អ្នកវិភាគ និងមន្ត្រីគណបក្សប្រឆាំងរិះគន់រដ្ឋាភិបាលដែលដាក់បញ្ចូលទិវានយោបាយឈ្នះ ឈ្នះ ២៩ ខែធ្នូ ទៅក្នុងប្រតិទិនប្រចាំឆ្នាំថា ជាការបន្លំប្រវត្តិសាស្ត្រ និងជាការបង្ហាញថា វៀតណាមនៅតែមានគុណលើរដ្ឋាភិបាលលោក ហ៊ុន សែន។ ប៉ុន្តែរដ្ឋាភិបាលលើកឡើងថា កម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ជាការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងដោយមិនមានការបង្ហូរឈាម និងទទួលបានសន្តិភាពពេញលេញ តាមរយៈនយោបាយ ឈ្នះ ឈ្នះ នេះ។
អ្នកវិភាគនិងមន្ត្រីគណបក្សប្រឆាំងលើកឡើងថា ទិវានយោបាយ ឈ្នះ ឈ្នះ ២៩ ខែធ្នូ ដែលត្រូវដាក់ចូលក្នុងប្រតិទិន ចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ តទៅនេះ មិនមែនជាថ្ងៃខ្មែរទាំងមូលឈ្នះនោះទេ ប៉ុន្តែគឺជាថ្ងៃឈ្នះរបស់ក្រុមគ្រួសារត្រកូល ហ៊ុន ក្នុងការគ្រប់គ្រងអំណាចតត្រកូល។ ពួកគេជំរុញមានដាក់បញ្ចូលថ្ងៃ២៣ ខែតុលា នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសក្នុងប្រតិទិនឈប់សម្រាកប្រចាំឆ្នាំ។
អ្នកវិភាគនយោបាយ ដែលកំពុងភៀសខ្លួននៅ ប្រទេសហ្វាំងឡង់ (Finland) លោក គឹម សុខ រិះគន់ថា រដ្ឋាភិបាលលោក ហ៊ុន សែន បានយកថ្ងៃ២៩ ខែធ្នូ ឆ្នាំ១៩៩៨ ជាការបន្លំប្រវត្តិសាស្ត្រ ជ្រកក្រោមស្លាកនយោបាយឈ្នះឈ្នះ។ លោកបន្តថា ការបញ្ចូលទិវានយោបាយឈ្នះ ឈ្នះ ២៩ ធ្នូ ទៅក្នុងប្រតិទិនប្រចាំឆ្នាំជាការបញ្ឆេះកំហឹងពលរដ្ឋខ្មែរឲ្យឈឺចាប់កាន់តែខ្លាំងចំពោះការឈ្នានពានរបស់កងទ័ពវៀតណាមលើទឹកដីកម្ពុជា៖ «ធ្វើឱ្យកម្ពុជានៅតែរងគ្រោះ រហូតដល់បច្ចុប្បន្ន ដែលបង្កឡើងដោយកម្លាំងវៀតណាមនៅក្នុងផ្ទៃក្នុងនៃរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន និងពួកនិគមន៍ជនអន្តោប្រវេសន៍ខុសច្បាប់នៅលើទឹករាប់ម៉ឺនគ្រួសារនៅក្នុងព្រៃរាប់ម៉ឺនគ្រួសារ នៅក្នុងផ្សារបន្លំធ្វើជាខ្មែររាប់ម៉ឺនគ្រួសារទៀត»។
ទោះយ៉ាងណា មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិលោក ដួង ចន្ត្រា ដែលកំពុងភៀសខ្លួននៅប្រទេសថៃ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៨ ខែមករាថា ទិវានយោបាយឈ្នះឈ្នះរបស់រដ្ឋាភិបាលលោក ហ៊ុន សែន គឺគ្រាន់តែជាថ្ងៃ ដែលបក្សកាន់អំណាចឈ្នះលើខ្មែរគ្នាឯងបានបង្ហូរឈាមខ្មែរ ដើម្បីគ្រប់គ្រងអំណាច ហើយមិនបានផ្ដល់ប្រយោជន៍អ្វីដល់ពលរដ្ឋទូទៅនោះទេ។ មន្ត្រីបក្សប្រឆាំងរូបនេះយល់ថា ថ្ងៃ២៣ ខែតុលា ទើបជាថ្ងៃខ្មែរគ្រប់ភាគីឈ្នះទាំងអស់គ្នាក្នុងការបញ្ចប់សង្គ្រាមស៊ីវិល ដូច្នេះរដ្ឋាភិបាល គួរដាក់បញ្ចូលថ្ងៃ២៣ ខែតុលា នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសក្នុងប្រតិទិនឈប់សម្រាកប្រចាំឆ្នាំ៖ «១៩៩៣ ឆ្នាំបោះឆ្នោតកន្លងមក ហើយមានរដ្ឋប្រហារនោះក៏គាត់ថា អាហ្នឹងឈ្នះឈ្នះដែរ អីចឹងហើយគាត់ថា ឈ្នះឈ្នះនៅឆ្នាំ១៩៩៧ ដែលជារដ្ឋប្រហារមួយធំបំផុតនៅទីក្រុងភ្នំពេញ គាត់ថា ឈ្នះឈ្នះដែរ ចឹងការឈ្នះឈ្នះនេះមិនមែនជាការឈ្នះសម្រាប់ប្រជាពលរដ្ឋខ្មែរទេ គឺឈ្នះអ្វីដែលបង្ហូឈាមដណ្តើមអំណាចតែប៉ុណ្ណោះ»។
ប្រតិកម្មរបស់ អ្នកវិភាគនិងមន្ត្រីគណបក្សប្រឆាំងក្រោយពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញសារាចរណែនាំមួយកាលពីថ្ងៃ១៤ ខែមករា កំណត់យកថ្ងៃទី២៩ ខែធ្នូ ជាទិវានយោបាយឈ្នះ ឈ្នះ ដាក់បញ្ចូលទៅក្នុងប្រតិទិនប្រចាំឆ្នាំ ដើម្បីជាការដឹងគុណ កតញ្ញូ និងចងចាំគុណូបការៈថ្ងៃ២៩ ខែធ្នូនេះ។ លោក ហ៊ុន សែន លើកឡើងក្នុងសារាចរនោះទៀតថា ២៣ ឆ្នាំកន្លងមក កម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ជាការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងដោយមិនមានការបង្ហូរឈាម និងទទួលបានសន្តិភាពពេញលេញ តាមរយៈនយោបាយឈ្នះ ឈ្នះ បន្ទាប់ពីឆ្លងកាត់នូវដំណាក់កាល សង្គ្រាមនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ដំណាក់កាលសង្គ្រាមផង និងចរចាផង។
រីឯអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន លើកឡើងថា ថ្ងៃ២៩ ខែធ្នូជាថ្ងៃប្រវត្តិសាស្ត្រនៃការបញ្ចប់សង្គ្រាមដែលកម្ពុជាមិនធ្លាប់មានពីមុនមក។ លោកថា អ្នករិះគន់ការដាក់បញ្ចូលទិវានយោបាយឈ្នះ ឈ្នះក្នុងប្រតិទិនប្រចាំឆ្នាំ គឺជាការយល់ឃើញក្នុងនាមអ្នកប្រឆាំង។ ចំពោះការស្នើយកថ្ងៃ២៣ ខែតុលា ដាក់បញ្ចូលជាថ្ងៃឈប់សម្រាកប្រចាំឆ្នាំ គឺមិនចាំចាច់នោះទេ ព្រោះថ្ងៃ២៣ ខែតុលា នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបានដាក់បញ្ចូលក្នុងរដ្ឋធម្មនុញ្ញអស់ហើយ៖ «ពីព្រោះសន្តិភាពពេញលេញទូទាំងប្រទេសនិងការឯកភាពជាតិគឺជាសមិទ្ធផលសម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេស រួមទាំងអ្នកកាន់អំណាចផង អ្នកប្រឆាំងផង ទាំងអ្នកប្រកួតប្រជែងផង វាអត់មានថាសន្តិភាពហ្នឹងបានតែគណបក្សប្រជាជនកម្ពុជាឯណា?»។
នយោបាយឈ្នះ ឈ្នះរវាងខ្មែរនិងខ្មែររបស់លោក ហ៊ុន សែន ត្រូវគេមើលឃើញថា មានល្អតែនៅលើក្រដាសច្រើនជាង។ រដ្ឋាភិបាលលោក ហ៊ុន សែន មិនបានអនុវត្តដោយស្មោះត្រង់ទេ ពីព្រោះថា ការបង្ហូរឈាមខ្មែរគ្នាឯង និងការបង្ក្រាបដោយហិង្សា និងការចាប់ដាក់គុកឥតស្រាកសា្រន្ដទៅលើខ្មែរគ្នាឯងដែលមាននិន្នាការនយោបាយមិនដូចបក្សកាន់អំណាចនៅតែបន្តកើតមានជាហូរហែរ ជាពិសេសនោះ គឺការរំលាយគណបក្សសង្រ្គោះជាតិ នៅឆ្នាំ២០១៧ ដែលមានអ្នកគាំទ្រជិតពាក់កណ្ដាលប្រទេស បណ្ដាលឲ្យកម្ពុជាជួបវិបត្តិនយោបាយ និងកំពុងរងទណ្ឌកម្មពីក្រុមប្រទេសប្រជាធិបតេយ្យឥតឈប់ឈរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។