សកម្មជនគណបក្សភ្លើងទៀនកំពុងភៀសខ្លួននៅប្រទេសថៃគឺលោក ផន ផាន់ណាបានដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរថៃ ដើម្បីវែកមុខរកជនល្មើសដែលព្រួតវាយលោកឱ្យមានរបួសមកផ្ដន្ទាទោសតាមច្បាប់។ ជនរងគ្រោះរូបនេះ រកឃើញតម្រុយមួយចំនួន ដែលសង្ស័យថា អាចជាប់ពាក់ព័ន្ធនឹងមន្ត្រីស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ។ មន្ត្រីសង្គមស៊ីវិលយល់ឃើញថារដ្ឋាភិបាលកម្ពុជាគួរតែសហការជាមួយអាជ្ញាធរថៃដើម្បីរកយុត្តិធម៌ជូនលោក ផន ផាន់ណា ចៀសវាងមានការរិះគន់ថាជារឿងនយោបាយ។
សកម្មជនគណបក្សភ្លើងទៀន គឺលោក ផន ផាន់ណា បានដាក់បណ្ដឹងទៅសមត្ថកិច្ចថៃរួចហើយ កាលពីថ្ងៃទី៥ តុលា ដោយសង្ឃឹមថា សមត្ថកិច្ចថៃ នឹងអាចស្វែងរកជនមិនស្គាល់មុខចំនួន៣នាក់ដែលបានប្រើអំពើហិង្សាលើលោកមកដាក់ទោស។ នេះគឺជាលើកទី១ហើយដែលជនរងគ្រោះ ហ៊ានដាក់បណ្ដឹងទៅអាជ្ញាធរថៃ ខណៈកន្លងមកក៏មានសកម្មជននយោបាយមួយចំនួនទៀត ធ្លាប់ត្រូវបានជនមិនស្គាល់លួចវាយធ្វើបាប និងប៉ុនប៉ង ចាប់បញ្ជូនទៅដាក់ពន្ធនាគារនៅកម្ពុជាវិញដែរ ប៉ុន្តែមិនដែលដាក់បណ្ដឹងឡើយ ព្រោះបារម្ភពីសុវត្ថិភាព។
ជនរងគ្រោះ លោក ផន ផាន់ណា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៦ តុលា ថា មូលហេតុដែលលោកដាក់បណ្ដឹងទៅសមត្ថកិច្ចថៃគឺដោយសារតែចាប់តាំងពីថ្ងៃកើតហេតុមកមានជនស្លៀកពាក់ស៊ីវិលតាមថតរូប និងតាមឃ្លាំមើលលោកជាប្រចាំ។ លោកសង្ស័យថាបញ្ហានេះមានជាប់ពាក់ព័ន្ធនឹងមន្ត្រីស្ថានទូតកម្ពុជាប្រចាំប្រទេសថៃពីព្រោះតាមភិនភាគរថយន្តដែលថតជាប់ដោយកាមេរ៉ាសុវត្ថិភាព នៅកន្លែងកើត និងរថយន្តចតនៅស្ថានទូតកម្ពុជាប្រចាំប្រទេសថៃគឺម៉ាក់ អ៊ីស៊ួហ្ស៊ូ (ISUZU) ពណ៌ខ្មៅតែមួយដូចគ្នា។ លោកថាសមត្ថកិច្ចជំនាញថៃ កំពុងស្រាវជ្រាវ និងពិនិត្យមើលផ្លាកលេខរថយន្តទាំងពីរនោះ តើដូចគ្នាឬយ៉ាងណា។
លោក ផន ផាន់ណា៖«រថយន្តហ្នឹងគឺនៅក្នុងស្ថានទូតខ្មែរប្រចាំប្រទេសថៃតែម្ដងអ្វីដែលយើងដឹងហ្នឹងប្រសិនបើរថយន្តហ្នឹងជារថយន្តតែមួយវាច្បាស់ណាស់អ្នកនៅពីក្រោយប្រើអំពើហិង្សាគឺស្ថានទូតខ្មែរប្រចាំប្រទេសថៃតែម្ដងជាអ្នកបញ្ជា ឬក៏អ្នកមកអនុវត្តផ្ទាល់នៃការប្រើអំពើហិង្សាលើរាងកាយខ្ញុំ»។
លោក ផន ផាន់ណា អះអាងថាការដាក់សង្ស័យលើមន្ត្រីស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ គឺដោយសារតែនៅថ្ងៃកើតហេតុមានរថយន្តពីរគ្រឿង មួយគ្រឿងម៉ាក់ឆេវរ៉ូឡេត (Chevrolet) ពណ៌សចតនៅខាងមុខផ្ទះលោក និងមួយគ្រឿងទៀតម៉ាក់អ៊ីស៊ូហ្ស៊ូ (ISUZU) ជិះកាត់មុខផ្ទះរបស់លោកយឺតៗដែលប្រភេទរថយន្តដូចគ្នា។ ទោះជាយ៉ាងណាមន្ត្រីនគរបាលថៃនៅមិនទាន់អាចបញ្ជាក់ថារថយន្តម៉ាក់អ៊ីស៊ូហ្ស៊ូ (ISUZU) ពណ៌ខ្មៅពិតជារបស់មន្ត្រីស្ថានទូតខ្មែរនៅឡើយដោយសារមិនទាន់កំណត់ស្លាកលេខរថយន្តទាំង២ បាននៅឡើយ ។
កាលពីថ្ងៃទី២២ សីហា លោក ផន ផាន់ណា ត្រូវជនមិនស្គាល់អត្តសញ្ញាណ ៣នាក់បានជិះរថយន្តមកថតផ្ទះលោកនៅខេត្តរ៉ាក់យ៉ង ប្រទេសថៃ និងព្រួតវាយសន្ធប់មកលើមុខខាងឆ្វេងរបស់លោក។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងប្រធានអនុព័ន្ធការងារអមស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ គឺលោក ឈឹម វិបុល និងមន្ត្រីកុងស៊ុលស្ថានស៊ុលស្ថានទូត លោក ផៃ លន ដើម្បីសុំការបកស្រាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី០៦ តុលា។
ប៉ុន្តែកាលពីថ្ងៃទី២៦ សីហា ប្រធានអនុព័ន្ធការងារអមស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ គឺលោក ឈឹម វិបុល ដែលល្បីខាងដើរអូសទាញកម្មករឱ្យចុះជាមួយប្រជាជនកម្ពុជា និងតែងគំរាមកំហែងលើសកម្មជនបក្សប្រឆាំងកន្លងទៅបានបង្ហោះសារការប្រៀបធៀបសកម្មជននយោបាយ និងអ្នកដែលហ៊ានរិះគន់ការដឹកនាំរដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែតជាកូនកណ្ដុរ ហើយរូបលោកជាឆ្មាចាំចាប់កណ្ដុរ ។
ជុំវិញបញ្ហានេះនាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា អាជ្ញាធរកម្ពុជាគួរតែស៊ើបអង្កេតឱ្យបានដិតដល់ពាក់ព័ន្ធនឹងករណីមានជនមិនស្គាល់មុខប្រើអំពើហិង្សាលើសកម្មជនបក្សប្រឆាំងដើម្បីស្ដារមុខមាត់រដ្ឋាភិបាលថ្មី។
លោក អំ សំអាត៖«ខ្ញុំគ្រាន់តែមានចំណាប់អារម្មណ៍ថាដើម្បីចៀសវាងមានការរិះគន់ទាក់ទងនឹងការចាប់បញ្ជូនជនភៀសខ្លួនដែលរត់ទៅថៃហើយរត់មកកម្ពុជាវិញឬក៏អំពើហិង្សាលើជនភៀសខ្លួនអាហ្នឹងកម្ពុជាយើងគួរតែមានកិច្ចសហប្រតិបត្តិការឬក៏ថៃគួរតែមានការគោរពសិទ្ធិទៅតាមគោលការណ៍សកលស្ដីពីសិទ្ធិមនុស្ស ហើយនិងផ្ដល់កិច្ចការពារទៅដល់ជនគ្រប់រូប»។
ក្រៅពីលោក ផន ផាន់ណា រងការវាយដំដោយអំពើហិង្សា និងយាយីតាមប្រព័ន្ធតុលាការកន្លងមក សកម្មជនបក្សប្រឆាំងដែលភៀសខ្លួននៅថៃផ្សេងទៀត ក៏ធ្លាប់ត្រូវបានជនមិនស្គាល់មុខព្រួតវាយបណ្ដាលឱ្យរងរបួស ហើយអ្នកខ្លះទៀត ត្រូវបានអាជ្ញាធររបស់លោក ហ៊ុន សែន សហការជាមួយអាជ្ញាធរថៃ ចាប់បញ្ជូនទៅដាក់ពន្ធនាគារនៅកម្ពុជាវិញជាបន្តបន្ទាប់ដែរ ដើម្បីបំបិទមិនឱ្យមានសំឡេងរិះគន់ពីប្រទេសថៃ។
លោក ផន ផាន់ណា ជាអតីតសកម្មជនគណបក្សសង្គ្រោះជាតិ ចន្លោះឆ្នាំ២០១៦ ដល់ឆ្នាំ២០២០ នៅប្រទេសកូរ៉េខាងត្បូង។ បន្ទាប់មកលោក វិលត្រឡប់មករស់នៅប្រទេសកម្ពុជាវិញ ដោយចូលរួមសកម្មភាពនយោបាយជាមួយគណបក្សភ្លើងទៀន ក្នុងតួនាទីជាអនុប្រធានយុវជនថ្នាក់ជាតិ ។ ប៉ុន្តែក្រោយមក លោក ផន ផាន់ណា បានភៀសខ្លួនទៅប្រទេសថៃដើម្បីរក្សាសុវត្ថិភាព កាលពីខែសីហា ឆ្នាំ២០២២ ដោយសារតុលាការក្រោមខ្សែញាក់របស់លោក ហ៊ុន សែន បានកាត់ទោសឲ្យលោកជាប់ពន្ធនាគារ៥ឆ្នាំ រួមជាមួយថ្នាក់ដឹកនាំ និងសកម្មជនរាប់សិបនាក់ទៀត ពាក់ព័ន្ធនឹងការចោទប្រកាន់រឿងគាំទ្រគម្រោងវិលចូលស្រុកវិញរបស់ ប្រធានគណបក្សស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្សី ។ បើទោះបីជា លោក ផន ផាន់ណា កំពុងប្រឈមនឹងជីវភាពលំបាក និងរងការធ្វើទុក្ខបុកម្នេញពីជនមិនស្គាល់អត្តសញ្ញាណក្ដីក៏លោកនៅតែប្រកាន់គោលជំហរមិនជ្រើសយកការចុះចូលជាមួយបក្សកាន់អំណាចដើម្បីប្ដូរយកសេរីភាពឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។