អ្នកវិភាគ និង​បក្ស​ប្រឆាំង​ថា គ្រួសារ​លោក ហ៊ុន សែន និង​គ្រួសារ​លោក ស ខេង មិន​ទុក​ចិត្ត​គ្នា

អ្នកវិភាគ និង​មន្ត្រី​បក្ស​ប្រឆាំង​ថា គ្រួសារ​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន និង​គ្រួសារ​អតីត​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង កំពុង​តែ​មាន​បញ្ហា​មិន​ទុក​ចិត្ត​គ្នា។ ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​គ្រួសារ​លោក ស ខេង បាន​បញ្ហា​ជំហរ​គាំទ្រ​ឥត​ងាករេ ចំពោះ​ការ​សម្រេច​ចិត្ត​របស់​គណបក្ស​ប្រជាជន ដើម្បី​ផ្គាប់​ចិត្ត​លោក ហ៊ុន សែន ។

អ្នកវិភាគ​នយោបាយ និង​មន្ត្រី​គណបក្ស​ប្រឆាំង លើក​ឡើង​ថា ការ​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ឆ្លើយ​បំភ្លឺ​ជា​បន្ត​បន្ទាប់​របស់​លោក ស ខេង និង​កូន​ប្រុស​របស់​លោក អំពី​ការ​មិន​ប្រជែង​អំណាច​ជាមួយ​គ្រួសារ​លោក ហ៊ុន សែន បង្ហាញ​ថា ជា​ការ​ឆ្លើយ​ឲ្យ​គ្រួសារ​លោក ហ៊ុន សែន ស្ងប់​ចិត្ត ខណៈ​គ្រួសារ​មេ​ដឹកនាំ​ទាំង​ពីរ នៅតែ​មិន​ទុក​ចិត្ត​គ្នា។

អ្នក​អត្ថាធិប្បាយ​បញ្ហា​នយោបាយ លោក គឹម សុខ ថ្លែង​ប្រាប់​វិទ្យុ​អាស៊ី​សេរី កាល​ពី​ថ្ងៃ​ទី១៩ ខែសីហា​ថា គ្រួសារ​លោក ស ខេង ដែល​បាន​បង្ហាញ​ការ​គាំទ្រ​ឥតងាករេ លើ​ការ​សម្រេច​ចិត្ត​គណបក្ស​ប្រជាជន​នៅ​ពេល​នេះ កំពុង​ស្ដែង​ចេញ​ពី​ភាព​មិន​ទុក​ចិត្ត​គ្នា រវាង​គ្រួសារ​លោក នឹង​គ្រួសារ​លោក ហ៊ុន សែន។

ការលើកឡើងនេះ ធ្វើ​ឡើង​បន្ទាប់​ពី​គ្រួសារ​អតីត​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង និង​កូន​ប្រុស​របស់​លោក គឺ​លោក ស សុខា ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ចេញ​សេចក្ដីថ្លែងការណ៍ បញ្ជាក់​ថា សាមគ្គីភាព​ផ្ទៃក្នុង​បក្ស​មិន​មាន​ការ​បែកបាក់​អ្វី​ឡើយ ។

ខុទ្ទកាល័យ​លោក ស ខេង នៅ​ថ្ងៃ​ទី២០ ខែសីហា បាន​ចេញ​សេចក្ដីប្រកាស​មួយ​ថ្មី​ទៀត បដិសេធ នឹង​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ម្នាក់ ដែល​បាន​លើក​ឡើង​ថា លោក ស ខេង នឹង​ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​នា​ពេល​ខាង​មុខ ក្រោយ​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចុះ​ចេញ​ពី​តំណែង។ ប៉ុន្តែ លោក ស ខេង នៅតែ​លើក​ឡើង​ម្ដង​ហើយ​ម្ដង​ទៀត​ថា លោក គាំទ្រ​ឥត​ងាករេ ចំពោះ​ការ​សម្រេច​ចិត្ត​របស់​បក្ស និង​បន្ត​ជួយ​គាំទ្រ​រដ្ឋាភិបាល​អាណត្តិ​ទី៧ ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត។

កាលពីថ្ងៃទី១៧ ខែសីហា អតីត​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ចេញ​សេចក្ដីថ្លែងការណ៍​ថា ក្រោយ​មាន​ការ​កាត់​យក​ខ្លឹមសារ ដែល​លោក​បាន​ថ្លែង​ក្នុង​វេទិកា​សាធារណៈ​មួយ​ចំនួន​យក​មក​បង្ហោះ​ឡើង​វិញ លើ​បណ្ដាញ​សង្គម ក្នុង​ការ​បំបែកបំបាក់​សាមគ្គីភាព បង្កើត​ការ​ភ័ន្តច្រឡំ និង​មន្ទិល​សង្ស័យ​មក​លើ​ខ្លួន​លោក។ លោក ស ខេង ក៏​បញ្ជាក់​អំពី​ជំហរ​របស់​លោក​ដូច​ទៅ​នឹង​កូន​ប្រុស​របស់​លោក​ដែរ។

ទន្ទឹម​គ្នា​នេះ កូន​ប្រុស​លោក ស ខេង ដែល​បាន​ឡើង​កាន់​តំណែង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បន្ត​ពី​លោក គឺ​លោក ស សុខា កាល​ពី​ថ្ងៃ​ទី១៨ ខែសីហា ក៏​បាន​ចេញ​សេចក្ដីថ្លែងការណ៍​បញ្ជាក់​ជំហរ​មិន​ខុស​ពី​ឪពុក​របស់​លោក​ឡើយ។

អ្នក​នាំ​ពាក្យ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក រ៉េន រតនៈ បាន​អាន​សេចក្ដី​ថ្លែងការណ៍​ថា លោក ស សុខា ពុំ​មែន​ជា​មនុស្ស​ប្រជែង​អំណាច​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដូចការ​លើក​ឡើង​តាម​រយៈ​ការ​ប្រៀបធៀប​លើ​បណ្ដាញ​សង្គម​មួយ​ចំនួន​ឡើយ។ អ្នក​នាំ​ពាក្យ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​រូប​នេះ បញ្ជាក់​ថា លោក ស សុខា គោរព​ការ​សម្រេច​ចិត្ត​របស់​មហាសន្និបាត និង​គោលការណ៍​របស់​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ព្រមទាំង​គោរព​ឋានានុក្រម​ការងារ និង​ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល។

នេះ​មិន​មែន​ជា​លើក​ទី​មួយ​ឡើយ ដែល​អតីត​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង និង​កូន​ប្រុស​របស់​លោក​អះអាង​ថា សាមគ្គីភាព​ផ្ទៃក្នុង​គណបក្ស​គ្មាន​ការ​បែកបាក់​ឡើយ ហើយ​លោក នឹង​ជួយ​ជ្រោមជ្រែង​រដ្ឋាភិបាល​អាណត្តិ​ទី៧ ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត ។

ជុំវិញ​បញ្ហា​នេះ អតីត​សមាជិក​សភា​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ំ សំអាន លើក​ឡើង​ថា ការ​មិន​ទុក​ជាតិ​គ្នា​នៅ​ក្នុង​ផ្ទៃក្នុង​គណបក្ស​ប្រជាជន ជាពិសេស គ្រួសារ​ត្រកូល «ហ៊ុន» និង​គ្រួសារ​លោក ស ខេង នេះ គឺ​កើត​ឡើង​ជា​យូរ​ណាស់​មក​ហើយ ដោយសារ​តែ​គ្រួសារ លោក ស ខេង មាន​គំនិត​ដឹកនាំ​ជឿនលឿន តាម​ប្រទេស​អភិវឌ្ឍន៍​ខុស​ពី​ការ​ដឹកនាំ​បែប​ផ្ដាច់ការ​របស់​គ្រួសារ​ត្រកូល «ហ៊ុន»។

វិទ្យុអាស៊ីសេរី​នៅ​មិន​ទាន់​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ដើម្បី​សុំ​ការ​ឆ្លើយតប​អំពី​បញ្ហា​នេះ​បាន​នៅ​ឡើយ​ទេ កាល​ពី​ថ្ងៃ​ទី២០ ខែសីហា។

ថ្វីបើ​គ្រួសារ​លោក ស ខេង ព្យាយាម​ពន្យល់​ថា ពុំ​មាន​ការ​បែកបាក់​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​យ៉ាង​ណា​ក៏​ដោយ ក៏​អ្នក​អត្ថាធិប្បាយ​បញ្ហា​នយោបាយ លោក គឹម សុខ លើក​ឡើង ពី​ការ​គំរាម​របស់​ក្រសួង​យុត្តិធម៌​ថ្មីៗ នេះ​ថា នឹង​ចាប់​ពលរដ្ឋ ដែល​មិន​គាំទ្រ​គម្រោង CLV-DTA ដាក់​ពន្ធនាគារ និង​បន្ថែម​ស្ថាន​ទម្ងន់​ទោស​លើ​មន្ត្រី​រាជការ។ លោក​ចាត់​ទុក​ការ​គំរាម​កំហែង​នេះ ជា​ការ​មិន​ទុក​ចិត្ត​លើ​ផ្ទៃក្នុង​របស់​គណបក្ស​កាន់​អំណាច ព្រោះ​មន្ត្រី​រាជការ​ភាគ​ច្រើន​ជា​សមាជិក​គណបក្ស​ប្រជាជន។

ទោះ​ជា​យ៉ាង​ណា​ក្ដី ទាំង​គ្រួសារ​លោក ហ៊ុន សែន និង​គ្រួសារ​លោក ស ខេង សុទ្ធតែ​បាន​បែងចែក​អំណាច​ថ្នាក់​ដឹកនាំ​កំពូលៗ របស់​ប្រទេស ដល់​សមាជិក​គ្រួសារ​រៀងៗខ្លួន។ ប៉ុន្តែ​ជា​រឿយៗ នៅ​ពេល​ពលរដ្ឋ ប្រៀបធៀប​គំនិត នៃ​ការ​ដឹកនាំ​របស់​គ្រួសារ​ទាំង​ពីរ គ្រួសារ​លោក ស ខេង ហាក់​ព្យាយាម​ប្រកាស​ថា គ្រួសារ​របស់​លោក​ពុំ​មាន​មហិច្ឆតា ចង់​បាន​តំណែង​ជា​នាយករដ្ឋមន្ត្រី។ អ្នកវិភាគ និង​មន្ត្រី​បក្ស​ប្រឆាំង​ថា ការ​ព្យាយាម​ថ្លែង​ការពារ​ខ្លួន​បែប​នេះ ជា​ការ​មិន​ទុក​ចិត្ត​គ្នា​នៅ​ក្នុង​ផ្ទៃក្នុង​គណបក្ស​កាន់​អំណាច ជាពិសេស គឺ​គ្រួសារ​លោក ហ៊ុន សែន និង​គ្រួសារ​លោក ស ខេង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។