សង្គមស៊ីវិល​ព្រមាន​​ថា កម្ពុជា​នឹង​​បាក់មុខ​មាត់​​​លើ​ឆាក​​អន្តរជាតិ​​ពេល​​ធ្វើ​ជា​​ម្ចា​ស់​ផ្ទះ​កិច្ចប្រជុំ​កំពូល​​ASEM​​បើ​​នៅ​​តែ​​​មិ​ន​ព្រ​ម​​ស្តា​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស

ដោយ មាន ឫទ្ធិ
2021-11-25
Share
សង្គមស៊ីវិល​ព្រមាន​​ថា កម្ពុជា​នឹង​​បាក់មុខ​មាត់​​​លើ​ឆាក​​អន្តរជាតិ​​ពេល​​ធ្វើ​ជា​​ម្ចា​ស់​ផ្ទះ​កិច្ចប្រជុំ​កំពូល​​ASEM​​បើ​​នៅ​​តែ​​​មិ​ន​ព្រ​ម​​ស្តា​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស អ្នកស្រី ព្រុំ ចាន់ថា (ឆ្វេង) និងក្រុមស្ត្រីថ្ងៃសុក្រ ដែលជាភរិយានិងកូនៗរបស់សកម្មជនគណបក្សសង្គ្រោះជាតិ តែងតែចុះថ្នល់តវ៉ាឱ្យ​អាជ្ញាធរ​កម្ពុជា​ដោះលែង​ស្វាមី​នៅ​មុខ​តុលាការ​ក្រុង​ភ្នំពេញ​នា​ពេល​កន្លងមក។
រូប៖ គេ​ផ្ដល់​ឱ្យ

មន្ត្រី​សិទ្ធិមនុស្ស និង​អ្នកជំនាញ​កិច្ចការ​បោះឆ្នោត ចង់ឃើញ​រដ្ឋាភិបាល​កម្ពុជា​ដោះស្រាយ​បញ្ហ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ដែល​កំពុងតែ​ធ្លាក់ចុះ​ខ្លាំង​នៅ​កម្ពុជា ដើម្បី​ធ្វើជា​គំរូ​ដល់​ប្រទេសដទៃ។ ការលើកឡើង​នេះ​ ស្របពេល​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​លំដាប់​អន្តរជាតិ​ដ៏ធំមួយ គឺ​កិច្ចប្រជុំអាស៊ី​-​អឺរ៉ុប ឬ ASEM ជា​លើកដំបូង​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន។ ពួកគេ​ព្រមាន​ថា ប្រសិនបើ​ស្ថានការណ៍​នយោបាយ​នៅតែអាក្រក់ ហើយ​រដ្ឋាភិបាល​មិនព្រម​ដោះស្រាយទេ នោះហេតុការណ៍​នេះ​នឹង​ធ្វើឱ្យ​កម្ពុជា​បាក់មុខមាត់​នៅលើ​ឆាកអន្តរជាតិ។

ព្រឹត្តិការណ៍​ដ៏លេចធ្លោ​មួយ​នៅមុន​ដំណាច់ឆ្នាំ២០២១នេះ ដែល​កម្ពុជា​ទំនង​ជាអាច​មាន​ឱកាស​ធ្វើឱ្យ​អន្តរជាតិ​ស្គាល់​កាន់តែ​ច្បាស់​នោះ គឺ​ការរៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប ឬ ASEM លើក​ទី១៣ ដែល​ប្រព្រឹត្តទៅ​តាម​ប្រព័ន្ធ​វីដេអូ ចាប់ពី​ថ្ងៃទី២៥ ដល់​ថ្ងៃទី២៦ ខែវិច្ឆិកា​នេះ។ កិច្ចប្រជុំកំពូល​ដែល​ក្លាយជា​ប្រវត្តិសាស្ត្រ​ការទូត​របស់​កម្ពុជា​នេះ មាន​ក្រុមមេដឹកនាំ​មកពី ៥១ ប្រទេស​នៅទ្វីបអាស៊ី និង​ទ្វីបអឺរ៉ុប​ចូលរួម។ ក្រៅពីនោះ ក៏មាន​ការចូលរួម​ពី​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប ប្រធាន​គណៈកម្មការអឺរ៉ុប និង​អគ្គលេខាធិការ​អាស៊ាន​ផង។

ក៏ប៉ុន្តែ ឱកាស​នៃ​ការធ្វើឱ្យ​អន្តរជាតិ​ស្គាល់​ពី​រឿងរ៉ាវ​ល្អៗ​នៅក្នុង​សង្គម​កម្ពុជា​ដូច​តាម​ការឃោសនា​ចង់បាន​របស់​គណបក្ស​កាន់អំណាច​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ ប្រហែល​ជាមាន​តិចតួចណាស់ ស្របពេល​ដែល​រដ្ឋាភិបាល​របស់​លោក​នៅតែ​បន្ត​មិនព្រម​ស្តា​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ឡើងវិញ។ ផ្ទុយទៅវិញ នៅប៉ុន្មាន​ថ្ងៃ​មុនកិច្ចប្រជុំ​កំពូល​នេះ ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​កំពុង​តែ​រងនូវ​ភាពអាប់អួរ​កាន់តែខ្លាំងឡើង។ ជាក់ស្តែង ករណីឃាតកម្ម​លើ​សកម្មជន​គណបក្ស​ប្រឆាំងលោក ស៊ិន ខុន ករណី​អាជ្ញាធរ​ខ្មែរ​រំលោភច្បាប់​អន្តរជាតិ​ដោយ​សហការ​ជាមួយ​រដ្ឋាភិបាល​ថៃ​ចាប់បញ្ជូន​ជនភៀសខ្លួន​ទទួលស្គាល់​ដោយ​អង្គការសហប្រជាជាតិ​ពីប្រទេសថៃ​ឱ្យ​មកទទួលទោស​នៅ​កម្ពុជា​វិញ និង​ចុងក្រោយ​ករណី​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខ្លួនឯង​ប្រកាស​បន្ត​យុទ្ធនាការតាមយាយី ឬកម្ទេច​គណបក្ស​ប្រឆាំង ជាដើម។

ក្រុមមន្ត្រី​អង្គការ​សង្គមស៊ីវិល មើលឃើញថា ករណីទាំងនេះ នឹង​ធ្វើឱ្យ​កម្ពុជា​រឹតតែ​បាក់មុខមាត់​នៅ​ចំពោះមុខ​អន្តរជាតិ​ទៅវិញទេ ​ក្នុងពេល​ដែល​ខ្លួន​ធ្វើប្រធាន កិច្ចប្រជុំកំពូល ASEM នេះ។

ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (ADHOC) លោក នី សុខា ថ្លែងប្រាប់វិទ្យុអាស៊ីសេរី កាលពី​ថ្ងៃទី២៣ ខែវិច្ឆិកា ដោយ​ព្រមានថា កម្ពុជា​នឹងកាន់តែរងការរិះគន់ខ្លាំង បើនៅតែ​មិន​ព្រម​លើកយក​ពី​បញ្ហា​សិទ្ធិមនុស្ស និង​វិបត្តិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​មកដោះស្រាយ​ក្នុងពេល​ដែល​ខ្លួន​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​នេះ៖ «ប្រសិនបើ​កម្ពុជា​មិនបាន​បំពេញ​លក្ខខណ្ឌ​នៃ​ការអនុវត្ត​ធ្វើម៉េច​ឱ្យ​មាន​ការលើកកម្ពស់​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ ដូចអ្វី​ដែល​កម្ពុជា​ជា​ប្រទេសហត្ថលេខី​នៃ​កតិកាសញ្ញា​ទាំងអស់​ហ្នុង​ទេ ខ្ញុំ​គិតថា​នេះ​វាប៉ះពាល់​ទៅដល់​ដំណើរការ​នៃ​មុខមាត់​កម្ពុជា​នៅលើ​ឆាកអន្តរជាតិ​ហើយ។ យើង​មើលទៅ​យើងឃើញថា ថ្មីៗនេះ​មាន​ប្រទេស​ភូមា​មួយហើយ​ដែល​គេបង្ហាញ​អំពីការដាក់ទណ្ឌកម្ម​នៅក្នុង​កិច្ចប្រជុំ​អាស៊ាន​ពីមុន​កន្លងមកនេះ នោះ​គឺ​ភូមា​មិនទាន់ជា​ម្ចាស់ផ្ទះ​ផង។ កម្ពុជា​យើង​ក្លាយជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​ហ្នុង​ទៅទៀត ដូច្នេះ ខ្ញុំ​គិតថា​ចង់ឬមិនចង់ ទោះបីថា​ក្នុងប្រការ​ណាក៏ដោយ ប្រសិន​បើ​យើង​មិនបាន​ស្តា​ឡើងវិញ​នូវ​បញ្ហា​នៃ​ការគោរព​សិទ្ធិមនុស្ស​ដូចអ្វី​ដែលជា​ការលើកឡើង​របស់​បណ្តា​ប្រទេស​ផ្សេងៗទេ ខ្ញុំ​គិតថា​វាដាច់ខាត​ត្រូវតែ​ប៉ះពាល់​ទៅដល់​មុខមាត់​នៃ​កម្ពុជា​ហើយ។ ប៉ុន្តែ គ្រាន់តែថា​យើងនឹង​រង់ចាំ​មើល​តទៅទៀត​ថាតើ​នៅក្នុង​អាស៊ាន​គេនឹង​មាន​រឿងអី​តទៅទៀត»។

ស្រដៀងគ្នានេះដែរ អ្នកសម្របសម្រួល​ផ្នែកអង្កេត​នៃ​អង្គការ​ឃ្លាំមើល​កិច្ចការបោះឆ្នោត ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស ចង់ឃើញ​កម្ពុជា​ធ្វើជា​គំរូ​នៅក្នុងពេល​ដឹកនាំ​កិច្ចប្រជុំ​កំពូលនេះ ដោយ​បង្ហាញ​ភាពក្លាហាន ហ៊ានលើក​យក​ពីប្រធានបទ​ពាក់ព័ន្ធ​នឹង​វិបត្តិ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ខ្លួនឯង និង​ក្នុងតំបន់​អាស៊ាន​មកដោះស្រាយ ឬស្វែងរក​អន្តរាគមន៍៖ «សម្រាប់​ខ្ញុំ​ដែលជា​សង្គមស៊ីវិល យើង​ខ្ញុំ​ចង់ឃើញ​ភាពជា​គំរូ​នៅក្នុង​អាស៊ាន ជាពិសេស​ការលើក​យកអំពី​បញ្ហា​សិទ្ធិមនុស្ស បញ្ហា​ទាក់ទងនឹង​ប្រជាធិបតេយ្យ ហើយនឹង​ការបោះឆ្នោត ដែលចំណុច​ទាំងអស់​នេះ​វាជារឿង​សំខាន់ណាស់ ដែលយើង​មើលឃើញ​នៅក្នុង​អាស៊ាន​ហាក់ដូចជា​មាន​បញ្ហា​នៅក្នុង​រឿងហ្នុង​ជាច្រើន ជាពិសេស នៅខាងមីយ៉ាន់ម៉ា នៅខាង​ថៃ ក៏ដូចជា​នៅកម្ពុជា​យើង​ជាដើម»

លោក កន សាវាង្ស ពន្យល់ថា បញ្ហា​សំខាន់​ជុំវិញ​វិបត្តិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​តំបន់​នោះ គឺការមិនព្រម​ទទួលស្គាល់ និង​ធានា​នូវ​ឆន្ទះ​របស់​ពលរដ្ឋ​ដែល​ជា​ម្ចាស់ឆ្នោត៖ «រឿងសំខាន់​គឺការទទួលស្គាល់​នូវ​ការធានា​អំពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ ការបើកឱ្យ​សេរី​នូវ​លំហ​នៃ​កិច្ចការ​នយោបាយ​ដើម្បីឱ្យ​មាន​ការប្រកួតប្រជែង។ នេះ​គឺជា​រឿងសំខាន់​មួយ​ដែល​ទាក់ទង​នឹង​ការបោះឆ្នោត។ ហើយ​ទាក់ទងនឹង​រឿង​សិទ្ធិមនុស្ស និង​រឿង​ប្រជាធិបតេយ្យ​នេះ គឺថា ឱ្យ​មាន​ការជជែក​អំពី​បញ្ហា​ការគោរព​សិទ្ធិមនុស្ស​នៅក្នុង​តំបន់អាស៊ាន​នេះ ជាពិសេស​អ្នកដែល​ធ្វើការងារ​សង្គម​ដែល​ទទួល​នូវ​ការយាយី ឬ​ការមិនទទួលស្គាល់​ពី​រដ្ឋាភិបាល​ដែល​ធ្វើឱ្យ​មាន​ការរុកគួន»

វិទ្យុអាស៊ីសេរី មិនអាច​សុំប្រតិកម្ម​ពី​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក កុយ គួង ជុំវិញ​ការលើកឡើង​ពី​មន្ត្រីសង្គមស៊ីវិល និង​អ្នកឃ្លាំមើល​ការបោះឆ្នោត​នៅមុន​កិច្ចប្រជុំ​កំពូល ASEM នេះ បាននៅឡើយទេ គិតត្រឹម​ម៉ោងផ្សាយ​នេះ។

យ៉ាងណា ក្រសួង​ការបរទេស​កម្ពុជា ឱ្យ​ដឹង​តាមរយៈ​សេចក្តីប្រកាសព័ត៌មាន​កាលពី​ថ្ងៃ២៣ ខែវិច្ឆិកាថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​ធ្វើជា​អធិបតី​ដឹកនាំ​កិច្ចប្រជុំកំពូលនេះ ក្រោម​ប្រធានបទ «ការពង្រឹង​ពហុភាគីនិយម​ដើម្បីកំណើន​រួមគ្នា»។ បើតាម​ក្រសួង​ការបរទេស កិច្ចប្រជុំ​កំពូល​នេះ ធ្វើឡើង​ដើម្បី​បញ្ជាក់ជាថ្មី​អំពីសារៈសំខាន់​នៃ​កិច្ចសហប្រតិបត្តិការ​អាស៊ី-អឺរ៉ុប ក្នុងការ​ដោះស្រាយ​បញ្ហា​សាកល និងតំបន់ ជាពិសេ​ក្រោយវិបត្តិ​ជំងឺរាតត្បាតសាកល​កូវីដ១៩។ គ្មានឡើយ​ប្រធានបទ​ពាក់ព័ន្ធនឹង​បញ្ហា​សិទ្ធិមនុស្ស និង​វិបត្តិ​ប្រជាធិបតេយ្យ។ ផ្ទុយទៅវិញ ក្រសួងការបរទេស​ថា ក្រុមមេដឹកនាំ ASEM នឹង​អនុម័ត​នូវ​ឯកសារ​សំខាន់ៗ​ចំនួន ៣ ដែល​ផ្តោតលើ​ការស្តារ​សង្គម និង​សេដ្ឋកិច្ច​ឡើងវិញ ក្រោយការរាតត្បាត​នៃ​ជំងឺកូវីដ១៩ និង​សកម្មភាព​អនាគត​នៃ​ការតភ្ជាប់ ASEM។ កម្ពុជា​អះអាងថា កិច្ចប្រជុំកំពូល​នេះ ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​ពី​ការប្តេជ្ញា​ចិត្ត​ខ្ពស់​បំផុត​របស់​កម្ពុជា ក្នុង​ការជំរុញ​ប្រព័ន្ធពហុភាគីនិយម និង​ចូលរួម​សកម្ម​ជាមួយ​សហគមន៍​អន្តរជាតិ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ជា​សាកល​នាពេល​បច្ចុប្បន្ននេះ។

ក៏ប៉ុន្តែ ការប្តេជ្ញាចិត្ត​របស់​កម្ពុជា​នេះ ទំនងជា​កម្ពុជា​ដែលជា​ម្ចាស់ផ្ទះ​ខ្លួនឯង​មិនអាច​ដោះស្រាយ​បានទេ ស្របពេល​ដែល​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ពី​ការតាម​បន្តយារយី ឬកម្ចាត់ក្រុមអ្នកដែល​មាន​និន្នាការ​នយោបាយ​ប្រឆាំងនឹងលោក​ដល់​ទីបញ្ចប់ នៅតែ​ប៉ុន្មាន​ថ្ងៃមុនពេល​ដឹកនាំ​កិច្ចប្រជុំកំពូលនេះ៖ «​អញ្ចឹង​ទុក​ឲ្យ​ខ្ញុំ​លេង​​​​អា​ពួក​ជ្រុល​និយម​​​​ការពារ​សន្តិភាព​នេះ​​​ខ្ញុំ​លេង​ពួក​លោក​ឯង​ឲ្យ​ចប់​សិន​ដើម្បី​ខ្ញុំ​ត្រួសត្រាយ​ផ្លូវ​​​សម្រាប់​ក្មេង​​ជាន់​ក្រោយ​ខ្ញុំ​ដាក់​កម្មវិធី​ចេញ​ដំណើរ​បន្ទាប់​​​​​ពី​ការ​បើក​ប្រទេស​ឡើង​វិញ​លើ​ករណី​កូ​វីដ​»

គេនៅ​រង់ចាំមើល​ថាតើលោក ហ៊ុន សែន ក្លាហាន​ហ៊ាន​បញ្ចេញ​សារបង្កប់​ដោយហិង្សា​ទាំងនោះ ទៅកាន់ក្រុម​មេដឹកនាំ​អន្តរជាតិ នៅអំឡុងពេល​ដែល​លោក​ដឹកនាំ​កិច្ចប្រជុំកំពូល​ដែរឬទេ។

លោក នី សុខា យល់ថា កម្ពុជា​គួរ​លើកយក​បញ្ហា​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យមក​ដោះស្រាយ​ក្នុងពេល​កិច្ចប្រជុំកំពូល​នេះ បើ​ពិតជា​ចង់​ក្លាយជា​ប្រទេសម្ចាស់ផ្ទះ​ដឹកនាំ​កិច្ចប្រជុំកំពូល​នេះ ពេញមុខ​ពេញមាត់​មែននោះ៖ «ខ្ញុំ​គ្រាន់តែ​យល់ថា កម្ពុជា​បើសិនជា​យើង​ចង់ធ្វើឱ្យ​យើងក្លាយជា​ប្រទេស​ដែលជា​ម្ចាស់ផ្ទះ​ពេញមុខ​ពេញមាត់​ឱ្យ​បាន​ត្រឹមត្រូវ ឱ្យ​មាន​ជា​កិត្តិយស​ឱ្យ​បាន​ត្រឹមត្រូវ​នោះ ខ្ញុំ​គិតថា​ប្រទេស​កម្ពុជា ជាពិសេស​រដ្ឋាភិបាល​កម្ពុជា​គួរតែ​ធ្វើ​យ៉ាងណា​ដើម្បី​រៀបចំ​ខ្លួន​នៅក្នុង​ន័យ​សម្របសម្រួល​នូវ​បញ្ហា​នយោបាយ​ដើម្បី​លើកកម្ពស់​ឡើងវិញ​នូវ​ការគោរព​សិទ្ធិមនុស្ស និង​គោលការណ៍​ប្រជាធិបតេយ្យ សេរីពហុបក្ស ស្របពេល​ដែល​កម្ពុជា​ជា​ប្រទេស​ហត្ថលេខី​នៃ​កត្តិកាស​សញ្ញា​ស្តីពី​សិទ្ធិនយោបាយ និង​សិទ្ធិពលរដ្ឋ ជាពិសេស​គឺ​កាតិកាសញ្ញា​អន្តរជាតិ​ទាក់ទង​នឹង​បញ្ហា​សិទ្ធិមនុស្ស»។

គណៈកម្មការ​អឺរ៉ុបបញ្ជាក់​ជំហរ​យ៉ាងច្បាស់​ប្រាប់ វិទ្យុអាស៊ីសេរី កាលពី​ខែកក្កដាថា ការអនុញ្ញាត​ឱ្យ​កម្ពុជា​​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​​កិច្ចប្រជុំ​​កំពូល​​អាស៊ី-អឺរ៉ុប ឬ​ASEM​​លើកទី​១៣​ តាម​អ៊ីនធឺណិត មិន​មែន​​មាន​ន័យ​ថា អឺរ៉ុប​ទទួលស្គាល់​ថា កម្ពុជា​បាន​ស្តា​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​​ដែល​កំពុងតែ​ធ្លាក់ចុះ​ដុនដាប​នោះទេ។

កិច្ចប្រជុំ​កំពូលនេះ ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​លើក​កម្ពស់​ភាពជា​ដៃគូ និង​កិច្ចសហប្រតិបត្តិការ​អាស៊ី-អឺរ៉ុប ដើម្បី​លើកកម្ពស់​សន្តិភាព វិបុលភាព​សេដ្ឋកិច្ច និង​វឌ្ឍនភាព​សង្គម។ កិច្ចប្រជុំ​កំពូល​នេះ ប្រព្រឹត្តិ​ទៅ​រៀងរាល់​ពីរឆ្នាំ​ម្តង ដោយ​ប្ដូរ​វេន​គ្នា​ធ្វើជា​ម្ចាស់ផ្ទះ ម្ដង​ប្រព្រឹត្តិ​ទៅ​នៅ​ក្នុង​ប្រទេស​ណាមួយ​ជា​រដ្ឋ​សមាជិក​នៅ​អឺរ៉ុប ហើយ​ម្តងទៀត​នៅ​អាស៊ី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល