ភ្លឺ​នៅ​សាលា​ដំបូង​ខេត្ត​​ នៅ​ព្រឹក​ថ្ងៃ​ទី​៩ ទី១៦​និង​​ថ្ងៃ​​ទី​១៧ ​ឧសភា​ខាង​មុខ ដោយ​បទ​ចោទ​ប្រកាន់​តែ​មួយ​ គឺ​ប្រឆាំង​នឹង​សាលដីកា​រំលាយ​គណបក្ស​ សង្គ្រោះ​ជាតិ ​ដូច​គ្នា។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​ អាដហុក (Adhoc) ប្រចាំ​ខេត្ត​បាត់ដំបង លោក យិន ម៉េងលី លើក​ឡើង​ថា នៅ​ខេត្ត​បាត់ដំបង​លោក​មិន​ដែល​ឃើញ​តុលាការ​កោះ​ហៅ​មន្ត្រី​គណបក្ស​ប្រឆាំង​ទៅ​សាកសួរ​ដ៏​ច្រើន​បែប​នេះ​ទេ។ លោក​ចាត់​ទុក​ដីកា​នេះ​ថា ជា​រឿង​នយោបាយ ដោយសារ​រដ្ឋាភិបាល​ព្រួយបារម្ភ​ខ្លាច​គណបក្ស​ សង្គ្រោះ​​ជាតិ​ រស់​ឡើង​វិញ ព្រោះ​តាំង​តែ​គណបក្ស​មួយ​នេះ​ត្រូវ​បាន​តុលាការ​កំពូល​​រំលាយ​ចោល​ហើយ​ ស្រប​ពេល​ដែល​មន្ត្រី​ប្រឆាំង​ដ៏​ច្រើន​លើស​លុប​នៅ​តែ​មាន​ការ​សាមគ្គី​គ្នា​រឹងមាំ​ដដែល៖ «ព្រោះ​គោល​បំណង​យើង​ទៅ​ចង់​ឱ្យ​រចនាសម្ព័ន្ធ​នឹង​ខ្ទេច​ហើយ​សិន​ជា​បណ្ដោយ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​នោះ​ជួប​គ្នា​ឱកាស​បាន​សាសង​គ្នា​វា​ហាក់​បី​ដូច​ជា​ឱកាស​មួយ​សម្រាប់​ឱ្យ​គណបក្ស​នេះ​ឬ​ក៏​សកម្មជន​គណបក្ស​នេះ​មាន​ឱកាស​បាន​ពង្រឹង​សាមគ្គី​គ្នា​ឡើង​វិញ»

គិត​ត្រឹម​ថ្ងៃ​ទី១ ឧសភា​ គឺ​មាន​មន្ត្រី​គណបក្ស​ប្រឆាំង​នៅ​​ខេត្ត​បាត់ដំបង​ចំនួន ១២នាក់​ហើយ ដែល​តុលាការ​កោះ​ហៅ​ទៅ​បំភ្លឺ។ មន្ត្រី​ទាំង​នោះ​​សុទ្ធតែ​អះអាង​ថា ពួកគេ​មិន​បាន​ធ្វើ​អី្វ​ខុស​ច្បាប់​នោះ​ទេ​ ហើយ​ប្រកាន់​ជំហរ​ថា នៅ​ពេល​ចូល​បំភ្លឺ​នោះ​ ប្រសិន​មានការ​​គំរាមកំហែង​ណា​មួយ​មក​លើ​ពួកគេ ​ដើម្បី​ឱ្យ​ចុះ​ចូល​​ជា​មួយ​គណបក្ស​កាន់អំណាច ឬ​ឱ្យ​ឈប់​គាំទ្រ​គណបក្ស​ សង្គ្រោះ​​ជាតិ​ គឺ​ពួកគេ​​នឹង​មិន​ធ្វើ​តាម​ឡើយ​ ព្រោះ​ការ​ធ្វើ​បែប​នេះ ​គឺ​ជា​ការ​ក្បត់​ឆន្ទៈ​ម្ចាស់​ឆ្នោត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។