ក្រោយ​ផ្ទេរ​អំណាច​ទៅ​កូន លោក ហ៊ុន សែន ប្រកាស​ថា នឹង​កាន់​តួនាទី​សំខាន់ៗ រហូត​ដល់​ឆ្នាំ​ ២០៣៣

ដោយ មាន ឫទ្ធិ
2023.08.07
ក្រោយ​ផ្ទេរ​អំណាច​ទៅ​កូន លោក ហ៊ុន សែន ប្រកាស​ថា នឹង​កាន់​តួនាទី​សំខាន់ៗ រហូត​ដល់​ឆ្នាំ​ ២០៣៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

លោក ហ៊ុន សែន អះអាង​ក្រោយ​ថា លាលែង​ពី​តំណែង​ជា​នាយក​រដ្ឋមន្ត្រី លោក​នឹង​នៅ​តែ​កាន់​តំណែង​មុខតំណែង​សំខាន់ៗ ផ្សេង​ទៀត រហូត​ដល់​ឆ្នាំ២០៣៣។ អ្នក​វិភាគ និង​មន្ត្រី​បក្ស​ប្រឆាំង​ លើក​ឡើង​ថា សារ​របស់​លោក ហ៊ុន សែន បែប​នេះ បាន​បង្ហាញ​ឱ្យ​កាន់​តែ​ច្បាស់​ថា របៀប​ដឹកនាំ​រដ្ឋាភិបាល​ឪពុក និង​កូន​នេះ ពុំ​មាន​ភាព​ខុស​គ្នា​នោះ​ទេ ដោយសារ​តែ​លោក ហ៊ុន សែន នៅ​តែ​បន្ត​ការពារ​អំណាច​លោក និង​ក្រុម​គ្រួសារ​លោក​ដដែល។

ក្រោយ​ព្រះមហាក្សត្រ នរោត្តម សីហមុនី ឡាយ​ព្រះហស្តលេខា នៅ​ថ្ងៃ​ទី៧ ខែ​សីហា យល់​ព្រម​តាម​ផែនការ​ផ្ទេរ​អំណាច​ត​ពូជ​ដូច​តាម​បំណង​របស់​លោក ហ៊ុន សែន ទៅ​ឱ្យ​លោក ហ៊ុន ម៉ាណែត ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ក្នុង​អាណត្តិ​ទី៧ រួច​មក នាយក​រដ្ឋមន្ត្រី​ចាំ​ផ្ទះ​លោក ហ៊ុន សែន ប្រកាស​តាម​ឆានែល​តេឡេក្រាម​របស់​លោក​ថា «មិន​ទាន់​ចប់​ត្រឹម​នេះ​ទេ»

មេ​ដឹក​នាំ​ក្រាញ​អំណាច​រូប​នេះ​អះអាង​ថា នៅ​ក្នុង​អាណត្តិ​ថ្មី​នេះ ក្រៅ​តែ​ពី​ធ្វើ​ជា​ឪពុក​របស់​នាយក​រដ្ឋមន្ត្រី​ហើយ លោក​នឹង​បន្ត​ការងារ​ក្នុង​មុខ​នាទី​ផ្សេង​ទៀត យ៉ាង​តិច ១ទសវត្ស​ទៀត គឺ​រហូត​ដល់​ឆ្នាំ២០៣៣។ ក្រោយ​ប្រកាស​ផ្ទេរ​អំណាច​ទៅ​ឱ្យ​លោក ហ៊ុន ម៉ាណែត ឡើង​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​តាម​ជើង​ខោ កាល​ពី​ចុង​ខែកក្កដា លោក ហ៊ុន សែន បង្ហាញ​ចេតនា​ទៅ​ដណ្ដើម​យក​តំណែង ប្រធាន​ព្រឹទ្ធសភា​ពី​លោក សាយ ឈុំ និង​ធ្វើ​ជា​ប្រធាន​ឧត្ដម​ក្រុម​ប្រឹក្សា​ព្រះមហាក្សត្រ។

អតីត​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង លោក អ៊ុំ សំអាន ថ្លែង​ថា ការ​អួតអាង​របស់​លោក ហ៊ុន សែន ដែល​អាច​​កាន់​​តំណែង​នាយករដ្ឋមន្ត្រី​យូរ​ជាង​គេ​លើ​ពិភព​លោក ដោយសារ​តែ​លោក ហ៊ុន សែន ជា​មនុស្ស​ក្រាញ​អំណាច និង​ប្រើ​ឧបាយកល​ទុច្ចរិត​លើ​ដៃ​គូ​នយោបាយ​របស់​ខ្លួន រួម​មាន ការ​ប្រកាស​បំបែក​រដ្ឋ​ក្រោយ​ពេល​ចាញ់​ឆ្នោត នៅ​ឆ្នាំ១៩៩៣ និង​ការ​ធ្វើ​រដ្ឋប្រហារ​ដណ្ដើម​តំណែង​នាយក​រដ្ឋមន្ត្រី​ពី​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ក្នុង​ឆ្នាំ១៩៩៧។

លោក អ៊ំ សំអាន បន្ត​ថា លោក ហ៊ុន សែន ក៏​ជា​អ្នក​​ប៉ិនប្រសប់​ក្នុង​ឧបាយកល​ទុច្ចរិត​ក្នុង​ការ​អូសទាញ និង​បំបែក​បំបាក់​លើ​ក្រុម​ប្រកួត​ប្រជែង​របស់​ខ្លួន ជាពិសេស លោក ហ៊ុន សែន ធ្លាប់​អះអាង​ខ្លួន​ឯង​ថា លោក​ជា​អ្នក​បញ្ជា​ឱ្យ​តុលាការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​មិន​ឱ្យ​គណបក្ស​ភ្លើង​ទាន​ចូល​រួម​ការ​បោះ​ឆ្នោត​នា​ពេល​ថ្មី​នេះ។ ក្រៅ​ពី​នេះ លោក អ៊ំ សំអាន ថា លោក ហ៊ុន សែន ក៏​ជា​អ្នក​នៅ​ពី​ក្រោយ នៃ​អំពើ​ឃាតកម្ម​ទៅ​លើ​អតីត​មេ​ដឹកនាំ​សហជីព លោក ជា វិជ្ជា ព្រះតេជព្រះគុណ សំ ប៊ុនធឿន វីរជន​ការពារ​ព្រៃឈើ លោក ឈុត វុទ្ធី និង​បណ្ឌិត កែម ឡី។

លោក អ៊ំ សំអាន៖ «ការ​កាន់​អំណាច​តាម​រយៈ​ការ​ប្រើ​កណ្ដាប់​ដៃ​ដែក តា​ម​រយៈ​ការ​កាន់​អំណាច​ផ្ដាច់​ការ គាត់​បង្ក្រាប​ទៅ​លើ​សកម្មជន​បក្ស​ប្រឆាំង​​​​ ចាប់​បក្ស​ប្រឆាំង​ដាក់​គុក និង​ការ​ធ្វើ​ឃាត​មួយ​ចំនួន​សកម្មជន​​បក្ស​ប្រឆាំង ក៏​​ដូច​ជា​​​លោក ជា វិជ្ជា លោក ឈុត វទ្ធី លោក កែម ឡី និង​ការ​បោក​គ្រាប់​បែក​ឆ្នាំ១៩៩៧ គាត់​ប្រើ​កណ្ដាប់​ដៃ​លើ​គូរ​​ប្រកួត​ប្រជែង»

លោក អ៊ំ សំអាន យល់​ឃើញ​ថា មុខ​​​​តំណែង​ផ្សេងៗ ដែល​លោក ហ៊ុន សែន ថា នឹង​កាន់​កាប់​នៅ​ក្នុង​អាណត្តិ​ទី៧ ខាង​មុខ​នេះ គឺ​បាន​បង្ហាញ​ថា​លោក ហ៊ុន សែន នៅ​តែ​ខ្លាច​ស្រមោល​ខ្លួន​ឯង ដោយ​បារម្ភ​ប្រឈម​មុខ​ជា​មួយ​ផ្លូវ​ច្បាប់ ក្រោយ​ពេល​លាលែង​ពី​តំណែង ហើយ​លោក​នឹង​នៅ​តែ​ក្ដោបក្ដាប់​អំណាច ដែល​គ្របដណ្ដប់​លើ​សភា និង​គណៈរដ្ឋមន្ត្រី។

លោក អ៊ំ សំអាន៖ «តួនាទី​ជា​ឪពុក​នាយក​រដ្ឋមន្ត្រី​ចាំ​បញ្ជា​តែ​នាយក​រដ្ឋមន្ត្រី​ឱ្យ​ធ្វើ​តាម​គាត់។ នាយក​រដ្ឋមន្ត្រី​ធ្វើ​ម៉េច គ្រាន់តែ​ជា​អាយ៉ង​របស់​គាត់ គ្រាន់តែ​ជា​ឧបករណ៍​របស់​គាត់​ឱ្យ​ឆ្វេងៗ ឱ្យ​ស្ដាំៗ ទៅ​តាម​លោក ហ៊ុន សែន ព្រោះ​ហេតុ​អី យើង​មើល​ប្រព័ន្ធ​នៃ​ការ​ដឹក​នាំ​អត់​មាន​ផ្លាស់​ប្ដូរ តាម​រដ្ឋមន្ត្រី​ភាគ​ច្រើន ដែល​ជា​គណៈរដ្ឋមន្ត្រី​ថ្មី​របស់​លោក ហ៊ុន ម៉ាណែត ភាគ​ច្រើន​ជា​កូន​អ្នក​ធំ ជា​យុវជន​បន្ត​ពូជ មិន​មែន​ជា​យុវជន​បន្ត​វេន»

ចំណែក​អ្នក​វិភាគ​នយោបាយ​លោក គឹម សុខ លើក​ឡើង​ថា លោក ហ៊ុន សែន បាន​ដឹកនាំ និង​គ្រប់​គ្រង​រដ្ឋ​កន្លង​មក​នេះ ដើម្បី​តែ​បម្រើ​ផល​ប្រយោជន៍​ក្រុម​គ្រួសារ និង​បក្ខ​ពួក​លោក​ប៉ុណ្ណោះ។ លោក គឹម សុខ ថ្លែង​ថា អ្វី​ដែល​សហគមន៍​ជាតិ និង​អន្តរជាតិ​ចងចាំ ចំពោះ​ការ​ដឹកនាំ​របស់ លោក ហ៊ុន សែន រួម​មាន ការ​បំផ្លិចបំផ្លាញ​ធនធាន​ធម្មជាតិ ការ​ចាប់​ពលរដ្ឋ​ខ្មែរ ដែល​តវ៉ា​ប្រឆាំង​ដាក់​ពន្ធនាគារ​ និង​ជា​អ្នក​ដែល​នៅ​ពីក្រោយ​នៃ​អំពើ​ឃាតកម្ម​នា​ពេល​កន្លង​មក។

លោក គឹម សុខ៖ «ពីព្រោះ​ប្រជាពលរដ្ឋ​ខ្មែរ សហគមន៍​អន្តរជាតិ រួម​ទាំង​តុលាការ​អន្តរជាតិ​ផង មិន​អាច​បំភ្លេច​បាន​ទេ នូវ​រឿង ដែល​មនុស្ស​ទូទៅ ក៏​មិន​អាច​បំភ្លេច​បាន​ពី​លោក ហ៊ុន សែន ជា​មេ​ដឹកនាំ​រដ្ឋប្រហារ​អចិន្ត្រៃយ៍ ដើម្បី​ប្លន់​អំណាច ហើយ​ដឹក​នាំ​សង្គម​បែប​ភេរវកម្ម​រដ្ឋ គឺ​ប្រើ​ឈ្មោះ​រដ្ឋ ធ្វើ​បាប​ប្រជាពលរដ្ឋ និង​បំផ្លាញ​ប្រជាពលរដ្ឋ»

លោក គឹម សុខ ថា​នៅ​អាណត្តិ​ទី៧ ខាង​មុខ​នេះ លោក ហ៊ុន សែន និង​កូន​ប្រុស​ច្បង លោក ហ៊ុន ម៉ាណែត នឹង​បន្ត​របៀប​គ្រប់​គ្រង​បែប​ផ្ដាច់ការ​ដដែល ហើយ​ពលរដ្ឋ​ខ្មែរ​នៅ​តែ​មិន​មាន​សិទ្ធិ​សេរីភាព​ក្នុង​នាម​ជា​ម្ចាស់​ឆ្នោត។

ទោះ​ជា​យ៉ាង​ណា​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន លោក សុខ ឥសាន្ត បដិសេធ​ថា លោក ហ៊ុន សែន មិន​មែន​ជា​អ្នក​ទទួល​ខុស​ត្រូវ និង​ជា​អ្នក​នៅ​ពី​ក្រោយ​នៃ​អំពើ​ឃាតកម្ម ឬ​អំពើ​អយុត្តិធម៌ ដែល​កើត​ឡើង​លើ​ពលរដ្ឋ​ខ្មែរ​នា​ពេល​កន្លង​មក​នោះ​ទេ ហើយ​លោក​ថា អ្នក​ដែល​ហ៊ាន​រិះគន់​ដោយ​គ្មាន​ភស្តុតាង​នឹង​ទទួល​ខុស​ត្រូវ​នៅ​ចំពោះ​មុខ​ច្បាប់។

លោក សុខ ឥសាន្ត៖ «ឱ្យ​គាត់​រក​ភស្តុតាង​មក តិច​ថា រក​ភស្តុតាង​មិន​បាន​ចេះ​តែ​ចោទ​គេ​ចោទ​ឯង ជួន​កាល​ករណី​​រឿង​ខ្លះ​គេ​បិត​សំណុំ​រឿង​រួច​ហើយ ហើយ​យើង​ចេះ​តែ​ថា ដោយសារ​និន្នាការ​នយោបាយ​ចេះ​តែ​ថា​ចេះ ថា​អ៊ីចុះ តិច​ថា កុន​ខ្លួន​តាំង​គេ​ចាប់​ទៅ»

អតីត​នាយក​ប្រតិបត្តិ​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប៊្រែដ អាដាម (Brads Adam) បាន​លើក​ឡើង​ក្នុង​ពេល​កន្លង​ទៅ​ថា រដ្ឋប្រហារ​របស់​លោក ហ៊ុន សែន ដែល​បាន​សម្លាប់​ទាហាន​រាជានិយម​ស្មោះត្រង់​នឹង​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ នាយក​រដ្ឋមន្ត្រី​ទី១ យ៉ាង​តិច ២០០នាក់ នៅ​ឆ្នាំ១៩៩៧ នោះ បាន​ពង្រឹង​អំណាច​លោក ហ៊ុន សែន កាន់​តែ​ខ្លាំង និង​កាន់តែ​ផ្ដាច់ការ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សាលាដំបូង​រាជធានី​ភ្នំពេញ តម្កល់​សាលក្រម​កំបាំង​មុខ​ទៅ​លើ​ប្រធាន​សហជីព លោក ម៉ម រិទ្ធី ឱ្យ​ជាប់​ពន្ធនាគារ ១៨ខែ
អត្ថបទពេញនិយម
នយោបាយ
អ្នកឃ្លាំមើល​ចាត់​ទុក​ដំណើរ​ទស្សនកិច្ច​លោក ហ៊ុន សែន ទៅ​ចិន​ គឺ​ជា​ការ​ពង្រឹង​អំណាច និង​ស្វែង​រក​កម្ចី​ពី​ចិន​បន្ថែម
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។