អ្នកវិភាគ និងមន្ត្រីបក្សប្រឆាំង ថា លោក ហ៊ុន ម៉ាណែត កំពុងបោកពលរដ្ឋ និងអន្តរជាតិ អំពីការប្ដេជ្ញាចិត្តអនុវត្តគោលដៅអភិវឌ្ឍន៍ SDGs របស់ អ.ស.ប
2024.10.31
អ្នកវិភាគ និងមន្ត្រីបក្សប្រឆាំង ចាត់ទុកការប្ដេជ្ញាចិត្តរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) របស់អង្គការសហប្រជាជាតិ ថា ជាការអនុវត្តនយោបាយប្រជាភិថុតិ បោកប្រាស់ពលរដ្ឋ និងអង្គការសហប្រជាជាតិ ខណៈពួកគេថា ជាក់ស្ដែងរដ្ឋាភិបាលមិនបានខិតខំធ្វើឱ្យសម្រេចដូចគោលដៅទាំងនោះឡើយ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក ម៉ែន សុថាវរិន្ទ្រ អះអាងនៅថ្ងៃទី៣១ ខែតុលាថា រដ្ឋាភិបាលត្រកូល «ហ៊ុន» នៅតែបន្តភូតកុហកពលរដ្ឋ និងអង្គការសហប្រជាជាតិ តាមរយៈការប្រកាសប្ដេជ្ញាចិត្ត អនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។ ប៉ុន្តែ ការប្ដេជ្ញាចិត្តនេះ បានត្រឹមតែឮ តែមិនបានអនុវត្តនោះឡើយ។
លោក ម៉ែន សុថាវរិន្ទ្រ៖ «ខ្ញុំជឿថា ទៅមិនរួចទេ លោក ហ៊ុន ម៉ាណែត គ្រាន់តែសន្យា តែគាត់អត់ទាន់បានដោះស្រាយបញ្ហាទាំងអស់ហ្នឹង ហើយគាត់គិតតែធ្វើបាបពលរដ្ឋខ្លួនឯង ធ្វើបាបតែគណបក្សជំទាស់ និងយុវជនបរិស្ថាន។ ដើម្បីជានិមិត្តរូបគាត់ត្រូវតែដោះលែងពួកគេទាំងមកវិញ ខ្ញុំជឿថា ការបង្ហាញទឹកចិត្តដោះលែងអ្នកទោសមនសិការ អ្នកបរិស្ថានទាំងអស់ ហើយរៀបចំការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌សិនទៅ យើងនឹងជឿ និងប្រជាពលរដ្ឋនឹងមានជំនឿ»។
ការរិះគន់នេះ ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី៣០ ខែតុលា បានបង្ហោះវីដេអូ មានរយៈពេលជាង ១នាទី បង្ហាញពីការប្ដេជ្ញាចិត្ត អនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងអំពាវនាវដល់ពលរដ្ឋ រួមទាំងភាគីពាក់ព័ន្ធ ឲ្យចូលរួមសកម្មភាព ដើម្បីគោលដៅនេះ (Together action for SDGs)។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចាត់ទុកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ជាគោលដៅមុតស្រួចសម្រាប់ការអភិវឌ្ឍន៍ នៅកម្ពុជា។
លោក ហ៊ុន ម៉ាណែត៖ «កម្ពុជាប្ដេជ្ញាចិត្តក្នុងការជំរុញការអនុវត្តគ្រប់គោលដៅ អេស.ឌី.ជី (SDGs) ទាំង១៨ របស់កម្ពុជា ជាពិសេស ការកាត់បន្ថយភាពក្រីក្រ និងវិសមភាព ការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន ការពង្រឹងគុណភាពអប់រំ និងការគាំពារបរិស្ថាន។ អេស.ឌី.ជី (SDGs) ជាគោលដៅអភិវឌ្ឍន៍ដ៏មុតស្រួចរបស់កម្ពុជា ហើយយើងនឹងសម្រេចមហិច្ឆតានេះ ជាមួយនឹងការចូលរួមពីសំណាកបងប្អូន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់»។
គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព គឺជាយន្តការរបស់អង្គការសហប្រជាជាតិបង្កើតឡើងនៅឆ្នាំ២០១៥ បន្តពីគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍របស់អង្គការសហប្រជាជាតិ។ យន្តការថ្មីនេះ កំណត់គោលដៅអភិវឌ្ឍន៍ជាក់លាក់ជាសកលចំនួន ១៧គោលដៅ និងប្ដេជ្ញាចិត្តសម្រេចឱ្យបាននៅត្រឹមឆ្នាំ២០៣០ ដើម្បីធានាថា មនុស្សនៅគ្រប់ទីកន្លែង អាចទទួលបានសន្តិភាព និងវិបុលភាព។ គោលដៅចំនួន ១៧នោះ រួមមាន ពុំមានភាពក្រីក្រ គ្រោះអត់ឃ្លានស្មើសូន្យ ការអប់រំប្រកបដោយគុណភាព ការងារសមរម្យ កំណើនសេដ្ឋកិច្ច កាត់បន្ថយវិសមភាព សន្តិភាពសង្គម និងយុត្តិធម៌ និងសកម្មភាពការពារបរិស្ថានជាដើម។
អ្នកអត្ថាធិប្បាយនយោបាយ លោក គឹម សុខ ថ្លែងថា រដ្ឋាភិបាលត្រកូល «ហ៊ុន» ទំនងជា មិនអាចដឹកនាំកម្ពុជា ឲ្យចាកចេញពីភាពក្រីក្រ និងលុបបំបាត់វិសមភាពសង្គម នៅឆ្នាំ២០៣០ តាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិបានឡើយ ព្រោះរដ្ឋាភិបាលនេះ ពោរពេញដោយអំពើពុករលួយជាប្រព័ន្ធ ហើយការអភិវឌ្ឍន៍មួយចំនួន ពុំបានផ្ដល់ផលប្រយោជន៍ដល់ពលរដ្ឋនោះឡើយ។ លោកលើកឡើងថា លុះត្រាតែរដ្ឋាភិបាលស្ដារលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស ជាពិសេស សិទ្ធិសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋ ទើបការអភិវឌ្ឍនានា ឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដ របស់ប្រជាពលរដ្ឋ និងស្របតាមស្តង់ដារការអភិវឌ្ឍប្រកបដោយចីរភាព។
លោក គឹម សុខ៖ «កាលណា អត់មានសន្តិភាពប្រកបដោយយុត្តិធម៌ និងស្ថាប័នប្រជាធិបតេយ្យខ្លាំង មានន័យថា សំឡេងរបស់ប្រជាពលរដ្ឋត្រូវបានបដិសេធ ប្រជាពលរដ្ឋត្រូវបានធ្វើបាប ប្រជាពលរដ្ឋត្រូវបានបិទសិទ្ធិ ។ ដូច្នេះការអភិវឌ្ឍន៍នោះ មិនឆ្លើយតបទៅនឹងតម្រូវការ ឬសំណូមពររបស់ប្រជាពលរដ្ឋទេ មានន័យថា មិនផ្ដល់ផលប្រយោជន៍ឲ្យប្រជាពលរដ្ឋទេ ផ្ដល់ផលប្រយោជន៍ឲ្យតែពួកអ្នកមានអំណាចមួយក្ដាប់តូច ដែលកាន់តួនាទីក្នុងក្របខ័ណ្ឌរដ្ឋ ជាពិសេស រដ្ឋាភិបាលត្រកូល «ហ៊ុន» តែម្ដង»។
រដ្ឋាភិបាលកម្ពុជា កាលពីខែកញ្ញា ឆ្នាំ២០១៥ និងប្រទេសជាសមាជិកអង្គការសហប្រជាជាតិ បានអនុម័តរបៀបវារៈគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ២០១៦-២០៣០ ចំនួន ១៧គោលដៅ និង ១៦៩ចំណុច ហើយបានបំប្លែងការប្ដេជ្ញាចិត្ត ចំពោះការអនុវត្តគោលដៅប្រកបដោយចីរភាព ទៅជាក្របខ័ណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។
ថ្វីបើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ បានគិតគូរពីការពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធទាំងអស់ រួមមាន សហគមន៍ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងក្រុមសង្គមស៊ីវិលក៏ដោយ ក៏កន្លងទៅរដ្ឋាភិបាលកម្ពុជា ពុំបានផ្ដល់ឱកាស ឲ្យពួកគេបានចូលរួមដោយទូលំទូលាយឡើយ ហើយលើសពីនេះទៀតរដ្ឋាភិបាល ថែមទាំងលាបពណ៌ចោទប្រកាន់អ្នកការពារបរិស្ថាន អ្នកការពារសិទ្ធិមនុស្ស អ្នកការពារសិទ្ធិកម្មករ និងអ្នកនយោបាយ ដែលពួកគេបានប្រើប្រាស់សិទ្ធិបញ្ចេញមតិ រិះគន់ឲ្យមានការអភិវឌ្ឍន៍ប្រកបដោយតម្លាភាពជាដើម។ ក៏ប៉ុន្តែរដ្ឋាភិបាល បែរជាចាប់ពួកគេដាក់ពន្ធនាគារទៅវិញ។ ជាក់ស្ដែង តុលាការក្រុងភ្នំពេញ កាលពីថ្ងៃទី២ ខែកក្កដា បានកាត់ទោសសកម្មជនបរិស្ថាន ១០នាក់ ឱ្យជាប់ពន្ធនាគារចន្លោះពី ៦ឆ្នាំ ដល់ ៨ឆ្នាំ ក្រោមបទចោទ «រួមគំនិតក្បត់» និង «ប្រមាថព្រះមហាក្សត្រ» ដោយសារតែសកម្មភាពទាមទារឲ្យរដ្ឋាភិបាលដឹកនាំដោយត្រកូល «ហ៊ុន» ការពារបរិស្ថាន និងសុខុមាលភាពសាធារណៈ និងនៅមានករណីចាប់ខ្លួនអ្នកនយោបាយជាច្រើនករណីទៀត ដូចជា អាជ្ញាធរ បានចាប់ខ្លួនប្រធានបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី កាលពីថ្ងៃទី៩ ខែឧសភា ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ពាក់ព័ន្ធនឹងការបញ្ចេញមតិ រិះគន់រដ្ឋាភិបាលក្នុងការចែកប័ណ្ណក្រីក្រមានការរើសអើងជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។