អ្នក​ឃ្លាំមើល​​ថា ​ដំណើរ​​ទស្សនកិច្ច​របស់​​លោក ហ៊ុន សែន​ ទៅ​​គុយបា​ជា​ការ​​ពង្រឹង​​អំណាច​​ផ្តាច់ការ​​ច្រើន​​ជាង​​ផល​ប្រយោជន៍​​ជាតិ​

មន្ត្រីគណបក្សប្រឆាំង​និង​អ្នកឃ្លាំមើល​ស្ថានការណ៍​នយោបាយ ​លើកឡើងថា​ ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​គុយបា ​(Cuba )របស់លោក ហ៊ុន សែន គឺ​ជាការ​ស្វែង​រក​ការ​គាំទ្រ​របប​ដឹកនាំ​ផ្តាច់ការ​ដូចគ្នា​ប៉ុន្តែ​មិនបាន​ផ្តល់​ផល​ប្រយោជន៍​ដល់​ប្រជា​ជាតិ​នោះទេ។ ការលើក​ឡើង​របស់​អ្នកវិភាគបែបនេះ ​គឺបន្ទាប់ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​បាន​ដឹកនាំ​មន្ត្រី​របស់​លោក​មួយ​ក្រុម​ទៅ​បំពេញ​ទស្សនកិច្ច​ នៅប្រទេស​គុយ​បា ​ដើម្បី​​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ ទោះបីជា​ប្រទេស​គុយ​បា​កំពុង​ទទួលរង​ការដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​សហរដ្ឋអាមេរិក​ក៏ដោយ។

មន្ត្រី​ជាន់ខ្ពស់​គណបក្សសង្គ្រោះជាតិ​ ​និង​អ្នកឃ្លាំមើល ​លើក​ឡើងថា​ ប្រសិនបើ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​បង្កើន​ភាព​រកាំរកូស​​ជាមួយ​បណ្តា​ប្រទេស​ប្រជា​ធិបតេយ្យ​មាន​សេដ្ឋកិច្ច​ជឿនលឿន ​ប៉ុន្តែ​បែរ​ជា​ងាកទៅ​​ត្រេកត្រអាល​និង​ពង្រីក​ទំនាក់​ទំនង​ជាមួយ​ប្រទេស​កម្មុយនីស្ត​ដែល​មាន​សេដ្ឋកិច្ច​ទន់ខ្សោយ​នោះ​ គ្រាន់តែ​ជាការ​ជួយ​​គាំទ្រ​អំណាច​ផ្តាច់ការ​តវង្ស​ត្រកូល​ទៅវិញ​ទៅមក ​ដោយ​​មិន​បានគិត​អំពី​​ផល​ប្រយោជន៍​ជាតិ​និង​ប្រជាពលរដ្ឋ​​ឡើយ។

អតីត​តំណាង​រាស្ត្រ​គណបក្សសង្គ្រោះជាតិ​លោក អ៊ំ សំអាន ​ថ្លែងថា​ មូលហេតុ​ដែល​​លោក ហ៊ុន សែន ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​សាធារណរដ្ឋ​គុយបា ​(Cuba) នេះ ​ព្រោះ​លោក ហ៊ុន សែន ​ចង់​ឲ្យ​​ប្រទេស​ដែល​ដឹកនាំ​បែប​កុំម្មុយ​នីស្ត​ផ្តាច់ការ​តពី​បង​ទៅប្អូន​​មួយ​នេះ ​ជួយ​គាំទ្រ​ការ​ដឹកនាំ​បែប​ផ្តាច់ការ​តវង្សត្រ​កូល​របស់​លោក​នៅ​​កម្ពុជា​ដែរ។ លោកបន្តថា ​ប្រទេស​ផ្តាច់ការ​ ​តែងតែ​ជួយ​គាំទ្រ​គ្នា​ទៅវិញ​ទៅមក​ ព្រោះ​នៅលើ​ឆាកអន្តរជាតិ​ កំពុង​ឯកោ ​ដោយ​ពុំសូវ​មាន​ប្រទេស​សេរី​ជឿនលឿនមាន​ទំនាក់ទំនង​ជាមួយឡើយ។ លោកយល់ថា​ លោក ហ៊ុន សែន ​គួរតែ​ស្តារ​ប្រជា​ធិបតេយ្យ​និង​ការគោរ​ព​សិទ្ធិមនុស្សឡើងវិញ ​​ដើម្បី​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេស​ប្រជាធិបតេយ្យ​ជឿន​លឿន​លើ​ពិភព​លោក ​ដូចជា​ សហភាព​អឺរ៉ុប ​(EU) និង​សហរដ្ឋអាមេរិក (USA) ​ដើម្បី​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះពន្ធ​និង​ជំនួយ​ផ្សេងៗ ​សម្រាប់​ជួយ​ប្រជាពលរដ្ឋ​ និង​អភិវឌ្ឍជាតិ​៖ «ដូច្នេះ​គាត់​គួរប្តូរ​ឥរិយាបថ​ទៅ​ទាក់ទង​ប្រទេសសេរី​ និង​ប្រទេសអ្នកមាន​ជាជាង​ទៅទាក់ទង​ប្រទេស​ផ្តាច់ការ​ហើយ​ក្រីក្រ​រកតែ​ជួយ​ខ្លួនឯង​ មិនទាន់​រួចផង​ហ្នឹង។​ ត្រូវប្តូរ​ឥរិយាបថ​របស់​គាត់​មក​ស្តារប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​ឡើងវិញ ​ដើម្បី​ឲ្យ​ប្រទេសសេរី​ ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​ផ្តល់​ប្រព័ន្ធ​អនុគ្រោះពន្ធ​ដល់​កម្ពុជា​ឡើងវិញ ​​និង​ផ្តល់​ជំនួយ​បន្ថែម​ទៀត»។​

លោកនាយករដ្ឋមន្ត្រី ​ហ៊ុន សែន ​បាន​បំពេញ​ទស្សន​កិច្ចផ្លូវ​ការ​ពីរថ្ងៃ​នៅ​សាធារណរដ្ឋ​គុយបា ​ចាប់ពីថ្ងៃទី២៤ ​ដល់​ថ្ងៃទី​២៥ ​ខែកញ្ញា។​ ដំណើរទស្សនកិច្ចនេះ ​លោកបាន​ជួប​ជាមួយ​មេដឹកនាំ​កំពូលៗ​របស់​ប្រទេសគុយបា ​ដើម្បី​ពង្រឹង​និង​ពង្រីក​ទំនាក់ទំនង​ទ្វេភាគី​លើ​វិស័យ​នយោបាយ ​សេដ្ឋកិច្ច​ វិនិយោគ ​អប់រំ ​និង​សុខាភិបាល​ជាដើម​។ លោក ហ៊ុន សែន ​​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក ​(Facebook) ​ថា ​​រដ្ឋាភិបាល​របស់​លោក ​នឹង​នៅតែ​ប្តេជ្ញាសហការ​ និង​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​គុយបា ​បើទោះបី​ប្រទេស​គុយបា​ ​ទទួលរង​ទណ្ឌកម្ម​សេដ្ឋកិច្ច​​ពី​សហរដ្ឋ​អាមេរិកក្តី។ មេដឹកនាំ​ដែល​កំពុង​រង​ទណ្ឌកម្ម​ជាបន្តបន្ទាប់ដែរនេះ ​​​ក៏បាន​ប្រកាស​ឧបត្ថម្ភអង្ករចំនួន​ ៦ ​ពាន់តោន ​ជូន​រដ្ឋាភិបាល ​និង​ប្រជាជន​គុយបា​ផងដែរ។

លោក អ៊ំ សំអាន ​យល់ថា ​កម្ពុជាជា​ប្រទេសក្រីក្រ​ ដែល​​ប្រជាពលរដ្ឋ​ជាច្រើន​ កំពុង​រង​គ្រោះ​អត់​ឃ្លាន ​និង​ចំណាកស្រុក​ជាដើម​ ដូច្នេះ​លោក ហ៊ុន សែន ​គួរតែ​យកអង្ករ​ទាំងនោះ ​ជួយ​ប្រជាពលរដ្ឋ​ខ្លួនឯង​​ជាមុន​សិន ​​ខណៈ​ដែល​ប្រទេស​គុយ​​បា​ មាន​សេដ្ឋកិច្ច​គ្រាន់បើ​ជាង​កម្ពុជា​ទៀតផង៖ «អង្ករ​ដែល​លោក ហ៊ុន សែន ​ជួយ​ទៅគុយបា​នោះ​ យក​ទៅជួយ​ប្រជាពលរដ្ឋខ្មែរ​ក្រីក្រ​ កំពុង​អត់​បាយ​នោះវិញ ​វាប្រសើរ​ជាង ​ដូច្នេះ​ ត្រូវជួយ​ខ្លួន​ឯង​សិន​ ទើប​ជួយ​អ្នកដទៃ។ ប្រជាពលរដ្ឋ​ខ្លួនឯង ​ជួយ​មិន​ទាន់​បាន​ផង​ ហើយ​ទៅ​ជួយ​អ្នកដទៃ គឺ​ជារឿង​ខុសឆ្គង​ណាស់ ​ដែល​គាត់គ្រាន់តែ​ជួយ​ជនផ្តាច់ការ ​ដូចគ្នា​ មិនមែន​ជួយ​ក្នុងនាម​មនុស្សធម៌​ពិតប្រាកដ​ទេ»។​

រដ្ឋាភិបាល​​​​​កម្ពុជា​ និង​រដ្ឋាភិបាល​ប្រទេស​គុយបា ​​កំពុង​ទទួល​​រងការ​ដាក់​ទណ្ឌ​កម្ម​សេដ្ឋកិច្ច​ និង​ទណ្ឌកកម្ម​ជាលក្ខណៈបុគ្គល​​លើ​មន្ត្រី​កំពូលៗ​មួយ​ចំនួន​ដូចគ្នា​ពី​សហរដ្ឋអាមេរិក​​ដោយសារ​ការ​រំលោភ​សិទ្ធិមនុស្ស​ជា​ប្រព័ន្ធ​។ ប្រទេស​ទាំងពីរ​នេះ ​ក៏តែង​តែ​ការពារ​គ្នា​ទៅវិញ​ទៅមក​នៅ​ក្នុង​កិច្ច​ប្រជុំអង្គការ​សហប្រជាជាតិ​ ដើម្បី​ទប់ទស់​នឹង​ការរិះគន់​ពី​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ។

សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើលកម្ពុជា​ លោក រ៉ុង ឈុន ​មានប្រសាសន៍ថា ​ប្រសិនបើ​មេដឹកនាំ​ដែល​គិត​អំ​ពី​ប្រយោជន៍​ជាតិ​និង​ប្រជាពលរដ្ឋនោះ ​ត្រូវដើរ​ផ្លូវ​កណ្តាល ​និង​មាន​ទំនាក់ទំនងល្អ​ជាមួយ​ប្រទេស​មាន​សេដ្ឋកិច្ច​ជឿនលឿន​ ជាពិសេស​ប្រទេស ប្រកាន់ខ្ជាប់​លទិ្ធប្រជាធិបតេយ្យ។ លោកបន្តថា ​ប្រសិនបើ​មេដឹកនាំ​ដែល​គិត​តែ​ផលប្រយោជន៍បក្ខពួក​និង​ក្រុមគ្រួសារ​ផ្ទាល់ខ្លួន​នោះ ​គឺ​តែងតែ​ដើរ​បង្កើត​ទំនាក់ទំនង​ ជាមួយ​ប្រទេស​ដែល​មាននិន្នាការ​កុម្មុយនិស្ត ​ឬ​ប្រទេស​ដែល​ចង់​ងាក​ទៅរក​របប​ផ្តាច់ការ​៖ «ប្រសិនបើ​លោកនាយករដ្ឋមន្ត្រី ហ៊ុន​សែន ​នៅតែ​លម្អៀង​ទៅកាន់​ប្រទេសកុម្មុយនិស្ត​ច្រើនជាង​ប្រទេស​ប្រកាន់​របបប្រជាធិបតេយ្យ​ កម្ពុជា​យើង​មិនមាន​ផលចំណេញ​អីទេ ​មានតែ​ទទួលរង​ការដាក់សម្ពាធ​ ការដាក់​ទណ្ឌកម្ម​ជាបន្តបន្ទាប់។ ​យកល្អ​ដើម្បី​ផលប្រយោជន៍ជាតិ​ប្រជារាស្ត្រ​គួរតែ​ដើរផ្លូវកណ្តាល​ ហើយ​បង្កើត​នូវទំនាក់ទំនង​ជាមួយ​សហភាពអឺរ៉ុប ​សហរដ្ឋអាមេរិក​ ជប៉ុន​ អូស្ត្រាលី ​ដែលជា​ប្រទេស​មាន​គោលនយោបាយ​ប្រជាធិបតេយ្យ​ ហើយបើ​កម្ពុជា ​មិន​ប្រកាន់​គោលការណ៍នេះ ​យើងមិ​នអាច​ងើបរួច ​ហើយ​ក៏មិន​អាច​រីកចម្រើន​បានដែរ​ផ្នែក​សេដ្ឋកិច្ច»

រដ្ឋាភិបាល​លោក ហ៊ុន សែន ​​ស្វះស្វែង​ពង្រីក​ទំនាក់ទំនង​នយោបាយ និង​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​​ផ្តាច់ការ​ដែល​មិន​សូវ​មាន​សក្តានុពល​សេដ្ឋកិច្ច​ជា​បន្តបន្ទាប់​ ជាពិសេស​ជាមួយ​ប្រទេសចិន​តែម្តង​​ ស្រប​ពេលរបបលោក​​សព្វថ្ងៃ​នេះ ​កំពុង​មាន​ទំនាក់ទំនង​រកាំរកូស​ជាមួយ​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ​នៅ​លើ​ពិភព​​លោក​ និង​កំពុង​​បាត់បង់​ប្រពន្ធអនុគ្រោះ​ពន្ធ​ (EBA) ​ចំនួន២០​ភាគរយ​ពី​សហ​ភាព​អឺរ៉ុប ​និង​ប្រព័ន្ធ​អនុគ្រោះពន្ធ​ទូទៅ​ (GSP) ​របស់​អាមេរិក​ ដោយ​សារ​តែ​ការ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​ និង​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ។

ក្រុម​អ្នកឃ្លាំមើល ​តែង​អំពាវនាវ​ឲ្យ​​លោក ហ៊ុន សែន​ ​ស្តារលទ្ធិប្រជាធិបតេយ្យ​និង​ការគោរព​សិទ្ធិមនុស្ស​ឡើងវិញតាម​អនុ​សា​សន៍​របស់​សហគមន៍​អន្តរជាតិ ​និង​ប្រទេស​មានសក្ដានុពល​ធំៗ​ បើពុំនោះទេ ​ស្ថាន​ភាព​សេដ្ឋកិច្ច​របស់កម្ពុជា​ នឹង​មិនមាន​ស្ថានភាព​ល្អប្រសើ​ឡើយ ​ហើយ​ថែមទាំង​រងទណ្ឌកម្ម​ទាំង​សេដ្ឋកិច្ច និង​ទណ្ឌកម្មលើ​បុគ្គល​នៃ​មន្ត្រី រដ្ឋាភិបាល​​ជាបន្តបន្ទាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។