អ្នកវិភាគថា ការបន្តលាក់ព័ត៌មានអំពីមន្ត្រីខ្មែរមានផ្ទុកកូវីដ-១៩ ធ្វើឱ្យលំបាកខ្លាំងដល់ការបង្ការ និងទប់ស្កាត់ជំងឺនេះ។ ប្រតិកម្មនេះ ធ្វើឡើងក្រោយបែកការណ៍សំងាត់នេះ ពីកូនប្រុសទីពីរលោក ហ៊ុន សែន ដែលនិយាយអំពីមន្ត្រីជាន់ខ្ពស់ម្នាក់នៅក្រសួងការបរទេស កំពុងផ្ទុកជំងឺនេះ ហើយក្រោយមករដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ក៏ទទួលស្គាល់ដែរថា ព័ត៌មាននេះពិត។
ប៉ុន្តែ ក្រសួងសុខាភិបាល នៅតែមិនបានដាក់បញ្ចូលករណីរបស់មន្ត្រីនោះ ទៅក្នុងបញ្ជីសរុបនៃចំនួនអ្នកផ្ទុកជំងឺកូវីដ-១៩ នៅកម្ពុជា។
អ្នកវិភាគនយោបាយ និងសង្គម ដែលហ៊ាននិយាយរិះគន់របបលោក ហ៊ុន សែន ឥតសំចៃមាត់លោក គឹម សុខ ថាការបន្តលាក់ព័ត៌មានបែបនេះ ធ្វើឱ្យប្រទេសជាតិខាតធ្ងន់ធ្ងរ គឺដោយសារទីមួយ ពលរដ្ឋអត់ដឹងព័ត៌មានពិត មិនដឹងថាទំហំនៃការឆ្លងរាលដាលនោះប៉ុនណា។ ដូច្នេះនាំឱ្យពលរដ្ឋមានការធ្វេសប្រហែសនៅក្នុងការបង្ការ និងការពារខ្លួនពីជំងឺនេះ។ លោកថា ចំណុចធ្វេសប្រហែសនេះ ហើយដែលជាកត្តាមានឥទ្ធិពលនៃការឆ្លងមេរោគកូរ៉ូណា។
ទីពីរ លោកថា ក្រសួងស្ថាប័នទាំងអស់ កាលណាលាក់ព័ត៌មាន គឺស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ ក្នុងការខិតខំប្រឹងប្រែងទប់ស្កាត់ ដែលប្រការនេះធ្វើឱ្យកម្លាំងមេរោគកូរ៉ូណាសកម្មជាងកម្លាំងទប់ស្កាត់ និងទីបីដោយសារតែក្រសួងការបរទេសប្រឹងលាក់បាំងព័ត៌មាននៃការឆ្លងនេះ ប៉ុន្តែនៅទីបំផុតគេដឹង វាធ្វើឱ្យមុខមាត់ខ្មែរនៅឆាកអន្តរជាតិ នឹងត្រូវអ្នកការទូតនៅលើសាកលលោកចំអកមន្ត្រីខ្មែរ ដែលមិនស្មោះត្រង់ គ្មានតម្លាភាពក្នុងការរាយការណ៍អំពីករណីជំងឺដ៏កាចសាហាវនេះ។ អង្គការពិភពលោក ក៏បានស្នើឱ្យរដ្ឋាភិបាលទាំងអស់ បង្ហាញតម្លាភាពក្នុងការរាយការណ៍ករណីរាតត្បាតនៃមេរោគនេះដែរ។ លោក គឹម សុខ ថាប្រការនេះ ធ្វើឱ្យពិភពលោកមិនទុកចិត្តកម្ពុជា ដែលអ្នកខាតប្រយោជន៍ គឺពលរដ្ឋកម្ពុជាទាំងមូល។
ការសំងាត់ដែលរបបក្រុងភ្នំពេញប្រឹងលាក់នេះ ត្រូវបានបែកធ្លាយក្រោយកូនប្រុសទីពីររបស់លោក ហ៊ុន សែន និងជាអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច នៃក្រសួងការពារជាតិគឺលោក ហ៊ុន ម៉ានិត កាលពីដើមសប្ដាហ៍នេះ បាននិយាយអំពីមន្ត្រីជាន់ខ្ពស់នៅក្រសួងការបរទេសម្នាក់ ដែលមានផ្ទុកជំងឺនេះ ប៉ុន្តែគ្មានរាយការណ៍ទៅក្រសួងសុខាភិបាល ដើម្បីចុះក្នុងបញ្ជីនៃអ្នកដែលផ្ទុកជំងឺនេះ៖ « អគ្គនាយកម្នាក់នៅក្រសួងការបរទេសបានឆ្លង ហើយមុនគាត់មកហ្នឹង គាត់ជួបជាមួយទូតយើងនិងបាយជាមួយគ្នា បន្ទាប់មកគាត់ជួយជាមួយនឹងក្រសួងការពារជាតិម្នាក់ដែលគាត់ការងារសកម្មដែរ។ ដូច្នេះការរាលដាលច្រើនដែរ។ ការរាលដាលច្រើន»។
ក្រោយសារបែកធ្លាយនេះ អាស៊ីសេរីបានទាក់ទងលោក ហ៊ុន ម៉ានិត និងរដ្ឋមន្ត្រីក្រសួងការបរទេសលោក ប្រាក់ សុខុន ដើម្បីបញ្ជាក់ការពិត។ លោក ហ៊ុន ម៉ានិត ថា សារនោះគឺជាសម្ដីលោកពិតប្រាកដមែន។ ចំណែកលោក ប្រាក់ សុខុន ក៏ទទួលស្គាល់ថា មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសម្នាក់នោះ ពិតជាបានឆ្លងជំងឺកូវីដ-១៩ នេះមែន ដោយលោកអះអាងថា ក្រសួងការបរទេស ជាក្រសួងដែលអាចទទួលរងហានិភ័យខ្ពស់ជាងគេមួយ ក្នុងចំណោមក្រសួងនានា ដោយសារតែមន្ត្រីក្រសួងនេះ ទៅបំពេញបេសកកម្មក្រៅប្រទេសញឹកញាប់ ចូលរួមប្រជុំ សិក្ខាសាលា បំពេញទស្សនកិច្ច ។ល។ ហើយទោះនៅក្នុងស្រុក ក៏មន្ត្រីក្រសួងនេះជួបប្រាស្រ័យការងារច្រើនជាមួយបរទេសដែរ។ ដោយហេតុនេះហើយ ទើបមានមន្ត្រីឆ្លងរោគបែបនេះ។ លោក ប្រាក់ សុខុន ថាលោកមិនបង្ហាញឈ្មោះមន្ត្រីនោះទេ ដើម្បីគោរពការសម្ងាត់ខាងវិជ្ជាជីវៈពេទ្យ និងដើម្បីរក្សាកិត្តិយស និងភាពថ្លៃថ្នូររបស់មន្ត្រីនោះ។ តែលោកអះអាងថា មន្ត្រីនោះបានទទួលការថែទាំ តាមដានពិនិត្យព្យាបាលពីសំណាក់គ្រូពេទ្យកម្ពុជា យ៉ាងដិតដល់ ហើយស្ថានភាពគាត់ល្អ នឹងនរ ឯអារម្មណ៍ក៏ល្អ រឹងមាំដែរ។
ទោះជាយ៉ាងនេះក្តី លោក ប្រាក់ សុខុន មិនបានបញ្ជាក់ទេ ថា តើមនុស្សប៉ុន្មាននាក់ ដែលមន្ត្រីរូបនោះបានជួបប្រាស្រ័យទាក់ទង ត្រូវបានធ្វើតេស្តរកជំងឺនេះ ឬយ៉ាងណានោះទេ។ លោកក៏មិនបានបញ្ជាក់អំពីមូលហេតុអ្វី ដែលមន្ត្រីរូបនោះ មិនបានបញ្ចូលទៅក្នុងបញ្ជីអ្នកផ្ទុកមេរោគកូរ៉ូណា ដែលក្រសួងសុខាភិបាលប្រកាសជាប្រចាំនោះដែរ។
រហូតមកដល់ពេលនេះ ក៏នៅមិនទាន់មានសេចក្តីរាយការណ៍ណាមួយ បញ្ជាក់អំពីស្ថានភាពរបស់មន្ត្រីក្រសួងការពារជាតិ ដែលមន្ត្រីក្រសួងការបរទេសដែលផ្ទុកមេរោគនេះ បានជួបប្រាស្រ័យទាក់ទងនោះដែរ។ លោក គឹម សុខ ថាការលាក់ព័ត៌មានអំពីមន្ត្រីក្រសួងការពារជាតិ ប៉ះពាល់យ៉ាងសម្បើមទៅបញ្ហាសន្តិសុខជាតិ៖ «បើលាក់ព័ត៌មាន អំពីការឆ្លងមេរោគកូរ៉ូណានៅក្រសួងការពារជាតិ ហើយនាំឱ្យមានការរាលដាល កាន់តែខ្លាំងឆ្លងដល់ទាហានខ្មែរ គឺដូចសម្លាប់កម្លាំងការពារជាតិខ្មែរដូច្នេះដែរ ពីព្រោះរកវិធីព្យាបាលមិនទាន់ពេល។ នេះជាការប៉ះពាល់ធំណាស់ ទៅដល់សន្តិសុខជាតិ។ បើកម្លាំងប្រដាប់អាវុធកាន់តែច្រើនមានឆ្លងមេរោគកូរ៉ូណា កុំភ្លេចថា កម្លាំងចារកម្មបរទេស គេចង់ធ្វើអាក្រក់ដាក់កម្ពុជាក៏បានដែរ។ ដូច្នេះហើយការលាក់បាំងព័ត៌មាន នៅក្រសួងការពារជាតិ គឺដូចសម្លាប់កម្លាំងសន្តិសុខជាតិអ៊ីចឹង !»។
អាស៊ីសេរី បានព្យាយាមសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងការបរទេសលោក កុយ គួង ជុំវិញការលាក់ព័ត៌មានមន្ត្រីនេះ ដែលមិនឱ្យក្រសួងសុខាភិបាល ចុះក្នុងបញ្ជីអ្នកផ្ទុកមេរោគនេះដែរ។ ប៉ុន្តែលោកឆ្លើយយ៉ាងខ្លីត្រឹមបញ្ជាក់អំពីស្ថានភាពសុខភាពល្អធម្មតារបស់មន្ត្រីនេះប៉ុណ្ណោះ។
អាស៊ីសេរី ក៏បានព្យាយាមទាក់ទងសុំការបំភ្លឺ ពីអ្នកនាំពាក្យក្រសួងសុខាភិបាលអ្នកស្រី ឱ វណ្ណឌីន ជុំវិញការលាក់ព័ត៌មានមន្ត្រីរដ្ឋាភិបាល ដែលផ្ទុកមេរោគនេះដែរ ប៉ុន្តែអ្នកស្រីថាជាប់រវល់។
លោក គឹម សុខ ថាករណីនៃការឆ្លងជំងឺកូវីដ-១៩នេះ មិនមែនក្រសួងការបរទេស ក្រសួងសុខាភិបាល និងក្រសួងផ្សេងៗទៀត ដូចជាក្រសួងការពារជាតិជាដើម ចង់លាក់បាំងព័ត៌មានពិតទេ ប៉ុន្តែពួកគេមិនមានអំណាចប្រើជំនាញបង្ហាញព័ត៌មានពិត ដែលវីរុសនេះកំពុងតែរាតត្បាត។
លោកថា ព័ត៌មានឆ្លងទាំងអស់ មុននឹងបញ្ចេញ ដាច់ខាតត្រូវសួរលោក ហ៊ុន សែន សិន គឺទាល់តែលោក ហ៊ុន សែន ផ្ដល់ភ្លើងខៀវឱ្យបញ្ចេញជាសាធារណៈ ទើបក្រុមមន្ត្រីតាមក្រសួងនីមួយៗហ៊ានប្រកាសព័ត៌មានជាផ្លូវការ បើលោក ហ៊ុន សែន ថាលាក់ទុក ស្ថាប័ននីមួយច្បាស់ជានាំគ្នាសម្ងំបិទបាំងហើយ ទោះបីក្រសួងសុខាភិបាលក៏ដោយ។
ម្យ៉ាងទៀត លោក គឹម សុខ បន្ថែមថា ទស្សនៈ៣១កុម្ភៈ របស់លោក ហ៊ុន សែន ដែលគាត់អះអាងថា កម្ពុជាពុំមានទេ ការឆ្លងវីរុសកូរ៉ូណានោះ បានធ្វើឱ្យគាត់បាក់មុខខ្លាំងណាស់ ម្ល៉ោះហើយ វាពិតជាធ្វើឱ្យលោក ហ៊ុន សែន ក្រពុលមុខ។ ស្ថានភាពបែបនេះ តើមានមន្ត្រីណា ទោះពីក្រសួងណាក៏ដោយ ហ៊ានទៅសុំយោបល់ ថាតើបញ្ចេញព័ត៌មានពិតឬអត់នោះ? បើអ្នកណាហ៊ានសួរលោក ហ៊ុន សែន ច្បាស់ណាស់ លោកនាយករដ្ឋមន្ត្រីចាំផ្ទះ នឹងចោទថា ព្រហើន ផ្ចាញ់ផ្ចាលគាត់ ហើយនឹងរហូតអស់បុណ្យសក្ដិឆាប់ផង។ ហេតុដូច្នេះ ក្រុមមន្ត្រីពុំមានជម្រើសអ្វី ក្រៅតែត្រូវលាក់តគ្នា ហើយលាក់ទាំងលោក ហ៊ុន សែន ផង។
អាស៊ីសេរី មិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យរបបក្រុងភ្នំពេញ គឺលោក ផៃ ស៊ីផាន បានទេជុំវិញរឿងនេះ ដោយសារលោកមិនលើកទូរស័ព្ទ និងមិនឆ្លើយសាររបស់អាស៊ីសេរី។
ទោះជាយ៉ាងនេះក្តី លោក គឹម សុខ ថា ការលាក់ព័ត៌មានអំពីការឆ្លងជំងឺកូវីដ-១៩ ក្នុងជួរមន្ត្រីរបបក្រុងភ្នំពេញនេះ ក៏គ្មានប្រយោជន៍អ្វីសម្រាប់លោក ហ៊ុន សែន និងក្រុមរបស់លោកនោះដែរ ព្រោះបើរបបនេះខំលាក់ព័ត៌មាន ក៏មេរោគកូរ៉ូណាថ្មីនេះ មិនឈប់ឆ្លងនោះឡើយ៖ «សម្រាប់មុខមាត់លោក ហ៊ុន សែន ខ្ញុំគិតថា បើគាត់កាន់តែលាក់ ថ្ងៃក្រោយគាត់កាន់តែបាក់មុខមាត់ អាម៉ាស់ខ្លាំង។ យើងពិចារណាបែបនេះ ថាបើលោក ហ៊ុន សែន ខំលាក់ សួរថាពេលដែលគាត់លាក់នោះ មេរោគឈប់ឆ្លងទេ ? ហើយពេលដែលមេរោគកាន់តែឆ្លងរាលដាល។ វាគង់តែមានព័ត៌មានលេចធ្លាយដដែលហ្នឹង ពីព្រោះឆ្លងទៅមនុស្ស មិនមែនឆ្លងទៅវត្ថុឥតវិញ្ញាណ ដែលមិនមានមាត់និយាយឯណា។ យើងសភាពប៉ុនចិនផង នូវតែលាក់ព័ត៌មានមិនបាន ហើយទីបំផុតបែកខ្ចាយព័ត៌មាន រហូតដល់ចិន ជាប់ឈ្មោះថាជាអ្នកលាក់ព័ត៌មាន យកប្រជាជនឯងជាល្បែងពិសោធន៍មុខមាត់នយោយបាយរបស់ខ្លួន»។
ប្រទេសចិន រងការរិះគន់ជាសាកល ថាលាក់ព័ត៌មានអំពីការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលធ្វើឱ្យពិភពលោកពិបាកទប់ស្កាត់ឱ្យទាន់ពេលវេលា រហូតដល់ជំងឺក្លាយជាជំងឺឆ្លងពាសពេញពិភពលោក ដែលមកដល់ពេលនេះ អ្នកផ្ទុកមេរោគនេះ នៅទូទាំងពិភពលោក គិតមកត្រឹមម៉ោង ១២ យប់ថ្ងៃទី២១ ខែ មីនា បានកើនឡើងដល់ជិតបីសែននាក់ហើយ (290,322) ដែលក្នុងនោះអ្នកស្លាប់មានជិត ១២.០០០ នាក់ (11,962) និងអ្នកជាសះស្បើយជិត ជាង ៩ ម៉ឺននាក់ (93,618)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។