អ្នក​វិភាគ​និង​មន្ត្រី​បក្ស​ប្រឆាំង​ចាត់​ទុក​សម័យ​ប្រជុំ​ដំបូង​របស់​រដ្ឋសភា​អាណត្តិ​ថ្មីថា​ គ្មាន​តម្លៃ​ និង​ធ្វើ​បង្គ្រប់​កិច្ច

0:00 / 0:00

អ្នក​តាមដាន​ស្ថានភាព​នយោបាយ និង​មន្ត្រី​បក្ស​ប្រឆាំង ចាត់​ទុក​ការ​បើក​សម័យ​ប្រជុំ​ដំបូង​របស់​រដ្ឋសភា​នីតិកាល​ថ្មី​ថា​ ជា​សម័យ​ប្រជុំ​មួយ​គ្មាន​តម្លៃ ដោយសារ​ធ្វើ​ឡើង​ ដើម្បី​បង្គ្រប់​កិច្ច​តាម​ការ​ចង់​បាន​របស់​លោក ហ៊ុន សែន​។ ពួកគេ​ព្រមាន​ថា នៅ​ក្រោយ​ពី​មាន​ការ​ប្រកាស​ពី​សុពលភាព​រដ្ឋសភា​និង​រដ្ឋាភិបាល​ថ្មី​រួច ទណ្ឌកម្ម​បន្ថែម​ពី​សហគមន៍​អន្តរជាតិ ក៏​នឹង​ធ្លាក់​មក​លើ​កម្ពុជា​ដែរ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​បោះឆ្នោត​ខុស​ច្បាប់។

ក្រុម​តំណាងរាស្ត្រ​ ១២៥​រូប ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​ទី​២៣​ ខែកក្កដា ដែល​សហគមន៍​អន្តរជាតិ​លោក​សេរី​នាំគ្នា​ប្រតិកម្ម​ថា ជា​ការ​បោះឆ្នោត​ខុស​ច្បាប់ និង​មិន​ស្រប​តាម​គោលការណ៍​លទ្ធិ​ប្រជាធិបតេយ្យ បាន​ចូលរួម​ក្នុង​ពិធី​បើក​សម័យ​ប្រជុំ​ដំបូង​រដ្ឋសភា​ក្នុង​អាណត្តិ​ថ្មី ស្ថិត​ក្រោម​វត្តមាន​​ព្រះរាជា​ធិបតី​ភាព​នៃព្រះមហាក្សត្រ ​ព្រះបាទ​ នរោត្តម សីហមុនី។

អ្នក​សម្របសម្រួល​ផ្នែក​អង្កេត​របស់​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​ខុមហ្វែ្រល (COMFREL) លោក កន សាវាង្ស មើល​ឃើញ​ថា វា​ជា​រឿង​ធម្មតា ពីព្រោះ​តាម​ផ្លូវ​ច្បាប់ រដ្ឋសភា​ត្រូវ​បើក​សម័យ​ប្រជុំ​ដំបូង​របស់​ខ្លួន ដោយ​មាន​វត្តមាន​យាង​ចូលរួម​ធ្វើ​ជា​អធិបតី​ពី​ព្រះមហាក្សត្រ​។ ប៉ុន្តែ​លោក​ថា តើ​រដ្ឋសភា​បើក​ដំណើរការ​ស្រប​តាម​គោលការណ៍​លទ្ធិ​ប្រជាធិបតេយ្យ​ឬ​អត់ គឺ​អាស្រ័យ​លើ​ការ​វាយ​តម្លៃ​ពី​ការ​បោះឆ្នោត​ប៉ុណ្ណោះ។

លោក កន សាវាង្ស៖ «ហើយ​ទាក់ទង​នឹង​ដំណើរការ​បោះឆ្នោត តើ​វា​ឆ្លើយតប​ទៅ​នឹង​គោលការណ៍​លទ្ធិ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស​ដែរ​ឬ​ទេ?ហើយ​បើ​យើង​និយាយ​ពី​គោលការណ៍​នៃ​សភា​ហ្នឹង ដំណើរការ​ហ្នឹង វា​ឆ្លើយតប​ទេ​?អ៊ីចឹង​!អ្វី​ដែល​ខ្ញុំ​ចង់​និយាយ​ហ្នឹង គឺ​វា​នៅ​ត្រង់​ថា ដំណើរការ វា​ទៅ​តាម​ដំណាក់កាល​វា ប៉ុន្តែ​ដំណាក់កាល​មួយៗ វា​អាស្រ័យ​ទៅ​លើ​ការ​វាយ​តម្លៃ​ថា តើ​វា​ស្រប​តាម​គោលការណ៍​ប៉ុណ្ណា អា​ហ្នឹង​វា​អាស្រ័យ​លើ​ការ​វាយតម្លៃ ហើយ​សកម្មភាព​ដែល​បាន​ធ្វើ»។

ការ​លើក​ឡើង​របស់​មន្រ្តី​សង្គម​ស៊ីវិល​នេះ ធ្វើ​ឡើង​ស្រប​ពេល​គេ​មើល​ឃើញ​ថា ក្បាល​ម៉ាស៊ីន​ដឹកនាំ​ស្ថាប័ន​កំពូល​ទាំង​បី​របស់​ជាតិ ដូច​ជា​ព្រឹទ្ធសភា រដ្ឋសភា និង​រដ្ឋាភិបាល នៅ​ក្នុង​អាណត្តិ​ថ្មី​នេះ គឺ​ធ្វើ​ឡើង​តាម​ការ​ចាត់ចែង​របស់​លោក ហ៊ុន សែន តែ​ម្នាក់​ឯង​ប៉ុណ្ណោះ និង​គ្មាន​ការ​ឯកភាព​ផ្ទៃ​ក្នុង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ឡើយ​។ បន្ទាប់​ពី​ផ្ទេរ​តំណែង​នាយក​រដ្ឋមន្ត្រី​ឱ្យ​កូន​ប្រុស​គឺ​លោក ហ៊ុន ម៉ាណែត លោក ហ៊ុន សែន ក៏​បាន​ប្រកាស​តែង​តាំង​ខ្លួន​លោក ត្រៀម​ឡើង​ធ្វើ​ជា​ប្រធាន​ព្រឹទ្ធសភា បន្ទាប់​មក​ក៏​ប្រកាស​ឱ្យ​លោកស្រី ឃួន សុដារី ជា​មនុស្ស​ជំនិត​ឡើង​ធ្វើ​ជា​ប្រធាន​រដ្ឋសភា។

ជាមួយ​គ្នា​នេះ ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​ទី២៣ ខែកក្កដា ត្រូវ​អង្គការ​សហប្រជាជាតិ និង​ក្រុម​ប្រទេស​លោក​សេរី រួម​មាន​សហរដ្ឋ​អាមេរិក សហភាព​អឺរ៉ុប និង​អូស្ត្រាលី​ជាដើម ចាត់​ទុក​ថា ជា​ការ​បោះឆ្នោត​ខុស​ច្បាប់ ដោយសារ​ធ្វើ​ឡើង​មិន​ស្រប​តាម​ស្តង់ដារ​លទ្ធិ​ប្រជាធិបតេយ្យ​។ ការ​ចាត់​ទុក​នេះ ដោយសារ​នៅ​មុន​ការ​បោះឆ្នោត រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​រារាំង​គណបក្ស​ប្រឆាំង​មិន​ឱ្យ​ចូលរួម​ការ​បោះឆ្នោត រួម​ទាំង​ការ​ធ្វើ​ទុក្ខបុកម្នេញ​គ្រប់​រូបភាព​លើ​សកម្មជន​ និង​មន្ត្រី​គណបក្ស​ប្រឆាំង សង្គម​ស៊ីវិល និង​ស្ថាប័ន​សារព័ត៌មាន​ឯករាជ្យ។

អ្នកនាំពាក្យ​គណបក្ស​ភ្លើង​ទៀន​លោក គីមសួរ ភីរិទ្ធ មិន​ចាប់​អារម្មណ៍​ពី​ដំណើរការ​បើក​សម័យ​ប្រជុំ​ដំបូង​របស់​រដ្ឋសភា​នេះ​ដែរ ពីព្រោះ​លោក​ថា ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​ទី២៣ ខែកក្កដា ធ្វើ​ឡើង​មិន​ស្រប​តាម​មូលដ្ឋាន​គ្រឹះ​ នៃ​របប​លទ្ធិ​ប្រជាធិបតេយ្យ​ឡើយ ដោយសារ​គណបក្ស​ភ្លើង​ទៀន​ជា​គណបក្ស​ប្រឆាំង​អាច​ប្រកួតប្រជែង​ជាមួយ​គណបក្ស​កាន់​អំណាច​ មិន​អាច​ចូលរួម​ការ​បោះឆ្នោត។

លោក គីមសួរ ភីរិទ្ធ៖«រដ្ឋាភិបាល​មួយ​ដែល​វា​ល្អ​ត្រឹមត្រូវ ហើយ​អបអរ​សាទរ​ពី​ប្រជាពលរដ្ឋ លុះ​ណា​តែ​វា​កើត​ចេញ​ពី​ការ​បោះឆ្នោត។ តម្លៃ​នៃ​ការ​បោះឆ្នោត វា​ធ្វើ​ឱ្យ​តម្លៃ​នៃ​ការ​បង្កើត​រដ្ឋាភិបាល បង្កើត​ស្ថាប័ន​នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ ក៏​មាន​តម្លៃ​ខ្ពស់​តាម​ហ្នឹង​ដែរ»។

ជុំវិញ​បញ្ហា​នេះ វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទេ ​នៅ​ថ្ងៃ​ទី​២១​ សីហា។

អ្នក​វិភាគ​នយោបាយ​លោក គឹម សុខ មើល​ឃើញ​ថា ការ​បើក​សម័យ​ប្រជុំ​ដំបូង​របស់​រដ្ឋសភា​នៅ​ពេល​នេះ ធ្វើ​ឡើង​តាម​ការ​បង្ខំ​របស់​លោក ហ៊ុន សែន ប៉ុណ្ណោះ ក្នុង​នោះ រាប់​តាំង​ពី​លោក ហ៊ុន សែន បាន​បង្ខំ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​ស្គាល់​កូន​ប្រុស​ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី បង្ខំ​ឱ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត រៀបចំ​ការ​បោះឆ្នោត​បែប​បង្គ្រប់​កិច្ច និង​ចុង​ក្រោយ​បង្ខំ​ព្រះមហាក្សត្រ​ឱ្យ​យាង​ធ្វើ​រាជាធិបតី​បើក​សម័យ​ប្រជុំ​ដំបូង​រដ្ឋសភា ដើម្បី​ឱ្យ​ជួយ​លើក​មុខ​លើក​មាត់​ការ​ផ្ទេរ​អំណាច​ខុស​ច្បាប់​របស់​លោក។

លោក គឹម សុខ៖ «បង្ខំ​ឱ្យ​ចេញ​លទ្ធផល​បោះឆ្នោត​តាម​ពេលវេលា​ដែល​គាត់(ហ៊ុន សែន)ចង់​បាន​រួច​មក គាត់​រៀបចំ​ឱ្យ​មាន​ការ​ប្រជុំ​សភា តាម​ដែល​គាត់​ចង់​បាន បង្ខំ​ព្រះមហាក្សត្រ​ឱ្យ​ធ្វើ​ជា​អធិបតី ជួយ​លើក​មុខ​លើក​មាត់​អំណាច​នៃ​ក្រុម​គ្រួសារ​របស់​គាត់ ដែល​ខុស​ច្បាប់ និង​តំណែង​ខុស​ច្បាប់​របស់​កូន​គាត់ បង្ខំ​បង្កើត​រដ្ឋាភិបាល​ទាំង​ប្រញាប់ប្រញាល់ គឺ​បង្ខំ​មែនទែន»។

អ្នក​វិភាគ​រូប​នេះ​បន្ត​ថា រដ្ឋសភា​អាណត្តិ​ទី៧ នេះ គ្រាន់​តែ​មាន​រូបភាព​ពហុបក្ស ដោយសារ​មាន​សមាជិក ​៥​រូប​ មក​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច ប៉ុន្តែ​ខ្លឹមសារ នៅ​តែ​ជា​រដ្ឋសភា​ឯក​បក្ស​ដដែល។ លោក​បន្ថែម​ថា នៅ​ក្រោយ​ពី​រដ្ឋសភា​ថ្មី​និង​រដ្ឋាភិបាល​ថ្មី​ដំណើរការ សហគមន៍​អន្តរជាតិ ក៏​នឹង​ចាប់ផ្ដើម​ទណ្ឌកម្ម​បន្ថែម​ទៀត​ដែរ បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​បាន​ចាប់ផ្ដើម​ដាក់​ទណ្ឌកម្ម​ជា​ជំហាន​ខ្លះ​រួច​ហើយ​ កាល​ពី​ពេល​ថ្មីៗ នេះ ដូច​ជា រឹត​បន្តឹង​ទិដ្ឋាការ ឬ​វីសា​មិន​ឱ្យ​មន្ត្រី​កម្ពុជា​មួយ​ចំនួន​ជាន់​ទឹក​ដី​អាមេរិក និង​ការ​ផ្អាក​ផ្ដល់​ជំនួយ​អភិវឌ្ឍ​ក្នុង​មួយ​ឆ្នាំ​ ១៨​លាន​ដុល្លារ​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។