អ្នកវិភាគ និងមន្ត្រីបក្សប្រឆាំងថា ការបង្ហាញឥរិយាបទនយោបាយការទេសនៃរបបលោក ហ៊ុន សែន ដែលងាកទៅចិនជ្រុលនៅក្នុងរយៈពេលចុងក្រោយនេះ នឹងធ្វើឱ្យកម្ពុជាឃ្លាតចេញកាន់តែឆ្ងាយពីបណ្ដាប្រទេសលោកសេរី ជាពិសេស សហរដ្ឋអាមេរិក។ ករណីនេះនឹងធ្វើឱ្យកម្ពុជាខាតបង់ប្រយោជន៍សេដ្ឋកិច្ចពីក្រុមប្រទេសទាំងនោះ។
ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិប្រចាំរាជធានីភ្នំពេញ ដែលកំពុងភៀសខ្លួននៅក្រៅប្រទេសលោក ម៉ន ផល្លា លើកឡើងថា ប្រទេសក្រីក្រច្រើនណាស់កំពុងលង់ខ្លួនជំពាក់បំណុលចិនព្រោះការពឹងពាក់ចិនខ្លាំងជ្រុល។ លោកថា ប្រទេសចិនមិនដែលខ្វល់ពីការគោរពសិទ្ធិមនុស្ស ឬប្រជាធិបតេយ្យទេ គឺគេមើលឃើញតែផលប្រយោជន៍និងធនធានធម្មជាតិប៉ុណ្ណោះ។ លោកថា ការប្រឹងងាកនៅពេលនេះនឹងធ្វើឱ្យកម្ពុជា ឬពលរដ្ឋខ្មែរជួបគ្រោះថ្នាក់នាពេលខាងមុខ៖ «ប្រទេសមួយចំនួនដែលពឹងពាក់ក៏ដូចជាយកចិនធ្វើខ្នងបង្អែកគឺប្រទេសទាំងនោះមិនមានការរីកចំរើនផ្នែកវិស័យសេដ្ឋកិច្ចពិតប្រាកដទេ ហើយតែងទទួលរងការរំលោភសិទ្ធិមនុស្ស និងបាញ់សម្លាប់ប្រជាពលរដ្ឋខ្លួនឯង»។
ប្រតិកម្ម របស់មន្ត្រីបក្សប្រឆាំងនេះ ធ្វើឡើងក្រោយពីលោក ហ៊ុន សែន ចាត់ទុកចិនជាមិត្តដែលចេះជួយគ្នាក្នុងគ្រាក្រ និងបានផ្ដល់វ៉ាក់សាំងកូវីដ១៩ ឱ្យកម្ពុជាបានទាន់ពេល។ លោក ហ៊ុន សែន រំពឹងថា នៅពេលជំងឺកូវីដ១៩ បានថមថយទៅវិញ លោកក៏ត្រូវការចិនកាន់តែខ្លាំងថែមទៀត ដើម្បីជំរុញឱ្យសេដ្ឋកិច្ចកម្ពុជាងើបឡើងវិញ។ លោកក៏ប្រកាសគាំទ្រយុទ្ធសាស្ត្រនយោបាយខ្សែក្រវ៉ាត់និងផ្លូវ (BRI) របស់ចិន៖ «សូមសំដែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សាធារណៈរដ្ឋចិនដែលបានយកចិត្តទុកដាក់ជួយគាំទ្រទាំងផ្នែកបច្ចេកទេស និងសម្ភារៈ និងជាពិសេសជំនួយជាវ៉ាក់សាំងបង្កាកូវីដ១៩ ដូចពាក្យស្លោកមិត្តល្អជួយគ្នាក្នុងគ្រាមានអាសន្ន»។
លោក ហ៊ុន សែន លើកឡើងបែបនេះ ក្នុងពេលលោកថ្លែងក្នុងកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំនៃគណបក្សកុម្មុយនីស្តចិន និងគណបក្សនយោបាយលើពិភពលោក កាលពីយប់ថ្ងៃទី៦ ខែកក្កដា តាមប្រព័ន្ធវីដេអូ។
នៅថ្ងៃទី៧ ខែកក្កដា គណបក្សប្រជាជនកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានបង្ហាញលទ្ធផលនៃការចូលរួមរបស់លោក ហ៊ុន សែន ក្នុងសន្និសីទកំពូលនោះ ដែលមានចំណុចសំខាន់ៗដូចជា ទី១.សន្និសីទកំពូលនោះបានស្នើឲ្យគណបក្សនយោបាយនៅតាមបណ្ដាប្រទេសទាំងអស់ ប្ដេជ្ញាចិត្តក្នុងការកសាងគុណតម្លៃគ្នា រួមមាន សន្ដិភាព ការអភិវឌ្ឍ សមភាព យុត្តិធម៌ ប្រជាធិបតេយ្យ និងសេរីភាព។ ទី២.គណបក្សនយោបាយទាំងអស់ចាំបាច់ត្រូវតែចាត់វិធានការសកម្មភាព ដើម្បីអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិឆ្នាំ២០៣០ ដើម្បីសម្របសម្រួលគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ពង្រឹងកិច្ចសហការប្រតិបត្ដិការសកលលើនវានុវត្តន៍បច្ចេកវិទ្យា និងលើកកម្ពស់ការចែករំលែកចំណេះដឹង និងបច្ចេកវិទ្យា។ ទី៣.គណបក្សនយោបាយមកពីបណ្ដាប្រទេសទាំងអស់ ត្រូវប្ដេជ្ញាសម្របសម្រួលការផ្លាស់ប្ដូរគ្នា និងការរៀនសូត្រទៅវិញទៅមកលើអរិយធម៌ ទំនាក់ទំនងរវាងប្រជាជន និងប្រជាជនដ៏រឹងមាំ ព្រមទាំងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ វិទ្យាសាស្ដ្រ និងបច្ចេកវិទ្យា វប្បធម៌ និងសិល្បៈ កីឡា ទេសចរណ៍ និងរវាងស្ថាប័នស្រាវជ្រាវ។
អ្នកវិភាគនយោបាយលោក គឹម សុខ យល់ថា សេដ្ឋកិច្ចកម្ពុជាមិនអាចពឹងតែលើប្រទេសចិនមួយទេ ផ្ទុយទៅវិញទីផ្សារធំរបស់កម្ពុជា គឺសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបឯណោះទៅវិញទេ។ លោកថា បើរបបក្រុងភ្នំពេញនៅតែប្រកាន់ឥរិយាបទនយោបាយការទេសបែបនេះ នឹងរុញកម្ពុជាឱ្យក្លាយទៅជាកូនជឹងចាំប្រឆាំងលោកសេរីជំនួសប្រទេសចិន៖ «មិនត្រឹមរងគ្រោះផ្នែកសេដ្ឋកិច្ចទេនាំឱ្យដល់ស្ថានភាពដុតកម្ទេចកម្ពុជាពេលនោះមិនត្រឹមតែអត់បាយទេប្រជារាស្ត្ររងគ្រោះហូរឈាមក្នុងល្បែងមួយដែលអ្នកដឹកនាំប្រទេសឱ្យធ្លាក់ក្នុងទំនាក់ទំនងផ្ដាច់មុខជាមួយចិន»។
រីឯអ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិលោក ឯម សុវណ្ណារ៉ា ស្នើឱ្យកម្ពុជាស្ដារចំណងទាក់ទងជាមួយអាមេរិកឡើងវិញដើម្បីបញ្ចៀសទណ្ឌកម្មបន្ថែមទៀត។ លោកថា កម្ពុជាគួរតែប្រើគោលនយោបាយកិច្ចការបរទេសទន់ភ្លន់ ទប់ទល់នឹងឥទ្ធិពលអាមេរិក និងមិនត្រូវងាកទៅរកចិនតែម្ខាងដែរ នៅក្នុងស្ថានភាពកាន់តែតានតឹងបែបនេះ។
សហរដ្ឋអាមេរិកបានសម្តែងកង្វល់ជាបន្តបន្ទាប់អំពីលទ្ធភាពវត្តមាននៃកងទ័ពចិន និងការកសាងបរិក្ខារយោធាចិននៅមូលដ្ឋានទ័ព្ទជើងទឹករាម។ អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក អ្នកស្រី វិនឌី ហ្សឺមែន (Wendy Sherman) ជំរុញថ្នាក់ដឹកនាំរបបក្រុងភ្នំពេញ ឱ្យរក្សាគោលនយោបាយការបរទេសប្រកបដោយតុល្យភាព និងឯករាជ្យ ដោយតម្កល់ផលប្រយោជន៍ពលរដ្ឋខ្មែរជាធំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។