អ្នក​វិភាគ​៖ លោក ហ៊ុន សែន ផ្លាស់​ប្ដូរ​ជំហរ​កសាង​ទំនាក់ទំនង​ការ​ទូត​ជា​មួយ​អាមេរិក​ឡើង​វិញ មិន​ដឹង​ថា​ជា​ឆន្ទៈ​ពិត ឬ​ជា​ល្បែង​នយោបាយ

0:00 / 0:00

អ្នក​វិភាគ​លើក​ឡើង​ថា បើសិន​ជា​លោក ហ៊ុន សែន ងាក​មក​កសាង​ទំនាក់ទំនង​ល្អ​ជា​មួយ​អាមេរិក​ឡើង​វិញ​នោះ គឺ​ជា​រឿង​ល្អ​សម្រាប់​កម្ពុជា​ទាំង​មូល ហើយ​អាច​ចៀស​ផុត​ពី​សម្ពាធ​ពី​ប្រទេស​លោក សេរី។ ក៏​ប៉ុន្តែ​អ្នក​វិភាគ​ព្រមាន​ថា បើ​សិន​ជា​ការ​ប្រកាស​របស់​លោក ហ៊ុន សែន អំពី​ការ​ប្ដេជ្ញា​ចិត្ត​រឹត​ចំណង​ការ​ទូត​ល្អ​ឡើង​វិញ​ជា​មួយ​អាមេរិក​នេះ គ្រាន់​តែ​ជា​ល្បែង​នយោបាយ​វិញ គឺ វា​នឹង​នាំ​ឲ្យ​កម្ពុជា​ធ្លាក់​ទៅ​ក្នុង​វិបត្តិ​សេដ្ឋកិច្ច និង​សង្គម​កាន់​តែ​ធ្ងន់ធ្ងរ។

លោក បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា វា​ជា​កាយវិការ​ល្អ​មួយ ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផ្លាស់ប្ដូរ​ជំហរ​ងាក​មក​ចាប់​ដៃ​ជាមួយ​សហរដ្ឋ​អាមេរិក​ឡើង​វិញ​នេះ ប៉ុន្តែ​បើ​សិន​ជា​ការ​ផ្លាស់​ប្ដូរ​ជំហរ​នេះ គ្រាន់​តែ​ជា​ការ​ទិញ​ពេលវេលា ឬ​ការ​ប្រើប្រាស់​ល្បែង​នយោបាយ​ចាស់ ដូច​ដែល​លោក ហ៊ុន សែន ធ្លាប់​ធ្វើ​នោះ កម្ពុជា​អាច​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច និង​សង្គម​កាន់​តែ​ធ្ងន់ធ្ងរ​ជា​មិន​ខាន៖ «មិន​ទាន់​យឺត​ពេល​ក្នុង​ការ​ផ្លាស់​ប្ដូរ​ជំហរ​ទេ សំខាន់​អ្នក​នយោបាយ​ត្រូវ​មាន​ឆន្ទៈ​ពិត​ប្រាកដ តែ​បើ​សិន​ជា​មិន​មាន​ឆន្ទៈ​ទេ គ្រាន់​តែ​ធ្វើ​ឲ្យ​ល្អ​មើល សម្រាប់​តែ​ទិញ​ពេល​វេលា ឲ្យ​ពលរដ្ឋ​ខ្មែរ​មើល​ឃើញ​ជា​រឿង​ដដែលៗ នោះ ដែល​ពលរដ្ឋ​ខ្មែរ​មើល​ឃើញ ១០ ២០ ឬ ៣០ឆ្នាំ​មក​ហើយ​នោះ វិបត្តិ​នេះ​នឹង​បញ្ចប់​ទេ វា​នឹង​ធូរ​ស្រាល​តែ​មួយ​ពេល​ទេ នឹង​វិល​មក​ដូច​ដើម​វិញ​ជា​មិន​ខាន »

លោក បណ្ឌិត មាស នី បន្ថែម​ថា រដ្ឋាភិបាល​កម្ពុជា​មិន​អាច​កាត់​ផ្ដាច់​ទំនាក់ទំនង​ការ​ទូត​ជាមួយ​បស្ចឹម​ប្រទេស ហើយ​ចាប់​យក​ចិន​តែ​មួយ​នោះ​បាន​ទេ ព្រោះ​ថា ការ​ចាប់​យក​ចិន​តែ​មួយ​នោះ ចិន​ហាក់​គ្មាន​ផ្ដល់​ប្រយោជន៍​អ្វី​ជា​ដុំ​កំភួន​ដល់​កម្ពុជា​ទេ ផ្ទុយ​ទៅ​វិញ​នឹង​ធ្វើ​ឲ្យ​កម្ពុជា​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន​ទៅ​វិញ​ទេ៖ «ជម្រើស​ដែល​រដ្ឋាភិបាល​ដើរ​សព្វ​ថ្ងៃ​នេះ បើ​សិន​ជា​មិន​មាន​ដំណោះ​ស្រាយ​ទេ​នោះ គឺ​លំបាក​ទាំង​ពលរដ្ឋ លំបាក​ទាំង​រដ្ឋាភិបាល និង​គណបក្ស​កាន់​អំណាច​ផង​ដែរ ហើយ​ការ​ចូល​កាន់​តែ​កៀក​ទៅ​រក​ចិន គឺ​ជា​ការ​ភ័យ​ខ្លាច​របស់​ពលរដ្ឋ​ខ្មែរ ដែល​ទាញ​កម្ពុជា​ទៅ​កៀក​របប​កុម្មុយនិស្ត»

លោក ហ៊ុន សែន បាន​ឆ្លើយ​តប​ទៅ​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដួណាល់ ត្រាំ (Donald Trump) ជាលើកដំបូង អំពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​លោក ក្នុង​ការ​រៀបចំ​ឲ្យ​កម្ពុជា​មាន​អភិបាល​កិច្ច​ល្អ និង​កសាង​ទំនាក់ទំនង​ការ​ទូត​ជាមួយ​អាមេរិក ឲ្យ​ល្អ​ឡើង​វិញ គិតចាប់តាំងពីឆ្នាំ២០១៧មក ក្រោយ​ពេល​របប​របស់​លោក រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ចាប់ខ្លួន លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដាក់​ពន្ធនាគារ និង​រៀបចំ​ការ​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ២០១៨ ដែល​សហរដ្ឋ​អាមេរិក ចាត់​ទុក​ថា ជា​ការ​បោះ​ឆ្នោត​មិន​ត្រឹមត្រូវ មិន​សេរី និង​មិន​យុត្តិធម៌ ហើយ​អាមេរិក​ទាមទារ​ឲ្យ​របប​លោក ហ៊ុន សែន ស្ដារ​លទ្ធិប្រជាធិបតេយ្យ ដោះ​លែង​លោក កឹម សុខា និង​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​រស់​ឡើង​វិញ។

ក្រោយ​ពី​លោក ហ៊ុន សែន រៀបចំ​ការ​បោះ​ឆ្នោត​ដោយ​គ្មាន​គណបក្ស​ប្រឆាំង​ចូលរួម និង​បង្កើត​រដ្ឋាភិបាល​ថ្មី ដោយ​ពុំ​មាន​ការ​ទទួល​ស្គាល់​ពី​គណបក្សប្រឆាំង និង សហគមន៍​អន្តរជាតិ​នោះ របប​លោក ហ៊ុន សែន ក៏​ទទួល​រង​សម្ពាធ​ពី​អន្តរជាតិ​ជា​បន្ត​បន្ទាប់។ ពិសេស​របប​នេះ ប្រឈម​នឹង​ការ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​សហភាព​អឺរ៉ុប EBA និង ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​អាមេរិក GSP។ ក៏​ប៉ុន្តែ​លោក ហ៊ុន សែន ធ្លាប់​ប្រកាស​កាល​ពី​ថ្ងៃ​ទី២៩ ខែ​មីនា ឆ្នាំ២០១៩ថា លោក​មិន​ឱន​ក្បាល លិឍ​ជើង​បរទេស ឬ​ដោះ​ដូរ​អ្វី​មួយ ដែល​ធ្វើ​ឲ្យ​បាត់បង់​អធិបតេយ្យ​ឡើយ៖ «បើ​គេ​ឲ្យ​បង់​ពន្ធ​យើង​បង់​ពន្ធ​បាន​ដែរ កុំ​ខ្វល់​ពេក កុំ​ឲ្យ​គេ​មក​ចង្អុល​ក្បាល​យើង ឲ្យ​ធ្វើ​តាម​គេ កុំ​ឲ្យ​គេ​មក​ប្រដៅ​យើង កម្ពុជា​មិន​គួរ​គប្បី​ទទួល​រឿង​បែប​នេះ​ទេ»

លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​វិញ​លើក​ឡើង​ថា បើ​របប​លោក ហ៊ុន សែន ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ​នោះ មិន​មែន​ជា​ការ​ឱន​ក្បាល​ដាក់​បរទេស​នោះ​ទេ ផ្ទុយ​ទៅ​វិញ គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​លោក ដែល​បាន​បំផ្លាញ​ប្រជាធិបតេយ្យ និង​រំលោភ​សិទ្ធិមនុស្ស។ លោក សម រង្ស៊ី អះអាង​ថា នៅ​ដំណាក់​កាល​នេះ លោក ហ៊ុន សែន មិន​អាច​ទិញ​ពេលវេលា ដើម្បី​បោក​បញ្ឆោត​សហគមន៍​អន្តរជាតិ ដូច​ជា អាមេរិក និង​សហភាព​អឺរ៉ុប​បាន​ទៀត​ឡើយ ពី​ព្រោះ​ថា ប្រទេស​ទាំង​នោះ​បាន​ដឹង​អស់​ទៅ​ហើយ​អំពី​ល្បិច​កល​របស់​លោក ហ៊ុន សែន នោះ។ លោក សម រង្ស៊ី មាន​ជំនឿ​ថា បើ​សិន​ជា​លោក ហ៊ុន សែន មិន​ភ្ញាក់​រលឹក និង​គោរព​ឆន្ទៈ​ពលរដ្ឋ​វិញ​ទេ​នោះ របប​ក្រុង​ភ្នំពេញ មិន​អាច​បន្ត​អាយុ​នយោបាយ​បាន​យូរ​អង្វែង​ទៀត​ឡើយ៖ «អាមេរិក​មិន​ឆោត​ចាញ់​បោក ហ៊ុន សែន ទៀត ព្រោះ​លោក ហ៊ុន សែន ពន្យាពេល២៥ឆ្នាំមកហើយ នៅ​ចុង​ឆ្នាំ​នេះ លោក ហ៊ុន សែន នឹង​ដឹង​ស​ខ្មៅ​ហើយ »

កន្លង​មក​លោក ហ៊ុន សែន ធ្លាប់ ប្ដេជ្ញា​នឹង​ដើរ​លើ​គន្លង​ប្រជាធិបតេយ្យ​វិញ​ជា​ច្រើន​ដង​មក​ហើយ ផ្ទុយ​ទៅ​វិញ​លោក​មិន​បាន​ធ្វើ​ដូច​ការ​ប្ដេជ្ញា​ចិត្ត​នោះ​ទេ។ អ្នក​វិភាគ​ចាត់​ទុក​ការ​មិន​គោរព​សន្យា​នេះ ជា​នយោបាយ​ប្រជាភិថុតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។