ក្រុមអ្នកវិភាគលើកឡើងថា លោក ហ៊ុន សែន និងបក្សកាន់អំណាច អាចប្រឈមនឹងការបាត់បង់ការគាំទ្រពីក្រុមយុវជន និងពលរដ្ឋ ប្រសិនបើយុទ្ធនាការចាក់វ៉ាក់សាំងកូវីដបរាជ័យ។ ការលើកឡើងនេះ កើតមានឡើងស្របពេលដែលរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងសម្រុកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ដល់ពលរដ្ឋ ហើយត្រៀមចាក់វ៉ាក់សាំងកូវីដ១៩ដល់កុមារ និងយុវវ័យអាយុចន្លោះពី១២ ដល់ ១៧ឆ្នាំ។
« សូមមាតាបិតា ឬអាណាព្យាបាលនាំកុមារ និងក្មេងជំទង់ដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ ១៧ឆ្នាំ ទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា និងសូមចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ និង ៣ការពារ »។ នេះជាសាររោទ៍ជាសំឡេងដែលគេឯងតែងឮតាមទូរស័ព្ទ ខណៈរដ្ឋាភិបាលលោក ហ៊ុន សែន ត្រៀមបើកយុទ្ធនាការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ក្នុងចំណោមស្រទាប់កុមារ និងយុវវ័យអាយុចន្លោះពី ១២ ដល់ ១៧ឆ្នាំ ចាប់ពីថ្ងៃទី១ ខែសីហា នេះតទៅ ក្រោមយុទ្ធសាស្ត្រ «ផ្ការីក»។
វ៉ាក់សាំងដែលកម្ពុជាសម្រេចយកទៅចាក់លើកុមារក្នុងវ័យនេះ គឺជាវ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) របស់ចិន បើទោះបីជាអង្គការសុខភាពពិភពលោក WHO នៅមិនទាន់ឯកភាពនៅឡើយ លើកលែងតែសម្រាប់មនុស្សចាស់អាយុលើសពី ១៨ឆ្នាំឡើងទៅ។ យុទ្ធនាការចាក់វ៉ាក់សាំងចុងក្រោយនេះ ធ្វើឡើងស្របពេលដែលរដ្ឋាភិបាលអះអាងថា ខ្លួនបានចាក់វ៉ាក់សាំងដល់ពលរដ្ឋនៅទូទាំងប្រទេស បានជិត ៧លាននាក់ គិតត្រឹមថ្ងៃទី២៧ ខែកក្កដា និងខណៈលោក ហ៊ុន សែន ឈានចូលវ័យ ៧១ឆ្នាំ។
អ្នកវិភាគនយោបាយលោក ឯម សុវណ្ណារ៉ា មើលឃើញថា លទ្ធផលនៃយុទ្ធនាការចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាលនេះ នៅមិនទាន់ច្បាស់លាស់នៅឡើយទេ ដោយសារតែគេនៅមិនទាន់ដឹងពិតប្រាកដពីប្រសិទ្ធភាពរបស់វ៉ាក់សាំងចិន។ លោកថា លោក ហ៊ុន សែន និងបក្សកាន់អំណាចអាចនឹងប្រឈមនូវមរតកនយោបាយអវិជ្ជមានជាពិសេសក្នុងចំណោមយុវជនស្រករក្រោយប្រសិនបើយុទ្ធនាការចាក់វ៉ាក់សាំងនេះបរាជ័យ៖ « ដោយសារតែប្រសិទ្ធភាពវ៉ាក់សាំងនេះ យើងអត់ទាន់ដឹងថា មានកម្រិតណា ឬក៏មានការស្រាវជ្រាវកម្រិតណាមួយថា អាចទប់ស្កាត់បានប៉ុណ្ណា ឬក៏អ្នកស្លាប់ទាំងអស់ហ្នុងមានបានចាក់វ៉ាក់សាំង យើងអត់បានបកស្រាយបង្ហាញឱ្យពលរដ្ឋបានដឹងឮទាំងអស់គ្នាទេ។ គឺអត់ទាន់ច្បាស់លាស់ទេ។ ប៉ុន្តែ សម្រាប់យុវជន សម្រាប់ក្មេងៗដែលគាត់ពេញវ័យថ្ងៃក្រោយ ហើយទទួលវ៉ាក់សាំង ប្រសិនបើមានប្រសិទ្ធភាព អាហ្នុងគាត់អាចទទួលបានមរតក។ ប៉ុន្តែប្រសិនបើវ៉ាក់សាំងហ្នុងអត់មានប្រសិទ្ធភាពទេ ខ្ញុំគិតថា មរតកហ្នុង វាមិនបានផលវិជ្ជមានទេ វាទៅជាមានផលអវិជ្ជមានវិញ ... ខ្ញុំគិតថា ការរំពឹងទុកទៅលើការគាំទ្រពីស្រទាប់យុវជនអាចធ្លាក់ចុះ ឬក៏បាត់បង់ »។
រីឯ អ្នកវិភាគនយោបាយលោក គឹម សុខ ដែលកំពុងរស់នៅភៀសខ្លួននៅប្រទេសហ្វាំងឡង់ (Finland) លោកមើលឃើញថា នយោបាយប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩របស់លោក ហ៊ុន សែន កំពុងប្រឈមនឹងបរាជ័យស្របពេលដែលករណីឆ្លងរាលដាលនៃជំងឺកូវីដ១៩នៅកម្ពុជា កំពុងតែកើនឡើងយ៉ាងពេញបន្ទុកទៅហើយ ដោយសារលោក ហ៊ុន សែន មើលស្រាលជំងឺនេះតាំងពីពេលដំបូង៖ «បរាជ័យហ្នុងហើយ គឺជាកេរដំណែលដ៏អាក្រក់របស់លោក ហ៊ុន សែន ដែលបន្សល់ទុកនូវការស្អប់ខ្ពើមពីសំណាក់ប្រជាពលរដ្ឋក្នុងការដឹកនាំរបស់គាត់ ហើយក៏បន្សល់ទុកនូវការភ័យខ្លាចរបស់ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស។ ម៉្លោះហើយអត់មានកេរដំណែលល្អទេ។ ដោយសារតែគ្មានកេរដំណែលល្អហ្នុងហើយទើបលោក ហ៊ុន សែន និយាយថា គាត់មិនយកករណីវ៉ាក់សាំងទៅជាកេរដំណែលហ្នុង គឺមកពីគាត់ដឹងថាបរាជ័យរួចជាស្រេចទៅហើយ។ គាត់ដឹងលទ្ធផលជាមុនពីព្រោះគាត់នៅកាន់ការហ្នុង »។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ដើម្បីសុំប្រតិកម្មតបជុំវិញការលើកឡើងរបស់ក្រុមអ្នកវិភាគទាំងនេះបានទេ ដោយសារលោកពុំលើកទូរស័ព្ទកាលពីយប់ថ្ងៃទី២៧ ខែកក្កដា។ ទោះយ៉ាងណា កាលពីថ្ងៃទី២៤ ខែកក្កដា លោក ហ៊ុន សែន ធ្លាប់ប្រកាសថា កម្ពុជាត្រូវតែរកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចាក់ជូនពលរដ្ឋឱ្យបានជោគជ័យទោះក្នុង «តម្លៃណាក៏ដោយ»។
រដ្ឋាភិបាលរបស់លោក ហ៊ុន សែន គ្រោងសម្រេចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋកម្ពុជាឱ្យបាន ១៣លាននាក់ ស្មើនឹង ៨០ភាគរយ នៃប្រជាជនសរុប ១៦លាននាក់ ក្នុងគោលដៅបង្កើតឱ្យបាននូវភាពស៊ាំក្នុងសហគមន៍។ កម្ពុជាទទួលបានវ៉ាក់សាំងសរុបជិត ១៨លានដូស ក្នុងនោះមានវ៉ាក់សាំងចិនស៊ីណូវ៉ាក់ (Sinovac) និងស៊ីណូហ្វាម (Sinopharm) ជាង ១៦លានដូស ដែលភាគច្រើនកម្ពុជាបានទិញពីចិន និងវ៉ាក់សាំងជាង ៦សែន ៥ម៉ឺនដូសទៀត ជាវ៉ាក់សាំងអាស្ត្រាហ្សេណេកា (AstraZeneca) ជាជំនួយក្រោមគម្រោងកូវ៉ាក់ របស់អង្គការសុខភាពពិភពលោក (WHO)។ មិត្តដែកថែបចិនរបស់លោក ហ៊ុន សែន បានបូមយកលុយពីកម្ពុជាអស់ ប្រមាណជិត ២០០លានដុល្លារ តាមរយៈការលក់វ៉ាក់សាំងទាំងពីរប្រភេទរបស់ ខ្លួននេះមកឱ្យកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។