អ្នកវិភាគនយោបាយមើលឃើញថា ការសោយរាជ្យរបស់ព្រះមហាក្សត្រ ១៥ឆ្នាំមកនេះ គឺស្ថិតក្រោមសម្ពាធលោក ហ៊ុន សែន គ្រប់ជំហាន ព្រោះរបបក្រុងភ្នំពេញមិនចង់ឲ្យព្រះអង្គធ្វើព្រះរាជសកម្មភាពចុះជួបប្រជារាស្ត្រ និងសម្របសម្រួលនយោបាយឡើយ។
អ្នកវិភាគនយោបាយ ដែលកំពុងរស់នៅនិរទេសខ្លួននៅប្រទេសហ្វាំងឡង់ លោក គឹម សុខ អះអាងថា រយៈពេល ១៥ឆ្នាំមកនេះ ព្រះមហាក្សត្រមានព្រះរាជបំណងដាក់រាជ្យច្រើនដងហើយ ដោយសាររបបក្រុងភ្នំពេញខ្ទាស់ទ្រង់គ្រប់ជំហាន។ លោកថា របបលោក ហ៊ុន សែន មិនចង់ឲ្យព្រះមហាក្សត្រចុះជួបប្រជារាស្ត្រ ឬចេញព្រះភក្ត្រសម្របសម្រួលនយោបាយឡើយ ព្រោះខ្លាចទ្រង់កើនប្រជាប្រិយភាព ស្របពេលពលរដ្ឋមិនពេញចិត្តរបបក្រុងភ្នំពេញ។
អ្នកវិភាគនយោបាយ ដែលរិះគន់របបក្រុងភ្នំពេញឥតសំចៃមាត់រូបនេះ បន្តថា របៀបដោះស្រាយបញ្ហានយោបាយ របស់ព្រះមហាក្សត្រ ខុសពីអ្នកនយោបាយ ព្រោះអ្នកនយោបាយចូលចិត្តនិយាយច្រើនជាងធ្វើ ចំណែកព្រះអង្គ តែងធ្វើលិខិត និងសម្របសម្រួល ជាមួយរបបក្រុងភ្នំពេញជានិច្ច ដើម្បីដោះស្រាយវិបត្តិនយោបាយ ក្នុងរាជ្យព្រះអង្គ ១៥ឆ្នាំកន្លងមកនេះ។ លោក ថា ព្រះរាជកិច្ច ដែលមានចែងក្នុងច្បាប់ គឺព្រះអង្គ បានបំពេញគ្មានចន្លោះទេ តែរបបលោក ហ៊ុន សែន ទេ ដែលបដិសេធ លើព្រះរាជ្យសកម្មភាពរបស់ព្រះអង្គ និងដាក់សម្ពាធលើព្រះអង្គជារឿយៗ ធ្វើឲ្យព្រះអង្គ ឈឺព្រះទ័យ រហូតមក។ លោក គឹម សុខ អះអាងថា ព្រះបាទនរោត្តម សីហនុ ជាអ្នកទម្លាយថា ព្រះអង្គ សីហមុនី ចង់ដាក់រាជ្យតាំងពីទ្រង់ឡើងសោយរាជ្យដំបូងមកម្ល៉េះ តែដោយសារព្រះបាទនរោត្ដមសីហនុ អង្វរ និងស្នើសុំទ្រង់ ឲ្យគិតគូរពីប្រទេសជាតិ ទើបព្រះអង្គ បន្តសោយរាជ្យ ១៥ឆ្នាំមកនេះ ។ ឯការសម្របសម្រួលនយោបាយផ្ទៃក្នុងវិញ ទ្រង់មិនបានទម្លាយជាសាធារណៈទេ គឺមានតែមនុស្សស្និទ្ធនឹងរាជានិយមទើបដឹងរឿងនេះ៖ « ព្រះអង្គជាស្ដេចស្មោះត្រង់ ហើយប្រឹងប្រែងខ្លាំងណាស់។ ក៏ប៉ុន្តែស្ថិតក្រោមសម្ពាធនៃអ្នកនយោបាយ ដែលគេគិតតែពីអំណាចរបស់ខ្លួន។ ព្រះករុណាបច្ចុប្បន្នធ្លាប់ព្យាយាមលាលែងពីរាជ្យបល្ល័ង្កច្រើនដងហើយ។ តាមដែលខ្ញុំដឹង នៅពេលដែលព្រះករុណាព្រះបិតា នរោត្តម សីហនុ ពេលដែលព្រះអង្គមានព្រះជន្ម ព្រះអង្គបានទម្លាយថា រឿងនេះ ព្រះអង្គជាអ្នកទប់កុំឲ្យព្រះមហាក្សត្របច្ចុប្បន្ន ព្រះអង្គលាលែង។ តាមពិតព្រះអង្គមិនសព្វព្រះហរទ័យ ជាតួនាទី នឹងព្រះមហាក្សត្រទេ។ អ្វី ដែលព្រះអង្គសព្វព្រះហរទ័យ គឺបេសកកម្មជួយប្រជារាស្ត្រ នៅពេលដែលព្រះអង្គជួយប្រជារាស្ត្រមិនបាន តាមព្រះទ័យរបស់ព្រះអង្គ ព្រះអង្គធ្លាប់ព្យាយាមលាលែងជាច្រើនដងដែរ។ ក៏ប៉ុន្តែបើព្រះអង្គលាលែង តើស្ថានភាពប្រទេសជាតិនោះ វាកាន់តែធ្ងន់ធ្ងរដល់កម្រិតណាទៅ»។
លោក គឹម សុខ អះអាងបែបនេះ ក្នុងឱកាសគម្រប់ខួប១៥ឆ្នាំ នៃការឡើងគ្រងរាជ្យសម្បត្តិរបស់ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ដែលព្រះអង្គបានឡើងគ្រងរាជ្យ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤ កន្លងទៅ។
ការអះអាងរបស់លោក គឹម សុខ ដែលថា ព្រះមហាក្សត្រ ព្រះករុណាព្រះបរមនាថ នរោត្តម សីហមុនី ព្រះអង្គតែងចង់ដាក់រាជនោះ ទ្រង់ ស៊ីសុវត្ថិ ធម្មិកោ អតីតលេខាធិការផ្ទាល់ព្រះមហាក្សត្រ នរោត្តម សីហនុ បញ្ជាក់ប្រាប់អាស៊ីសេរីថា ព្រះមហាក្សត្របច្ចុប្បន្នពិតជាមានបំណងចង់ដាក់រាជប្រាកដមែន៖ « ព្រះករុណាព្រះបរមរតនកោដិពេលនៅពេលដែលព្រះអង្គនៅមានព្រះជន្មនៅឡើយ លោកឧស្សាហ៍មានព្រះរាជឱង្ការហើយថា កូនលោក ព្រះករុណា សីហមុនី លោកមិនចង់សោយរាជ្យប៉ុន្មានទេ ហើយលោកចង់លាលែងប៉ុន្មានដង ហើយខ្ញុំសូមបញ្ជាក់ថា ព្រះករុណាព្រះបរមរតនកោដិលោកបានមានព្រះរាជឱង្ការដែរ។ ប៉ុន្តែចំពោះខ្ញុំទៅវិញ ខ្ញុំជាសាក្សី ថា មានមួយពេលៗ ព្រះករុណាព្រះបរមនាថ នរោត្តម សីហមុនី លោក ធុញទ្រាន់ពេកទៅ លោកសព្វព្រះហឫទ័យដាក់រាជ្យនោះដែរ។ មូលហេតុមកពីអ្វី មកពីមួយពិភពលោកជាសាក្សីតាំងពីលោកគ្រងរាជ្យថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤ ព្រះករុណា សីហមុនី មិនដែលចេញព្រះរាជសារម្ដងទេ » ។
អាស៊ីសេរីមិនអាចសុំការបញ្ជាក់អំពីរឿងនេះ ពីអ្នកនាំពាក្យរបបក្រុងភ្នំពេញ លោក ផៃ ស៊ីផាន បានទេ នៅថ្ងៃទី២៨ តុលា ដោយសារទូរស័ព្ទរោទ៍គ្មានអ្នកលើក។
ទោះជាយ៉ាងណា ក្នុងរាជ្យព្រះបាទ នរោត្តម សីហមុនី រយៈពេល ១៥ឆ្នាំមកនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រើភាសាដែលអ្នកសង្កេតការណ៍យល់ថា ជាការគំរាម និងប្រមាថព្រះមហាក្សត្រ ២លើកហើយ។ កាលឆ្នាំ២០០៥ លោក បានព្រមានរំលាយរបបរាជានិយមចោល បើព្រះមហាក្សត្រមិនព្រមឡាយព្រះហស្តលេខាលើសន្ធិសញ្ញាបំពេញបន្ថែមព្រំដែនកម្ពុជាវៀតណាម។ នៅខែធ្នូ ឆ្នាំ២០១៨ លោក ហ៊ុន សែន ប្រមាថព្រះមហាក្សត្រម្ដងទៀត គឺ និយាយក្នុងន័យថា ព្រះបិតា ព្រះមាតា របស់ព្រះមហាក្សត្រ ក៏លោកមិនព្រឺឆ្អឹងខ្នងដែរ៖ « ជាមួយខ្ញុំ គឺកុំនិយាយឲ្យសោះ ឪស្ដេច ម៉ែស្ដេច ក៏ខ្ញុំដាក់ដែរ »។
ក្នុងរាជ្យព្រះបរមនាថ នរោត្តម សីហមុនី រយៈពេល ១៥ឆ្នាំនេះ កើតមានវិវាទនយោបាយធ្ងន់ធ្ងរជាច្រើនដង។ វិវាទទាំងនោះ ដូចជា ជម្លោះគណបក្សកាន់អំណាច ជាមួយគណបក្ស សម រង្ស៊ី នៅឆ្នាំក្រោយបោះឆ្នោត ឆ្នាំ២០០៨ និងជម្លោះនយោបាយក្រោយបោះឆ្នោតឆ្នាំ២០១៣ រវាងគណបក្សប្រជាជនកម្ពុជា ជាមួយគណបក្សសង្គ្រោះជាតិ។ កាលពីឆ្នាំ២០១៤ ព្រះមហាក្សត្រធ្លាប់បានកោះហៅ ភាគីជម្លោះនយោបាយចូលគាល់ ក្នុងព្រះបរមរាជវាំង ដើម្បីដោះស្រាយវិវាទកាលណោះ ប៉ុន្តែនៅតែមិនត្រូវរ៉ូវគ្នាដដែល។ ការកោះហៅចូលគាល់កាលណោះ ធ្វើឡើងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤ ដោយមានតំណាងម្ខាង ៣នាក់។
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី វិញ ក៏យល់ថា ព្រះមហាក្សត្រស្ថិតក្រោមសម្ពាធលោក ហ៊ុន សែន ដែរ។ លោក សម រង្ស៊ី ថា វិបត្តិនយោបាយនៅកម្ពុជា ត្រូវការជាចាំបាច់នូវអន្តរាគមន៍ពីសហគមន៍អន្តរជាតិ ព្រោះមិនអាចពឹងពាក់លើការសម្របសម្រួលពីព្រះមហាក្សត្រទេ ដោយសាររបបលោក ហ៊ុន សែន បានចាប់ព្រះអង្គគំរាម រួចទៅហើយ៖ « អ្នកដែលរស់នៅលើទឹកដីប្រទេសកម្ពុជា គឺជាចំណាប់ខ្មាំងរបស់ ហ៊ុន សែន។ សូម្បីព្រះមហាក្សត្ររបស់យើង ក៏ជាចំណាប់ខ្មាំងរបស់ ហ៊ុន សែន។ ដូច្នេះលោកអត់ហ៊ានធ្វើអ្វីទេ លោកខ្លាច ហ៊ុន សែន លោកចង់តែរក្សារាជ្យបល្ល័ង្កលោក។ ដូច្នេះ យើងទុកព្រះអង្គមួយអន្លើទៅ យើងមិនអាចរំពឹងព្រះមហាក្សត្រ ដែលជាអាយ៉ងរបស់ ហ៊ុន សែន ដូចសព្វថ្ងៃទេ»។
ក្រោយការលើកឡើងនេះ លោក សម រង្ស៊ី ត្រូវបានតុលាការរបបលោក ហ៊ុន សែន ចោទប្រកាន់ថា បានប្រមាថព្រះមហាក្សត្រ។
រដ្ឋធម្មនុញ្ញ បានចែងអំពីព្រះរាជតួនាទីថ្វាយព្រះមហាក្សត្រ ជាអ្នកផ្សះផ្សាជាតិ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ បូរាណភាពទឹកដី ការគោរពសិទ្ធិ សេរីភាពរបស់ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិជាដើម។ លោក គឹម សុខ ថា របបក្រុងភ្នំពេញ ចែងច្បាប់ប្រគល់ព្រះរាជតួនាទីថ្វាយព្រះមហាក្សត្រតែសម្បកទេ ព្រោះអំណាចពិតប្រាកដ ស្ថិតក្នុងកណ្ដាប់ដៃរបស់មេដឹកនាំ របបក្រុងភ្នំពេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។