ពលរដ្ឋ និងអ្នកវិភាគផ្តើមរម្លឹកថា អតីតព្រះមហាក្សត្រ នរោត្តម សីហនុ ជាតួអង្គសំខាន់នៃការផ្សះផ្សាជាតិ

ពលរដ្ឋ និងអ្នកវិភាគនៅតែចងចាំ និងរម្លឹកពីស្នាព្រះហស្ថរបស់អង្គសម្តេចឪព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ថា ទ្រង់ជាអ្នកនយោបាយលេចធ្លោ និងអ្នកជាតួអង្គសំខាន់ក្នុងការបង្រួបបង្រួមជាតិ។ ការលើកឡើងបែបនេះ ខណៈខួប ៧ឆ្នាំនៃការយាងសោយទិវង្គតរបស់ព្រះអង្គ នឹងត្រូវប្រារព្ធនៅថ្ងៃទី១៥ ខែតុលានេះ។
ពលរដ្ឋនិងអ្នកវិភាគយល់ឃើញស្រដៀងគ្នាថា ការបាត់បង់សម្តេចសីហនុជាការបាត់បង់តួអង្គដ៏សំខាន់ និងមានឥទ្ធិពលក្នុងការសម្របសម្រួលនយោបាយនៅក្នុងប្រទេសកម្ពុជា។
អ្នកវិភាគនយោបាយចាស់វស្សាបណ្ឌិត ឡៅ ម៉ុងហៃ ដែលបានទុកពុកមាត់ និងពុកចង្ការដើម្បីទុកជាអានុស្សាវីរីយ៍រវាងលោក និងអង្គសម្តេចឪបានកត់សម្គាល់ថា សម្តេចព្រះនរោត្តម សីហនុ មានចំណេះដឹងជ្រៅជ្រះអំពីកិច្ចការនយោបាយទាំងក្នុងប្រទេស និងអន្តរជាតិ ហើយព្រះអង្គក៏ជាតួអង្គសម្របសម្រួលនយោបាយយ៉ាងសំខាន់ផងដែរ៖ «លោកចេះដឹងយល់នយោបាយក្នុងប្រទេសក្រៅប្រទេសច្បាស់លាស់ណាស់ ហើយបានអនុវត្តការគ្រប់គ្រងរដ្ឋ គឺមានបទពិសោធន៍ គឺមានបទពិសោធន៍ច្រើនណាស់ដែលអ្នកផ្សេងទៀតគួរតែរៀនសូត្រពីព្រះអង្គ»។
លោកបណ្ឌិត ឡៅ ម៉ុងហៃ យល់ថា ការអូសបន្លាយវិបត្តនយោបាយនៅកម្ពុជាច្រើនឆ្នាំមកនេះ ព្រោះកម្ពុជាបាត់បង់តួអង្គសម្របសម្រួលដ៏សំខាន់ គឺសម្តេច សីហនុ។ លោកស្នើទៅអ្នកនយោបាយទាំងពីរភាគីគួរវិលរកការចរចាឡើងវិញ ដោយមានព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះ នរោត្តម សីហមុនី ជាអ្នកផ្សះផ្សា៖ «ខ្ញុំបានបង្ហោះជាសាធារណៈ និយាយជាសាធារណៈ និងនិយាយធ្វើអន្តរាគមន៍ជាប្រយោលទេសុំឲ្យព្រះករុណាដើរតួនាទីជាអ្នកផ្សះផ្សាជាតិទៅ អ្នកនយោបាយថ្នាក់ដឹកនាំទាំងអស់គូបដិបក្សបំពេញករណីកិច្ចរបស់ខ្លួននៅក្នុងរដ្ឋធម្មនុញ្ញ ដែលថា អនុវត្តគោលនយោបាយបង្រួបបង្រួមជាតិ»។
ពលរដ្ឋម្នាក់នៅខេត្តព្រៃវែង លោក ថន សុភាព យល់ថា បើសម្តេចព្រះ នរោត្តម សីហនុ នៅមានព្រះជន្ម ទ្រង់នឹងផ្សះផ្សាជម្លោះរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ព្រោះកន្លងមកព្រះអង្គបានចេញព្រះភក្ត្រដោះស្រាយវិបត្តិនយោបាយ ដែលបានកើតឡើងរវាងបក្សប្រជាជនកម្ពុជា និងបក្សហ្វ៊ុនស៊ិនប៉ិច។ ពលរដ្ឋរូបនេះ ស្នើទៅអ្នកនយោបាយទាំងពីរគណបក្សឈប់ចោទប្រកាន់គ្នាថា ក្បត់ជាតិតទៅទៀត៖ «ពោះខ្ញុំផ្ទាល់ក្នុងនាមជាប្រជាពលរដ្ឋមួយរូបចង់ឲ្យព្រះមហាក្សត្រសព្វថ្ងៃចូលរួមផ្សះផ្សារវាងគណបក្សធំៗ ទាំងពីរកុំឲ្យមានការរើសអើង ឬចោទគ្នាក្បត់ជាតិ ព្រោះអីសុទ្ធតែខ្មែរដូចគ្នាទេ»។
ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ បានសោយទិវង្គតកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នៅទីក្រុងប៉េកាំង ប្រទេសចិន ដោយរោគគាំងបេះដូង ក្នុងព្រះជន្ម ៩០ព្រះវស្សា។ នៅក្នុងប្រតិទិនឈប់សម្រាករបស់រដ្ឋាភិបាលកំណត់យកថ្ងៃទី១៥ ខែតុលា ជាថ្ងៃឈប់សម្រាកក្នុងពិធីគម្រប់ខួបនៃការយាងសោយទិវង្គតរបស់ព្រះបរមរតនកោដ្ឋ។
អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ លោក អ៊ឹម បុរិន្ទ ប្រាប់អាស៊ីសេរីថា ពិធីគម្រប់ខួប ៧ឆ្នាំនៃការយាងសោយទិវង្គតរបស់ព្រះបរមរតនកោដ្ឋ ប្រារព្ធដូចឆ្នាំមុនៗ ដែរ គឺមានទាំងពិធីសាសនា និងការដាក់កម្រងផ្កានៅមុខព្រះបរមរូប ដែលស្ថិតនៅក្បែរវិមានឯករាជ្យ។
ប៉ុន្មានថ្ងៃមកនេះ ហ្វេសប៊ុកផេកមួយឈ្មោះ រ៉ូយ៉ាល់ ឌុយ កាំបូដ (Royal du Cambodge) បានម្លឹកពីស្នាព្រះហស្ថ និងស្ថានភាពព្រះរាជអាការរបស់ព្រះបរមរតនកោដ្ឋមុនពេលព្រះអង្គយាងចូលទិវង្គត កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នៅប្រទេសចិន។ ប្រភពដដែលឲ្យដឹងថា អតីតព្រះមហាក្សត្រ សម្តេចព្រះ នរោត្តម សីហនុ ទ្រង់មិនសព្វព្រះទ័យទាល់តែសោះ ចំពោះការមានព្រះរាជឱង្ការ (និយាយ) តាមទូរស័ព្ទជាមួយនរណាម្នាក់ ក៏ប៉ុន្តែទ្រង់បែរជាមានព្រះរាជឱង្ការដោយស្នាមញញឹមជាមួយព្រះរាជបុត្រ គឺបរមនាថ នរោត្តម សីហមុនី ដែលជាការផ្តែផ្តាំចុងក្រោយប៉ុន្មានម៉ោងមុនទ្រង់សោយព្រះទិវង្គត។
ស្នាព្រះហស្ថសំខាន់ៗ របស់ព្រះ នរោត្ដម សីហនុ ដែលចារទុកក្នុងប្រវត្តិសាស្រ្ត គឺការទាមទារឯករាជ្យពីបារាំង ទាមទារប្រាសាទព្រះវិហារពីប្រទេសថៃ ធ្វើឲ្យសេដ្ឋកិច្ចប្រទេសមានការរីកចម្រើនខ្លាំងក្នុងពេលព្រះអង្គដឹកនាំប្រទេស និងបង្កើតឱ្យមានកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលាបញ្ចប់សង្គ្រាមស៊ីវិលរ៉ាំរ៉ៃនៅកម្ពុជាជាដើម ប៉ុន្តែព្រះអង្គក៏មានជាប់ពាក់ព័ន្ធដោយផ្ទាល់ជាមួយរបបកម្ពុជាប្រជាធិបតេយ្យ ដែលត្រូវបានចាត់ទុកថា ជារបបវាលពិឃាតនោះផងដែរ
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។