អង្គការលើកលែងទោសអន្តរជាតិទទូចឱ្យរដ្ឋាភិបាលកម្ពុជាត្រូវឈប់តាមយាយីរំខានដល់សកម្មជនគណបក្សសង្គ្រោះជាតិ ដែលភៀសខ្លួនផ្នែកនយោបាយនៅប្រទេសថៃបន្តទៀត។ ការលើកឡើងនេះ ដោយសារតែសកម្មជនបក្សម្នាក់ដែលភៀសខ្លួននៅក្រៅប្រទេសត្រូវបានជនសង្ស័យវាយប្រហារលើរាងកាយនៅទីក្រុងបាងកក កាលពីយប់ថ្ងៃទី២២ ធ្នូកន្លងទៅ។
អង្គការលើកលែងទោសអន្តរជាតិ ទទូចឲ្យបញ្ឈប់ជាបន្ទាន់រាល់ការធ្វើទុក្ខបុកម្នេញ គំរាមកំហែង និងការស៊ើបការណ៍លើពលរដ្ឋខ្មែរ ជនភៀសខ្លួនខ្មែរនៅប្រទេសថៃ។ អង្គការនេះ ក៏ស្នើឲ្យអាជ្ញាធរថៃ ត្រូវធានាថា រាល់បុគ្គលស្នាក់នៅប្រទេសថៃ នឹងទទួលបានការពារពីអាជ្ញាធរ និងមិនត្រូវរងការចាប់ខ្លួនដោយអនាធិបតេយ្យនោះទេ។សំណើនេះធ្វើឡើងដោយសារតែសកម្មជនបក្សប្រឆាំង លោក សួន ចំរើន អាយុ ៣៧ឆ្នាំ ត្រូវបានការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនទទួលស្គាល់ជាជនភៀសខ្លួន ដែលត្រូវជនសង្ស័យវាយប្រហារលើរាងកាយ និងត្រូវបានប៉ុនប៉ងចាប់ពង្រត់ពីទីក្រុងបាងកកកាលពីយប់ថ្ងៃទី២២ខែធ្នូកន្លងទៅ។អង្គការនេះថា លោក សួន ចំរើន ឋិតក្នុងហានិភ័យធ្ងន់ធ្ងរបន្ថែមលើការរំលោភបំពានសិទ្ធិដោយស្នាដៃអាជ្ញាធរកម្ពុជាដែលលោកអាចនឹងត្រូវគេបង្ខំឱ្យត្រឡប់ទៅកម្ពុជាវិញ។
កាលពីយប់ថ្ងៃទី២២ ធ្នូ វេលាម៉ោង ៩កន្លះ មានជនសង្ស័យ ២នាក់បានអះអាងថា ពួកគេជាប៉ូលិសខ្មែរបានយកដំបូងឆក់កញ្ចឹងកនិងវាយដំមកលើរូបលោកជាច្រើនកន្លែងដើម្បីចាប់បង្ខំលោក សួន ចំរើន ឱ្យចូលក្នុងរថយន្តបញ្ជូនត្រឡប់ទៅកម្ពុជាវិញ។ នៅពេលនោះលោកខំប្រឹងរើបម្រះរត់ចូលទៅហាងលក់ទំនិញមួយកន្លែងនៅទីក្រុងបាងកកដើម្បីឱ្យជនជាតិថៃជួយក៏ប៉ុន្តែដំបូងឡើយពុំមានអ្នកហ៊ានជួយលោកទេព្រោះជនទាំង ២នាក់នោះ បានប្រាប់ថា ពួកគេជាប៉ូលិស។ ប្រមាណ ៥នាទីក្រោយមកសកម្មជនបក្សប្រឆាំងរូបនោះ ក៏ស្រែក និងប្រឹងរើបម្រះទើបមានមនុស្សជាច្រើននាក់បានចេញមកមើលហើយប៉ូលិសទាំងនោះក៏បានបន្ធូរដៃហើយលោកក៏រត់គេចខ្លួនតែម្ដង។
អាស៊ីសេរីមិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលក្រុងភ្នំពេញ លោក ផៃ ស៊ីផាន ដើម្បីសុំអត្ថាធិប្បាយជុំវិញរបាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិនេះបានទេ នៅថ្ងៃទី២៨ ធ្នូដោយទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួល។
ប៉ុន្តែអ្នកនាំពាក្យអគ្គស្នងការនគរបាល ជាតិ លោក ឆាយ គឹមខឿន ប្រាប់អាស៊ីសេរីកាលពីថ្ងៃទី២៣ធ្នូថា ប៉ូលិសកម្ពុជាពុំបានទៅចាប់សកម្មជនគណបក្សប្រឆាំងនៅប្រទេសថៃដូចការចោទប្រកាន់នោះឡើយ។លោកបន្តថា សព្វថ្ងៃពុំមានកម្លាំងរបស់សកម្មជនគណបក្សសង្គ្រោះជាតិនៅទីក្រុងបាងកក ដែលធ្វើឱ្យរដ្ឋាភិបាលរបស់លោកព្រួយបារម្ភនោះទេ៖ «អ្នកណាអ្នកប្រាប់ ហើយមានសាក្សីទេ ព្រោះខ្មែរនិងថៃមុខដូចតែគ្នាហ្នឹង ខ្មែរក៏ចេះនិយាយថៃ ហើយថៃក៏ចេះនិយាយខ្មែរដែរហ្នឹង មិនដឹងពីណាផង ហើយចេះតែមកចោទប៉ូលិសខ្មែរម៉េចកើត។ខ្ញុំមិនជឿថាកម្លាំងមានសមត្ថកិច្ចរបស់កម្ពុជាហ៊ានទៅប្រព្រឹត្តអំពើស្អីនៅលើអធិបតេយ្យភាពប្រទេសមួយទេ ខ្ញុំមិនជឿទេ វាគ្រាន់តែការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់ទេ » ។
ទោះជាយ៉ាងនេះក្ដីលោក សួន ចំរើន ថ្លែងថា លោកនិងសកម្មជនគណបក្សនេះដទៃទៀត ដែលភៀសខ្លួននៅប្រទេសថៃ ពុំមានសុវត្ថិភាពនោះទេព្រោះអាជ្ញាធរកម្ពុជានៅតែបន្តតាមធ្វើទុក្ខបុកម្នេញពួកគេដដែល៖ «វាអត់ចម្លែកទេដែល លោក ហ៊ុន សែន និងសមត្ថកិច្ចរបស់គាត់និយាយបែបហ្នឹង ព្រោះវាជាសារធាតុរបស់គាត់ទៅហើយ។ពួកហ្នឹងច្រើនធ្វើអ្វីមិនគប្បីហើយទម្លាក់កំហុស ហើយពេលខ្លះនិយាយដោយមិនការខ្មាសអៀន ដូចជាករណីខ្ញុំអីចឹងមានមនុស្ស២នាក់ស្លៀកពាក់ស៊ីវិលយកប្រដាប់ឆក់មកឆក់ចាប់ខ្ញុំឡើងឡាន ខ្ញុំមិនព្រមឡើង គេក៏ប្រើហិង្សាមកលើខ្ញុំ » ។
លោក សួន ចំរើន ជាសមាជិកក្រុមការងាររបស់គណបក្សសង្គ្រោះជាតិនៅខេត្តបាត់ដំបង។ របាយការណ៍អង្គការលើកលែងទោសអន្តរជាតិឱ្យដឹងថា លោក សួន ចំរើន ជាសមាជិកជាន់ខ្ពស់របស់ប្រឆាំងម្នាក់ ក្នុងចំណោម ១៨នាក់ ដែលត្រូវបានលោក ហ៊ុន សែន លាបពណ៌ថា ជាជនក្បត់ជាតិ កាលពីថ្ងៃទី១៤ខែវិច្ឆិកា ឆ្នាំ២០១៩។ ចាប់តាំងពីពេលនោះមក ទើបអាជ្ញាធរកម្ពុជា កំណត់អ្នកទាំង ១៨នាក់ ជាមុខសញ្ញាស្វែងរកចាប់ខ្លួននិងឋិតក្នុងចំណោមបុគ្គល ៣៩នាក់ នៃសមាជិកគណបក្សសង្គ្រោះជាតិ ដែលត្រូវក្រសួងការបរទេសកម្ពុជា លុបចោលសុពលភាពលិខិតឆ្លងដែនរបស់ពួកគេ កាលពីខែវិច្ឆិកាកន្លងទៅ៕
( លោក សួន ចំរើន ដែលរងរបួសដោយសារជនសង្ស័យវាយប្រហារ និងប្រើពិលឆក់លើរាងកាយ ហើយប៉ុនប៉ងចាប់ពង្រត់ពីទីក្រុងបាងកក ទៅកម្ពុជា នៅយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩។ រូបលោក សួន ចំរើន ផ្ដល់ឱ្យ )
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។