ប្រពន្ធលោក ថាច់ សេដ្ឋា ទទូចដល់តុលាការឱ្យដោះលែងប្ដី ព្រោះសុខភាពលោក កាន់តែទ្រុឌទ្រោមខ្លាំង
2023.09.05
ប្រពន្ធលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន លោកស្រី ថាច់ សុខបូរ៉ានី នៅតែទទូចឲ្យតុលាការបញ្ចប់សំណុំរឿងប្ដីលោកស្រី ហើយដោះលែងប្ដីឲ្យមានសេរីភាពឡើងវិញ។ លោកស្រីថា សុខភាពលោក ថាច់ សេដ្ឋា កាន់តែទ្រុឌទ្រោមក្នុងអំឡុងពេលជាប់ពន្ធនាគារជាង ៨ខែមកនេះ។
សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការជាថ្មីក្នុងសំណុំរឿងក្ដីក្ដាំលោក ថាច់ សេដ្ឋា នៅទី៦ ខែកញ្ញានេះ។ លោកស្រី ថាច់ សុខបូរ៉ានី ដែលជាប្រពន្ធលោក ថាច់ សេដ្ឋា អំពាវនាវឲ្យតុលាការដោះលែងប្ដីលោកស្រីឲ្យមានសេរីភាពវិញ ហើយបញ្ឈប់រឿងនេះជាស្ថាពរ ដោយលោកស្រីថា រឿងនេះ វាពាក់ព័ន្ធនឹងនយោបាយច្រើនជាង ព្រោះប្ដីលោកស្រីជាអនុប្រធានគណបក្សភ្លើងទៀន។ លោកស្រីថា ការឃុំខ្លួនប្តីលោកស្រី បណ្ដាលឲ្យក្រុមគ្រួសារលោកស្រីប្រឈមនឹងបញ្ហាជាច្រើន ដូចជា លោកស្រីកំពុងទទួលបន្ទុកមើលថែទាំកូន ៦នាក់ ហើយពួកគេកំពុងរៀនសូត្រផង។ ដូច្នេះ វាប៉ះពាល់ទៅលើការគិត និងអារម្មណ៍របស់ក្មេងៗ ដែលទន្ទឹងមើលផ្លូវឪពុក ទាំងដឹងថា ឪពុកកំពុងជាប់ពន្ធនាគារនៅឡើយ។
លោកស្រី ថាច់ សុខបូរ៉ានី៖ «និយាយរួមទៅប៉ះពាល់ដល់ ៦នាក់ ក្មេងរៀនទាំងអស់ ដល់ពេលអ៊ីចឹងគ្នាណាមានកម្លាំងចិត្តរៀនណា ដែលបាត់បង់ប៉ានៅក្នុងហ្នឹង ហើយជំហរគ្រួសារនៅហ្នឹងក្នុងផ្ទះហ្នឹងបាត់បង់ និយាយរួមទៅ គ្រប់សព្វបែបយ៉ាងទាំងអស់ ហើយដល់ពេលអ៊ីចឹងគ្នាធ្លាប់ឃើញកម្លាំងចិត្តប៉ា មកពីធ្វើការឃើញប៉ាចូលផ្ទះរាល់ថ្ងៃ។ ដល់ពេលអ៊ីចឹងអត់ពីប៉ាទៅ គ្នាក៏គ្មានកម្លាំងចិត្តទៅរៀនទៅសូត្រអី…ណាអូន»។
លោក ថាច់ សេដ្ឋា គឺជាអ្នកនយោបាយប្រឆាំងមានដើមកំណើតខ្មែរក្រោម។ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែសីហា បានបើកសវនាការជំនុំជម្រះលើលោក ថាច់ សេដ្ឋា ក្រោមបទចោទ «មិនបានបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» ឬការចេញសែកដោយគ្មានសាច់ប្រាក់ និងសម្រេចបន្តសវនាការសំណុំរឿងរបស់លោក នៅថ្ងៃទី៦ កញ្ញា។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត យល់ឃើញថា ការឃុំខ្លួនលោក ថាច់ សេដ្ឋា មកទល់ពេលនេះវាបានលើសដែនកំណត់ច្បាប់ទៅហើយ ដោយនីតិវិធីស៊ើបអង្កេតភស្តុតាងបានចប់សព្វគ្រប់ហើយ។ លើសពីនេះលោក ថាច់ សេដ្ឋា បានស្ម័គ្រចិត្តដាក់តម្កល់លុយ ៣ម៉ឺន ដុល្លារអាមេរិកសម្រាប់ស្នើសុំនៅក្រៅឃុំទៀតផង ដូច្នេះ ករណីនេះច្បាស់ណាស់ គឺពាក់ព័ន្ធក្នុងបរិបទនយោបាយច្រើនជាង។
លោក អំ សំអាត៖ «លោក អំ សំអាត «ករណីឯកឧត្ដម ថាច់ សេដ្ឋា ក៏វាជាបញ្ហាចម្រូងចម្រាស យូរមកហើយ ដែលទាំងអង្គការជាតិ ដែលធ្វើការងារស្ដារសិទ្ធិមនុស្ស អង្គការអន្តរជាតិ ក្រុមប្រឹក្សាសិទ្ធិមនុស្ស ហើយបណ្ដាប្រទេសលោកខាងលិច ក៏គេចាត់ទុកថា វាជាករណីនយោបាយ ច្រើនជាងការអនុវត្តច្បាប់ដែរ បើអ៊ីចឹង ករណីនេះ យើងឃើញហើយថា បញ្ហាសិទ្ធិមនុស្ស បញ្ហាលំហសេរីភាពនយោបាយនេះ វាស្ថិតនៅជាបញ្ហាចម្រូងចម្រាសមួយសម្រាប់កម្ពុជា»។
លោក អំ សំអាត អំពាវនាវឲ្យរាជរដ្ឋាភិបាលថ្មី គួរតែដោះលែងលោក ថាច់ សេដ្ឋា ដោយយល់ឃើញថា កម្ដៅនយោបាយនៅកម្ពុជារាងត្រជាក់បន្តិចហើយ ហើយការរៀបចំរដ្ឋាភិបាលថ្មីក៏ចប់សព្វគ្រប់ដែរ រដ្ឋាភិបាលគួរតែពិចារណាដោះលែងអ្នកទោសនយោបាយ និងមនសិការឲ្យមានសេរីភាពវិញ។ ស្រដៀងគ្នានេះដែរ អ្នកសិក្សាផ្នែកច្បាប់ លោក វន ចាន់ឡូត យល់ឃើញថា ករណីលោក ថាច់ សេដ្ឋា រដ្ឋាភិបាលគួរតែដោះលែង លោក ថាច់ សេដ្ឋា ឲ្យមានសេរីភាពឡើងវិញ ឬនៅក្រៅឃុំ ព្រោះគ្មានភស្តុតាងណា ដែលបញ្ជាក់ថា លោក ថាច់ សេដ្ឋា មិនចង់សងលុយជំពាក់ដើមបណ្ដឹងនោះទេ ហើយករណីនេះមិនត្រូវមានការចោទប្រកាន់ជាបទឧក្រិដ្ឋនោះទេ។
លោក វន ចាន់ឡូត៖ «ករណីលោក ថាច់ សេដ្ឋា នេះ វាសមរម្យហើយ ដែលតុលាការគួរតែពិចារណាឲ្យគាត់បាននៅក្រៅឃុំ ហើយរឿងនេះមិនមែនទៅជារឿងធំដុំ រឿងស្មុគស្មាញ ឬក៏បាន ឬក៏មានព័ត៌មានច្បាស់លាស់ណាមួយ អំពីការចេញសែកស្អុយហ្នឹងបញ្ជាក់ថា វាពិតជាចេតនារបស់លោក ថាច់ សេដ្ឋា នៅក្នុងការគេចវេះ ឬក៏ក្នុងកាចេញសែកស្អុយហ្នឹង»។
ជុំវិញការស្នើសុំនេះ វិទ្យុអាស៊ីសេរីពុំអាចសុំការឆ្លើយតបពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក អ៊ី រិន បានទេ ដោយទូរស័ព្ទច្រើនដងអត់មានអ្នកលើក។
អាជ្ញាធររដ្ឋាភិបាលខ្មែរ បានចាប់ខ្លួនលោក ថាច់ សេដ្ឋា កាលថ្ងៃទី១៦ មករា និងចោទប្រកាន់លោកពាក់ព័ន្ធនឹងការ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» ឬចេញសែកអត់លុយ។ ប៉ុន្តែលោក ថាច់ សេដ្ឋា បានបដិសេធតាមរយៈមេធាវីរបស់លោកដោយអះអាងថា លោកមិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ ហើយរឿងនេះ គឺជាបណ្ដឹងក្រោមរូបភាពនយោបាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។