អ្នកវិភាគយល់ថា សកម្មភាពផ្គាប់ចិត្តចិនរបស់លោក ហ៊ុន សែន គឺគ្រាន់តែចង់ឱ្យចិនជួយពេលកម្ពុជាបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ (EBA) ពីសហភាពអឺរ៉ុប និងគាំទ្រដល់កូនប្រុសច្បងលោកដើម្បីអាចបន្តអំណាចទៅថ្ងៃអនាគត។
អ្នកវិភាគនយោបាយនិងឃ្លាំមើលសង្គមលើកឡើងថា ការធ្វើទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅចិនកាលពីពេលថ្មីៗនេះ ដោយមិនខ្លាចឆ្លងមេរោគរលាកផ្លូវដង្ហើមថ្មី (Covid-19) នៅទីនោះ គ្រាន់តែដើម្បីសំដែងថា កម្ពុជាស្មោះនឹងចិនតែប៉ុណ្ណោះ។
អ្នកវិភាគនយោបាយនិងឃ្លាំមើលសង្គមលោក មាស នី បញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន នេះ រដ្ឋាភិបាលទាំងពីរហាក់ដូចជាមិនបាន ត្រៀមលក្ខណ: ក្នុងការរៀបចំកិច្ចប្រជុំឱ្យបានទូលំទូលាយទេ ព្រោះប្រទេសចិនរវល់ដោះស្រាយប្រឈមជាមួយនឹងការឆ្លងមេរោគរលាកផ្លូវដង្ហើម៖ «ការប្រជុំនេះបើនិយាយឱ្យត្រូវទៅ គឺគ្រាន់តែជាការជួបគ្នាដើម្បីបង្ហាញនូវមិត្តភាព ហើយនឹងការរួមចិត្តរួមថ្លើមនៅក្នុងការរស់នៅក្នុងពេលដែលកំពុងកើតឡើងជំងឺឆ្លងនេះឯង»។
លោកបន្តថា រដ្ឋាភិបាលកម្ពុជាគ្រាន់តែចង់ឱ្យចិនជួយពេលបាត់បង់ EBA។
សហភាពអឺរ៉ុបបានសម្រេចដក EBA ២០ ភាគរយពីកម្ពុជា ដែលចំណាត់ការនេះនឹងចូលជាធរមាននៅថ្ងៃទី១២ ខែសីហាខាងមុខ ប្រសិនបើគ្មានការជំទាស់។
កាលពីថ្ងៃទី៥ ខែកុម្ភ: ក្នុងជំនួបរវាង លោក ហ៊ុន សែន និងប្រធានាធិបតីចិនលោក ស៊ី ជិនពីង (Xi Jinping) នៅទីក្រុងប៉េកាំង លោក ហ៊ុន សែន បានប្រាប់ លោកស៊ី ជិនពីង ថា លោកបានសម្រេចចិត្តមកចិនដើម្បី បង្ហាញការគាំទ្រ ចំពោះប្រទេសចិន។
លោក មាស នី ចាត់ទុកយុទ្ធសាស្ត្ររបស់លោក ហ៊ុន សែន ថា កំពុងដើរផ្ទុយពីប្រទេសជាច្រើនក្នុងពិភពលោក៖ «យើងធ្វើខុសគេទាំងអស់ ប្រទេសគេផ្អាកការហោះហើរ យើងអត់ផ្អាក ហើយប្រទេសគេប្រើ Mask យើងអត់ប្រើ និងបានគំរាមគ្នាឯងមិនឱ្យប្រើថែមទៀត»។
ប្រទេសមួយចំនួនបានហាមប្រជាពលរដ្ឋរបស់ខ្លួនមិនឱ្យធ្វើដំណើរចេញចូលប្រទេសចិនក្នុងពេលមានការផ្ទុះឡើងនូវវីរុសដែលបង្កគ្រោះថ្នាក់ដល់ជីវិតនេះ។ ប្រទេសដែលហាមពលរដ្ឋមិនឱ្យធ្វើដំណើរឆ្លងកាត់ប្រទេសចិនរួមមាន សហរដ្ឋអាមេរិក នូវែលហ្សេឡង់ ហ្វីលីពីន អ៊ីរ៉ាក់ ឥណ្ឌូណេស៊ី និងអូស្ត្រាលី ជាដើម។
ទោះជាយ៉ាងណាអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាលោក ផៃ ស៊ីផាន បដិសេធការលើកឡើងរបស់អ្នកវិភាគ។ លោកបញ្ជាក់ថា តាមពិតទៅលោក ហ៊ុន សែន ក៏មានបំណងទៅសួរសុខទុក្ខនិស្សិតខ្មែរនៅទីក្រុងវូហានផងដែរ ប៉ុន្តែរដ្ឋការរបស់ប៉េកាំងមិនអាចរៀបចំជូនបាន។ លោកថា លោក ហ៊ុន សែន បានសុំឱ្យក្រុងប៉េកាំងជួយថែរក្សា ការពារ ដល់និស្សិត និងប្រជាពលរដ្ឋខ្មែរនៅតំបន់នោះផងដែរ៖ «យើងទទួលបានអំណរសាទរ ពីអ្នកដឹកនាំកំពូលរបស់ចិន។ នេះជាប្រវត្តិសាស្ត្រមួយរបស់កម្ពុជា សូម្បីតែនៅក្នុងឆាកអន្តរជាតិក៏គេអាចវាយតម្លៃថា នេះជាអ្នកដឹកនាំរបស់ប្រជាជាតិមួយ ហ៊ានចូលត្រឡប់ទៅទឹកដីចិននៅពេលកើតជំងឺហ្នឹងឯង»។
ទោះបីជាយ៉ាងណា ក្រោយទស្សនកិច្ចរបស់លោក ហ៊ុន សែន អ្នកនាំពាក្យក្រសួងការបរទេសចិនលោក ចេង ហ្សាង (Geng Shuang) បានប្រាប់សារព័ត៌មាននៅថ្ងៃទី១២ ខែកុម្ភៈ ថា ប្រទេសចិនប្រកាន់ខ្ជាប់នូវគោលការណ៍មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃទេ ហើយប្រឆាំងនឹងការប្រើប្រាស់វិធានការជ្រៀតជ្រែកពាណិជ្ជកម្ម។
លោកថា ប្រទេសចិនគាំទ្ររដ្ឋាភិបាលកម្ពុជាក្នុងការលើកស្ទួយអធិបតេយ្យភាពឯករាជ្យភាពនិងសេចក្ដីថ្លៃថ្នូររបស់ប្រទេសខ្លួន ហើយត្រៀមខ្លួនជួយដល់ប្រទេសកម្ពុជាឱ្យមានការអភិវឌ្ឍថេរ និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋកម្ពុជា។
អ្នកជំនាញវិទ្យាសាស្ត្រនយោបាយលោក ឯម សុវណ្ណារ៉ា ក៏យល់ឃើញថា ការណ៍ដែលលោក ហ៊ុន សែននាំ លោក ហ៊ុន ម៉ាណែត ទៅជួបមេដឹកនាំកំពូលចិននោះដើម្បីស្វែងរកការគាំទ្រពីចិនចំពោះអ្នកដឹកនាំកម្ពុជា ទៅថ្ងៃអនាគត៖ «បើកម្ពុជាធ្វើព្រងើយកន្តើយ ឬក៏ផ្តាច់ទំនាក់ទំនងជាមួយចិនទៀត កម្ពុជាអត់ដឹងថា ពឹងពាក់លើអីទេ ពីព្រោះអឺរ៉ុបកំពុងតែដាក់សម្ពាធខ្លាំងមកលើកម្ពុជា»។
ក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោក ហ៊ុន ម៉ាណែត បានជួបជាមួយក្រុមមេដឹកនាំថ្នាក់តំបន់ក្នុងជំនួបឯកជនដែលមិនធ្លាប់មានពីមុនមក រួមមាននាយករដ្ឋមន្ត្រីជប៉ុន លោក ហ្សីន ហ្សូអាបេ (Shinzo Abe) និងនាយករដ្ឋមន្ត្រីសិង្ហបុរីលោក លី សៀនឡុង (Lee Hsien Loong)។
កាលពីពេលថ្មីៗនេះ លោក ហ៊ុន សែន ធ្លាប់បានប្រកាសថា លោកមិនដំឡើងតំណែង ឬឋានន្តរសក្ដិលោក ហ៊ុន ម៉ាណែត ជានាយឧត្តមសេនីយ៍ផ្កាយមាស៤នោះទេ។ ប៉ុន្តែមុនការបោះឆ្នោតក្លែងក្លាយកាលពីឆ្នាំ ២០១៨មួយខែ លោក ហ៊ុន សែន បានពន្លឿនតំណែងលោក ហ៊ុន ម៉ាណែត ឱ្យក្លាយជាសេនាធិការចម្រុះស្ដីទី និងជាមេបញ្ជាការកងទ័ពជើងគោកស្ដីទី បន្ថែមលើមុខងាររបស់លោកបច្ចុប្បន្ន ដែលជាមេបញ្ជាការកម្លាំងពិសេស ប្រឆាំងភេវរកម្ម។
សង្គមស៊ីវិលធ្លាប់សង្ស័យថា លោក ហ៊ុន ម៉ាណែត អាចក្លាយជាអ្នកស្នងមរតកអំណាចពីឪពុករបស់លោក។ ប៉ុន្តែសង្គមស៊ីវិលយល់ថា លោក ហ៊ុន ម៉ាណែត មិនទាន់មានឥទ្ធិពលនៅលើឆាកអន្តរជាតិសមជាមេដឹកនាំនៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។