អ្នកវិភាគ​និង​បក្ស​ប្រឆាំង​ថា លោក ហ៊ុន សែន កាន់អំណាច​កាន់តែ​យូរ​ផ្ដាច់ការ​កាន់តែ​ខ្លាំង

0:00 / 0:00

អ្នកវិភាគ និង​មន្ត្រី​បក្ស​ប្រឆាំង​សង្កេត​ឃើញ​ថា ៣៧​ឆ្នាំ​នៃ​ការ​កាន់អំណាច​របស់​លោក ហ៊ុន សែន នៅតែ​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​មានការ​បង្ហូរ​ឈាម​បន្តបន្ទាប់ និង​បង្ក​បញ្ហា​ដល់​ពលរដ្ឋ​ឥត​ស្រាកស្រាន្ត។ ទោះយ៉ាង​ណា ទីស្ដីការគណៈរដ្ឋមន្ត្រី​បាន​អះអាង​ថា រយៈពេល​៣៧​នេះ លោក ហ៊ុន សែន មាន​ភាព​ឈ្លាសវៃ​ក្នុង​ការ​បញ្ចប់សង្គ្រាម​គ្រប់​ដំណាក់កាល និង​ធ្វើ​ឲ្យ​កម្ពុជា អភិវឌ្ឍន៍​ប្រទេស​គ្រប់​វិស័យ។

អ្នកវិភាគ និង​មន្ត្រី​បក្ស​ប្រឆាំង​លើកឡើង​ថា ការ​ដឹកនាំ​ប្រទេស​របស់​លោក ហ៊ុន សែន ជិត​៤០​នេះ មាន​គុណ​វិបត្តិ​ច្រើន និង​មិនទាន់​អាច​ធ្វើ​ខ្មែរ​អាច​រួបរួម​បាន​គ្នា​នៅ​ឡើយ​ទេ។

អ្នកវិភាគ​នយោបាយ ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ហ្វាំងឡង់ (Finland) លោក គឹម សុខ រិះគន់​ថា លោក ហ៊ុន សែន ជា​មេដឹកនាំ​ប្រទេស​បង្ក​បញ្ហា​ដល់​ពលរដ្ឋ​និង​ប្រទេសជាតិ និង​ហ៊ាន​ធ្វើ​គ្រប់បែបយ៉ាង​ដើម្បី​អាច​ដណ្ដើម​អំណាច​ទាំង​ផ្ទៃក្នុង​បក្ស និង​ជាមួយ​គណបក្ស​ប្រកួតប្រជែង​។ លោក​បន្ត​ថា ៣៧​ឆ្នាំ​ដឹកនាំ​កម្ពុជា លោក ហ៊ុន សែន នៅតែ​ធ្វើ​ឲ្យ​កម្ពុជា​មាន​អនាគត​មិន​ច្បាស់លាស់៖ «ភាព​មិនច្បាស់​លាស់​ហ្នឹង​មិន​សំដៅ​ត្រឹមតែ​ភាព​ហិនហោច​នៃ​ប្រទេសជាតិ​ទេ មិន​សំដៅ​ទុក្ខវេទនា​របស់​ពលរដ្ឋ​ម្ចាស់​ប្រទេស​ទេ ក៏ប៉ុន្តែ សូម្បីតែ​អនាគត​ជីវិត​ទឹកដី​ជាតិ​ថា ថ្ងៃ​ក្រោយ​នឹង​គ្រប់គ្រង​ដោយ​ខ្មែរ ឬ​មិនមែន​នោះ​ក៏​ស្ថិត​ក្នុង​ដំណើរ​គ្រោះ​ដ៏​ធំ​នៅ​ឡើយ ប្រសិន លោក ហ៊ុន សែន នៅតែ​បន្ត​ហួស​៣៧​ឆ្នាំ​ហើយ​ផ្ទេរ​ទៅ​កូនប្រុស​របស់​គាត់​ដោយ​ជោគជ័យ»។

ស្រដៀង​គ្នា​នេះ​ដែរ អ្នក​សិក្សា​ការអភិវឌ្ឍ​សង្គម បណ្ឌិត សេង សារី លើកឡើង​ដែរ​ថា លោក ហ៊ុន សែន បាន​នាំមក​សន្តិភាព​ឲ្យ​កម្ពុជា​មែន តែ​ជា​សន្តិភាព​ដែល​មាន​សង្គ្រាម​និង​កាប់សម្លាប់ ប៉ុន្តែ​មិនមែន​ជា​សន្តិភាព​ដែល​មាន​ការគោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើយ​។ លោក​យល់​ថា បញ្ហា​ទាំងនោះ ទំនង​លោក ហ៊ុន សែន ទុក​ឱកាស​កូនប្រុស​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ដែល​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​បម្រុង​បន្ត​ការងារ​ដែល​លោក​មិនអាច​ធ្វើ​បាន​មក​បំពេញ​ជំនួស៖ «ប្រហែល​គាត់​ (​ លោក ហ៊ុន សែន​ ) គិតថា តួអង្គ​ថ្មី​ក្នុង​កិច្ចការ​នយោបាយ​ទោះបីជា​ត្រូវ​បាន​គេ​រិះគន់​ថា ការ​បន្ត​ពូជ​ក៏ដោយ ប៉ុន្តែ គាត់​គិត​ថា ប្រហែល​អាច​នឹង​ធ្វើ​បាន​ច្រើនជាង​គាត់​ជាពិសេស​ចំណុច​ដែល​គាត់​មិន​អាច​បាន​នោះ​បាទ»។

ទាក់ទង​ការ​លើកឡើង​នេះ វិទ្យុ​អាស៊ីសេរី​មិនអាច​សុំ​ការ​ឆ្លើយតប​ពី​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន និង​លោក ឈឹម ផលវរុណ បានទេ នៅ​ថ្ងៃទី​១៥​មករា​។ ទោះ​យ៉ាងណា ទីស្ដីការគណៈរដ្ឋមន្ត្រី បាន​បង្ហោះ​អត្ថបទ​ទាក់ទង​ខួប​នៃ​ការ​កាន់អំណាច​របស់​លោក ហ៊ុន សែន រយៈពេល​៣៧​នេះ ដោយ​លើក​សរសើរ​ថា លោក ហ៊ុន សែន មាន​ភាព​ឈ្លាសវៃ​ក្នុង​ការ​បញ្ចប់សង្គ្រាម​គ្រប់​ដំណាក់កាល និង​ធ្វើ​ឲ្យ​កម្ពុជា​ទទួល​បាន​ឱកាស​ពេញ​បរិបូរណ៍ ក្នុង​ការ​អភិវឌ្ឍ​ប្រទេសជាតិ។ ។ ប្រភព​ដដែល​ថា រយៈពេល ៣៧​ឆ្នាំ​ក្រោម​ការដឹកនាំ​កម្ពុជា លោក ហ៊ុន សែន បាន​ធ្វើ​ឲ្យ​កម្ពុជា ដែល​ជា​ប្រទេស​ក្រីក្រ​បំផុត ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​នា​ពេល​បច្ចុប្បន្ន។

ទោះយ៉ាងណា មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក ម៉ន ផល្លា ដែល​កំពុង​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស ព្រោះ​វិបត្តិ​នយោបាយ រិះគន់​ថា ការ​ដឹកនាំ​ប្រទេស​របស់​លោក ហ៊ុន សែន បាន​ធ្វើ​ឲ្យ​ឈាម​ខ្មែរ​ហូរ​គ្នា​ពេល​ឈប់​។ លោក​រំលឹក​ថា កាលពី​ជំនាន់​ក​៥ លោក ហ៊ុន សែន បាន​ធ្វើ​តាម​បញ្ជា​វៀតណាម ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​ព្រៃ​ជាន់​មីន​ស្លាប់​អស់​រាប់​ម៉ឺន​នាក់ ក្រោយ​មក​ឆ្នាំ​១៩៩៧ លោក ហ៊ុន សែន ធ្វើ​រដ្ឋប្រហារ ធ្វើ​ខ្មែរ​និង​ខ្មែរ​បង្ហូរឈាម​ម្ដងទៀត ហើយ​នៅ​ចុងក្រោយ​នេះ លោក ហ៊ុន សែន បាន​សម្លាប់​ឆន្ទៈ​ខ្មែរ​អស់​ជិត​ពាក់កណ្ដាល​ប្រទេស​ដោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ៖ «ក្នុង​ការ​ចាត់ចែង​កិច្ចការ​សម្រាប់​ការ​អភិវឌ្ឍ​ជាតិ គឺ​មិន​បាន​ធ្វើ​ឲ្យ​ត្រឹមត្រូវ​ទៅ​តាម​បទដ្ឋាន​ប្រទេស​បច្ចេកទេស​នៃ​ភាព​ជឿនលឿន​នៅ​តាម​បណ្ដា​ប្រទេស​ដែល​នៅ​ជុំវិញ​យើង​នេះ​ទេ មានតែ​បំភិតបំភ័យ ធ្វើទុក្ខបុកម្នេញ ទៅ​លើ​ប្រជាពលរដ្ឋ​ហ៊ាន​ជជែក ហ៊ាន​តស៊ូ​ហ៊ាន​លើកឡើង​ភាព​អវិជ្ជមាន​មេដឹកនាំ»។

លោក ហ៊ុន សែន បាន​ចូល​កាន់​ដំណែង​ជា​នាយករដ្ឋមន្ត្រី កាលពី​ថ្ងៃទី​១៤មករា ឆ្នាំ​១៩៨៥​គឺ​មួយឆ្នាំ​បន្ទាប់ពី​លោក ប៉ែន សុវណ្ណ ត្រូវ​បាន​ចាប់ខ្លួន​នៅ​ពេល​ក្រោយ​មក ដោយសារ​លោក​ប្រឆាំង​នឹង​វៀតណាម ហើយ​លោក ចាន់ ស៊ី ក៏​ត្រូវ​បាន​តែងតាំង​ជំនួស ដែល​ក្រោយ​មក​ក៏​បាន​ស្លាប់​នៅ​ក្នុង​ពេល​កាន់​តំណែង​នៅ​ឆ្នាំ​១៩៨៤​។ របាយការណ៍​អង្គការ យូមែន រ៉ៃត៍ វ៉​ច្ឆ (Human Rights Watch) លើកឡើង​ថា លោក ហ៊ុន សែន ជា​មេដឹកនាំ​ដែល​ឋិត​ក្នុង​តំណែង​តាមរយៈ​ការប្រើប្រាស់​អំពើ​ហិង្សា​ក្នុង​ចេតនា​នយោបាយ​គ្រប់គ្រង​កងកម្លាំងប្រដាប់អាវុធ​គៃបន្លំ​ការបោះឆ្នោត ប្រព្រឹត្ត​អំពើពុករលួយ​ធ្ងន់ធ្ងរ និង​មានការ​គាំទ្រ​ពី​បរទេស​គឺ​រដ្ឋាភិបាល​ទីក្រុង​ហាណូយ​។ របាយការណ៍​រក​ឃើញ​ទៀត​ថា លោក ហ៊ុន សែន បាន​ពាក់ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិមនុស្ស​ដ៏​ធ្ងន់ធ្ងរ​ទៅវិញ រួមមាន​អំពើ​កាប់សម្លាប់​ក្រៅច្បាប់ ទារុណកម្ម ការ​ចាប់​ឃុំខ្លួន ត្រួតត្រា រារាំង​សេរីភាព​សមាគម ការ​ជួប​ប្រជុំ និង​ការបង្កើត​បណ្ដាញ​ស៊ើប​ការ រាយការណ៍​នៅ​ពេញ​ប្រទេស ក្នុង​គោលបំណង​បំភិតបំភ័យ បំភ័ន្ត​សាធារណៈ​មតិ​។ យុទ្ធសាស្ត្រ​ចម្បង​ជាងគេ​របស់​លោក ហ៊ុន សែន គឺ​ការ​គំរាមកំហែង និង​ប្រើប្រាស់​កម្លាំង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។