គិតត្រឹមថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០១៩ គឺជាខួប ២ឆ្នាំគត់ នៃការរំលាយគណបក្សសង្គ្រោះជាតិ ដោយតុលាការកំពូលនៃរបបក្រុងភ្នំពេញ។ ប៉ុន្តែក្រុមអ្នកគាំទ្រ និងអ្នកវិភាគ យល់ថា ២ឆ្នាំមកនេះ គណបក្សសង្គ្រោះជាតិ កាន់តែបានដើរតួនាទីខ្លាំង និងនៅតែរក្សាបានការគាំទ្រពីពលរដ្ឋ។
ប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិនៅប្រទេសកូរ៉េខាងត្បូង លោក យឹម ស៊ីណន ចាត់ទុកការរំលាយបក្សប្រឆាំង ២ឆ្នាំមកនេះថា ជាការបង្កើតភាពអយុត្តិធម៌ សម្រាប់អ្នកប្រជាធិបតេយ្យ ហើយរយៈពេល ២ឆ្នាំមកនេះ ក្រុមអ្នកប្រជាធិបតេយ្យ ធ្វើសកម្មភាពតស៊ូគ្រប់ទីកន្លែង ដើម្បីទាមទារយកលទ្ធិប្រជាធិបតេយ្យមកវិញ។ លោកថា វិបត្តិនយោបាយស្ថិតក្នុងភាពផុយស្រួយ បណ្ដាលឲ្យពលរដ្ឋទូទាំងប្រទេស ជាអ្នករងគ្រោះនៅក្នុងរយៈពេល ២ឆ្នាំមកនេះ។
លោក យឹម ស៊ីណន បន្តថា នៅថ្ងៃទី២៤ វិច្ឆិកា គឺនៅសប្ដាហ៍ក្រោយ ចលនាយុវជនបក្សប្រឆាំងនឹងបន្តសកម្មភាពតស៊ូ ដោយធ្វើបាតុកម្មប្រឆាំងវត្តមាន មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន នៅប្រទេសកូរ៉េខាងត្បូង ក្នុងព្រឹត្តិការណ៍កិច្ចប្រជុំអាស៊ាន កូរ៉េ៖ «កម្លាំងសង្គ្រោះជាតិ ក្រោយពេលរំលាយក្ដី ប៉ុន្តែរចនាសម្ព័ន្ធគឺនៅដដែល ទោះបីមានអាជ្ញាធរ ចាប់ឃុំខ្លួន និទ្ទេសខ្លួន យកកាត់ទោសយ៉ាងណាក្ដី ប៉ុន្តែកម្លាំងស្មារតីនៃការគាំទ្រគណបក្សសង្គ្រោះជាតិនៅខ្លាំងដូចដើម។ មិនត្រឹមតែដូចដើមទេ គឺខ្លាំងលើសដើមតែម្ដង មកដល់បច្ចុប្បន្ននេះ។ អ៊ីចឹង ខ្ញុំយល់ឃើញថា បើសិនណា លោក ហ៊ុន សែន បានប្រគល់ នូវនីតិសម្បទាគណបក្សសង្គ្រោះជាតិមកវិញ ផ្ដល់នូវរចនាសម្ព័ន្ធ ផ្ដល់នូវរចនាសម្ពន្ធ ផ្ដល់នូវក្រុមប្រឹក្សាឃុំសង្កាត់ ៥០០៧នាក់ឡើងវិញ ឲ្យមានដំណើរការបោះឆ្នោតឡើងវិញ ឬក៏បោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ នៅឆ្នាំ២០២២ ខ្ញុំគិតថា គណបក្សសង្គ្រោះជាតិ នឹងឈ្នះដាច់ ១០០ % តែម្ដង»។
តុលាការកំពូលនៃរបបក្រុងភ្នំពេញ បានប្រកាសរំលាយគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមបំណងរបស់ លោក ហ៊ុន សែន ដែលបានប្រកាសឲ្យរំលាយបក្សប្រឆាំង ដោយចោទប្រធានគណបក្សប្រឆាំង លោក គឹម សុខា ថា ក្បត់ជាតិ។ ជាមួយនឹងការរំលាយគណបក្សប្រឆាំងនោះ តុលាការកំពូល បានហាមឃាត់សិទ្ធិថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ចំនួន ១១៨នាក់ មិនឱ្យធ្វើនយោបាយ ខណៈដែលអាជ្ញាធរបន្តឃុំខ្លួន លោក កឹម សុខា ក្នុងពន្ធនាគារត្រពាំងផ្លុង ហើយបន្តតាមចាប់ខ្លួន លោក សម រង្ស៊ី នៅក្រៅប្រទេស។
ក្រោយព្រឹត្តិការណ៍បិទសិទ្ធិនយោបាយគណបក្សប្រឆាំង ២ឆ្នាំមកនេះ ក្រុមមេដឹកនាំ និងសកម្មជនបក្សប្រឆាំងមួយចំនួន បានភៀសខ្លួន គេចចេញពីការធ្វើទុក្ខបុកម្នេញ ទៅក្រៅប្រទេស និងមានសកម្មជនខ្លះ បន្តសម្ងំរស់នៅក្នុងប្រទេស។ អ្នកដែលភៀសខ្លួននៅក្រៅប្រទេស និងពលរដ្ឋខ្មែររស់នៅតាមបណ្ដាប្រទេសលោកសេរី តែងនាំគ្នាធ្វើបាតុកម្ម ប្រឆាំងវត្តមាន លោក ហ៊ុន សែន និងបាតុកម្មទាមទារឲ្យរបបក្រុងភ្នំពេញ ស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញជានិច្ច។
សហគមន៍អន្តរជាតិនៅតែបន្តឲ្យតម្លៃ មេដឹកនាំគណបក្សប្រឆាំង និងមិនទទួលស្គាល់ដីការំលាយគណបក្សប្រឆាំងរបស់តុលាការរបបក្រុងភ្នំពេញ។ ប៉ុន្តែសម្រាប់របបក្រុងភ្នំពេញវិញ បានព្រមានពលរដ្ឋនៅក្នុងប្រទេសថា បើមិនទទួលស្គាល់ការរំលាយបក្សប្រឆាំងទេ ត្រូវមានទោសជាប់ពន្ធនាគារ ពីបទប្រឆាំងសាលដីកាតុលាការ។
សមាជិកក្រុមអ្នកវិភាគវ័យក្មេង លោក បុង ដែត សង្កេតឃើញថា រយៈពេល ២ឆ្នាំ ដែលគ្មានវត្តមានបក្សប្រឆាំង គណបក្សកាន់អំណាច បានសម្រេចកិច្ចការជាតិ និងធ្វើសកម្មភាពតាមតែអំពើចិត្ត។ ពលរដ្ឋបាត់បង់ផលប្រយោជន៍តាមរយៈគ្មានតំណាងហ៊ានជំទាស់ តំណាងឲ្យពលរដ្ឋ ទាំងក្នុងរដ្ឋសភា និងនៅមូលដ្ឋានឃុំសង្កាត់។ លោកលើកឧទាហរណ៍ដូចជា ការអនុម័តសន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ជាមួយប្រទេសវៀតណាមជាដើម គឺពលរដ្ឋមិនអាចទទួលបានព័ត៌មាន ឬជំទាស់ការសម្រេចនោះឡើយ។
លោក បុង ដែត បន្តទៀតថា ២ឆ្នាំនេះ គណបក្សប្រជាជនកម្ពុជា បានធ្វើទុក្ខបុកម្នេញអ្នកគាំទ្រគណបក្សប្រឆាំងកាន់តែខ្លាំង តែផ្ទុយមកវិញ គណបក្សកាន់អំណាច ត្រូវទទួលរងការព្រមានពីសហគមន៍អន្តរជាតិ។ លោកបន្តទៀតថា ក្រៅពីការបាត់បង់ផលប្រយោជន៍នៅក្នុងរដ្ឋសភា និងនៅមូលដ្ឋាន ពលរដ្ឋអាចនឹងបន្តបាត់បង់ផលប្រយោជន៍បន្តទៀត ដោយសារគ្មានវត្តមានបក្សប្រឆាំង គឺសហគមន៍អឺរ៉ុប នឹងផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធ (EBA) ជាដើម។ រីឯរចនាសម្ព័ន្ធគណបក្សសង្គ្រោះជាតិវិញ អ្នកវិភាគវ័យក្មេងរូបនេះ យល់ថា ដរាបណា មេដឹកនាំបក្សប្រឆាំងទាំង ២រូប គឺលោក សម រង្ស៊ី និងលោក កឹម សុខា មិនបែកបាក់គ្នា រចនាសម្ព័ន្ធគណបក្សនេះ នៅតែខ្លាំង និងនៅតែទទួលបានការគាំទ្រពីប្រជាពលរដ្ឋ៖ « សរុបមកវិញ គឺ កឹម សុខា និងលោក សម រង្ស៊ី គឺបើមិនបែកបាក់គ្នាទេ រចនាសម្ព័ន្ធនៅដដែល វាគ្រាន់តែថា រកាំរកូសខាងក្រោមទេ ឲ្យតែមេទាំងពីរត្រូវគ្នា។ ខ្ញុំគិតថា ពួកគាត់អត់មានអ្វីបែកបាក់គ្នាទេ ពួកគាត់នៅតែជាមួយគ្នានៅឡើយទេ គឺខាងក្រោមនៅតែដដែលទេ គ្រាន់តែថា មនុស្សវាត្រូវការសេចក្ដីសុខ វាគ្រាន់ថា រកាំរកូសបន្តិចបន្តួច ហើយប្រជាពលរដ្ឋនៅតែគាំទ្រដដែល រចនាសម្ព័ន្ធនៅតែដដែលដែរ។ ពេលនេះ ខ្ញុំអាចស្មានទុក គឺអ៊ីចឹង ពីព្រោះថា ប្រជាពលរដ្ឋនៅតែគាំទ្រ ថ្នាក់ដឹកនាំទាំង២ហ្នឹង ដែលម្នាក់ជំនាញខាងការទូតខាងក្រៅ ម្នាក់ជំនាញខាងអហិង្សា ខាងក្នុង តស៊ូមតិខាងក្នុង។ អ៊ីចឹង ពួកគាត់ទាំងពីរ គឺសុទ្ធតែមានវិជ្ជាជីវៈខ្លាំងៗរៀងៗខ្លួន អ៊ីចឹងណា អត់មានអ្នកណា អត់អ្នកណាបានទេ។ អ្នកទាំងពីរ គឺប្រជាពលរដ្ឋសង្ឃឹមយ៉ាងមុតមាំថា អាចការពារផលប្រយោជន៍របស់ពួកគាត់ អាចធ្វើឲ្យប្រជាធិបតេយ្យរស់ឡើងវិញអ៊ីចឹងណា»។
ទោះយ៉ាងណាក្ដី ប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិនៅប្រទេសកូរ៉េខាងត្បូង លោក យឹម ស៊ីណន អះអាងថា អ្នកប្រជាធិបតេយ្យនិយម នឹងមិនបញ្ឈប់ការតស៊ូទាមទារឡើយ ដរាបណារបបក្រុងភ្នំពេញ មិនទាន់ប្រគល់សិទ្ធិធ្វើនយោបាយ សងតំណែងឲ្យក្រុមប្រឹក្សាជាប់ឆ្នោត និងស្ដារលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជាឡើងវិញនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។