មន្ត្រីគណបក្សប្រឆាំង និងអ្នកឃ្លាំមើល រិះគន់កិច្ចព្រមព្រៀងស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិរវាងរដ្ឋាភិបាលកម្ពុជា និងវៀតណាមថា មិនស្មើភាពគ្នា ហើយវៀតណាមមិនដែលគោរពតាមកិច្ចព្រមព្រៀងនោះទេ។ ការរិះគន់នេះ បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិប្រទេសទាំងពីរ យល់ព្រមបង្កើតកិច្ចព្រមព្រៀងស្ដីពីការពង្រឹងកិច្ចការពារជាតិរវាងកម្ពុជានិងវៀតណាម នៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ (Online) កាលពីថ្ងៃទី៨ ខែមករា។
មន្ត្រីគណបក្សសង្គ្រោះជាតិ និងអ្នកឃ្លាំមើល លើកឡើងថា កិច្ចព្រមព្រៀងស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិរវាងកម្ពុជា និងវៀតណាមនេះ បង្ហាញថា កម្ពុជាចាញ់ប្រៀបវៀតណាមច្រើនចំណុច។ ពួកគេព្រួយបារម្ភថា រដ្ឋាភិបាលកម្ពុជា នៅតែមិនអាចធានាការពារបូរណភាពទឹកដីពីការឈ្លានពានរបស់ភាគីវៀតណាមបានឡើយ។
ប្រធានគណៈកម្មការកិច្ចការព្រំដែន និងអន្តោប្រវេសន៍នៃគណបក្សសង្រ្គោះជាតិ លោក អ៊ំ សំអាន មានប្រសាសន៍ថា កិច្ចព្រមព្រៀងការពារជាតិរវាងកម្ពុជា និងវៀតណាមនេះ គ្រាន់តែធ្វើឱ្យល្អមើលប៉ុណ្ណោះ ពីព្រោះកន្លងមក វៀតណាមមិនបានគោរពកិច្ចព្រមព្រៀងជាមួយកម្ពុជានោះទេ។ លោកលើកឧទាហរណ៍ថា ករណីវៀតណាមបោះតង់ និងសង់សំណង់រឹងតាមបណ្ដោយព្រំដែនជាមួយកម្ពុជា ដោយគ្មានការជូនដំណឹងជាមុននោះ គឺជាករណីមួយក្នុងចំណោមករណីជាច្រើនទៀត ដែលវៀតណាមបំពានកម្ពុជា ហើយរដ្ឋាភិបាលលោក ហ៊ុន សែន មិនដែលហ៊ានតតាំងជាមួយវៀតណាមឡើយ។ លោកបន្តថា ការបញ្ជូនកងទ័ពទៅរៀននៅប្រទេសវៀតណាមនោះ ក៏ធ្វើឱ្យកងទ័ពកម្ពុជាបន្តស្ថិតក្រោមឥទ្ធិពល ឬរណបវៀតណាមតទៅទៀតដែរ៖ «គេ (វៀ តណាម ) បោះ តង់ និងធ្វើសំណង់រឹងតាមព្រំដែនស្រេចចិត្ត គេយកលេសថា ធ្វើដើម្បីទប់ស្កាត់ការរាតត្បាតកូវីដ តែនេះគ្រាន់តែជាលេសនៃការឈ្លានពានរបស់វៀតណាម មកលើបូរណភាពទឹកដីកម្ពុជា ហើយយើងឃើញកន្លងមកនេះ ទាហានយើងទៅរៀននៅវៀតណាម ត្រូវបានវៀតណាមពង្វក់ គេហៅថា លាងខួរ ដើម្បីមកវិញបម្រើមហិច្ឆតាឈ្លានពានរបស់វៀតណាម។ ប្រទេសជាច្រើននៅលើពិភពលោក យើងមិនបញ្ជូនទាហានយើងទៅរៀន បែរជាបញ្ចូនទៅរៀននៅវៀតណាមច្រើនជាងគេវិញ ហើយវៀតណាមជាប្រទេសកុម្មុយនិស្តទៀត។ យើងប្រទេសសេរី ហេតុអីទៅរៀនពីកុម្មុយនិស្ត»។
រដ្ឋមន្ត្រីការពារជាតិកម្ពុជា លោក ទៀ បាញ់ និងរដ្ឋមន្ត្រីការពារជាតិវៀតណាម លោក ង៉ោ ស៊ុនលិច (Ngo Xuan Lich) កាលពីថ្ងៃទី៨ ខែមករា បានចុះកិច្ចព្រមព្រៀងស្ដីពីការពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ ក្នុងឆ្នាំ២០២១ ដោយផ្ដោតលើការរឹតបន្តឹងការចេញចូលតាមច្រកព្រំដែនខុសច្បាប់ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋវៀតណាម (VNA) ភាគីទាំងពីរ ក៏បានឯកភាពគ្នាបន្តអនុវត្តតាមខ្លឹមសារនៃពិធីសារឆ្នាំ២០២០ ដល់ឆ្នាំ២០២៤ និងផែនការកិច្ចសហប្រតិការឆ្នាំ២០២១ រួមមានបង្កើនការផ្សព្វផ្សាយពីចំណងមិត្តភាពប្រពៃណីប្រទេសទាំងពីរ និងពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ជាពិសេស ការពិភាក្សាគោលនយោបាយការពារជាតិ។ លើសពីនេះ ភាគីទាំងពីរប្ដេជ្ញាពន្លឿនការផ្លាស់ប្ដូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ការបណ្ដុះបណ្ដាលមន្ត្រី រួមទាំងជួយគ្នាទប់ស្កាត់ឧក្រិដ្ឋកម្ម និងការជួញដូរគ្រឿងញៀនឆ្លងដែនជាដើម។
ចំណែកប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវ័ន្តខ្មែរ លោក មួង សូនី វិញ លោកយល់ស្រដៀងគ្នាដែរថា កម្ពុជា និងវៀតណាម បានចុះកិច្ចព្រមព្រៀងជាមួយគ្នាជាច្រើន ប៉ុន្តែមិនសូវបានអនុវត្តតាម កិច្ចព្រមព្រៀងទាំងនោះឡើយ។ ជាពិសេស បញ្ហាព្រំដែន ដោយសារតែកម្ពុជានៅទន់ខ្សោយទាំងសេដ្ឋកិច្ច និងយោធា។ យុវជនដែលធ្លាប់ចុះសិក្សាតាមបណ្ដោយព្រំដែនរូបនេះ ជំរុញឱ្យរដ្ឋាភិបាលកម្ពុជា ខិតខំពង្រឹងការអនុវត្តច្បាប់អន្តោប្រវេសន៍ លុបបំបាត់អំពើពុករលួយរបស់មន្ត្រីតាមព្រំដែន និងពន្លឿនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធភូមិ-ឃុំ តាមបណ្ដោយព្រំដែន ឱ្យមានប្រសិទ្ធភាព៖ «យើងគួរតែធ្វើឱ្យមានការរីកចម្រើន កុំឱ្យពលរដ្ឋយើងទៅទិញទឹកទិញភ្លើងពីវៀតណាម ទិញម្ហូបស្អីៗ ពីវៀតណាម ទៅពេទ្យវៀតណាម ស្អីក៏វៀតណាមដែរ រហូតសូម្បីតែលុយហ្នឹង ក៏យើងចាយលុយវៀតណាមដែរនៅតាមបណ្ដោយព្រំដែន។ បើយើងនៅតែមិនអាចធ្វើឱ្យខ្លាំងទេ យើងនៅតែចាញ់ប្រៀបវៀតណាម ទោះមានកិច្ចព្រមព្រៀងក៏ដោយ»។
ក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩ នេះ កងទ័ពវៀតណាម បានបោះតង់ និងសាងសង់សំណង់រឹងជាច្រើនតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម ហើយមកទល់ពេលនេះ តង់ និងសំណង់រឹងទាំងនោះភាគច្រើន មិនទាន់បានរុះរើចេញវិញតាមការសន្យានៅឡើយ។ មន្ត្រីបក្សប្រឆាំង និងអ្នកឃ្លាំមើល ចាត់ទុកទង្វើរបស់វៀតណាមនេះថា ជាការប្រមាថ និងជាការបំពានកម្ពុជាម្ដងហើយម្ដងទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។