ជំទប់ទី២ ជាប់ឆ្នោតបក្សសង្គ្រោះជាតិម្នាក់នៅខេត្តឧត្ដរមានជ័យបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន
2020.07.28
សកម្មជនគណបក្សសង្គ្រោះជាតិម្នាក់នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ ព្រួយបារម្ភអំពីសុវត្ថិភាពផ្ទាល់ខ្លួន។ ក្ដីបារម្ភនេះ បន្ទាប់ពីប៉ូលិសមូលដ្ឋានបានបណ្ដាក់គ្នាចុះសួរនាំដល់ផ្ទះខុសប្រក្រតីម្ដងហើយម្ដងទៀត។ មន្ត្រីអង្គការសង្គមស៊ីវិល ចាត់ទុកសកម្មភាពរបស់ប៉ូលិសនេះ ថា ជាការបំភិតបំភ័យ គំរាមកំហែង និងបិទសិទ្ធិសេរីភាពដើរហើររបស់ប្រជាពលរដ្ឋដោយខុសច្បាប់។
ជំទប់ទី២ ជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទលោក ម៉ែន ម៉ន ឱ្យដឹងនៅរសៀលថ្ងៃទី២៧ កក្កដាថា នគរបាលពីរនាក់ រួមទាំងនាយរងនគរបាលរដ្ឋបាលប៉ុស្តិ៍បាក់អន្លូងម្នាក់ផង បានបណ្ដាក់គ្នាចុះសួរនាំលោកដល់ផ្ទះកាលថ្ងៃទី១៨ និងទី២០ កក្កដា។
លោកបញ្ជាក់ថា មន្ត្រីប៉ូលិសទាំងនោះបានសួរលោកថា បាត់លោកទៅណាមួយរយៈមិនឃើញនៅផ្ទះ និងសួរថាប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី មានផែនការថ្មីដាក់ឱ្យសកម្មជនបក្សប្រឆាំងនៅតាមមូលដ្ឋានធ្វើសកម្មភាពអ្វីខ្លះជាដើម។ លោកបន្ថែមថា ចាប់តាំងពីប៉ូលិសធ្វើជាសិទ្ធិស្នាលជាមួយលោកបែបនេះមក លោកព្រួយបារម្ភអំពីសុវត្ថិភាពផ្ទាល់ខ្លួន ពីព្រោះកន្លងមកមន្ត្រីនគរបាលទាំងនោះពុំធ្លាប់មានទំនាក់ទំនងជាមួយលោកឡើយ៖ «ព័ត៌មានឮថាលោក កឹម សុខា គាត់ទៅបាត់ដំបងបាត់អី ខ្ញុំបាត់ពេលហ្នឹង ខ្ញុំគិតថា ប្រហែលគេសង្ស័យប្រហែលថា ខ្ញុំទៅហ្នឹងហើយយ៉ាង។ គេអាចតាមដានមើលសកម្មភាពយើងគេខ្លាចយើងធ្វើសកម្មភាពអីមួយអីចឹង។ខ្ញុំមើលទៅគេតាមយាយីឱ្យខ្ញុំភ័យខ្លាច ទី១ បញ្ហាសុវត្ថិភាពយើង ហើយហ្នឹងអ្នកនៅក្នុងឃុំមានបួនប្រាំនាក់ប៉ុណ្ណឹង។ ប៉ុន្តែជាចម្បងខ្ញុំចូលក្នុងបញ្ជីខ្មៅរបស់គេ ព្រោះខ្ញុំជាសកម្មជនបក្សប្រឆាំង»។
លោកបន្តថា លោកប្រាប់រឿងនេះទៅសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) ខេត្តឧត្ដរមានជ័យ ឱ្យបានដឹងជាព័ត៌មានរួចមកហើយ។
ជំទប់ទី២ បក្សប្រឆាំងជាប់ឆ្នោតរូបនេះ ធ្លាប់រត់គេចខ្លួនម្ដងរួចមកហើយ អំឡុងពេលយុទ្ធនាការរបស់រដ្ឋាភិបាលបង្ក្រាបអ្នកគាំទ្រផែនការលោក សម រង្ស៊ីវិលចូលស្រុកវិញកាលពីខែវិច្ឆិកាឆ្នាំ២០១៩ ដោយសារអាជ្ញាធរតាមយាយីលោកដល់ផ្ទះម្ដងហើយម្ដងទៀត ប៉ុន្តែលោកបានវិលត្រឡប់ទៅផ្ទះវិញនៅចុងឆ្នាំ២០១៩ ក្រោយពីស្ថានការណ៍ចាប់ចងសកម្មជនបក្សប្រឆាំងស្ងប់ស្ងាត់។
ទាក់ទងនឹងបញ្ហានេះ អធិការនគរបាលស្រុកត្រពាំងប្រាសាទ លោក អ៊ូច ម៉ៅ ប្រាប់អាស៊ីសេរីថា ប៉ូលិសចុះការពារសន្តិសុខជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដោយពុំបានសាកសួរជំទប់ទី២ ជាប់ឆ្នោតគណបក្សសង្គ្រោះជាតិជាតិដូចការចោទប្រកាន់នោះឡើយ៖ «បាទអត់មានទេ គឺគាត់រស់នៅយ៉ាងសុខស្រួល ប្រកបមុខរបរកសិកម្ម ធ្វើចម្ការស្រែគឺធម្មតា មិនមានការភិតភ័យបង្ខិតបង្ខំពីស្ថាប័នណាទេ គឺអត់មានទេ»។
ទោះបីជាបែបនេះក្ដី មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) ខេត្តឧត្ដរមានជ័យ លោក ស្រី ណារ៉េន ចាត់ទុកមន្ត្រីនគរបាលចុះទៅសួរនាំសកម្មជនបក្សប្រឆាំងនេះថា ជាការបំភិតបំភ័យផ្នែកនយោបាយ។លោកបញ្ជាក់ថា ការធ្វើបែបនេះ ជាការរឹតត្បិតសិទ្ធិសេរីភាពដើរហើររបស់ប្រជាពលរដ្ឋដោយខុសច្បាប់៖ «ការសួរដេញដោលគាត់ធ្វើឱ្យគេភ័យគេខ្លាចហ្នឹងជារឿងមួយ រំលោភទៅលើសេរីភាពផ្ទាល់ខ្លួនរបស់គាត់។ព្រោះច្បាប់គេបានធានារួចអស់ហើយ ប៉ុន្តែគ្រាន់តែសមត្ថកិច្ចហ្នឹងនៅតែបំពានទៅលើច្បាប់ដែលមានស្រាប់ ធ្វើឱ្យគាត់មានការព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនរបស់គាត់ដែរ ពីព្រោះគាត់មិនបានប្រព្រឹត្តអីផង ពីព្រោះបក្សរបស់គាត់ដែលគាត់មានជំនឿហ្នឹងត្រូវបានគេរំលាយចោទអីអីចឹងហើយ។អីចឹងទេសូមកុំឱ្យគាបសង្កត់ផ្លូវចិត្តគាត់បន្តទៅទៀត»។
កាលពីខែមិថុនាលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានព្រមានថា ងើបមួយវាយមួយចំពោះសកម្មជនគណបក្សសង្គ្រោះជាតិទាំងឡាយណាដែលធ្វើសកម្មជននយោបាយនៅក្នុងស្រុកតាមការណែនាំរបស់ថ្នាក់ដឹកនាំគណបក្សនេះ។ ការព្រមានរបស់លោកហ៊ុន សែនបែបនេះ ព្រោះលោកខឹងនឹងប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី បានអំពាវនាវឱ្យពលរដ្ឋកុំឲ្យសងប្រាក់ធនាគារបណ្ដាលមកពីវិបត្តិជំងឺកូវិត១៩។ចាប់តាំងពីខែមករាមក អាជ្ញាធរចាប់សកម្មជនគណបក្សសង្គ្រោះជាតិចំនួន១៧នាក់ហើយ ដាក់ពន្ធនាគារព្រៃស។ ពួកគេត្រូវបានតុលាការចោទប្រកាន់ពីបទរួមគំនិតក្បត់ ញុះញង់កុំឲ្យយោធិនស្តាប់បង្គាប់ និង ញុះញង់ឲ្យប្រព្រឹត្តបទ ឧក្រិដ្ឋជាអាទិ៍ និងខ្លះទៀតត្រូវបានចោទប្រកាន់ ពីបទជេរប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។