អ្នកវិភាគនយោបាយមើលឃើញថា សាររបស់លោក សម រង្ស៊ី គ្រាន់តែជាការស្រមើស្រមៃ ប៉ុន្តែសកម្មភាពជាក់ស្ដែងនឹងមិនអាចទៅរួចនោះទេ។
បណ្ឌិត ឡៅ ម៉ុងហៃ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៣០ ខែសីហាថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ទំនងមិនចូលរួមជាមួយលោក សម រង្ស៊ី ដែលចង់បង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិនោះទេ។ លោកបញ្ជាក់ថា រដ្ឋមន្ត្រីរូបនេះ ជាបុគ្គលគ្រឹះរឹងមាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានអំណាចអាចរស់នៅមានសេចក្ដីសុខគ្រប់គ្រាន់ហើយ។ បន្ថែមពីនេះ រដ្ឋាភិបាលបង្រួបបង្រួមជាតិនោះ ក៏គ្មានយុទ្ធសាស្ត្រនិងសកម្មភាពអ្វី ដើម្បីអូសទាញលោក ស ខេង ឲ្យចូលរួមបានដែរ។ ចំពោះការដែលអ្នកលែងហ្វេសប៊ុកមួយចំនួនបង្ហោះសារគាំទ្រ គំនិតផ្ដួចផ្ដើមរបស់លោក សម រង្ស៊ី វិញ អ្នកវិភាគនយោបាយរូបនេះយល់ថា ករណីនេះគ្រាន់តែជាការជ្រួលជ្រើមតាមគ្នាប៉ុណ្ណោះ៖ «ក្នុងកាលទេសៈឥឡូវហ្នឹង គឺមនុស្សជ្រើមអីចឹងទៅ អត់សូវគិតគូរអីថា តើវាទៅរួចឬមិនរួច ឬក៏ជាសកម្មភាពជាក់ស្ដែង វាមានលក្ខណៈនឹងភាពផ្សំអីគួរតែឱ្យយើង ទុកចិត្តថា អាហ្នឹង គឺអាចបង្កើតទៅបាន។ និយាយសរុបទៅ គឺអ្នកដែលមានគំនិតអីចឹង ហើយផ្សព្វផ្សាយគំនិតហ្នឹង ទី១គ្រាន់តែបានផ្សព្វផ្សាយ គំនិតហ្នឹងឱ្យគេស្គាល់តែប៉ុណ្ណឹង ក៏ប៉ុន្តែ អាចមានសភាពដែលបោកបញ្ឆោតក៏ថាបានដែរ»។
ការលើកឡើងរបស់អ្នកវិភាគនេះ ធ្វើឡើងក្រោយពេលប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោកសម រង្ស៊ី បានបង្ហោះសារអមដោយរូបថតលោក ស ខេង និង សម រង្ស៊ី បានចាប់ដៃគ្នានៅលើហ្វេសប៊ុករបស់លោក កាលពីយប់ថ្ងៃទី២៩ ខែសីហាថា៖ «ការបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិដែលមានលោក ស ខេង ចូលរួមផង គឺជាគំនិតមួយដ៏ត្រឹមត្រូវ»។ ការបង្ហោះសាររបស់លោក សម រង្ស៊ី បែបនេះ គឺក្នុងពេលដែលលោក ស ខេង កំពុងស្ថិតនៅក្នុងប្រទេសបារាំង។ ភ្លាមៗក្រោយពេលបង្ហោះសារនេះ មានអ្នកលេងហ្វេសប៊ុកជាច្រើននាក់ បានបង្ហោះសារគាំទ្រចំពោះគំនិតផ្ដួចផ្ដើមនេះព្រោងព្រាត។ ម្ចាស់បណ្ដាញសង្គមហ្វេសប៊ុកឈ្មោះ ហៃ វណ្ណា សរសេរថា៖ «យើងទាំងអស់គ្នាស្វាគមន៍វត្តមានលោក ស ខេង ចូលរួមបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ ដើម្បីរំដោះប្រទេសចេញពីគ្រួសារលោក ហ៊ុន សែន»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ និងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានទេនៅថ្ងៃទី៣០ខែសីហា។
ប៉ុន្តែ លោក ខៀវ សុភ័គ បានប្រាប់កាសែតក្នុងស្រុកថា អាជ្ញាធរកម្ពុជា កំពុងស្រាវជ្រាវតាមចាប់អ្នកដែលបានបង្ហោះសារថា៖ «លោក ស ខេង ទៅពិភាក្សាជាមួយលោក សម រង្ស៊ី ដើម្បីបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្ននៅប្រទេសបារាំង»។ ប្រភពដដែលបញ្ជាក់ថា៖ «ទង្វើបែបនេះជាការបង្កចលាចល»។
ទោះជាយ៉ាងណា ចំពោះការប្រកាសជារឿយៗរបស់លោក សម រង្ស៊ី ថា លោក ស ខេង ចង់រួមដៃគ្នាជាមួយលោកនោះ លោក ស ខេង តែងតែរក្សាភាពស្ងៀមស្ងាត់ ដោយមិនដែលចេញមុខផ្ទាល់ខ្លួន បដិសេធនោះទេ រហូតមកដល់ពេលនេះ។ ប៉ុន្តែលើកនេះ កូនប្រុសរបស់លោក ស ខេង និងជារដ្ឋលេខាធិការក្រសួងអប់រំ លោក ស សុខា បានចេញមុខបដិសេធជំនួសថា វត្តមានឪពុករបស់លោកទៅប្រទេសបារាំង គឺដើម្បីពិនិត្យសុខភាពសុទ្ធសាធ ពុំមានជួបអ្នកនយោបាយណាម្នាក់ឡើយ។ លោកចាត់ទុកថា ការលើកឡើងបែបនេះ គឺជាការបំភាន់មតិជាតិ និងអន្តរជាតិ ក្នុងគោលបំណងកេងចំណេញនយោបាយ និងចង់បំបែកបំបាក់ផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា។
ជុំវិញរឿងនេះ ប្រធានគណបក្សសង្គ្រោះជាតិខេត្តស្វាយរៀងដែលកំពុងភៀសខ្លួននៅប្រទេសថៃលោក ម៉ៅ វិបុល មានប្រសាសន៍ថា លោកគាំទ្រសាររបស់លោក សម រង្ស៊ី ពីព្រោះលោក ស ខេង ជាមនុស្សកណ្ដាលអាចធ្វើការងាររួមគ្នាជាមួយគណបក្សសង្គ្រោះជាតិ ដើម្បីដោះស្រាយបញ្ហារបស់ជាតិបាន។ លោកចាត់ទុកការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃថា ជាការគំរាមកំហែង បំបិទសិទ្ធិសេរីភាពសម្ដែងមតិរបស់ប្រជាពលរដ្ឋ៖ «អានេះជាការភ័យព្រួយរបស់គណបក្សប្រជាជននិងក្រុមរបស់លោក ហ៊ុន សែន បើយើងមើលទៅនៅក្នុងប្រទេសកម្ពុជាគំរាមកំហែងពលរដ្ឋរហូត។ អីចឹងសុំឱ្យគិតគូរពីបញ្ហាជាតិនិងពលរដ្ឋផង ព្រោះរឿងចាប់ចងប្រជាពលរដ្ឋ វាច្រើនឆ្នាំមកហើយ គ្រាន់តែគ្នាផុសសារនិយាយរឿងពិតក៏ជាប់គុកដែរ ហើយគ្រាន់តែគ្នាបង្ហោះសារចង់បានឱ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ ជាពិសេសថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិជាមួយគណបក្សប្រជាជនដោះស្រាយបញ្ហាជាតិហើយចាប់ប្រជាពលរដ្ឋដាក់គុកអីចឹងមិនត្រូវទេ»។
កាលពីថ្ងៃទី២២ ខែសីហា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានធ្វើដំណើរទៅប្រទេសបារាំង រយៈពេល២សប្ដាហ៍ ដើម្បីធុរៈផ្ទាល់ខ្លួន។ ដំណើរទស្សនកិច្ចនេះត្រូវបានអ្នកវិភាគនយោបាយមួយចំនួន ជាពិសេសក្រុមបក្សប្រឆាំង ចាប់អារម្មណ៍ ដោយចាត់ទុករឿងនេះថា ជាសញ្ញាណវិជ្ជមានមួយ ដែលលោក ស ខេង អាចនឹងជួបពិភាក្សាជាមួយថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ឈានទៅរកការដោះស្រាយវិបត្តិនយោបាយនៅកម្ពុជា៕
២៩ សីហា ២០២១ / 29 August 2021 ការបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ ដែលមានលោក ស ខេង ចូលរួមផងដែរ គឺជាគំនិតមួយ...
Posted by Sam Rainsy on Sunday, August 29, 2021
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។