គណបក្សកាន់អំណាចលើកឡើងថា ទោះបីជាលោក កឹម សុខា និងប្រទេសមួយចំនួន មាននិន្នាការចង់ឱ្យមានការចរចានយោបាយក៏ដោយ ក៏រឿងនេះមិនអាចកើតមានដាច់ខាត ពីព្រោះរចនាសម្ព័ន្ធរបស់បក្សប្រឆាំងត្រូវបានរំលាយរួចទៅហើយ។ ប្រភពដដែលបញ្ជាក់ទៀតថា ជីវិតនយោបាយរបស់លោក កឹម សុខា ក៏ត្រូវបានបញ្ចប់ជាបណ្ដោះអាសន្នសិនដែរ ទម្រាំមានការសម្រេចជាថ្មីពីតុលាការ។ ប៉ុន្តែក្រុមអ្នកច្បាប់ និងអ្នកសង្កេតការណ៍អះអាងថា ករណីនេះមិនអាស្រ័យលើតុលាការនោះទេ តែជាឆន្ទៈនយោបាយរបស់មេដឹកនាំបក្សកាន់អំណាចទៅវិញ។
តំណាងគណបក្សកាន់អំណាចអះអាងថា លោក កឹម សុខា កំពុងជាប់ក្ដីក្ដាំ និងបម្រាមនយោបាយនៅឡើយ ដូច្នេះទាល់តែសំណុំរឿងទាំងមូលត្រូវបានបិទបញ្ចប់ជាមុនសិន ទើបអតីតមេបក្សប្រឆាំងរូបនេះអាចវិលចូលឆាកនយោបាយវិញបាន។
មន្ត្រីជាន់ខ្ពស់ និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ប្រាប់អាស៊ីសេរីថា ដំណាក់កាលនេះ លោក កឹម សុខា មិនអាចសុំសិទ្ធិធ្វើនយោបាយដូចមន្ត្រីបក្សប្រឆាំងដទៃទៀតនោះទេ ព្រោះសំណុំរឿងរបស់លោកកំពុងស្ថិតក្នុងដៃតុលាការ។ លោកសង្កត់ធ្ងន់ថា លោក កឹម សុខា នឹងមិនអាចចូលរួមក្នុងការបោះឆ្នោតឆ្នាំ២០២២ និង ២០២៣ ឡើយ ប្រសិនបើសំណុំរឿងរបស់លោកមិនទាន់បិទបញ្ចប់ទេនោះ៖ « បើតុលាការមិនទាន់បញ្ចប់ករណីគាត់ទេ វាអត់មាន ( វត្តមានក្នុងការបោះឆ្នោត ) ទេ។ មិនមែនទំនងទេ គឺអត់មានតែម្ដង។ មិនមែនតែ កឹម សុខា ទេ គ្រប់រចនាសម្ព័ន្ធ ក្បាលម៉ាស៊ីនរបស់ CNRP ចាស់ហ្នឹង វាលែងមានតែម្ដង។ លើកលែងតែបងប្អូន ២២នាក់ ដែលបានសុំនីតិសម្បទាធ្វើនយោបាយរួចហើយពីព្រះមហាក្សត្រ អាហ្នឹងគឺបងប្អូនអាចបង្កើតគណបក្សនយោបាយបាន និងធ្វើសកម្មភាពនយោបាយបាន » ។
តំណាងគណបក្សកាន់អំណាចរូបនេះ សុំមិនបកស្រាយអំពីការប្រើប្រាស់ពេលវេលាដ៏យូរនៅក្នុងសំណុំរឿងនេះទេ ព្រោះលោកថា នេះជាដែនសមត្ថកិច្ចរបស់តុលាការ។ ប៉ុន្តែលោកថ្លែងការពារថា សេចក្ដីសម្រេចណាមួយរបស់តុលាការក្នុងរឿងក្ដីលោក កឹម សុខា គឺជាការសម្រេចដោយឯករាជ្យ ដែលមិនរងឥទ្ធិពលនយោបាយពីគណបក្សប្រជាជនកម្ពុជានោះឡើយ។
ទោះជាបែបនេះក្ដី ក្រុមអ្នកតាមដានស្ថានការណ៍នយោបាយ និងអ្នកច្បាប់ នៅតែមើលឃើញថា ឯករាជ្យរបស់ស្ថាប័នតុលាការមានតែនៅលើក្រដាសប៉ុណ្ណោះ ចំណែកនៅលើសាច់ការជាក់ស្ដែង ស្ថាប័នរកយុត្តិធម៌មួយនេះនៅតែរងឥទ្ធិពលនយោបាយពីអ្នកកាន់អំណាច ជាពិសេសពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ទាល់តែម្ដង។
លោក ហ៊ុន សែន ធ្លាប់បានប្រកាសម្ដងហើយម្ដងទៀតថា លោក កឹម សុខា មានទោសក្បត់ជាតិ ដែលត្រូវតែទទួលទណ្ឌកម្ម។ ការប្រកាសបែបនេះរបស់លោក ហ៊ុន សែន ទាំងនៅក្នុងដំណាក់កាលស៊ើបអង្កេត និងក្នុងពេលតុលាការកំពុងបើកសវនាការសំណុំរឿងលោក កឹម សុខា ត្រូវបានក្រុមអ្នកច្បាប់ចាត់ទុកថា ជាការដាក់សម្ពាធ និងជ្រៀតជ្រែកលើកិច្ចការតុលាការ៖« ផែនការដែលផ្ដួលរំលំចុងក្រោយ ដែលថ្ងៃផ្ដាច់ព្រ័ត្រទី២៩ ខែធ្នូ ឆ្នាំ២០១៣ អាហ្នឹងជាស្អី ? ដែលជាចុងបំផុត នាំដល់មនុស្សស្លាប់និងរបួសនៅផ្លូវ វេង ស្រេង អាហ្នឹងជាស្អី ? ។ គិតមិនឱ្យគេកាត់ទោស ឬស្អី ត្រូវតែកាត់ ហើយម្ដងនេះ មិនមែនគុកត្រពាំងផ្លុងទេ ប្រាប់ឱ្យហើយ គឺកន្លែងផ្សេង។ តែសាលក្រមចេញគ្រឹបហើយ គឺដាក់ហើយ គ្មានទៅទុកទេ » ។
ជាងនេះទៅទៀត លោក ហ៊ុន សែន បានថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីដើមខែកញ្ញា ឆ្នាំ២០២០ ថា សំណុំរឿងលោក កឹម សុខា អាចនឹងត្រូវពន្យារពេលរហូតដល់ឆ្នាំ២០២៤ ដោយលោកយល់ថា ករណីនេះមានភាពស្មុគស្មាញ និងត្រូវការពេលវេលាយូរដើម្បីរកភស្តុតាង។
សាលាដំបូងរាជធានីភ្នំពេញបានផ្អាកសវនាការលោក កឹម សុខា តាំងពីចុងខែមីនាឆ្នាំ២០២០ ក្រោមហេតុផលបង្ការជំងឺកូវីដ-១៩។ ពីដំបូងឡើយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ លោក តាំង ស៊ុនឡាយ បានបញ្ជាក់ថា ទាល់តែស្ថានការណ៍កូវីដបានធូរស្រាល ទើបក្រុមប្រឹក្សាជំនុំជម្រះកំណត់កម្មវិធីជាថ្មី។ ប៉ុន្តែ មកដល់ដើមឆ្នាំ២០២១ ខណៈតុលាការបើកសវនាការជំនុំជម្រះសំណុំរឿងផ្សេងៗជាបន្តបន្ទាប់ ប្រធានតុលាការក្រុងភ្នំពេញរូបនេះ បែរជានិយាយថា សំណុំរឿងលោក កឹម សុខា មិនមែនជារឿងក្ដីអាទិភាពនោះទេ ព្រោះមេបក្សប្រឆាំងរូបនេះកំពុងស្ថិតនៅក្រៅឃុំ។ ការផ្អឹបទុកសំណុំរឿងនេះ គឺស្របទៅនឹងបំណងរបស់លោក ហ៊ុន សែន។
អាស៊ីសេរីមិនអាចទាក់ទងប្រធានតុលាការក្រុងភ្នំពេញ លោក តាំង ស៊ុនឡាយ និងអ្នកនាំពាក្យអយ្យការអមតុលាការក្រុងភ្នំពេញ លោក ប្លង់ សុផល ដើម្បីសាកសួររឿងនេះបានទេនៅថ្ងៃទី១៨ ឧសភា ដោយទូរស័ព្ទចូល តែពុំមានអ្នកទទួល។
ទោះជាយ៉ាងណា សហមេធាវីការពារក្ដីឱ្យលោក កឹម សុខា លោក ផែង ហេង ថ្លែងថា សំណុំរឿងកូនក្តីលោក មិនមែនអាស្រ័យទាំងស្រុងទៅលើតុលាការនោះទេ តែអាស្រ័យនឹងឆន្ទៈនយោបាយទៅវិញ។ លោកពន្យល់ថា ក្រសួងយុត្តិធម៌អាចអន្តរាគមន៍ទៅតុលាការឱ្យពន្លឿនរឿងក្ដីនេះ និងរកទីតាំងសមរម្យដើម្បីបើកសវនាការ។ លោកបញ្ជាក់ថា អវត្តមានលោក កឹម សុខា ឬគណបក្សប្រឆាំងមួយដ៏រឹងមាំក្នុងការបោះឆ្នោតនាពេលខាងមុខ នឹងធ្វើឱ្យប៉ះពាល់ដល់មុខមាត់របស់កម្ពុជា៖ « រឿងហ្នឹងទាំងមតិជាតិ និងអន្តរជាតិ គឺគេចង់ឃើញឱ្យមានលំហប្រជាធិបតេយ្យ ក្នុងនោះគឺឱ្យមានបក្សប្រឆាំងដែលមានសក្ដានុពលសមរម្យដើម្បីចូលរួមប្រកួត។ អ៊ីចឹងការដែលមិនអើពើរឿងសម្រេចករណីឯកឧត្ដម កឹម សុខា វាប៉ះពាល់ដល់មុខមាត់កម្ពុជាបន្តទៀតហើយ ព្រោះដូចបច្ចុប្បន្ន គេដក EBA គេត្បិតត្បៀតក្នុងជំនួញនេះ ជំនួញនោះហ្នឹង។ មិនមែនថា យើងរស់ពឹងគេរហូតនោះទេ ប៉ុន្តែយើងត្រូវការរស់នៅក្នុងសហគមន៍អន្តរជាតិ » ។

មេធាវី ផែង ហេង ឱ្យដឹងថា លោក កឹម សុខា ជាប់បម្រាមនយោបាយចំនួនពីរករណី។ ករណីទីមួយ គឺលោកស្ថិតនៅក្នុងចំណោមថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិចំនួន ១១៨នាក់ ដែលតុលាការកំពូលបានដកហូតសិទ្ធិធ្វើនយោបាយរយៈពេល ៥ឆ្នាំ នៅពេលរំលាយគណបក្សសង្គ្រោះជាតិកាលពីចុងឆ្នាំ២០១៧។ ទីពីរ លោកជាប់បម្រាមនយោបាយ ក្រោមដីកាដាក់ឱ្យត្រួតពិនិត្យតាមផ្លូវតុលាការរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។ លោក ផែង ហេង បន្ថែមថា ក្រុមមេធាវីកំពុងរៀបចំដាក់លិខិតថ្មីមួយទៀតទៅតុលាការ ដើម្បីស្នើឱ្យបន្តសវនាការសំណុំរឿងលោក កឹម សុខា បន្ទាប់ពីសំណើបីលើកកន្លងទៅ ត្រូវបានបដិសេធ។
ជុំវិញរឿងនេះ អ្នកឯកទេសខាងវិទ្យាសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិ សាស្ត្រាចារ្យ ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា ការផ្អឹបទុកសំណុំរឿងលោក កឹម សុខា ជាអ្វីដែលគណបក្សកាន់អំណាចចង់បាន ព្រោះគណបក្សនេះនឹងឈ្នះឆ្នោតម្ដងទៀតនៅឆ្នាំ២០២២ និង ២០២៣ ដោយគ្មានគូប្រជែង។ លោកមើលឃើញថា សំណុំរឿងលោក កឹម សុខា ស្ថិតលើការសម្រេចចិត្តរបស់មេដឹកនាំបក្សកាន់អំណាច ឬប្រមុខរដ្ឋាភិបាល មិនមែនស្ថិតនៅលើតុលាការនោះទេ៖ « លោក កឹម សុខា គាត់ថា ការកាត់ក្តី ការដាក់បន្ទុក ចោទប្រកាន់មកលើរូបគាត់ហ្នឹង ពុំយុត្តិធម៌ ពុំមានអំណះអំណាងគ្រប់គ្រាន់ ប៉ុន្តែគាត់ទទួលយកការនៅស្ងៀមស្ងាត់។ អ៊ីចឹងការទទួលយកបែបនេះ ខ្ញុំគិតថា គណបក្សកាន់អំណាច និងតុលាការ គេអាចទុកការទទួលយកនៅរហូតតទៅទៀតហើយ។ ហើយប្រសិនបើអត់មានការរុញច្រាន ឬការជំរុញពីសហគមន៍អន្តរជាតិពាក់ព័ន្ធនឹងការបើកលំហសេរីភាព ប្រជាធិបតេយ្យឡើងវិញទេ ខ្ញុំគិតថា យន្តការនយោបាយនៅកម្ពុជានៅតែរក្សាចរន្តដូចឆ្នាំ២០១៨ មកអ៊ីចឹង » ។
លោក ឯម សុវណ្ណារ៉ា ថ្លែងបន្តថា ប្រសិនបើថ្នាក់ដឹកនាំបក្សសង្គ្រោះជាតិចង់ឱ្យមានការចរចា ឬដំណោះស្រាយនយោបាយនោះ ពួកគេត្រូវធ្វើសកម្មភាពឱ្យបានខ្លាំងក្លាជាងពេលបច្ចុប្បន្ន ទាំងការងារការទូត ការតស៊ូមតិនៅក្នុងស្រុក និងការតតាំងតាមផ្លូវច្បាប់៖ « អ្នកដឹកនាំអតីតគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សអាចរួមគ្នា អ្នកធ្វើចរន្តនយោបាយការទូតទាំងក្នុងស្រុក ក្រៅស្រុក។ គណបក្សដែលគេរំលាយហ្នឹង គាត់អាចទាមទារឱ្យគេរកយុត្តិធម៌ ពន្លឿនយន្តការតុលាការ ហើយឱ្យសហគមន៍អន្តរជាតិអាចមើល។ ប្រសិនបើអ្នកដែលមានបញ្ហាខ្លួនឯង មិនឈឺឆ្អាលផង ហើយឱ្យសហគមន៍អន្តរជាតិឈឺឆ្អាល ខ្ញុំគិតថា គេមិនសូវចាប់អារម្មណ៍ប៉ុន្មានទេ។ កម្លាំងហ្នឹង គឺវានៅតែទន់ខ្សោយដដែលទេ ពុំអាចរកតុល្យភាពទៅជជែកចរចាជាមួយគណបក្សកាន់អំណាចបានទេ » ។
តុលាការរបបលោក ហ៊ុន សែន បានចោទប្រកាន់លោក កឹម សុខា ពីបទ «សន្ទិដ្ឋិភាព ឬការត្រូវរ៉ូវគ្នាជាមួយបរទេស» ដើម្បីផ្ដួលរំលំរដ្ឋាភិបាល។ លោកបានជាប់ឃុំអស់រយៈពេលជាង ២ឆ្នាំ ទាំងការជាប់ឃុំក្នុងពន្ធនាគារ និងជាប់ឃុំក្នុងផ្ទះ។ នៅចុងឆ្នាំ២០១៩ តុលាការបានអនុញ្ញាតឱ្យលោកមានសិទ្ធិដើរហើរនៅក្នុងប្រទេស ប៉ុន្តែហាមឃាត់មិនឱ្យធ្វើសកម្មភាពនយោបាយឡើយ។ គឺចាប់ពីចុងឆ្នាំ២០១៩ នោះហើយ ដែលលោក កឹម សុខា បានជួបប្រាស្រ័យទាក់ទងជាញឹកញាប់ជាមួយតំណាងទូតប្រទេសលោកសេរី។ ជាមួយគ្នានេះ លោកតែងបង្ហោះសារលើហ្វេសប៊ុកបញ្ជាក់អំពីភាពស្អាតស្អំរបស់លោក និងមានបំណងចង់ដោះស្រាយបញ្ហារវាងខ្មែរ និងខ្មែរ។
ក្រុមប្រទេសប្រជាធិបតេយ្យ អង្គការសង្គមស៊ីវិលជាតិ-និងអន្តរជាតិ ព្រមទាំងទីភ្នាក់ងារអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្ស នៅតែទទួលស្គាល់ថា លោក កឹម សុខា ជាមនុស្សស្អាតស្អំ ដែលរងការចោទប្រកាន់ដោយអយុត្តិធម៌។ ពួកគេស្នើយ៉ាងទទូចដល់របបលោក ហ៊ុន សែន ទម្លាក់ចោលបទចោទប្រកាន់ និងផ្តល់សេរីភាពពេញលេញដល់លោក កឹម សុខា ដើម្បីឱ្យលោកអាចចាប់ផ្ដើមជីវិតនយោបាយបានដូចដើមឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។