អ្នកវិភាគនយោបាយអះអាងថា ការចូលចតនាវាចម្បាំងចិនចំនួន ៣ គ្រឿង នៅកំពង់ផែក្រុង ព្រះសីហនុ កាលពីព្រឹកថ្ងៃទី៩ មករា នៅក្នុងដំណើរទស្សនកិច្ចរយៈពេល ៤ថ្ងៃ នៅកម្ពុជានេះ គឺជាការបង្ហាញឲ្យឃើញពីសម្ពន្ធភាពរវាងចិន និងកម្ពុជា លើវិស័យស៊ីវិល និងនយោធា ដើម្បីជួយពង្រឹងអំណាចលោក ហ៊ុន សែន នៅគ្រាដែលរបបនេះ កំពុងតែប្រឈមនឹងការងើបបះបោរពីក្រុមប្រជាពលរដ្ឋ នៅក្រោយពេលកម្ពុជាទទួលរងទណ្ឌកម្មពីប្រទេសលោកខាងលិចនៅពេលខាងមុខនោះ។
លោក គឹម សុខ អះអាងថា ដំណើរទស្សនកិច្ចរបស់នាវាចម្បាំងចិននៅកម្ពុជានៅពេលនេះ មិនមែនគ្រាន់តែជាការរឹតចំណងមិត្តភាពយោធារវាងប្រទេសទាំងពីរឡើយ ក៏ប៉ុន្តែជាការបង្ហាញសាធារណជនមើលឃើញថា ចិនគាំទ្ររបបឯកបក្សទាំងសេដ្ឋកិច្ច ទាំងកម្លាំងយោធា ដើម្បីធានានិរន្តរភាពអំណាចរបស់របបលោក ហ៊ុន សែន បន្តទៅមុខទៀត។
លោក គឹម សុខ ឲ្យដឹងកាលពីថ្ងៃទី៩មករាថា នៅខណៈលោក ហ៊ុន សែន បានដឹងខ្លួនច្បាស់អំពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីប្រទេសលោកខាងលិចនោះ លោក ហ៊ុន សែន បានត្រៀមខ្លួនពង្រឹងទាំងសេដ្ឋកិច្ច និងកម្លាំងយោធា ដោយយកកុម្មុយនិស្តចិនជាខ្នងបង្អែក ក្រៅពីប្រទេសកុម្មុយនិស្តវៀតណាមនោះ៖ « ការបង្ហាញកម្លាំងទ័ពចិននៅពេលនេះ គឺជាការគំរាមស្មារតីពលរដ្ឋឯងផង ស្មារតីជាតិឯងផង នៅពេលរបបនេះ ឃើញមានបាតុកម្មពីក្រុមកម្មករផ្ទុះឡើងជាបណ្ដើរៗ ក៏ដូចជាការប្រុងប្រៀបទប់ទល់នឹងទណ្ឌកម្មអន្តរជាតិ អាចនឹងកើតមានឡើង ដែលរបបលោក ហ៊ុន សែន មិនព្រមកែស្ថានការណ៍នយោបាយនៅកម្ពុជាឲ្យល្អប្រសើរវិញទេនោះ»។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បញ្ជាក់នៅក្នុងទំព័រហ្វេសប៊ុកផ្លូវការថា ក្នុងចំណោមនាវាទាំង ៣គ្រឿងនោះ មានពីរគ្រឿងជានាវាចម្បាំង និងមួយគ្រឿងទៀតជានាវាផ្គត់ផ្គង់ ដែលមានកងនាវិកសរុបចំនួន ៦៩៥នាក់ ដឹកនាំដោយលោក ស៊ូ ហៃហួរ (Xu Haihua) ជាមេបញ្ជាការ។
អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាត និងលោក ផៃ ស៊ីផាន អ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីសួរអំពីបញ្ហានេះបន្ថែមបានទេកាលពីថ្ងៃទី៩ មករា។
ប៉ុន្តែលោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP និង កាសែតបាងកកប៉ុស្តិ៍ថា ទស្សនកិច្ចរបស់នាវាចម្បាំងចិនទាំង ៣គ្រឿងនេះ គឺដើម្បីរឹតចំណងសាមគ្គីភាព និងបង្កើនកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ ជាពិសេសកងទ័ពជើងទឹកនៃប្រទេសទាំងពីរ។ លោកបញ្ជាក់ទៀតថា ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូកងទ័ពជើងទឹកចិននឹងជួបពិភាក្សាគ្នាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ និងរដ្ឋមន្ត្រីក្រសួងការពារជាតិលោក ទៀ បាញ់ ផងដែរ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ របបលោក ហ៊ុន សែន បានបែរខ្នងដាក់បស្ចិមប្រទេសកាន់តែខ្លាំង នៅលើវិស័យយោធា ក្រោយរបបនេះទទួលបានជំនួយផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសជាច្រើនសន្ធឹកសន្ធាប់ពីរបបក្រុងប៉េកាំង។ កាលពីពាក់កណ្ដាលឆ្នាំ ២០១៨ កន្លងទៅ រដ្ឋមន្ត្រីការពារជាតិចិន លោក វៃ ហ្វេងហេ (Wei Fenghe) បានប្រកាសផ្ដល់ជំនួយឥតសំណងជាទឹកប្រាក់ប្រមាណ ១០០ លានដុល្លារអាមេរិក សម្រាប់វិស័យយោធាដល់របបក្រុងភ្នំពេញ ហើយភាគីទាំងពីរបានប្ដេជ្ញាថា នឹងរួមគ្នាធ្វើលំហាត់យោធានាគមាសនៅឆ្នាំ ២០១៩ នេះ ឱ្យមានលក្ខណៈកាន់តែធំជាងមុនទៀត។
បន្ថែមពីនេះទៀត កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក Mike Pence បានសរសេរលិខិតផ្លូវការមួយច្បាប់ទៅលោក ហ៊ុន សែន ប្រាប់អំពីកង្វល់ចម្បងបំផុតនៃមូលដ្ឋានយោធាចិននៅកម្ពុជានេះ និងព្រមានថា បើមានរឿងបែបនេះកើតឡើងមែននោះ វានឹងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។
ទាក់ទងនិងបញ្ហានេះ លោក ហ៊ុន សែន បានច្រានចោលភ្លាមៗ ចំពោះព័ត៌មានមូលដ្ឋានទ័ពជើងទឹករបស់ចិននៅកម្ពុជានេះ។ លោកអះអាងថា កម្ពុជាគ្មានការចាំបាច់ណាមួយដែលត្រូវការវត្តមានកងទ័ពប្រទេសដទៃនៅលើទឹកដីរបស់ខ្លួនឡើយ ហើយរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ ក៏មិនអនុញ្ញាតឱ្យមានមូលដ្ឋានទ័ពបរទេសនៅលើទឹកដីរបស់កម្ពុជានោះដែរ។ លោកបន្តថា ការចោទប្រកាន់របបរបស់លោកថា កំពុងរៀបចំមូលដ្ឋានទ័ពជើងទឹករបស់ចិននោះ គឺជារឿងអយុត្តិធម៌ និងបានជំរុញឱ្យអន្តរជាតិ ប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីពិនិត្យមើលថា តើករណីនេះពិតជាកើតមានមែន ឬមួយក៏យ៉ាងណានោះ។
លោក ហ៊ុន សែន ថ្លែងបែបនេះកាលពីថ្ងៃទី១៥ ធ្នូ ក្នុងពិធីបុណ្យសមុទ្រនៅឯខេត្តកោះកុង ទីដែលមានការសង្ស័យថា ចិនកំពុងស្ថាបនាកំពង់ផែទឹកជ្រៅដែលអាចឱ្យនាវាចម្បាំងរបស់ចិនអាចចូលសំចតបាន៖ «ទោះបីជាយើងមានសមត្ថភាពកែរដ្ឋធម្មនុញ្ញ ក៏យើងខ្ញុំមិនកែរដ្ឋធម្មនុញ្ញ ដើម្បីផ្ដល់លទ្ធភាពឱ្យបរទេសមានវត្តមាននៅក្នុងប្រទេសកម្ពុជា ហើយផ្ដល់លទ្ធភាពឱ្យកម្ពុជាមានលទ្ធភាពបញ្ជូនកងទ័ពទៅបរទេស មិនមែនក្រោមឆត្ររបស់អង្គការសហប្រជាជាតិនោះទេ។ នេះជាសេចក្ដីថ្លែងការណ៍បញ្ជាក់សាជាថ្មីម្ដងទៀត បន្ទាប់ពីសេចក្ដីថ្លែងការណ៍របស់ខ្ញុំនៅក្នុងប្រជុំគណៈរដ្ឋមន្ត្រី ហើយនៅក្នុងពេលសន្និសីទសារព័ត៌មានរួមគ្នារវាងខ្ញុំ និងនាយករដ្ឋមន្ត្រីវៀតណាម នៅឯទីក្រុងហាណូយ»។
ទោះបីជាមានការអះអាងពីលោក ហ៊ុន សែន បែបនេះក្ដី របបក្រុងភ្នំពេញបានលុបចោលសមយុទ្ធយោធា “ឆ្មាំអង្គរ” ជាមួយសហរដ្ឋអាមេរិក និងសមយុទ្ធយោធា ដន គោព្រៃ (Dawn Kouprey) ជាមួយអូស្ត្រាលី កាលពីឆ្នាំ២០១៧ កន្លងទៅ ហើយរបបនេះមិនបានបង្ហាញចេតនាណាមួយក្នុងការបង្កើតឡើងវិញនូវសមយុទ្ធយោធាជាមួយប្រទេសប្រជាធិបតេយ្យទាំងនេះជាថ្មីទៀតឡើយ។
ទាក់ទងបញ្ហានេះ អ្នកវិភាគនយោបាយ លោក គឹម សុខ ព្រមានថា ការលម្អៀងខ្លាំងទៅរកប្រទេសចិននៅលើវិស័យយោធានេះ នឹងមិនផ្ដល់ផលល្អដល់របបក្រុងភ្នំពេញប៉ុន្មាននោះឡើយ ជាពិសេសគឺនៅពេលលេចឮដំណឹងថា របបនេះកំពុងរៀបចំឱ្យមានមូលដ្ឋានទ័ពចិននៅលើទឹកដីកម្ពុជាទៀតនោះ។ លោក គឹម សុខ បន្ថែមថា ទោះបីជារបបឯកបក្សនេះ ចាប់យកចិនទាំងសេដ្ឋកិច្ច និងយោធា ដើម្បីពង្រឹងអំណាចរបស់ខ្លួនបែបនេះក្ដី ប៉ុន្តែរបបនេះនឹងមិនទទួលជោគជ័យឡើយ៖ «ក្នុងស្ថានភាពលោក ហ៊ុន សែន ទ័លច្រកនាពេលបច្ចុប្បន្ន គឺពិបាកជោគជ័យរបស់លោក ហ៊ុន សែន ណាស់ ទោះបីជាមានខ្នងបង្អែកពីចិនក៏ដោយ ហើយគឺជាផ្លូវផ្សេងពីលោក ហ៊ុន សែន តែមួយគត់ របស់លោក ហ៊ុន សែន ដែលលោកគ្មានជម្រើសអ្វីល្អក្រៅពីពឹងចិន សម្រាប់របបរបស់គាត់»។
កាសែត ឌឹ អេស៊ា ថាមស៍ (The Asia Times) វិញ បានចេញផ្សាយអត្ថបទមួយ មានចំណងជើងថា កម្ពុជាអាចក្លាយជាចំណុចស្នូលនៃសង្គ្រាមត្រជាក់ថ្មី ដោយសារតែការងាករេខ្លាំងពេកទៅរកប្រទេសចិនកុម្មុយនិស្ត។ អត្ថបទនេះ បានរៀបរាប់អំពីលទ្ធភាពនៃការកកើតមូលដ្ឋានទ័ពជើងទឹករបស់ចិនក្នុងខេត្តកោះកុង តាមរយៈដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនចិនUDGទំហំជាង ៤ម៉ឺន ៥ពាន់ហិកតារ រយៈពេល ៩៩ឆ្នាំ ដើម្បីឲ្យចិនសាងសង់កំពង់ផែសមុទ្រទឹកជ្រៅ ដែលអាចឲ្យកប៉ាល់ចម្បាំងចិនចូលចតបាន។
អ្នកវិភាគលើកឡើងថា មកទល់ពេលនេះ សហគមន៍អន្តរជាតិ សហភាពអឺរ៉ុប មិនដកថយចំពោះការព្រមានដាក់ទណ្ឌកម្មទៅលើរបបឯកបក្សលោក ហ៊ុន សែន ដែលគេចាត់ទុកថា ជារបបខុសច្បាប់នោះ ហើយបច្ចុប្បន្ននេះទៀត ចលនាផ្ទុះបាតុកម្មរបស់កម្លាំងកម្មករ និងមហាជន នឹងត្រៀមបាតុកម្មកាន់តែខ្លាំងថែមទៀត ប្រឆាំងរបបលោក ហ៊ុន សែន បើសិនជារបបនេះ ត្រូវបានសហគមន៍អន្តរជាតិដាក់ទណ្ឌកម្មនោះ នៅពេលនោះ ទោះបីជាឈរជាខ្នងបង្អែកខ្លាំងយ៉ាងណាក៏មិនអាចទប់ទល់នឹងកម្លាំងមហាជនបានដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។