អ្នកវិភាគ​ថា គណបក្ស​ភ្លើង​ទៀន​អាច​ពិបាក​រក​ដៃគូ​នយោបាយ

0:00 / 0:00

អ្នកវិភាគ​លើកឡើង​ថា គណបក្ស​ភ្លើង​ទៀន​អាច​ពិបាក​រក​គណបក្ស​នយោបាយ​ធ្វើជា​ដៃគូ​នយោបាយ ដើម្បី​អាច​ឱ្យ​គណបក្ស​នេះ​បាន​​ចូលរួមការបោះឆ្នោតខាងមុខ។ ការ​លើកឡើង​របស់​អ្នក​វិភាគ​ដូច្នេះ ក្រោយ​ពេល​គណបក្ស​ភ្លើងទៀន​ ដែល​ប្រឈម​មិន​អាច​ចូលរួម​ការ​បោះ​ឆ្នោត​អសកល​ឆ្នាំ​២០២៤ ខាង​មុខ​ ប្រកាស​ចេតនា​ចង​សម្ព័ន្ធភាព​ជាមួយ​គណបក្ស​នយោបាយ​ណា ដែល​មាន​ទស្សន: និង​ជំហរ​នយោបាយ​ដូច​គ្នា​។

គណបក្ស​ភ្លើងទៀន កំពុង​បោះជំហាន​ថ្មី​ទៀត​ក្នុង​ការ​រក​ច្រក​ចេញ ដើម្បី​អាច​ចូលរួម​ការបោះឆ្នោត អសកល​នៅឆ្នាំ​២០២៤ ខាង​មុខ និង​ការបោះឆ្នោត​ផ្សេងៗ​ទៀត ដោយ​គណបក្ស​នៅតែ​​ស្នើ​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជួយ​ធ្វើ​អន្តរាគមន៍​ដើម្បី​ឱ្យ​ក្រសួង​មហាផ្ទៃ​ផ្ដល់​លិខិត​ចុះបញ្ជី​គណបក្ស​ច្បាប់​ដើម។ ក្រៅ​ពី​នេះ គណបក្ស​ភ្លើង​ទៀន ក៏​ប្រកាស​ចង​សម្ពន្ធភាព​ជាមួយ​គណបក្ស​ដែល​មាន​ទស្សន:​និង​ជំហរ​នយោបាយ​ដូច​គ្នា​ផង​ដែរ។

អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត សេង សារី យល់​ថា ការ​ប្រកាស​របស់​គណបក្ស​ភ្លើង​ទៀន នៅ​ពេល​នេះ ​ហាក់​យឹត​ពេល​បន្តិច​ហើយ ព្រោះ​បើ​តាម​យោបល់​របស់​លោក ​គណបក្ស​ភ្លើង​ទៀន​គឺ​ធ្វើ​បែប​នេះ តាំង​ពី​មុន​ពេល​បោះឆ្នោត​កាល​ពី​ថ្ងៃ​ទី២៣ ខែ​កក្កដា មក​ម៉្លេះ។ លោក​បន្ត​ទៀត​ថា ការ​រួម​គ្នា​ជា​សម្ព័ន្ធភាព​រវាង​គណបក្ស​ភ្លើង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទៀន ជា​មួយ​គណបក្ស​នយោបាយ​ផ្សេង​ទៀត គឺ​ជា​រឿង​ល្អ ប៉ុន្តែ​អ្នក​វិភាគ​រូប​នេះ បារម្ភ​ថា គណបក្ស​ភ្លើង​ទៀន​អាច​ពិបាក​រក​ដៃគូ​ដែល​មាន​ទស្សនៈ​ និង​ជំហរ​ដូច​គ្នា​មក​ដើរ​លើ​ផ្លូវ​នយោបាយ​ពេល​នេះ​ព្រោះ​គណបក្ស​ដែល​ចាប់​ដៃ​​ជាមួយ​គណបក្ស​ភ្លើង​ទៀន​ អាច​ប្រឈម​នឹង​ជួប​គ្រោះ​ច្រើន​ជាង ​លាភ។

បណ្ឌិត សេង សារី៖«អ្វី​ដែល​សំខាន់​យើង​មិនទាន់​ដឹង​ថា តើ​មាន​គណបក្ស​ណា​ហ៊ាន​ឱ្យ​គណបក្ស​ភ្លើង​ទៀន ឬ​ក៏​អ្នក​នយោបាយ​មក​ពី​គណបក្ស​ភ្លើង​ទៀន​ហ្នឹង​ទៅ​ជ្រក​ក្រោម​ស្លាក​របស់​ខ្លួន​ព្រោះ​ភាព​ភ័យ​ខ្លាច​នៃ​ការ​គំរាមកំហែង​នយោបាយ​នៅ​មាន​នៅឡើយ​ គណបក្ស​មួយ​ចំនួន​មិន​ហ៊ាន​នៅ​ក្នុង​ទទួល​យក​​ភ្លើង​ទៀន​ទេ ដោយសារ​មាន​ភាព​ភ័យ​ខ្លាច​នៅ​ក្នុង​ការ​រំលាយ​គណបក្ស​ឬ​ក៏​អាច​មាន​ទោស​ពៃ​អី​ជាដើម»។

គណបក្ស​ភ្លើង​ទៀន ដែល​មាន​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ជាង ២.០០០ (ពីរ​ពាន់) អាសនៈ​ទូទាំង​ប្រទេស ប្រកាស​​ចង​សម្ពន្ធភាព​ជាមួយ​គណបក្ស​ដែល​មាន​ទស្សន:​និង​ជំហរ​នយោបាយ​ដូច​គ្នា​នៅ​ពេល​ខាង​មុខ។ សេចក្ដីប្រកាស​ព័ត៌មាន​ចុះ​កាល​ពី​ថ្ងៃ​ទី២៥ ខែ​កញ្ញា លើកឡើង​ថា គណបក្ស​នេះ ស្នើ​សុំ​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជួយ​ធ្វើ​អន្តរាគមន៍​ទៅ​ក្រសួងមហាផ្ទៃ ដែល​ជា​ស្ថាប័ន​មាន​សមត្ថកិច្ច​ក្នុង​ការ​ចេញប្រកាស​ស្ដីពី​ ការ​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​គណបក្ស​នយោបាយ​ ឱ្យ​ជួយ​ផ្ដល់​ដំណោះស្រាយ​ពាក់ព័ន្ធ​ឯកសារ​ លិខិត​ បញ្ជាក់​ការ​ចុះ​បញ្ជី​គណបក្ស​នយោបាយ​របស់​គណបក្ស​ភ្លើង​ទៀន​សម្រាប់​ យក​មក​ប្រើប្រាស់​ក្នុង​ការ​ចុះ​បញ្ជី​គណបក្ស​​ដើម្បី​អាច​ឈរ​ឈ្មោះ​បោះឆ្នោត។

អ្នក​នាំ​ពាក្យ​គណបក្ស​ភ្លើង​ទៀន លោក គីមសួរ ភីរិទ្ធ ឱ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង នៅ​ថ្ងៃ​ទី២៦ ខែ​កញ្ញា ថា ដោយសារ​ស្ថានការណ៍​នយោបាយ​ប្រែប្រួល​ដូច​សព្វថ្ងៃ​នេះ គឺ​មិន​អនុគ្រោះ​ដល់​អ្នក​ប្រជាធិបតេយ្យ​ដែល​នៅ​បែកបាក់​គ្នា​នោះ​ទេ។ លោក​អះអាង​ទៀត​ថា មុន​ពេល​គណបក្ស​ភ្លើង​ទៀន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ គណបក្ស​នេះ​ក៏​បាន​ជួប​ជជែក​គ្នា​ខ្លះៗ ជាមួយ​មេ​ដឹកនាំ​គណបក្ស​នយោបាយ​មួយ​ចំនួន​ដែរ ប៉ុន្តែ​លោក​សុំ​មិន​បង្ហាញ​ឈ្មោះ​គណបក្ស​នយោបាយ​ទាំង​នោះ​ទេ។ ទោះ​បែប​នេះ​ក្ដី លោក គីមសួរ ភីរិទ្ធ ប្រាប់​ថា គណបក្ស​ឆន្ទៈ​ខ្មែរ ដែល​ធ្លាប់​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​គណបក្ស​ភ្លើង​ទៀន តាំង​ពី​មុន​ការបោះឆ្នោត​ថ្នាក់​ជាតិ​កន្លង​ទៅ ហើយ​មក​ដល់​ពេល​នេះ​គណបក្ស​ទាំង​ពីរ​នៅតែ​មាន​ទំនាក់ទំនង​ល្អ​នឹង​គ្នា​ដដែល។

លោក គីមសួរ ភីរិទ្ធ៖«បោះដៃ​មុន​យើង​ប្រកាស​ហ្នឹង​ទៅ​ទៀត​ ប៉ុន្តែ​គ្រាន់តែ​ថា យើង​មិន​អាច​និយាយ​មុន​បាន​ទេ​ណា​ដោយសារ​យើង​មិន​ទាន់​បាន​សុំ​ភ្លើង​ខៀវ​ពី​ថ្នាក់ដឹកនាំ​ដល់​យើង​បាន​ភ្លើង​ខៀវ​អ៊ីចឹង​ទៅ បាន​យើង​អាច​ទៅ​ជជែក​ជាមួយ​ថ្នាក់ដឹកនាំ​ទ្វេភាគី​ហើយ​​យើង​អាច​ជជែក​ជាមួយ​ពហុ​ភាគី​ដើម្បី​ឱ្យ​គាត់​យល់​គ្នា​ទៅវិញ​ទៅមក​ហើយ​ចាំ​ពេល​ហ្នឹង​សឹម​យើង​ប្រកាស​ហ្មង»។

កាល​ពី​ក្រោយ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់ ឆ្នាំ២០២២ គណបក្ស​ក្រៅ​រដ្ឋាភិបាល​ចំនួន៤ រួម​មាន​គណបក្ស​ភ្លើង​ទៀន គណបក្ស​កែទម្រង់​កម្ពុ​ជា គណបក្ស​ឆន្ទៈ​ខ្មែរ និង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​​​ជជែក​គ្នា​ជា​ញឹកញាប់​ពី​ការ​ចង​សម្ពន្ធភាព​នយោបាយ​ជាមួយ​គ្នា​ តែ​គម្រោង​នេះ​មិន​ទទួល​បាន​ជោគជ័យ​ទាំង​ស្រុង​នោះ​ទេ ហើយ​ទីបំផុត​គឺ​គណបក្ស​ឆន្ទៈ​ខ្មែរ​តែ​មួយ​ប៉ុណ្ណោះ បាន​ប្រកាស​រស់​ក្រោម​ដំបូល​ជាមួយ​គណបក្ស​ភ្លើង​ទៀន ដោយ​គណបក្ស​នេះ​មិន​ចូលរួម​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ ឆ្នាំ២០២៣ ទេ ហើយ​អតីត​ប្រធាន​គណបក្ស​នេះ គឺ​លោក គង់ ម៉ូលីកា បាន​មក​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ភ្លើង​ទៀន តែ​គណបក្ស​ឆន្ទៈ​ខ្មែរ​មិន​បាន​រំលាយ​ខ្លួន​ឯង​ចោល​នោះ​ឡើយ បើ​ទោះ​ជា​ខ្លួន​មិន​បាន​ចូលរួម​ការបោះឆ្នោត​ក្ដី។

ទាក់ទង​គម្រោង​របស់​គណបក្ស​ភ្លើង​ទៀន ចង់​ចង​សម្ពន្ធភាព​ជាមួយ​គណបក្ស​ផ្សេងទៀត​នេះ​ដែរ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ចំអក​ថា គម្រោង​នេះ​គ្រាន់តែ​ដំណើរ​របស់​គណបក្ស​អនាធិបតេយ្យ​រត់​រក​អនាធិបតេយ្យ​ដូច​គ្នា។

លោក សុខ ឥសាន៖«រំលាយ ឬ​មិន​រំលាយ​មិន​អាស្រ័យ​ទៅលើ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ អាស្រ័យ​ទៅលើ​អំពើ​ប្រព្រឹត្ត​របស់​សាមី​គណបក្ស​បាទ បើ​សាមី​គណបក្ស​អនុវត្ត​មិន​ត្រឹមត្រូវ​តាម​គោលការណ៍​ច្បាប់​ទេ​ហើយ​ពិរុទ្ធភាព​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ហើយ​ដូច្នេះ​កុំ​បន្ទោស​គណបក្ស​ដទៃ​ថា ខ្លួន​ឯង​ត្រឹមត្រូវ​ហើយ​ខ្លួន​ឯង​ត្រូវ​រំលាយ​ដោយសារ​ខ្លួន​ឯង​មិន​បាន​ប្រព្រឹត្ត​អ្វី​ខុស​ឆ្គង​លើ​ផ្លូវ​ច្បាប់»។

បើ​ទោះ​ជា​លោក សុខ ឥសាន អះអាង​បែប​នេះ ប៉ុន្តែ នៅ​ពេល​មន្ត្រី​គណបក្ស​ភ្លើង​ទៀន​មួយ​ចំនួន ដើរ​ប្រមូល​ស្នាមមេដៃ​ពី​ពលរដ្ឋ​ដើម្បី​បង្កើត​គណបក្ស​ថ្មី គឺ​ត្រូវ​បាន​សមត្ថកិច្ច​នៃ​រដ្ឋាភិបាល​បក្ស​កាន់​អំណាច​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ជា​បន្តបន្ទាប់។ ចំណែក​លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា តែងតែ​ប្រកាស​គំរាម​រំលាយ​គណបក្ស​ភ្លើង​ទៀន​ចោល​ជា​ញឹកញាប់​ដោយ​លោក​ចោទ​ប្រកាន់​ថា គណបក្ស​នេះ​មាន​ទំនាក់ទំនង​ជាមួយ​លោក សម រង្ស៊ី។ គណបក្ស​ភ្លើង​ទៀន ដែល​មាន​ពលរដ្ឋ​បោះឆ្នោត​គាំទ្រ​ជិត​២​លាន​នាក់ កាលពីឆ្នាំ២០២២ ​ត្រូវ​បាន គ.ជ.ប ហាម​មិន​ឱ្យ​ចូលរួម​ការបោះឆ្នោត​ទាំង​ថ្នាក់​ជាតិ​កាល​ពី​ថ្ងៃ​ទី២៣ ខែ​កក្កដា ​ដោយសារ​គ្មាន​ឯកសារ​ច្បាប់​ដើម​នៃ​ការ​ចុះបញ្ជី​គណបក្ស​នេះ។ អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក រ៉ុង ឈុន អះអាង​ថា គណបក្ស​នេះ​នឹង​មាន​យុទ្ធសាស្ត្រ​ជា​បន្តបន្ទាប់ ដែល​អាច​ចូលរួម​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ ដើម្បី​ផ្ដល់​ជម្រើស​ដល់​ពលរដ្ឋ​ម្ចាស់​ឆ្នោត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។