ក្រុមអ្នកវិភាគមើលឃើញថា អ្នកដែលទទួលបានចំណេញពីការបែកបាក់របស់ក្រុមអ្នកប្រជាធិបតេយ្យ គឺគណបក្សកាន់អំណាច។ ទោះយ៉ាងណា មន្ត្រីបក្សកាន់អំណាចថា គណបក្សរបស់ខ្លួនទទួលបានការគាំទ្រពីពលរដ្ឋមកដល់ថ្ងៃនេះមិនដែលពឹងលើការបែកបាក់របស់បក្សប្រឆាំងនោះឡើយ។
ក្រុមអ្នកវិភាគ លើកឡើងថា ជម្លោះនៃអ្នកប្រជាធិបតេយ្យកំពុងធ្វើឲ្យផែនការផ្ទេរអំណាចត្រកូលហ៊ុន សែន ដើរដោយរលូន ត្បិតបក្សកាន់អំណាចនឹងនៅតែអាចឈ្នះឆ្នោតឆ្នាំ២០២៣ ដោយងាយស្រួល។ ក្រុមអ្នកវិភាគលើកឡើងបែបនេះ ខណៈកូនស្រីច្បងរបស់ លោក កឹម សុខា កញ្ញា កឹម មនោវិទ្យា ចេញមុខអះអាងបន្ថែមលើសំដីរបសឪពុកថា ពេលនេះ លោក កឹម សុខា និងលោក សម រង្ស៊ី បានចែកផ្លូវគ្នាជាស្ថាពរហើយ។
អ្នកវិភាគនយោបាយលោក គឹម សុខ លើកឡើងថា បក្សកាន់អំណាចនឹងទទួលបានផលចំណេញដ៏ធំធេងពីរូបភាពបែកបាក់រវាងលោក កឹម សុខា និងលោក សម រង្ស៊ី។ លោកយល់ថាគណបក្សកាន់អំណាចអាចឈ្នះការបោះឆ្នោតឆ្នាំ២០២៣ ដោយងាយស្រួល។ លោកបន្តថា នៅពេលគណបក្សប្រជាជនកម្ពុជា បន្តក្ដោបក្ដាប់អំណាចពេញដៃដដែលនោះលោក ហ៊ុន សែន នឹងដើរមួយជំហានទៀត គឺផ្ទេរអំណាចរបស់ខ្លួន ទៅកូនច្បងរបស់ខ្លួន គឺលោក ហ៊ុន ម៉ាណែត៖ « លោក ហ៊ុន សែន នឹងត្រៀមខ្លួន ដើម្បីផ្ទេរអំណាចពីគាត់ទៅកូនគាត់ហើយ ត្រៀមខ្លួននេះគាត់មើលឃើញសញ្ញាកាន់តែច្បាស់ទី១ គណបក្សភ្លើងទៀនបានចូលរួមបំពេញមុខគាត់ កាន់តែច្បាស់ទី២ សញ្ញានៃការបែកបាក់របស់អ្នកប្រជាធិបតេយ្យ ក៏កាន់តែមើលឃើញទៅទៀត » ។
ស្រដៀងគ្នានេះដែរ អ្នកឃ្លាំមើលនយោបាយ និងជាអ្នកសម្របសម្រួលគម្រោងនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក ម៉ើ ចាន់ដារ៉ា លើកឡើងថា ការបែកបាក់ក្រុមអ្នកប្រជាធិបតេយ្យពេលនេះ នឹងជះផលអវិជ្ជមានដល់ពលរដ្ឋ ដែលគាំទ្រអ្នកប្រជាធិបតេយ្យ។ លោកយល់ថា ក្រោយមានបញ្ហានេះកើតឡើងនឹងធ្វើឲ្យអ្នកប្រជាធិបតេយ្យពិបាកក្នុងការប្រមូលអ្នកគាំទ្ររបស់ខ្លួនឲ្យមានការរួបរួមក្នុងទាមទារយុត្តិធម៌សង្គម។ យុវជនរូបនេះថា រូបលោកផ្ទាល់មិនចង់ឃើញមេដឹកនាំបក្សប្រឆាំង គឺលោក សម រង្ស៊ី និងលោក កឹម សុខា ចែកផ្លូវគ្នាបែបនេះឡើយ៖ « យើងមិនចង់ឲ្យគាត់មានការបែកខ្ញែកគ្នាដែរ យើងចង់ឲ្យសំឡេងអ្នកប្រជាធិបតេយ្យចូលរួមឲ្យបានច្រើនដើម្បីចូលរួមដោយយុត្តិធម៌ក្នុងការបោះឆ្នោតឆ្នាំ២០២៣ ខាងមុខនេះបើគាត់មានការចូលរួមច្រើនសំឡេងរបស់គាត់មានការលើកឡើងច្រើន យើងមើលឃើញថា ក៏មានការប្រកួតប្រជែងច្រើន ការចូលរួមការប្រកួតប្រជែងនេះ នឹងធ្វើឲ្យមានការបោះឆ្នោតដោយសេរីតម្លាភាព និងយុត្តិធម៌ » ។
ក្រុមអ្នកឃ្លាំមើលនយោបាយលើកឡើងបែបនេះ ក្រោយពេលប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា កំពុងជាប់ក្ដីក្ដាំនៅតុលាការបានប្រកាសមុខតុលាការថា លោកនឹងលោក សម រង្ស៊ី បានដើរផ្លូវផ្សេងគ្នាយូរហើយ។ លោកអះអាងទៀតថា លោកថែមទាំងបានណែនាំអ្នកគាំទ្ររបស់លោកកុំឲ្យទៅពាក់ព័ន្ធនឹងការធ្វើសកម្មភាពរបស់លោក សម រង្ស៊ី។
បន្ថែមពីថ្លែងរបស់លោក កឹម សុខា បែបនេះ កូនស្រីលោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា ដែលកំពុងរស់នៅក្រៅប្រទេស បានសរសេរសារវាយប្រហារលោក សម រង្ស៊ី ថា ក្រុមលោក សម រង្ស៊ី ផ្ដើមមានទស្សនៈខុសពី លោក កឹម សុខា ចាប់តាំងពីលោក កឹម សុខាជាប់ពន្ធនាគារ និងបានដើរចេញពីលោក លោក កឹម សុខា បន្តិចម្ដងៗ។
កូនច្បងស្រីមេបក្សប្រឆាំងរូបនេះលើកឡើងលើហ្វេសប៊ុកនៅថ្ងៃទី១៦ ខែមិថុនា ថា លោក សម រង្ស៊ី ខ្វះសច្ចភាព ខ្វះការទទួលខុសត្រូវ មើលងាយអ្នកគាំទ្រខ្លួន និងដើរចេញពីលោក កឹម សុខា ដោយភាពឈ្នានិសគិតខ្លី។ កញ្ញាចោទប្រកាន់ថា ទង្វើរបស់លោក សម រង្ស៊ី បែបនេះ ទើបធ្វើឲ្យមានការចែកផ្លូវគ្នាជាស្ថាពរ។
ទាក់ទងរឿងនេះដែរ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ និយាយថា ការបែកបាក់របស់លោក សម រង្ស៊ី និងលោក កឹម សុខា មិនជាប់ពាក់ព័ន្ធនឹងគណបក្សប្រជជាកម្ពុជានោះទេ។ លោកបន្តថា គណបក្សប្រជាជនកម្ពុជាជោគជ័យមកដល់ពេលនេះ ព្រោះការគាំទ្ររបស់ពលរដ្ឋ មិនមែនបានមកពីការបែកបាក់របស់មេដឹកនាំបក្សប្រឆាំងឡើយ៖ «ប្ដីប្រពន្ធបែកបាក់ឲ្យគេបែកបាក់ទៅហើយការគ្នាទៀតទៅ បានជាបែកបាក់មិនមែនរឿងគេបំបែកទេ »។
ទោះអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ អះអាងបែបនេះ ក្ដី ប៉ុន្តែការរួបរួមរបស់ក្រុមអ្នកប្រជាធិបតេយ្យ នៃគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ដែលបង្កើតបានគណបក្សសង្គ្រោះជាតិ ធ្វើគណបក្សនេះប៊ិះនឹងឈ្នះឆ្នោតកាលពីឆ្នាំ២០១៣។ ចំណែកលោក ហ៊ុន សែន តែងតែចង់ឃើញមានការបែកបាក់របស់លោក សម រង្ស៊ី និងលោក កឹម សុខា។ លោក ហ៊ុន សែន ថ្លែងក្នុងសារបែកធ្លាយកាលពីឆ្នាំ២០២០ លោកបានបញ្ចេះទៅលោក កឹម សុខា ម្ដងៗហើយម្ដងទៀត ឲ្យវាយប្រហារលោក សម រង្ស៊ី និងប្រាប់ឲ្យលោក កឹម សុខា ដណ្ដើមយកគណបក្សសង្គ្រោះជាតិមកគ្រប់គ្រងដែលកាលនោះលោក កឹម សុខា មានតួនាទី ជាអនុប្រធានគណបក្សសង្គ្រោះជាតិ។
ទោះជាយ៉ាងណាក៏ដោយ លោក សម រង្ស៊ី បានអះអាងវិទ្យុអាស៊ីសេរីថា សម្ព័ន្ធភាពរបស់លោក និង កឹមសុខា មិនទាន់បែកបាក់ផ្លូវការនោះទេ ហើយពួកលោក នៅតែមានគោលដៅរួម គឺការផ្លាស់ប្តូររបបលោក ហ៊ុន សែន ។ លោក សម រង្ស៊ី បញ្ជាក់ថា ការលើកឡើងរបស់លោក កឹម សុខា ចំពោះមុខតុលាការនោះ គឺដោយសារតែមានសម្ពាធនិងដើម្បីដោះបន្ទុកឲ្យលោកមានសេរីភាពឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។