អ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍសង្គម សកម្មជនរងគ្រោះដីធ្លី មើលឃើញ ថា ការព្រមានរបស់លោក ហ៊ុន សែន ថា នឹងដករដ្ឋមន្ត្រីអសកម្ម ចេញពីគណៈរដ្ឋមន្ត្រីថ្មី ក្នុងអាណត្តិទី៦ខាងមុខ បើ គណបក្សប្រជាជនកម្ពុជារបស់លោក ឈ្នះឆ្នោតទៀត នោះ គឺជាការឃោសនារកសំឡេងឆ្នោត និងជារឿងដដែលៗ ដែលរបបលោក និងមិនអាចធ្វើ ទៅបាននោះទេ។
អ្នកតាមដានសង្គមនៅកម្ពុជាយល់ថា ក្នុងបរិបទសង្គមនយោបាយ នៅកម្ពុជា ដែលហ៊ុមព័ទ្ធទៅដោយរបៀបដឹកនាំ បែបគ្រួសារនិយម បក្សពួកនិយម ដូចសព្វថ្ងៃនេះ មេដឹកនាំរបបក្រុងភ្នំពេញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនងាយធ្វើបានតាមការសន្យា ដែលថា ហ៊ានដកគណៈរដ្ឋមន្ត្រី ដែលអសមត្ថភាព ចេញពីរបបលោកនោះ។
ពលរដ្ឋរងការបណ្ដេញចេញពីលំនៅឋាន ដោយការឃុបឃិតគ្នារវាងឈ្មួញ និងអាជ្ញាធរ ក្នុងរបបលោក ហ៊ុន សែន ហៅការបោះថ្មក្ដៅឲ្យគ្នាទៅវិញទៅមក ដោយមិនព្រមដោះស្រាយឲ្យពលរដ្ឋ ជាការខាតប្រយោជន៍ពលរដ្ឋ និងធ្វើឲ្យជនរងគ្រោះ កាន់តែអស់សង្ឃឹម។ សកម្មជនដីធ្លីនៅតំបន់បឹងកក់ អ្នកស្រី ប៉ូវ ឆវី យល់ថា ប្រសិនបើអាណត្តិក្រោយ លោក ហ៊ុន សែន នៅបន្តក្រាញអំណាចទៀត ត្រូវដកមន្ត្រី ដែលធ្លាប់វាយធ្វើបាបពលរដ្ឋ តាមដងផ្លូវផង ព្រោះជនទាំងនោះហើយ ដែលតែងបោះថ្មក្ដៅឲ្យលោក ហ៊ុន សែន។ «»
ថ្លែងក្នុងកម្មវិធីពិធីសម្ពោធដាក់អោយប្រើប្រាស់សណ្ឋាគារលំដាប់ផ្កាយ ៥ ឈ្មោះ ដឺរ៉ូយ៉ាល់ សេន កោះរ៉ុង «The Royal Sands Koh Rong» ដែលមានទីតាំងស្ថិតនៅភូមិសុខសាន្ដ សង្កាត់កោះរ៉ុង ក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី២៣ មេសា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលក្រាញអំណាចជាង ៣៣ ឆ្នាំមកហើយ និងអះអាងថា នឹងបន្តក្រាញអំណាចមួយជីវិត បានប្រកាសថា នឹងដករដ្ឋមន្ត្រីអសកម្ម ចេញពីគណៈរដ្ឋមន្ត្រី អាណត្តិទី៦ ក្នុងរបបលោក។ លោក ហ៊ុន សែន ដែលធ្លាប់អួតខ្លួនថា ជាអ្នកនយោបាយឆ្លាតគ្មានអ្នកប្រៀប ធ្វើហាក់ភ្ញាក់ផ្អើលថា កន្លងមកលោកបានចាញ់បោកមន្ត្រីជាន់ខ្ពស់ក្នុងរបបលោក។ លោក ហ៊ុន សែន ដែលរងការរិះគន់ថា ជាមេដឹកនាំគ្មានភាពទទួលខុសត្រូវរូបនេះ ប្រកាសថា ចាប់ពីពេលនេះទៅ លោកលែងបណ្ដោយខ្លួន ឲ្យចាញ់បោកមន្ត្រីទាំងនោះតទៅទៀត ដោយលោកអះអាងថា លោកឈប់ទទួលថ្មក្ដៅទៀតហើយ និងត្រូវបោះថ្មក្ដៅនោះ ទៅឲ្យរដ្ឋមន្ត្រីក្នុងរបបលោកវិញជាដើម។ «»
នេះមិនមែនជាលើកទី១ទេ ដែលមេដឹកនាំរបបក្រុងភ្នំពេញ ប្រកាសដករដ្ឋមន្ត្រីអសកម្មចេញពីគណៈរដ្ឋមន្ត្រី ប៉ុន្តែ បានត្រឹមតែប្រកាសចោល មិនចាត់ការឡើយ ឬក៏គ្រាន់តែដក ពីកន្លែង ចាស់ ផ្លាស់ទៅកន្លែងថ្មី ដែលមន្ត្រីដដែលនោះ នៅតែមានតួនាទីខ្ពស់ដដែល។
កាលពីចុងខែកុម្ភៈ ឆ្នាំ២០១៦ លោក ហ៊ុន សែន មានការខឹងសម្បា រដ្ឋមន្ត្រី២រូប គឺ អតីតរដ្ឋមន្ត្រីកសិកម្ម លោក អ៊ុក រ៉ាប៊ុន និងអតីតរដ្ឋមន្ត្រីសាធារណការ លោក ត្រាំ អ៊ីវតឹក។ លោកប្រកាសបែបកំហឹងថា នឹងដករដ្ឋមន្ត្រីទាំងពីរចេញ ប៉ុន្តែលោក ហ៊ុន សែន មិនបានដក រដ្ឋមន្ត្រីដែលលោកប្រកាសថា អសកម្មទាំង២នោះចេញទេ គឺបានត្រឹមតែផ្លាស់ប្ដូរក្រសួង ឲ្យកាន់ប៉ុណ្ណោះ និងបន្តបន្ថែមឋានៈរដ្ឋមន្ត្រីអសកម្មមួយចំនួនទៀត ទៅជាទេសរដ្ឋមន្ត្រី ឬ រដ្ឋមន្ត្រីប្រតិភូតំណាងឲ្យរូបលោកថែមទៀតផង។
អ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី យល់ថា ការព្រមានដករដ្ឋមន្ត្រីអសកម្ម ជាការឃោសនារកសំឡេងឆ្នោត។ លោកបណ្ឌិត មាស នី ថា បើទោះជាមានការដករដ្ឋមន្ត្រីអសកម្ម ក៏មិនអាចស្ដារប្រជាប្រិយភាព គណបក្សកាន់អំណាច ឡើងវិញទាំងស្រុងបានដែរ។ ផ្ទុយទៅវិញ នឹងអាចនាំឲ្យមានការប្រះឆា ក្នុងជួរមន្ត្រីជាន់ខ្ពស់ក្នុងរបបលោក ហ៊ុន សែន ទៅវិញទេ។ «»
គណៈរដ្ឋមន្ត្រីក្នុងរបបលោក ហ៊ុន សែន ត្រូវបានគេប្រសិទ្ធនាមថា ជាគណៈរដ្ឋមន្ត្រីក្បាលធំ ដោយសារ សមាសភាពមន្ត្រីជាន់ខ្ពស់ក្នុងរបបនេះ ដូចជាឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ និងទីប្រឹក្សា មានច្រើនលើសលប់ នាំខាតបង់ថវិកាជាតិ ដែលបានពីការបង់ពន្ធរបស់ពលរដ្ឋ យ៉ាងច្រើនសម្បើម។ មិនតែប៉ុណ្ណោះ ដោយសារតែភាពបក្សពួក និងគ្រួសារនិយម នៅតាមក្រសួងរដ្ឋនេះ លោកបណ្ឌិត កែម ឡី ចាត់ទុកក្រសួង ថា ជារបស់ដែលក្លាយជាកម្មសិទ្ធិគ្រួសារ ឬ លោកហៅថា ក្រសួងគ្រួសារ។ លោកបណ្ឌិត កែម ឡី ថែមទាំង ធ្លាប់ផ្ដល់អនុសាសន៍ ឲ្យរបបលោក ហ៊ុន សែន ដករដ្ឋមន្ត្រីចាស់ៗអសកម្មចេញ ហើយបង្រួមក្រសួងមកនៅត្រឹមតែ ១០ បានហើយ ព្រោះ ក្រសួងសព្វថ្ងៃមានរហូតដល់ជាង ២០ ដែលជាន់តួនាទី និងសមត្ថកិច្ចគ្នា បង្ហិនថវិកាជាតិ ឥតប្រយោជន៍យ៉ាងច្រើន។ លោកបណ្ឌិត កែម ឡី ថា បើធ្វើដូចនេះបាន ថវិកាជាតិ នឹងមានគ្រប់គ្រាន់ សម្រាប់ដំឡើងប្រាក់ខែចំនួនយ៉ាងតិច៥០០ដុល្លារ ទាបបំផុត សម្រាប់កងកម្លាំងប្រដាប់អាវុធម្នាក់ ឬមន្ត្រីរាជការទូទៅម្នាក់៕