មន្ត្រីសិទ្ធិមនុស្ស និងអ្នកជំនាញកិច្ចការបោះឆ្នោត ចង់ឃើញរដ្ឋាភិបាលកម្ពុជាដោះស្រាយបញ្ហសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យដែលកំពុងតែធ្លាក់ចុះខ្លាំងនៅកម្ពុជា ដើម្បីធ្វើជាគំរូដល់ប្រទេសដទៃ។ ការលើកឡើងនេះ ស្របពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលលំដាប់អន្តរជាតិដ៏ធំមួយ គឺកិច្ចប្រជុំអាស៊ី-អឺរ៉ុប ឬ ASEM ជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ ពួកគេព្រមានថា ប្រសិនបើស្ថានការណ៍នយោបាយនៅតែអាក្រក់ ហើយរដ្ឋាភិបាលមិនព្រមដោះស្រាយទេ នោះហេតុការណ៍នេះនឹងធ្វើឱ្យកម្ពុជាបាក់មុខមាត់នៅលើឆាកអន្តរជាតិ។
ព្រឹត្តិការណ៍ដ៏លេចធ្លោមួយនៅមុនដំណាច់ឆ្នាំ២០២១នេះ ដែលកម្ពុជាទំនងជាអាចមានឱកាសធ្វើឱ្យអន្តរជាតិស្គាល់កាន់តែច្បាស់នោះ គឺការរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ឬ ASEM លើកទី១៣ ដែលប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែវិច្ឆិកានេះ។ កិច្ចប្រជុំកំពូលដែលក្លាយជាប្រវត្តិសាស្ត្រការទូតរបស់កម្ពុជានេះ មានក្រុមមេដឹកនាំមកពី ៥១ ប្រទេសនៅទ្វីបអាស៊ី និងទ្វីបអឺរ៉ុបចូលរួម។ ក្រៅពីនោះ ក៏មានការចូលរួមពីប្រធានក្រុមប្រឹក្សាអឺរ៉ុប ប្រធានគណៈកម្មការអឺរ៉ុប និងអគ្គលេខាធិការអាស៊ានផង។
ក៏ប៉ុន្តែ ឱកាសនៃការធ្វើឱ្យអន្តរជាតិស្គាល់ពីរឿងរ៉ាវល្អៗនៅក្នុងសង្គមកម្ពុជាដូចតាមការឃោសនាចង់បានរបស់គណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ ប្រហែលជាមានតិចតួចណាស់ ស្របពេលដែលរដ្ឋាភិបាលរបស់លោកនៅតែបន្តមិនព្រមស្តាប្រជាធិបតេយ្យ និងសិទ្ធិមនុស្សឡើងវិញ។ ផ្ទុយទៅវិញ នៅប៉ុន្មានថ្ងៃមុនកិច្ចប្រជុំកំពូលនេះ ស្ថានការណ៍នយោបាយនៅកម្ពុជាកំពុងតែរងនូវភាពអាប់អួរកាន់តែខ្លាំងឡើង។ ជាក់ស្តែង ករណីឃាតកម្មលើសកម្មជនគណបក្សប្រឆាំងលោក ស៊ិន ខុន ករណីអាជ្ញាធរខ្មែររំលោភច្បាប់អន្តរជាតិដោយសហការជាមួយរដ្ឋាភិបាលថៃចាប់បញ្ជូនជនភៀសខ្លួនទទួលស្គាល់ដោយអង្គការសហប្រជាជាតិពីប្រទេសថៃឱ្យមកទទួលទោសនៅកម្ពុជាវិញ និងចុងក្រោយករណីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខ្លួនឯងប្រកាសបន្តយុទ្ធនាការតាមយាយី ឬកម្ទេចគណបក្សប្រឆាំង ជាដើម។
ក្រុមមន្ត្រីអង្គការសង្គមស៊ីវិល មើលឃើញថា ករណីទាំងនេះ នឹងធ្វើឱ្យកម្ពុជារឹតតែបាក់មុខមាត់នៅចំពោះមុខអន្តរជាតិទៅវិញទេ ក្នុងពេលដែលខ្លួនធ្វើប្រធាន កិច្ចប្រជុំកំពូល ASEM នេះ។
ប្រធានសមាគមការពារសិទ្ធិមនុស្ស អាដហុក (ADHOC) លោក នី សុខា ថ្លែងប្រាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ដោយព្រមានថា កម្ពុជានឹងកាន់តែរងការរិះគន់ខ្លាំង បើនៅតែមិនព្រមលើកយកពីបញ្ហាសិទ្ធិមនុស្ស និងវិបត្តិប្រជាធិបតេយ្យនៅកម្ពុជាមកដោះស្រាយក្នុងពេលដែលខ្លួនធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ៖ « ប្រសិនបើកម្ពុជាមិនបានបំពេញលក្ខខណ្ឌនៃការអនុវត្តធ្វើម៉េចឱ្យមានការលើកកម្ពស់សិទ្ធិមនុស្ស ប្រជាធិបតេយ្យ ដូចអ្វីដែលកម្ពុជាជាប្រទេសហត្ថលេខីនៃកតិកាសញ្ញាទាំងអស់ហ្នុងទេ ខ្ញុំគិតថានេះវាប៉ះពាល់ទៅដល់ដំណើរការនៃមុខមាត់កម្ពុជានៅលើឆាកអន្តរជាតិហើយ។ យើងមើលទៅយើងឃើញថា ថ្មីៗនេះមានប្រទេសភូមាមួយហើយដែលគេបង្ហាញអំពីការដាក់ទណ្ឌកម្មនៅក្នុងកិច្ចប្រជុំអាស៊ានពីមុនកន្លងមកនេះ នោះគឺភូមាមិនទាន់ជាម្ចាស់ផ្ទះផង។ កម្ពុជាយើងក្លាយជាម្ចាស់ផ្ទះនៃកិច្ចប្រជុំហ្នុងទៅទៀត ដូច្នេះ ខ្ញុំគិតថាចង់ឬមិនចង់ ទោះបីថាក្នុងប្រការណាក៏ដោយ ប្រសិនបើយើងមិនបានស្តាឡើងវិញនូវបញ្ហានៃការគោរពសិទ្ធិមនុស្សដូចអ្វីដែលជាការលើកឡើងរបស់បណ្តាប្រទេសផ្សេងៗទេ ខ្ញុំគិតថាវាដាច់ខាតត្រូវតែប៉ះពាល់ទៅដល់មុខមាត់នៃកម្ពុជាហើយ។ ប៉ុន្តែ គ្រាន់តែថាយើងនឹងរង់ចាំមើលតទៅទៀតថាតើនៅក្នុងអាស៊ានគេនឹងមានរឿងអីតទៅទៀត»។
ស្រដៀងគ្នានេះដែរ អ្នកសម្របសម្រួលផ្នែកអង្កេតនៃអង្គការឃ្លាំមើលកិច្ចការបោះឆ្នោត ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស ចង់ឃើញកម្ពុជាធ្វើជាគំរូនៅក្នុងពេលដឹកនាំកិច្ចប្រជុំកំពូលនេះ ដោយបង្ហាញភាពក្លាហាន ហ៊ានលើកយកពីប្រធានបទពាក់ព័ន្ធនឹងវិបត្តិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជាខ្លួនឯង និងក្នុងតំបន់អាស៊ានមកដោះស្រាយ ឬស្វែងរកអន្តរាគមន៍៖ « សម្រាប់ខ្ញុំដែលជាសង្គមស៊ីវិល យើងខ្ញុំចង់ឃើញភាពជាគំរូនៅក្នុងអាស៊ាន ជាពិសេសការលើកយកអំពីបញ្ហាសិទ្ធិមនុស្ស បញ្ហាទាក់ទងនឹងប្រជាធិបតេយ្យ ហើយនឹងការបោះឆ្នោត ដែលចំណុចទាំងអស់នេះវាជារឿងសំខាន់ណាស់ ដែលយើងមើលឃើញនៅក្នុងអាស៊ានហាក់ដូចជាមានបញ្ហានៅក្នុងរឿងហ្នុងជាច្រើន ជាពិសេស នៅខាងមីយ៉ាន់ម៉ា នៅខាងថៃ ក៏ដូចជានៅកម្ពុជាយើងជាដើម »។
លោក កន សាវាង្ស ពន្យល់ថា បញ្ហាសំខាន់ជុំវិញវិបត្តិប្រជាធិបតេយ្យនៅក្នុងតំបន់នោះ គឺការមិនព្រមទទួលស្គាល់ និងធានានូវឆន្ទះរបស់ពលរដ្ឋដែលជាម្ចាស់ឆ្នោត៖ « រឿងសំខាន់គឺការទទួលស្គាល់នូវការធានាអំពីឆន្ទៈរបស់ប្រជាពលរដ្ឋ ការបើកឱ្យសេរីនូវលំហនៃកិច្ចការនយោបាយដើម្បីឱ្យមានការប្រកួតប្រជែង។ នេះគឺជារឿងសំខាន់មួយដែលទាក់ទងនឹងការបោះឆ្នោត។ ហើយទាក់ទងនឹងរឿងសិទ្ធិមនុស្ស និងរឿងប្រជាធិបតេយ្យនេះ គឺថា ឱ្យមានការជជែកអំពីបញ្ហាការគោរពសិទ្ធិមនុស្សនៅក្នុងតំបន់អាស៊ាននេះ ជាពិសេសអ្នកដែលធ្វើការងារសង្គមដែលទទួលនូវការយាយី ឬការមិនទទួលស្គាល់ពីរដ្ឋាភិបាលដែលធ្វើឱ្យមានការរុកគួន »។
វិទ្យុអាស៊ីសេរី មិនអាចសុំប្រតិកម្មពីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង ជុំវិញការលើកឡើងពីមន្ត្រីសង្គមស៊ីវិល និងអ្នកឃ្លាំមើលការបោះឆ្នោតនៅមុនកិច្ចប្រជុំកំពូល ASEM នេះ បាននៅឡើយទេ គិតត្រឹមម៉ោងផ្សាយនេះ។
យ៉ាងណា ក្រសួងការបរទេសកម្ពុជា ឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃ២៣ ខែវិច្ឆិកាថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងធ្វើជាអធិបតីដឹកនាំកិច្ចប្រជុំកំពូលនេះ ក្រោមប្រធានបទ «ការពង្រឹងពហុភាគីនិយមដើម្បីកំណើនរួមគ្នា»។ បើតាមក្រសួងការបរទេស កិច្ចប្រជុំកំពូលនេះ ធ្វើឡើងដើម្បីបញ្ជាក់ជាថ្មីអំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអាស៊ី-អឺរ៉ុប ក្នុងការដោះស្រាយបញ្ហាសាកល និងតំបន់ ជាពិសេក្រោយវិបត្តិជំងឺរាតត្បាតសាកលកូវីដ១៩។ គ្មានឡើយប្រធានបទពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស និងវិបត្តិប្រជាធិបតេយ្យ។ ផ្ទុយទៅវិញ ក្រសួងការបរទេសថា ក្រុមមេដឹកនាំ ASEM នឹងអនុម័តនូវឯកសារសំខាន់ៗចំនួន ៣ ដែលផ្តោតលើការស្តារសង្គម និងសេដ្ឋកិច្ចឡើងវិញ ក្រោយការរាតត្បាតនៃជំងឺកូវីដ១៩ និងសកម្មភាពអនាគតនៃការតភ្ជាប់ ASEM។ កម្ពុជាអះអាងថា កិច្ចប្រជុំកំពូលនេះ ឆ្លុះបញ្ចាំងឱ្យឃើញពីការប្តេជ្ញាចិត្តខ្ពស់បំផុតរបស់កម្ពុជា ក្នុងការជំរុញប្រព័ន្ធពហុភាគីនិយម និងចូលរួមសកម្មជាមួយសហគមន៍អន្តរជាតិដើម្បីដោះស្រាយបញ្ហាប្រឈមជាសាកលនាពេលបច្ចុប្បន្ននេះ។
ក៏ប៉ុន្តែ ការប្តេជ្ញាចិត្តរបស់កម្ពុជានេះ ទំនងជាកម្ពុជាដែលជាម្ចាស់ផ្ទះខ្លួនឯងមិនអាចដោះស្រាយបានទេ ស្របពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានពីការតាមបន្តយារយី ឬកម្ចាត់ក្រុមអ្នកដែលមាននិន្នាការនយោបាយប្រឆាំងនឹងលោកដល់ទីបញ្ចប់ នៅតែប៉ុន្មានថ្ងៃមុនពេលដឹកនាំកិច្ចប្រជុំកំពូលនេះ៖ « អញ្ចឹងទុកឲ្យខ្ញុំលេងអាពួកជ្រុលនិយមការពារសន្តិភាពនេះខ្ញុំលេងពួកលោកឯងឲ្យចប់សិនដើម្បីខ្ញុំត្រួសត្រាយផ្លូវសម្រាប់ក្មេងជាន់ក្រោយខ្ញុំដាក់កម្មវិធីចេញដំណើរបន្ទាប់ពីការបើកប្រទេសឡើងវិញលើករណីកូវីដ »។
គេនៅរង់ចាំមើលថាតើលោក ហ៊ុន សែន ក្លាហានហ៊ានបញ្ចេញសារបង្កប់ដោយហិង្សាទាំងនោះ ទៅកាន់ក្រុមមេដឹកនាំអន្តរជាតិ នៅអំឡុងពេលដែលលោកដឹកនាំកិច្ចប្រជុំកំពូលដែរឬទេ។
លោក នី សុខា យល់ថា កម្ពុជាគួរលើកយកបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យមកដោះស្រាយក្នុងពេលកិច្ចប្រជុំកំពូលនេះ បើពិតជាចង់ក្លាយជាប្រទេសម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំកំពូលនេះ ពេញមុខពេញមាត់មែននោះ៖ «ខ្ញុំគ្រាន់តែយល់ថា កម្ពុជាបើសិនជាយើងចង់ធ្វើឱ្យយើងក្លាយជាប្រទេសដែលជាម្ចាស់ផ្ទះពេញមុខពេញមាត់ឱ្យបានត្រឹមត្រូវ ឱ្យមានជាកិត្តិយសឱ្យបានត្រឹមត្រូវនោះ ខ្ញុំគិតថាប្រទេសកម្ពុជា ជាពិសេសរដ្ឋាភិបាលកម្ពុជាគួរតែធ្វើយ៉ាងណាដើម្បីរៀបចំខ្លួននៅក្នុងន័យសម្របសម្រួលនូវបញ្ហានយោបាយដើម្បីលើកកម្ពស់ឡើងវិញនូវការគោរពសិទ្ធិមនុស្ស និងគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស ស្របពេលដែលកម្ពុជាជាប្រទេសហត្ថលេខីនៃកត្តិកាសសញ្ញាស្តីពីសិទ្ធិនយោបាយ និងសិទ្ធិពលរដ្ឋ ជាពិសេសគឺកាតិកាសញ្ញាអន្តរជាតិទាក់ទងនឹងបញ្ហាសិទ្ធិមនុស្ស »។
គណៈកម្មការអឺរ៉ុបបញ្ជាក់ជំហរយ៉ាងច្បាស់ប្រាប់ វិទ្យុអាស៊ីសេរី កាលពីខែកក្កដាថា ការអនុញ្ញាតឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ឬASEMលើកទី១៣ តាមអ៊ីនធឺណិត មិនមែនមានន័យថា អឺរ៉ុបទទួលស្គាល់ថា កម្ពុជាបានស្តាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យដែលកំពុងតែធ្លាក់ចុះដុនដាបនោះទេ។
កិច្ចប្រជុំកំពូលនេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការអាស៊ី-អឺរ៉ុប ដើម្បីលើកកម្ពស់សន្តិភាព វិបុលភាពសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម។ កិច្ចប្រជុំកំពូលនេះ ប្រព្រឹត្តិទៅរៀងរាល់ពីរឆ្នាំម្តង ដោយប្ដូរវេនគ្នាធ្វើជាម្ចាស់ផ្ទះ ម្ដងប្រព្រឹត្តិទៅនៅក្នុងប្រទេសណាមួយជារដ្ឋសមាជិកនៅអឺរ៉ុប ហើយម្តងទៀតនៅអាស៊ី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។