អ្នកវិភាគនយោបាយលើកឡើងថា ការចាប់ខ្លួនឧកញ៉ា គិត ធាង មិនមែនជាហេតុផលជួញដូរគ្រឿងញៀនតែមួយមុខនោះទេ។ តាមពិតទៅការចាប់ខ្លួនបងប្រុសលោក គិត ម៉េង នេះ ជាហេតុផលនយោបាយច្រើនជាង ពីព្រោះថា ក្លឹបកម្សាន្តស្ទើរតែទាំងអស់នៅរាជធានីភ្នំពេញ ដែលជាទីតាំងជួញដូរគ្រឿងញៀន និងប្រើប្រាស់គ្រឿងញៀន មិនមែនមានតែនៅមជ្ឈមណ្ឌល រ៉ុក តែមួយនេះទេ។
ប៉ុន្តែ មន្ត្រីជាន់ខ្ពស់អគ្គស្នងការនគរបាលជាតិ ការឃាត់ខ្លួនលោក គិត ធាង នេះ គឺជាប់ពាក់ព័ន្ធការជួញដូរគ្រឿងញៀន នៅមជ្ឈមណ្ឌលកម្សាន្ត រ៉ុក។
អ្នកវិភាគនយោបាយលើកឡើថា សមត្ថកិច្ចឃាត់ខ្លួនឧកញ៉ា គិត ធាង នេះ គឺជាការព្រមានលោក គិត ម៉េង ដែលមានទំនាក់ទំនងជាមួយបក្សប្រឆាំង ហើយដឹងរឿងផ្ទៃក្នុង និងការបែកបាក់ផ្ទៃក្នុងគណបក្ស ប្រជាជនកម្ពុជា ច្រើន នៅក្នុងស្ថានភាពនយោបាយ ដែលគណបក្សកាន់អំណាចកំពុងប្រឈមនឹងការផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធពីសហគមន៍អឺរ៉ុបនេះ។
លោក គឹម សុខ មានប្រសាសន៍ថា ព័ត៌មានផ្ទៃក្នុង ដែលលោកទទួលបាន គឺបក្ស ប្រជាជនកម្ពុជាកំពុងបែកបាក់ផ្ទៃក្នុងធ្ងន់ធ្ងរ ហើយលោក គិត ម៉េង គឺជាមនុស្សម្នាក់ ដែលដឹងរឿងផ្ទៃក្នុងគណបក្សកាន់អំណាចច្រើន។ ម្យ៉ាងទៀត លោក គិត ម៉េង ធ្លាប់បានដាក់លិខិតឲ្យសហគមន៍អឺរ៉ុបពិចារណា និងកុំឲ្យដកប្រព័ន្ធអនុគ្រោះពន្ធចេញពីកម្ពុជា ដែលផ្ទុយពីអ្វី ដែលលោក ហ៊ុន សែន មិនខ្វល់ ឬមិនឱនក្បាលដាក់អឺរ៉ុបជាដើម។
លើសពីនេះទៀត លោក គឹម សុខ អះអាងថា ការចាប់ខ្លួនបងប្រុសបង្កើតលោក គិត ម៉េងនេះ ដើម្បីជាសារព្រមានមិនឲ្យលោក គិត ម៉េង បញ្ចេញព័ត៌មានពីភាពខ្សោយរបស់គណបក្ស ប្រជាជនកម្ពុជា ទៅខាងក្រៅ និងផ្ដល់ព័ត៌មានឲ្យបក្សប្រឆាំង ពីព្រោះលោកក៏មានទំនាក់ទំនងជាមួយបក្សប្រឆាំង និងធ្លាប់សម្របសម្រួលនយោបាយរវាងបក្សប្រឆាំង និងលោក ហ៊ុន សែន៖ «»
លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឲ្យអាស៊ីសេរីដឹងកាលពីយប់ថ្ងៃទី១១ មីនា គឺក្រោយពីសមត្ថកិច្ចឃាត់ខ្លួនឧកញ៉ា គិត ធាង ភ្លាមៗ ថា ការឃាត់ខ្លួនឧកញ៉ា គិត ធាង នេះ គឺជាប់ព័ន្ធ និងការជួញដូរគ្រឿងញៀន និងប្រើប្រាស់គ្រឿងញៀន នៅមជ្ឈមណ្ឌលកម្សាន្ត រ៉ុក។
នាយឧត្ដមសេនីយ៍ នេត សាវឿន អះអាងថា ការនាំខ្លួននេះ គឺតាមដីការបស់តុលាការ ហើយសមត្ថកិច្ចក៏សហការ និងព្រះរាជអាជ្ញាក្នុងការនាំខ្លួនឧកញ៉ា គិត ធាង មកសួរនាំនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៖ «»
សមត្ថកិច្ចបានឃាត់ខ្លួន ឧកញ៉ា គិត ធាង នៅផ្ទះរបស់លោក ស្ថិតនៅក្នុងសង្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ វេលាម៉ោងប្រមាណ ៦លា្ងច ថ្ងៃទី១១ មីនា។ ការឃាត់ខ្លួននេះ ធ្វើឡើងភ្លាមៗ ក្រោយពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឲ្យសមត្ថកិច្ច និងតុលាការ ស្វែងរកមេក្លោងគ្រឿងញៀន នៅក្លឹបកម្សាន្ត រ៉ក់ និងអ្នកពាក់ព័ន្ធ និងបើកសវនាការជម្រះក្ដី ឲ្យបានម៉ឺងម៉ាត់។
ទោះបីជាយ៉ាងនេះក្ដី លោក គឹម សុខ បញ្ជាក់ថា បើសិនជារបបលោក ហ៊ុន សែន ចង់បោសសំអាតគ្រឿងញៀនមែននោះ គឺសមត្ថកិច្ចប្រាកដជាបោសសំអាតជាទូទៅបាត់ទៅហើយ ពីព្រោះថា ក្លឹបកម្សាន្តស្ទើរតែទាំងអស់នៅរាជធានីភ្នំពេញបានជួញដូរគ្រឿងញៀន និងប្រើប្រាស់គ្រឿងញៀន។
ទាក់ទងនឹងជម្លោះផ្ទៃក្នុងទូរទស្សន៍ ស៊ីអិនស៊ី CNC វិញ លោក ហ៊ុន សែន ក៏បញ្ជាឲ្យលោក គិត ម៉េង ដកអតីតអគ្គនាយកទូរទស្សន៍ស៊ីអិនស៊ី លោក អ៊ុក វរា ដែលជាក្មួយរបស់អ្នកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន។ លោក ហ៊ុន សែន អះអាងថា បើសិនជាលោក គិត ម៉េង មិនព្រមធ្វើតាមលោកទេ គឺមុខជំនួញរបស់លោក គិត ម៉ែង នឹងមានបញ្ហា ព្រោះរាល់មុខជំនួញរបស់លោក គិត ម៉េង នៅលើកណ្ដាប់ដៃរបស់លោក។
លោក គិត ធាង ម្ចាស់អាជីវកម្មក្លឹបកម្សាន្ត រ៉ក់ ធ្លាប់ធ្វើកិច្ចសន្យាជាមួយអាជ្ញាធរ ចំនួន ៣ដងរួចមកហើយ ដើម្បីឈប់ផ្ដល់ ទីតាំងក្លឹបកម្សាន្តនេះ សម្រាប់ប្រមូលផ្ដុំ សេពគ្រឿងញៀន និងជួញដូរគ្រឿងញៀន។ នេះមិនទាន់រាប់បញ្ចូលករណីបាញ់បោះ ច្រើនលើក ច្រើនសារ និង ករណីបែកធ្លាយវីដេអូ អាសអាភាសជាច្រើនឃ្លីប ចេញពីក្នុងមជ្ឈមណ្ឌលកម្សាន្ត រ៉ក់ កន្លងមកនោះទេ។ វីដេអូខ្លះ មានឃើញ យុវជនស្លៀកសំលៀកបំពាក់សិស្សសាលាទៀតផង។
សំណុំរឿងគ្រឿងញៀន នៅមជ្ឈមណ្ឌលកម្សាន្តរ៉ក់ កាលពីដើមខែមីនា សមត្ថកិច្ចក្រសួងមហាផ្ទៃ បានបញ្ជូនមនុស្សប្រុសស្រី ចំនួន១៧នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ក្រោមបទចោទថា ជួញដូរគ្រឿងញៀន។ ជនសង្ស័យទាំង ១៧នាក់នោះ ជាមនុស្សដែលសមត្ថកិច្ចបានឃាត់ខ្លួន នៅមជ្ឈមណ្ឌលកម្សាន្ត រ៉ក់ កាលពីយប់ទៀបភ្លឺ ថ្ងៃទី២៣ កុម្ភៈ និងមនុស្សប្រមាណ ៣០០ផ្សេងទៀត។
ក្រោយពីការបិទក្លឹបកម្សាន្ត រ៉ុក នេះ ក៏លេចព័ត៌មានចចាមអារ៉ាមថា ជាប់ពាក់ព័ន្ធនឹងឧកញ៉ា គិត ម៉េង ដែរ ប៉ុន្តែ លោក រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានសរសេរនៅលើហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី២៧ ធ្នូថា ការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់របស់សមត្ថកិច្ច គឺពុំរកឃើញភស្តុតាងណាមួយ បញ្ជាក់ថា មានការពាក់ព័ន្ធនឹងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជាទេ។
លោក នេត សាវឿន បញ្ជាក់ថា លោក មិនអាចប្រាប់ថា ការឃាត់ខ្លួន លោក គិត ធាង សង្ស័យពីការជួញដូរគ្រឿងញៀននេះថា នឹងជាប់ពាក់ព័ន្ធនឹងអ្នកណាផ្សេងទៀត ឬយ៉ាងណានោះ លោកមិនអាចប្រាប់បានទេ ព្រោះនៅក្នុងនីតិវិធីស៊ើបសួរនៅឡើយ។ សារព័ត៌មានក្នុងស្រុកចុះផ្សាយថា លោក គិត ធាង សមត្ថកិច្ច អាចនឹងបញ្ជួនទៅតុលាការនៅថ្ងៃទី១២មីនា ដើម្បីឲ្យចៅក្រមបន្តនីតិវិធីស៊ើបសួរបន្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។