អ្នកវិភាគ​ថា លោក ហ៊ុន ម៉ាណែត អាច​នឹង​ជា​មេ​ដឹក​នាំ​ពូកែ​ខាង​កល​ល្បិច​អាក្រក់​ជាង​ឪពុក បើ​សិន​ជា​ក្លាយ​ជា​មេ​ដឹក​នាំ​ប្រទេស

ដោយ ទីន ហ្សាការីយ៉ា
2020-06-11
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ហ៊ុន ម៉ាណែត មេ​បញ្ជាការ​កងទ័ព​ជើងគោក នៃ​កង​យោធពល​ខេមរភូមិន្ទ​។ RFA
លោក ហ៊ុន ម៉ាណែត មេ​បញ្ជាការ​កងទ័ព​ជើងគោក នៃ​កង​យោធពល​ខេមរភូមិន្ទ​។ RFA
RFA

អ្នកវិភាគ និង​ក្រុម​យុវជន​លើក​ឡើង​ថា លោក ហ៊ុន សែន បាន​បង្ហាញ​យុទ្ធសាស្ត្រ​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់ ចំពោះ​ការ​រៀបចំ​ផែនការ​ផ្ទេរ​អំណាច​ឲ្យ​កូន​ប្រុស​ច្បង​លោក គឺ​លោក ហ៊ុន ម៉ាណែត ដឹកនាំ​ប្រទេស​បន្ត ដោយ​លោក​បាន​ដំឡើង​តួនាទី​កូន​ប្រុស​ច្បង​បន្តិច​ម្ដងៗ ទាំង​តួនាទី​នៅ​ក្នុង​ជួរ​កងទ័ព និង​នៅ​ជួរ​គណបក្ស។

ក្រុម​យុវជន​លើក​ឡើង​ថា ការ​គ្រោង​ផ្ទេរ​អំណាច​ត​វង្ស​ត្រកូល​របស់​លោក ហ៊ុន សែន នេះ ធ្វើ​ឲ្យ​យុវជន​ជា​កូន​កសិករ ដែល​មាន​សមត្ថភាព​ជា​ច្រើន បាត់បង់​ឱកាស​ចូលរួម​កសាង​ប្រទេស​ជាតិ។

អ្នកវិភាគ​នយោបាយ លោក គឹម សុខ អះអាង​ថា លោក ហ៊ុន សែន កំពុង​តែ​រៀបចំ​យុទ្ធសាស្ត្រ​ជា​បន្ត​បន្ទាប់ ដើម្បី​សម្រេច​គោល​ដៅ​របស់​ខ្លួន ក្នុង​ការ​ផ្ទេរ​អំណាច​ឲ្យ​លោក ហ៊ុន ម៉ាណែត នៅ​ពេល​អនាគត។

លោក គឹម សុខ ដែល​និរទេស​ខ្លួន​ទៅ​ប្រទេស​ហ្វាំងឡុង (Finland) មាន​ប្រសាសន៍​ថា លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ដំឡើង​តួនាទី លោក ហ៊ុន ម៉ាណែត ពី​អនុ​ប្រធាន​យុវជន​ទៅ​ជា​ប្រធាន​យុវជន​ថ្នាក់​កណ្ដាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​កាល​ពី​ពេល​ថ្មីៗ នេះ​ថា ទំនង​ជា​យុទ្ធសាស្ត្រ​រៀបចំ​ជើង​ព្រួល​ឲ្យ​លោក ហ៊ុន ម៉ាណែត កាន់​តែ​រឹងមាំ​នៅ​ក្នុង​ជួរ​គណបក្ស​សិន មុន​នឹង​លោក ផ្ទេរ​អំណាច​ឲ្យ លោក ហ៊ុន ម៉ាណែត ដឹក​ប្រទេស​បន្ត​ពី​លោក។  លោក គឹម សុខ អះអាង​ថា បើ​សិន​ជា​លោក ហ៊ុន ម៉ាណែត ក្លាយ​នាយក​រដ្ឋមន្ត្រី​ដឹក​នាំ​ប្រទេស​នៅ​ពេល​អនាគត​នោះ លោក​អាច​ជា​មេ​ដឹក​នាំ​ដ៏​អាក្រក់​មាន​កល​ល្បិច​បំផ្លាញ​ប្រទេស​ជាតិ​ជាង​ឪពុក​លោក​ទៅ​ទៀត៖ «»

ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន បាន​តែង​តាំង​កូន​ប្រុស​ច្បង គឺ​លោក ហ៊ុន ម៉ាណែត កាល​ពី​ថ្ងៃ​ទី៨ មិថុនា ដែល​មាន​តួនាទី​ធំ​នៅ​ក្នុង​បក្ស​រួច​​ទៅ​ហើយ​នោះ ឱ្យ​ក្លាយ​ជា​ប្រធាន​យុវជន​គណបក្ស​ថែម​ទៀត។ លោក ហ៊ុន សែន អះអាង​ពី​មូលហេតុ​តែងតាំង​នៅ​ក្នុង​សេចក្ដី​សម្រេច​នោះ​ថា ការ​តែង​តាំង​លោក ហ៊ុន ម៉ាណែត​ ជា​មេដឹកនាំ​យុវជន​របស់​បក្ស​នេះ ​ផ្អែក​លើ​សមត្ថភាព​ និង​សំណូម​ពរ​របស់​មន្ត្រី​នៅ​ក្នុង​បក្ស ហើយ​ឆ្លង​កាត់​មតិ​យោបល់​ពី​គណៈ​អចិន្ត្រៃយ៍​របស់​បក្ស​ដែរ។

ទោះបី​ជា​លោក ហ៊ុន សែន អះអាង​បែប​នេះ​ក្ដី ក៏​ប៉ុន្តែ​ភាព​ជាក់ស្ដែង ទំនង​មិន​ដូច​លោក​អះអាង​ឡើយ។ អ្នក​វិភាគ និង​ក្រុម​យុវជន​ពន្យល់​ថា ហេតុផល​របស់​លោក​នាយក​រដ្ឋមន្ត្រី​នេះ គ្រាន់​តែ​ជា​ល្បែង​នយោបាយ​ឆ្ពិន​ភ្នែក​មហាជន​ប៉ុណ្ណោះ ពីព្រោះ​ថា នៅ​មាន​យុវជន​ជា​ច្រើន​ទៀត​ណាស់ រួម​ទាំង​យុវជន​ជា​សមាជិក​គណបក្ស​កាន់​អំណាច​ផង ដែល​មាន​សមត្ថភាព​លើស​ពី​លោក ហ៊ុន ម៉ាណែត ទៅទៀត តែ​គ្មាន​ឱកាស​ទទួល​បាន​តួនាទី​ធំ​ដុំ​ដូច​ត្រកូល ហ៊ុន ដោយសារ​តែ​គ្មាន​បក្ខ​ពួក។

អាស៊ីសេរី​មិន​អាច​ទាក់ទង​លោក ហ៊ុន ម៉ាណែត ដើម្បី​សុំ​ការ​ឆ្លើយ​តប ចំពោះ​ការ​ចោទ​ប្រកាន់​នេះ បាន​ទេ នៅ​ថ្ងៃ​ទី១១ មិថុនា។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ទទួល​ស្គាល់​ថា យុវជន​គណបក្ស​របស់​លោក​មាន​ច្រើន ​អាច​មាន​លើស​ពី ១លាន​នាក់ ប៉ុន្តែ​លោក​អះអាង​ថា ការ​តែង​តាំង​លោក ហ៊ុន ម៉ាណែត ​ជា​ប្រធាន​យុវជន​គណបក្ស​នេះ​ ធ្វើ​ឡើង​ស្រប​តាម​លក្ខន្តិកៈ​របស់​បក្ស៖ «»

យុវជន​បញ្ចប់​ថ្នាក់​បរិញ្ញាប័ត្រ​ជាន់​ខ្ពស់​ផ្នែក​ច្បាប់ និង​ជា​មន្ត្រី​កម្មវិធី នៃ​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ ដើម្បី​អភិវឌ្ឍន៍​ និង​សន្តិភាព ហៅ​កាត់​ថា (PDP) លោក ហេង គីមហុង មាន​ប្រសាសន៍​ថា​ ការ​តែងតាំង​លោក ហ៊ុន ម៉ាណែត ឲ្យ​មាន​តួនាទី​នៅ​ស្ថាប័ន​ជាតិ​ផង និង​នៅ​ក្នុង​ជួរ​គណបក្ស​ផង​នេះ ប្រាកដ​ជា​មាន​ការ​មិន​សប្បាយ​ចិត្ត​ពី​ផ្ទៃក្នុង​គណបក្ស​ឡើយ។ លោក បន្ថែម​ថា លោក ហ៊ុន ម៉ាណែត មាន​តួនាទី​ជា​មេបញ្ជាការ​កំពូល​នៅ​ជួរ​កងទ័ព ហើយ​មក​ទទួល​តួនាទី​នៅ​ក្នុង​ជួរ​គណបក្ស​ទៀត​នេះ ធ្វើ​ឲ្យ​បាត់បង់​ឯករាជ​ភាព និង​មាន​ទំនាស់​ផល​ប្រយោជន៍៖ «»

លោក ហ៊ុន ម៉ាណែត មាន​វ័យ ៤២ឆ្នាំ ក្រៅ​ពី​លោក​មាន​តួនាទី​ជា​ប្រធាន​យុវជន​គណបក្ស​នេះ លោក​មាន​ឋានន្តរសក្ដិ​ជា​ច្រើន​ទៀត​សឹង​តែ​រាប់​មិន​អស់​នៅ​ក្នុង​ជួរ​កងទ័ព​គិត​ចាប់​ពី​ឆ្នាំ២០០៥ មក។ ជា​បន្ត​បន្ទាប់​មក​ទៀត លោក ហ៊ុន ម៉ាណែត បាន​ឡើង​តួនាទី​យ៉ាង​ឆាប់​រហ័ស នៅ​ស្រប​ពេល​ទាហាន​តស៊ូ​នៅ​ក្នុង​សមរភូមិ​ជួរ​មុខ​សឹង​តែ​មិន​ឡើង​បុណ្យស័ក្ដិ​អ្វី​ផង​នោះ។ បច្ចុប្បន្ន​នេះ លោក​ឧត្ដម​សេនីយ៍​ផ្កាយ៣ ហ៊ុន ម៉ាណែត កាន់​តួនាទី​ចំនួន៥ នៅ​ជួរ​កងទ័ព ដូច​ជា ​ជា​អគ្គ​មេបញ្ជាការ​រង​កង​យោធពល​ខេមរភូមិន្ទ ជា​មេបញ្ជាការ​កង​ទ័ព​ជើងគោក ជា​មេបញ្ជាការ​កង​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម និង​ជា​មេបញ្ជាការ​រង​កង​អង្គរក្ស​លោក ហ៊ុន សែន និង​ជា​នាយ​រង​សេនាធិការ​ចម្រុះ​នៃ​កង​យោធពល។

ការ​ដំឡើង​តួនាទី​លោក ហ៊ុន ម៉ាណែត ឲ្យ​កាន់​តួនាទី​ច្រើន​ស្អេកស្កះ​នេះ ធ្វើ​ឡើង​នៅ​មុន​ពេល​បោះ​ឆ្នោត​អាណត្តិ​ទី៦ ឆ្នាំ២០១៨ នៅ​ក្រោយ​ពី​របប​ឯក​បក្ស​បាន​រំលាយ​គណបក្ស​ប្រឆាំង​ចោល។ លោក ហ៊ុន សែន មិន​ត្រឹម​តែ​រំលាយ​គណបក្ស​ប្រឆាំង​ចោល និង​ដក​សិទ្ធិ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ឲ្យ​ចូលរួម​នយោបាយ​ប៉ុណ្ណោះ​ទេ លោក​ថែម​ទាំង​មិន​ទុក​ចិត្ត​លើ​មន្ត្រី​ជាន់​ខ្ពស់​យោធា ដែល​ធ្លាប់​ជា​មនុស្ស​ជំនិត​របស់​លោក​ទៀត​ផង។  អ្នក​វិភាគ​លើក​ឡើង​ថា ការ​ដក​តួនាទី​មន្ត្រី​ជំនិត​របស់​លោក​មួយ​ចំនួន​នេះ ក៏​ជា​យុទ្ធសាស្ត្រ​ក្នុង​ការ​ពង្រឹង​អំណាច​ត្រកូល ហ៊ុន របស់​លោក​ដែរ ព្រោះ​ថា អ្នក​ទាំង​នេះ​អាច​ជា​ឧបសគ្គ​នៅ​ពេល​លោក​ផ្ទេរ​អំណាច​ឲ្យ​កូន​របស់​លោក​នៅ​ពេល​ខាង​មុខ។ មន្ត្រី​ជាន់​ខ្ពស់​យោធា​ចំនួន ៣រួប ដែល​លោក ហ៊ុន សែន ដក​តួនាទី​នោះ​មាន លោក ប៉ុល សារឿន ដក​ចេញ​ពី​អគ្គ​មេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ។  លោក គន់ គីម អតីត​អគ្គ​មេបញ្ជាការ​រងនៃ​យោធពល​ខេមរភូមិន្ទ និង​លោក មាស សភា ដកចេពី ចេញ​ពី​អគ្គ​មេបញ្ជាការ​រង និង​ជា​មេបញ្ជាការ​កងទ័ព​ជើង​គោក។ អ្នក​ទាំង​បី​នាក់​នេះ លោក ហ៊ុន សែន ឲ្យ​ទៅ​បម្រើ​ការ​នៅ​ស្ថាប័ន​នយោបាយ​ជំនួស​វិញ ហើយ​តួនាទី​របស់​ពួក​គេ​ត្រូវ​ប្រគល់​ឲ្យ​លោក ហ៊ុន ម៉ាណែត។

លោក គឹម សុខ លើក​ឡើង​ថា ការ​តែងតាំង​លោក ហ៊ុន ម៉ាណែត ឲ្យ​មាន​រាប់​មិន​អស់​នេះ គឺ​ជា​សេណារីយ៉ូ ដែល​លោក ហ៊ុន សែន ត្រូវ​ពង្រឹង​កង​កម្លាំង​ទ័ព​ជា​មុន ដើម្បី​ត្រៀម​ស្កាត់​អ្នក​ជំទាស់ នៅ​ពេល​វេលា​សម​ស្រប​ណា​មួយ ដែល​លោក​នឹង​អាច​ផ្ទេរ​អំណាច​ឲ្យ​លោក ហ៊ុន ម៉ាណែត បាន​នៅ​ពេល​ខាង​មុខ៖ «»

ទាក់ទង និង​បញ្ហា​នេះ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់​លើក​ឡើង​ថា យ៉ាង​ហោច​ណាស់​លោក ត្រូវ​ដឹក​នាំ​ប្រទេស ១០ឆ្នាំ​ទៀត​ដែរ។ ចំពោះ​ការ​តែងតាំង​កូន​របស់​លោក​ឲ្យ​មាន​តួនាទី​ខ្ពង់ខ្ពស់​វិញ លោក​អះអាង​ថា ដោយសារ​តែ​កូន​របស់​លោក រៀន​បាន​សញ្ញាប័ត្របណ្ឌិត។ ក្រៅ​ពី​នេះ​ទៀត លោក ហ៊ុន សែន អះអាង​ថា លោក​នៅ​មាន​កូន និង​ចៅ​ជា​ច្រើន​ទៀត ដែល​ជា​ត្រកូល ហ៊ុន មាន​តួនាទី​តំាង​ពី​ថ្នាក់​មូលដ្ឋាន ដល់​ថ្នាក់​ដឹក​នាំ​កំពូល៖ «»

ទោះ​បី​ជា​លោក ហ៊ុន សែន បាន​ប្រុងប្រៀប​រៀប​ជើង​ព្រួល ដើម្បី​ផ្ទេរ​អំណាច​ឲ្យ​កូន​ចៅ​ត​ពូជ​មិន​ខុស​ពី​ផ្ដាច់​ការ​មួយ​ចំនួន​នៅ​លើ​ពិភព​លោក​ក្ដី ក៏​ក្រុម​យុវជន និង​អ្នក​វិភាគ​នៅ​តែ​មាន​ក្ដី​សង្ឃឹម​ថា ផែនការ​របស់​លោក ហ៊ុន សែន អាន​នឹង​មិន​រលូន​ទៅ​មុខ​ឡើយ មិន​ខុស ពី​អតីត​មេ​ដឹក​នំា​នៅ​អាស៊ាន លោក​សូហាតូ (Suharto Sukarno) និង ហ្វើឌីណង់ ម៉ាកូស (Ferdinand Marcos) ដែល​អតីត​មេ​ដឹក​នាំ​ទាំង​ពីរ​បាន​អំណាច​ផ្ដាច់ការ និង​ប្រើ​កងកម្លាំង​យោធា ដើម្បី​ការពារ​អំណាច​របស់​ខ្លួន​ដូច​ដែល​លោក ហ៊ុន សែន កំពុង​តែ​អនុវត្ត​សព្វថ្ងៃ​នេះ​ដូច្នោះ តែ​នៅ​ទីបំផុត​ទៅ ដោយសារតែ​កម្លាំង​មហាជន​ពុះកញ្ជ្រោល​ចង់​ផ្លាស់ប្ដូរ ព្រោះតែ​រង​ការឈឺចាប់ អត់ទ្រាំ និង​ការ​គាប​សង្កត់ និង​អំពើ អយុត្តិធម៌​សង្គម ពុករលួយ​ជា​ប្រព័ន្ធ ពលរដ្ឋ​ឥណ្ឌូនេស៊ី បាន​ធ្វើ​បដិវត្តន៍​ទម្លាក់​មេ​ដឹក​នាំ​ផ្ដាច់ការ សូហាតូ បាន​សម្រេច​នៅ​ក្នុង​ឆ្នាំ១៩៩៨។

ចំពោះ​នៅ​កម្ពុជា​វិញ លោក គឹម សុខ អះអាង​ថា បើ​ទោះ​បី​ជា​ពលរដ្ឋ​មិន​ហ៊ាន​ងើប​បះបោរ​ដូច​នៅ​ប្រទេស​ហ្វីលីពីន និង​ឥណ្ឌូនេស៊ី​បែប​នេះ​ក្ដី ក៏​មិន​មាន​ន័យ​ថា លោក ហ៊ុន ម៉ាណែត អាច​ឈរ​ជើង​គ្រប់គ្រង​យោធា​បាន​រឹងមាំ​ដែរ បើ​សិន​ជា​អត់​ពី​ឪពុក​លោក​នោះ ពីព្រោះ​ថា កម្លាំង​ផ្ទៃ​ក្នុង​បក្ស​កាន់​អំណាច​អាច​នឹង​ងើប​ឡើង​ត​តាំង​ជំទាស់​នឹង​ផែនការ​ផ្ទេរ​អំណាច​ត​ពូជ​វង្ស​ត្រកូល​នេះ​ជា​មិន​ខាន៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល