សកម្មជនគណបក្សសង្គ្រោះជាតិម្នាក់នៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ គ្មានទីជម្រកស្នាក់អាស្រ័យ ក្រោយពេលបុគ្គលម្នាក់ដែលគាត់សង្ស័យថាធ្វើការនៅក្រសួងមហាផ្ទៃបាននាំមនុស្សជាច្រើននាក់រុះរើផ្ទះនិងបណ្ដេញគាត់ចេញពីដី កាលពីថ្ងៃទី១២ តុលា។ សកម្មជនរូបនេះ អះអាងថា អាជ្ញាធរពាក់ព័ន្ធមិនជួយដោះស្រាយនិងផ្ដល់សំណងជូនលោកនោះទេ។ មន្ត្រីសង្គមស៊ីវិល ចាត់ទុកការធ្វើបែបនេះថា ជាទង្វើខុសច្បាប់ និងស្នើឱ្យអាជ្ញាធរពាក់ព័ន្ធចុះស្រាវជ្រាវរឿងនេះជាបន្ទាន់។
សកម្មជនគណបក្សប្រឆាំងខណ្ឌឫស្សីកែវអះអាងថា អាជ្ញាធរចុះរុះរើផ្ទះរបស់គាត់ដោយមិនបានជូនដំណឹងជាលាយលក្ខណ៍អក្សរនោះទេ ក្នុងពេលដែលគាត់កំពុងសម្រាកព្យាបាលជំងឺនៅខេត្តព្រៃវែង។
សកម្មជនគណបក្សសង្គ្រោះជាតិសង្កាត់ឫស្សីកែវ លោក យ៉ុង ត្រា ប្រាប់វិទ្យុអាស៊ីសេរីនៅព្រឹកថ្ងៃទី១៤ តុលាថា ផ្ទះរបស់លោកធ្វើពីស័ង្កសី និងមានក្រាលឈើទទឹង ៤ម៉ែត្រ និងបណ្ដោយ ៦ម៉ែត្រ ស្ថិតនៅមាត់ជ្រាំងទន្លេសាប ក្នុងក្រុមទី១៩ ភូមិសាមគ្គី។ លោកបន្តថា ដីនេះលោកបានជួលពីអាជ្ញាធរសង្កាត់ឫស្សីកែវ តម្លៃ ៥.០០០រៀល ក្នុងមួយខែ ជាមួយប្រជាពលរដ្ឋ ៧គ្រួសារផ្សេងទៀត ដោយមានទំហំផ្ទះប៉ុនគ្នា និងជួលក្នុងតម្លៃដូចគ្នាដែរ តាំងពីឆ្នាំ១៩៩៤ រហូតមក។ ក្រោយមកអាជ្ញាធរបានបង្វែរដីទៅឱ្យបុរសម្នាក់ធ្វើការនៅក្រសួងមហាផ្ទៃ ប៉ុន្តែពួកលោកមិនស្គាល់ឈ្មោះនោះទេ។ លោកបញ្ជាក់ទៀតថា បុរសរូបនេះ បានដឹកនាំសន្តិសុខផ្ទាល់ខ្លួនជាច្រើននាក់ រើកម្ទេចតែផ្ទះរបស់លោក ចំណែកផ្ទះពលរដ្ឋ ៧គ្រួសារផ្សេងទៀត ដែលបានជួលដីជាមួយមួយលោកដែរនោះ ត្រូវបានបុរសរូបនោះបង្ខំឱ្យចាកចេញពីដី ដោយផ្ដល់សំណងចំនួន ២លានរៀល ឬប្រមាណ ៥០០ដុល្លារអាមេរិកក្នុងមួយគ្រួសារ។ ដោយឡែក គ្រួសាររបស់លោកវិញមិនបានទទួលសំណងអ្វីទាំងអស់។ ក្រោយពីមានការរុះរើផ្ទះនេះ លោកបានប្ដឹងទៅអាជ្ញាធរសង្កាត់ និងខណ្ឌឫស្សីកែវឱ្យជួយរកដំណោះស្រាយដែរ ប៉ុន្តែរហូតមកដល់ពេលនេះពុំមានដំណោះស្រាយឡើយ៖ «ពួកខណ្ឌ និងពួកម្ចាស់ដីហ្នឹងគេថា ភ្ជុំហើយគេមករុះហើយ។ ពីមុនមក ធម្មតាគេប្រាប់អីចឹងថា ស្អែករុះៗ ថា មិនជឿវាទេ។ ដល់ពេលសារនេះខណ្ឌគេចុះមកគេធ្វើមែនហ្មង ថ្ងៃភ្ជុំហ្នឹងអត់មានអ្នកណានៅទេ នៅតែបួនប្រាំគ្រួសារហ្នឹង គេដើរមកប្រាប់ចោលអីចឹងទៅណាស់ ប្រាប់ខ្យល់ចោល អត់មានក្រដាសស្នាមទេ។ រឿងនេះធ្វើបាប ប្រជាពលរដ្ឋហ្មងមិនឱ្យយើងនៅហ្នឹងបន្តទៀត ចង់រុះរើលក់ឱ្យខាងណាអីបន្តអីចឹងទៅ។ គេដោះស្រាយឱ្យ ៧គ្រួសារ ប៉ុន្តែផ្ទះខ្ញុំមួយគេធីបចោល អត់ផ្ទះហ្នឹង គ្រួសារខ្ញុំប៉ះពាល់ខ្លាំង មានតែទៅជួលផ្ទះគេនៅ » ។
លោក យ៉ុង ត្រា មានវ័យ ៤២ឆ្នាំ ដើមកំណើតខ្មែរក្រោម។ លោកមានសមាជិកគ្រួសារ ៤នាក់ ក្នុងនោះកូនអាយុក្រោម ១៧ឆ្នាំចំនួន ២នាក់ផង។ លោកបញ្ជាក់ថា បច្ចុប្បន្នពួកលោកកំពុងស្នាក់នៅជាមួយសាច់ញាតិបណ្ដោះអាសន្ននៅរាជធានីភ្នំពេញ។ លោកចាត់ទុក្ខការរុះផ្ទះនេះថា ជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយពីសំណាក់បុគ្គលមានអំណាចនិងអាជ្ញាធរខណ្ឌឫស្សីកែវ ដើម្បីយកដីរបស់លោកពួកទាំង ៨គ្រួសារទៅលក់ឱ្យជនជាតិចិន។
ទាក់ទងនឹងបញ្ហានេះ មេភូមិសាមគ្គី លោក អ៊ី ងឹង ប្រាប់វិទ្យុអាស៊ីសេរីថា លោកពុំមានពាក់ព័ន្ធនឹងការរុះរើផ្ទះរបស់ប្រជាពលរដ្ឋនោះទេ។ជាមួយគ្នានេះលោកអះអាងថា ពុំមានអាជ្ញាធរណាយកដីជ្រាំងទន្លេដែលប្រជាពលរដ្ឋរស់នៅនោះទៅលក់ឱ្យជនជាតិចិននោះទេ៖ «ដីមាត់ទន្លេសុទ្ធតែដីរដ្ឋតើ ខាងលិចខាងកើតផ្លូវ។ បើនិយាយរឿងច្បាប់ដីចំណីទន្លេ ប៉ុន្តែមិនដឹងគ្រួសារគេដេញត្រង់ណាខ្លះ ខ្ញុំអត់បានចុះទៅខ្ញុំឈឺដែរ។ ទេខ្ញុំអត់ដឹង ព្រោះខ្ញុំអត់បានពាក់ព័ន្ធរឿងលក់ដូរមាត់ទន្លេរបស់ពលរដ្ឋណា » ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ចៅសង្កាត់ឫស្សីកែវ លោក មូល វីរៈ និងអភិបាលខណ្ឌឫស្សីកែវ លោកឯក ឃុនឌឿន ដើម្បីសុំអត្ថាធិប្បាយបន្ថែមពីជុំការចោទប្រកាន់នេះបានទេ នៅថ្ងៃទី១៤ តុលា ដោយទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួល។
ចំណែកអភិបាលរងរាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា លោកសុំមិនឆ្លើយតប ចំពោះរឿងនេះទេ។
ទោះជាយ៉ាងណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា ការដែលអាជ្ញាធររុះរើផ្ទះរបស់ប្រជាពលរដ្ឋនេះជាទង្វើខុសច្បាប់ ព្រោះរឿងនេះទំនងអាជ្ញាធរមូលដ្ឋានឃុបឃិតគ្នាជាមួយបុគ្គលដែលធ្វើការនៅក្រសួងមហាផ្ទៃលក់ដីជ្រាំងទន្លេ។ លោកស្នើឱ្យអាជ្ញាធរស្រាវជ្រាវរឿងនេះ ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋ និងចាត់វិធានការតាមច្បាប់លើអ្នកពាក់ព័ន្ធ៖ «អ្នកពាក់ព័ន្ធផ្សេងៗ ទាំងអស់ហ្នឹង ហើយបើសិនជាអាចថា ដីតំបន់ហ្នឹងវាជាដី ដែលអាចលក់ដូរបានរឿងអី គ្រាន់តែជាអ្នករស់នៅតាំងពីឆ្នាំ១០៩៤ មកមិនអាចក្លាយជាកម្មសិទ្ធិទៅលើដីដែលគាត់រស់នៅទីនោះបាន។អីចឹងវា ហាក់ដូចជាធ្វើឡើងដោយមិនត្រឹមត្រូវ ហើយមានភាពអយុត្តិធម៌ទៅលើគាត់ដែលបានរស់នៅអាស្រ័យផលលើដីទាំងអស់ហ្នឹងយូរហើយ»។
សកម្មជនបក្សប្រឆាំងលោក យ៉ុង ត្រា ថ្លែងថា លោកគ្មានប្រាប់ទិញដីធ្វើផ្ទះថ្មីនោះទេ ហើយលោកក៏អំពាវនាវដល់អាជ្ញាធរក្រុងភ្នំពេញឱ្យជួយដោះស្រាយជូនគ្រួសារលោកជាបន្ទាន់ ព្រោះលោកថា គ្រួសារគាត់ស្នាក់នៅជាមួយសាច់ញាតិបានរយៈពេលខ្លីប៉ុណ្ណោះ។
មន្ត្រីសិទ្ធិមនុស្ស លោក ស៊ឹង សែនករុណា យល់ថា សកម្មជនរូបនេះគួរតែដាក់ពាក្យប្ដឹងទៅអាជ្ញាធររាជធានីភ្នំពេញ និងអង្គការសិទ្ធិមនុស្ស ដើម្បីស្វែងរកដំណោះស្រាយរឿងនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។