អ្នកវិភាគលើកឡើងថា របបលោក ហ៊ុន សែន មិនបញ្ឈប់ធ្វើទុក្ខបុកម្នេញលើសកម្មជនបក្សប្រឆាំងដូចដែលលោក ហ៊ុន សែន ប្រកាសឱ្យឈប់តាមចាប់ខ្លួន និងដោះលែងសកម្មជនបក្សប្រឆាំងកាលពីពេលថ្មីៗនេះឡើយ។ អ្នកវិភាគថា ការប្រកាសរបស់លោក ហ៊ុន សែន នេះ គ្រាន់តែជាការអូសបន្លាយពេលវេលា ដើម្បីចៀសផុតពីសម្ពាធជុំទិសពីសហគមន៍អឺរ៉ុបតែប៉ុណ្ណោះ។
អ្នកនយោបាយលោក គឹម សុខ អះអាងថា សហគមន៍អន្តរជាតិមិនបណ្ដោយឱ្យរបបក្រុងភ្នំពេញ បន្តរំលោភសិទ្ធិមនុស្ស និងធ្វើទុក្ខបុកម្នេញសកម្មជនបក្សប្រឆាំងទៀតឡើយ។ បើសិនជារបបនេះ មិនកែប្រែរបបរបបដឹកនាំរបស់ខ្លួនទេនោះ របបនឹងរងសម្ពាធកាន់តែខ្លាំងពីសហគមន៍អន្តរជាតិ។
លោក គឹម សុខ មានប្រសាសន៍ថា លោក ហ៊ុន សែន ស្ថិតនៅក្នុងស្ថានភាពលំបាក ដើម្បីរក្សាអំណាចឱ្យនៅគង់ តវង្សត្រកូលទៅមុខទៀតបាននោះ ពីព្រោះថា ឥលូវនេះ លោក ហ៊ុន សែន ហាក់កំពុងតែលីដុំថ្មពីរដុំដែលធ្ងន់ ដែលពិបាកនឹងរែកពន់។ ដុំថ្មពីរដុំនោះ លោក គឹម សុខ ចង់សំដៅថា ដុំថ្មទី១ គឺគណបក្សសង្គ្រោះជាតិ បើសិនជាលោក ហ៊ុន សែន បើកលំហសិទ្ធិសេរីភាពប្រជាធិបតេយ្យ ដូចដែលសហភាពអឺរ៉ុបចង់បាននោះ គឺអាចនឹងប្រឈមនិងកម្លាំងគណបក្សប្រឆាំងដ៏ខ្លាំងមួយនៅពេលរៀបចំឱ្យមានការបោះឆ្នោត ដោយត្រឹមត្រូវឡើងវិញ ដែលឈានទៅដល់ការបាត់បង់ប្រប្រជាប្រិយភាពឬអំណាច។ រីឯដុំថ្មទី២ លោក ហ៊ុន សែន អាចមិនធ្វើតាមការអំពាវនាវរបស់សភាពអឺរ៉ុប ហើយបន្តធ្វើទុក្ខបុកម្នេញគណបក្សប្រឆាំងថែមទៀត តែត្រូវប្រឈមនឹងសម្ពាធជុំទិសពីសហគមន៍អន្តរជាតិផង និងសម្ពាធពីខាងក្នុងផង៖ «លោក ហ៊ុន សែន មិនខ្លាចស្អុយឈ្មោះទេ ដើម្បីអំណាច រឿងស្អុយឈ្មោះ និងអំណាច លោក យកអំណាចហើយ»។
លោកនាយរដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៣ វិច្ឆិកា បានប្រកាសឱ្យក្រសួងយុត្តិធម៌ដោះលែងសកម្មជនគណបក្សប្រឆាំងឱ្យនៅក្រៅឃុំបណ្ដោះអាសន្នវិញ និងឈប់តាមចាប់ខ្លួនសកម្មជនមួយចំនួនទៀត ដែលមានដីកាតាមចាប់ខ្លួនពីតុលាការ ដែលរងចោទថា រួមគំនិតក្បត់ជាមួយលោក សម រង្ស៊ី នោះ៖ «ខ្ញុំមន្ត្រីក្រសួងយុត្តិធម៌ ត្រូវធ្វើការជាមួយមេធាវី ជាមួយក្រុមគ្រួសារ ដើម្បីដោះលែងអ្នកដែលត្រូវចាប់ខ្លួន នេះគឺជាមធ្យោបាយដើម្បីបង្រួបបង្រួមជាតិ»។
លោក គឹម សុខ បញ្ជាក់ថា ការប្រកាសឱ្យឈប់ចាប់ខ្លួន និងដោះលែងសកម្មជនបក្សប្រឆាំងវិញនេះ គ្រាន់តែជាល្បែងនយោបាយប្រជាភិថុតិទេ។ លោក គឹម សុខ អះអាងថា របបលោក ហ៊ុន សែន មិនដឹកនាំកម្ពុជាដើរតាមគន្លងប្រជាធិបតេយ្យពិតប្រាកដឡើយ ដោយហេតុថា នឹងអាចប៉ះពាល់ដល់មូលដ្ឋានគ្រឹះអំណាចរបស់លោក។ ទោះបីជាយ៉ាងនេះក្ដី លោក គឹម សុខ បន្ថែមថា សហភាពអឺរ៉ុបនឹងមិនជឿលើការប្រើប្រាស់ល្បិចនយោបាយដដែលៗរបស់លោក ហ៊ុន សែន បន្ធូរដើម្បីដង្ហើមមួយរយៈពេលខ្លី ហើយរឹតបន្តឹងវិញនេះទេ៖ «ដំណើរលែងលោក ហ៊ុន សែន ធ្វើវាមិនមែនបង្ហាញថា វានឹងដើរទៅកាន់ប្រជាធិបតេយ្យវិញទេ តែលោក ហ៊ុន សែន អាចដឹងហើយ លោកពិបាកនឹងរក្សាអំណាចតាមរយៈសំឡេងប្រជាពលរដ្ឋបានទេ»។
គណៈកម្មការអឺរ៉ុបបានផ្ញើរបាយការណ៍ស្ដីលទ្ធភាពព្យួរប្រព័ន្ធអនុគ្រោះពន្ធ ដល់រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១២ វិច្ឆិកា។ នៅក្នុងរបាយការណ៍នេះ គណៈកម្មការអឺរ៉ុបរកឃើញថា ចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជាទៅលើគណបក្សប្រឆាំង ចាប់តាំងពីឆ្នាំ២០១៧មក ទៅលើការធ្វើទុក្ខបុកម្នេញគណបក្សប្រឆាំង ពុំស្រាកស្រាន្តឡើយ។ ហើយរដ្ឋាភិបាលក៏មិនបានដោះស្រាយរាល់អំពើរំលោភបំពានធ្ងន់ធ្ងរ និងជាប្រព័ន្ធទៅលើសិទ្ធិនយោបាយ និងសិទ្ធិពលរដ្ឋ។ គណៈកម្មការអឺរ៉ុប ចាត់ទុកថា ចំណាត់នានាដែលរដ្ឋាភិបាលកម្ពុជាបានធ្វើនៅមុន និងក្រោយការបោះឆ្នោត បានបង្កជាឧបសគ្គរារាំង មិនឱ្យពលរដ្ឋកម្ពុជា អាចអនុវត្តបានពេញលេញនូវសិទ្ធិនយោបាយ ក្នុងនោះរួមមានសិទ្ធិក្នុងការចូលរួមក្នុងកិច្ចការសាធារណៈ សិទ្ធិបោះឆ្នោត និងឈរជាអ្នកតំណាងឱ្យពលរដ្ឋបោះឆ្នោតឱ្យនៅក្នុងការបោះឆ្នោតពិតប្រាកដ ព្រមទាំងសិទ្ធិទទួលបានសេវាសាធារណៈដោយគ្មានការរើសអើងជាដើម។
អ្នកវិភាគលើកឡើងថា ការដែល លោក ហ៊ុន សែន ហាក់ដូចជាបន្ថយស្ថានការណ៍រឹតបន្តឹងខ្លះនោះ គឺដើម្បីឱ្យសហភាពអឺរ៉ុបអនុគ្រោះជូនរបបលោកវិញ តែលោក គឹម សុខ លើកឡើងថានេះ មិនមែនជាឆន្ទៈពិតប្រាកដក្នុងការស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញឡើយ។ ថ្ងៃទី១២ ខែធ្នូ នេះខាងមុខ គឺជាថ្ងៃឱសានវាទ ដែលកម្ពុជាប្រឈមនឹងការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ប្រសិនបើរបបលោក ហ៊ុន សែន មិនស្តារប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។