អ្នកវិភាគ និងធ្វើការងារផ្នែកបោះឆ្នោតជំរុញទៅរដ្ឋាភិបាលបើកលម្អប្រជាធិបតេយ្យឡើងវិញដោយបង្កបរិយាកាសឲ្យគណបក្សសង្គ្រោះជាតិចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតឆ្នាំ២០២២ និងឆ្នាំ២០២៣ ដើម្បីឲ្យមានសំឡេងពហុបក្សនៅក្នុងរដ្ឋសភាឡើងវិញ។
អ្នកវិភាគ និងធ្វើការងារផ្នែកបោះឆ្នោតលើកឡើងថា រដ្ឋាភិបាលជាតួអង្គសំខាន់ក្នុងការធ្វើឱ្យកម្ពុជាមានវត្តមានគណបក្សប្រឆាំងឡើងវិញ។
ការឡើងឡើងបែបនេះរបស់អ្នកឃ្លាំមើលនយោបាយ ខណៈគណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងដែលមានកម្លាំងប្រហាក់ប្រហែលនិងគណបក្សកាន់អំណាចនោះ ត្រូវបានរបបលោកហ៊ុន សែន រំលាយអស់រយៈពេល ៤ ឆ្នាំមកហើយ។
អ្នកសម្របសម្រួលផ្នែកអង្កេតរបស់អង្គការឃ្លាំមើលការបោះឆ្នោតខុមហ្វែ្រល (COMFREL)លោក កន សាវាង្ស លើកឡើងថា ការរំលាយគណបក្សប្រឆាំងដែលមានកម្លាំងគាំទ្រជាង៤០% នៃអ្នកបោះឆ្នោត ជាសញ្ញាបញ្ជាក់ថា កម្ពុជាដើរឆ្ងាយពីផ្លូវប្រជាធិបតេយ្យ និងបានធ្វើឱ្យក្រុមប្រឹក្សាឃុំសង្កាត់បាត់បង់សិទ្ធិ បើទោះជាសិទ្ធិអំណាចទាំងនោះបានមកពីប្រជាពលរដ្ឋផ្តល់ឱ្យតាមច្បាប់ក្ដី។ មន្ត្រីសង្គមស៊ីវិលរូបនេះយល់ថា រដ្ឋាភិបាលត្រូវមានទំនួលខុសត្រូវក្នុងការដោះស្រាយបញ្ហា ពីការបាត់បង់ឆន្ទៈប្រជាពលរដ្ឋ និងគួរតែស្ដារលទ្ធិប្រជាធិបតេយ្យ តាមរយៈការបើកឱ្យមានការប្រកួតប្រជែងដោយសេរីឡើងវិញពីគ្រប់ភាគី៖ «អញ្ចឹងតម្រូវឲ្យរដ្ឋាភិបាលពិនិត្យមើលឡើងវិញ ពិសេសភាគីពាក់ព័ន្ធទាំងអស់ដើម្បីឲ្យស្ថានភាពប្រកួតខាងមុខហ្នឹងប្រកបដោយស្មើភាពគ្នា»។
ស្រដៀងគ្នានេះដែរ អ្នកវិភាគនយោបាយបណ្ឌិត សេង សារី លើកឡើងថា រដ្ឋធម្មនុញ្ញ បានចែងថា ប្រទេសកម្ពុជាប្រកាន់យករបបប្រជាធិបតេយ្យសេរីពហុបក្ស ជាងនេះទៅទៀតអ្នកដឹកនាំអំណាច ពេលរដ្ឋាភិបាលឡើងកាន់អំណាច ពួកគេតែងស្បថសច្ចាប្រណិធានថា គោរពតាមរដ្ឋធម្មនុញ្ញ។ អ្នកវិភាគរូបនេះ យល់ថា ទោះអ្នកនយោបាយមានជម្លោះបែបណាក្ដី ប៉ុន្តែគួរដល់ពេលចរចាសម្របសម្រួលនយោបាយឡើងវិញ។ លោកបន្តថា គូរជម្លោះនយោបាយទាំងពីរគួរជ្រើសយកផ្លូវកណ្ដាលមួយដោយគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិផ្ដល់តម្លៃឲ្យគ្នាទៅវិញទៅមក៖ «គណបក្សកាន់អំណាចនៅពេលគាត់និយាយពីប្រជាធិបតេយ្យបែបគាត់ គឺប្រជាធិបតេយ្យដែលគ្មានគណបក្សសង្គ្រោះជាតិ ហើយកន្លងមកយើងឃើញហើយគណបក្សសង្គ្រោះជាតិដែលអាចនិយាយបានជាប្រជាធិបតេយ្យសឹងតែគ្មានគណបក្សកាន់អំណាច។ អញ្ចឹងទាល់តែមានការជជែកគ្នាមិនអាចមានមួយអត់មួយទេព្រោះកម្លាំងនៃការគាំទ្រប្រហាក់ប្រហែលគ្នា»។
មាត្រា១នៃរដ្ឋធម្មនុញ្ញចែងថា ប្រទេសកម្ពុជាដែលមានព្រះមហាក្សត្រទ្រង់ប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងគោរពតាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។
ទោះយ៉ាងណា ក្រោយរបបក្រុងភ្នំពេញរំលាយគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ២០១៧ កម្ពុជាបានក្លាយជារបបឯកបក្សដោយស្ថាប័នជាតិទាំងអស់ត្រូវបានគណបក្សប្រជាជនកម្ពុជាដឹកនាំផ្ដាច់មុខ។
បណ្ឌិត សេង សារី សង្កេតឃើញថា រយៈពេល៤ឆ្នាំដែលគណបក្សប្រជាជនកម្ពុជាដឹកនាំបែបជិះសេះលែងដៃបែបនេះ ធ្វើឲ្យធនធានធម្មជាតិរងការបំផ្លាញនិងសិទ្ធិសេរីពលរដ្ឋរងការរិតត្បិតធ្ងន់ធ្ងរ៖ «បណ្ដាអង្គការសង្គមស៊ីវិលសហគមន៍អឺរ៉ុបក៏និយាយឲ្យកម្ពុជាងាកមកលទ្ធិប្រជាធិបតេយ្យការគោរពសិទ្ធិមនុស្សអីជាដើម ប៉ុន្តែអ្វីដែលសំខាន់នៅពេលសង្គ្រោះជាតិអវត្តមាន៤ឆ្នាំឃើញថា គណបក្សប្រជាជនជិះសេះលែងដៃធ្វើអីដោយលែងខ្វល់ពីការរិះគន់»។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន និយាយថា បក្សកាន់អំណាចអាចដឹកនាំប្រទេសដោយមានការគាំទ្រពីពលរដ្ឋ តាមរយៈការបោះឆ្នោត។ លោកថា ទោះពេលនេះគ្មានគណបក្សសង្រ្គោះជាតិក៏មានគណបក្សនយោបាយជាង២០ទៀត កំពុងធ្វើសកម្មភាព។ អ្នកនាំពាក្យដដែលចាត់ទុកថា គណបក្សសង្គ្រោះជាតិបានក្លាយទៅជាខ្មោចទៅហើយ គឺមិនអាចរស់ឡើងវិញបានទេ៖ «គណបក្សធំតូចចាស់ខ្ចីអីសុទ្ធតែស្មើភាពគ្នាចំពោះមុខច្បាប់តាមមិនមែនគណបក្សប្រឆាំងដែលងាប់ទៅថា ធំជាងគេគ្មានអ្នកណាប្រៀបបានឯណា»។
តុលាការកំពូលនៃរបបក្រុងភ្នំពេញបានប្រកាសរំលាយគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមបំណងរបស់លោក ហ៊ុន សែន ដោយចោទប្រធានគណបក្សប្រឆាំងនេះគឺ លោក កឹម សុខា ថា ក្បត់ជាតិ។ តុលាការកំពូល ក៏បានហាមឃាត់សិទ្ធិថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិចំនួន ១១៨នាក់ មិនឱ្យធ្វើនយោបាយរយៈពេល ៥ឆ្នាំ។
ការវិវឌ្ឍស្ថានការណ៍មកដល់ពេលនេះយ៉ាងហោចណាស់មន្ត្រីជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិជាង២០នាក់ដែលជាប់បម្រាម បានសុំសិទ្ធិធ្វើនយោបាយឡើងវិញ និងមានគណបក្សគណបក្សនយោបាយជាងតិច៧បក្សដែលកើតចេញពីអតីតមន្រ្តីគណបក្សសង្គ្រោះជាតិកំពុងត្រៀមខ្លួនចូលរួមការបោះឆ្នោតនាពេលខាងមុខ។
ទោះយ៉ាងណា ពលរដ្ឋរស់នៅរាជធានីភ្នំពេញម្នាក់លោក ឯម សុភារ័ក្ស ដែលធ្លាប់គាំទ្រគណបក្សសង្គ្រោះជាតិប្រាប់វិទ្យុអាស៊ីសេរីថា លោកមិនចាប់អារម្មណ៍នឹងគណបក្សនយោបាយទាំងនោះទេ។ ពលរដ្ឋរូបនេះបន្តទៀតថា មានតែគណបក្សសង្រ្គោះជាតិទេដែលជាក្ដីសង្ឃឹមដល់លោកនិងពលរដ្ឋផ្សេងទៀតក្នុងការផ្លាស់ប្ដូររបបដឹកនាំនៅកម្ពុជា៖ « ខ្ញុំឃើញកាលមុនឃើញបេះដូង ( គណបក្សបេះដូង ) ភ្លើងទៀន យើងមិនចាំបាច់ទាមទារតូចៗមកវិញខ្ញុំអត់ចង់បានចឹងខ្ញុំចង់បានសង្គ្រោះជាតិមកមិនចង់ចេញជាមួយជាពីរអីចឹងមិនថា ខ្ញុំមិនថា ពលរដ្ឋដ៏ទៀតដែរ ព្រោះគាត់ក៏អត់ឃើញមួយពីរអីចឹង»។
គណបក្សសង្គ្រោះជាតិបានចេញសេចក្ដីថ្លែងការណ៍ដោយលើកឡើងថា ការរំលាយគណបក្សសង្គ្រោះជាតិ ៤ ឆ្នាំមកនេះ គឺជាការសម្លាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ គណបក្សនេះលើកឡើងទៀតថា ការបំផ្លាញឆន្ទៈពលរដ្ឋបែបនេះមិនបានផ្ដល់ផលចំណេញដល់ប្រទេសកម្ពុជាទេ ផ្ទុយទៅវិញរបបក្រុងភ្នំពេញបានប្រឈមនឹងគំនាប និងទណ្ឌកម្មពីសហគមន៍អន្តរជាតិ ពិសេសសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដែលជំរុញឲ្យរបបនេះងាកមកស្ដារលទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សឡើងវិញ។
គណបក្សសង្គ្រោះជាតិក៏អំពាវនាវទៅសហគមន៍អន្តរជាតិបន្តដាក់គំនាបនិងទណ្ឌកម្មទៅលើរបបក្រុងភ្នំពេញថែមទៀត ដើម្បីឲ្យរបបក្រុងភ្នំពេញ ទម្លាក់ការចោទប្រកាន់និងផ្ដល់សេរីភាពពេញលេញដល់លោក កឹម សុខា និងអ្នកទោសមនសិការទាំងអស់ដោយឥតលក្ខខណ្ឌ។ ផ្ដល់នីតិសម្បទាឲ្យគណបក្សសង្គ្រោះជាតិ ស្ដារសិទ្ធិមនុស្សប្រជាធិបតេយ្យ និងរៀបចំការបោះឆ្នោតដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានការចូលរួមពីគណបក្សសង្គ្រោះជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។