រដ្ឋាភិបាលចិនកុម្មុយនិស្ត (China) នឹងបញ្ជូនអ្នកការទូតដ៏មានឥទ្ធិពលរបស់ចិន គឺអតីតអ្នកនាំពាក្យក្រសួងការបរទេសចិនលោក វ៉ាង វិនពីន (Wang Wenbin) មកកាន់តំណែងជាឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំកម្ពុជាជំនួសលោក វ៉ាង វិនធាន (Wang Wentian) ដែលទើបបញ្ចប់អាណត្តិថ្មីៗនេះ។ អ្នកវិភាគមើលឃើញថា ចិនបញ្ជូនអ្នកការទូតដែលមានតួនាទីខ្ពស់មកបំពេញការងារការទូតនៅកម្ពុជាសម្រាប់អាណត្តិថ្មី ដើម្បីទប់ទល់នឹងសហរដ្ឋអាមេរិក (US) ដែលកំពុងពិនិត្យមើលឱកាសស្ដារទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ។
ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិនៃរដ្ឋាភិបាលចិន (China International Development Cooperation Agency) ឬហៅកាត់ថា ស៊ីអាយឌីស៊ីអេ (CIDCA) ប្រកាសកាលពីថ្ងៃទី៤ ខែមិថុនាថា អតីតអ្នកនាំពាក្យក្រសួងការបរទេសចិនគឺ លោក វ៉ាង វិនពីន ត្រូវបានរដ្ឋាភិបាលចិនតែងតាំងឱ្យក្លាយជាឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំកម្ពុជា។
លោក វ៉ាង វិនពីន បានធ្វើជាអ្នកនាំពាក្យក្រសួងការបរទេសចិនតាំងពីខែកក្កដា ឆ្នាំ២០២០ ដល់ខែឧសភា ឆ្នាំ២០២៤។ លោកក៏ជាបុគ្គលមួយរូបដែលឆ្អិនឆ្អៅក្នុងការអនុវត្តគោលនយោបាយបម្រើផលប្រយោជន៍ប្រទេសចិនខ្លួនឯង និងជាមនុស្សគន្លឹះសម្រាប់មេដឹកនាំចិន ដែលតែងតែចេញសារប្រឆាំង និងថ្កោលទោសអាមេរិក រឿងគាំទ្រសកម្មជនហុងកុង (Hong Kong) ប្រមូលផ្ដុំសម្ដែងមតិទាមទារសិទ្ធិសេរីភាព រឿងបញ្ហាកោះតៃវ៉ាន់ (Taiwan) និងបញ្ហាសមុទ្រចិនខាងត្បូង នាពេលកន្លងទៅ ជាដើម។
អ្នកវិភាគនយោបាយលោក គឹម សុខ ពិនិត្យឃើញថា ប្រទេសចិនបញ្ជូនអ្នកការទូតថ្មីមានឥទ្ធិពល និងតំណែងខ្ពស់មកបំពេញការងារនៅកម្ពុជានាពេលនេះ ចិនទំនងចង់បង្ហាញពីការលើកមុខមាត់ដល់រដ្ឋាភិបាលកម្ពុជាដែលអនុវត្តនយោបាយស្របតាមប្រទេសចិននាពេលកន្លងមក។ លើសពីនេះលោកថា ចិនទំនងក៏ព្រួយបារម្ភនឹងឥទ្ធិពលរបស់អាមេរិក ក្រោយរដ្ឋមន្ត្រីការពារជាតិអាមេរិកបង្ហាញជំហរពិនិត្យមើលឱកាសស្ដារទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ។
លោក គឹម សុខ៖ «ស្ថានការណ៍ជាក់ស្ដែងគឺឯកអគ្គរដ្ឋទូតចិនថ្មីនេះ នឹងធ្វើកិច្ចការដើម្បីទប់ស្កាត់កុំឱ្យមានសមយុទ្ធយោធារវាង កម្ពុជា និងអាមេរិក ហើយបើមានក្នុងទ្រង់ទ្រាយតូចតាច ប៉ុន្តែបើទ្រង់ទ្រាយតូចតាចអាមេរិកមិនព្រមទេ ព្រោះមិនសមមុខមាត់អាមេរិកដែលជាមហាអំណាចកំពូល។ ប៉ុន្តែចំណុចទីពីរទាក់ទងចំណុចស្នើរបស់លោក ហ៊ុន សែន ចង់ឱ្យមានកិច្ចសន្ទនាពិសេសក្នុងក្របខ័ណ្ឌយោធាកម្ពុជា និងអាមេរិក គឺជាចំណុចដែលចិនត្រូវតែមានវត្តមាននៅក្រោយរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ជានិច្ចក្នុងការផ្ដល់ទស្សនគំនិតឱ្យរដ្ឋាភិបាល ហ៊ុន ម៉ាណែត ធ្វើកិច្ចសន្ទនាជាមួយអាមេរិក ប្រសិនបើកិច្ចសន្ទនាអាចកើតឡើងមែន»។
លោក គឹម សុខ បន្ថែមទៀតថា ប្រសិនបើទំនាក់ទំនងកម្ពុជា និងអាមេរិកឈានដល់ការអនុវត្តកិច្ចសហប្រតិបត្តិការ និងការធ្វើសមយុទ្ធយោធាឡើងវិញនោះ គឺជាឱកាសសម្រាប់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរពិភាក្សាលើបញ្ហាកាន់តែស៊ីជម្រៅ។ លោកថា ហេតុដូច្នេះហើយទើបប្រទេសចិនបញ្ជូនអ្នកការទូតមានឥទ្ធិពលជាងមុន ដើម្បីពង្រឹងទំនាក់ទំនងជាមួយកម្ពុជា ដើម្បីរក្សាផលប្រយោជន៍ និងមហិច្ឆតាដែលចិនចង់ពង្រីកឥទ្ធិពលក្នុងតំបន់។
សហរដ្ឋអាមេរិកតាមរយៈដំណើរទស្សនកិច្ចផ្លូវការជាប្រវត្តិសាស្ត្រ របស់រដ្ឋមន្ត្រីការពារជាតិលោក ឡូយ អូស្ទីន (Lloyd Austin) មកកម្ពុជាកាលពីថ្ងៃទី៤ ខែមិថុនា បានពិភាក្សាជាមួយកម្ពុជាពីឱកាសដើម្បីពង្រឹងទំនាក់ទំនងវិស័យការពារជាតិទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក ដើម្បីគាំទ្រដល់សន្តិភាព និងសន្តិសុខក្នុងតំបន់។ ភាគីទាំងពីរបានព្រមព្រៀងបន្តឡើងវិញនូវកម្មវិធីផ្លាស់ប្ដូរការបណ្ដុះបណ្ដាលយោធាលើការជួយសង្គ្រោះគ្រោះមហន្តរាយ និងការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (UN) ព្រមទាំងការបណ្ដុះបណ្ដាលលើការងារដោះមីន និងគ្រាប់មិនទាន់ផ្ទុះ។ ដំណើរទស្សនកិច្ចនេះកើតមានឡើងបន្ទាប់ពីកម្ពុជា និងចិនបានបញ្ចប់ការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំឈ្មោះ «នាគមាស» ប្រចាំឆ្នាំរួមគ្នា កាលចុងពីខែឧសភា។
អ្នកឃ្លាំមើលសិទ្ធិមនុស្សឯករាជ្យ លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា ប្រទេសចិនកុម្មុយនិស្ត និងប្រទេសមហាអំណាចផ្សេងទៀតតែងតែអនុវត្តនយោបាយអូសទាញបណ្ដាប្រទេសនៅលើពិភពលោកឱ្យដឹកនាំស្របតាមរបបនយោបាយរបស់ខ្លួន ដូច្នេះលោកថា កម្ពុជាក្នុងនាមជារដ្ឋប្រកាន់របបប្រជាធិបតេយ្យគួរប្រកាន់ជំហរនយោបាយឯករាជ្យ និងអព្យាក្រឹត្យ ដើម្បីឱ្យកុំធ្លាក់ក្នុងអន្ទាក់ភូមិសាស្ត្របម្រើមហាអំណាចណាមួយ។
លោក ស៊ឹង សែនករុណា៖ «ទោះបីថា ចិនក៏ដោយ ប្រទេសផ្សេងទៀតក៏ដោយទោះបីជាមានការអូសទាញ ប្រសិនជាមេដឹកនាំមានការប្រកាន់ការគោរពសិទ្ធិមនុស្ស មានប្រជាធិបតេយ្យត្រឹមត្រូវ គ្មានអីត្រូវព្រួយបារម្ភទេ ប៉ុន្តែ ដោយឡែកនៅកម្ពុជាយើងកត់សម្គាល់ថា អ្នកដឹកនាំប្រទេសយើងមានកិច្ចសហការជាមួយប្រទេសចិន ឬបណ្ដាប្រទេសកុម្មុយនិស្តឱ្យឃើញជារូបភាពស្អិតល្មួត ដែលគេអាចវាយតម្លៃថា មានភាពលម្អៀងខ្លាំងទៅលើប្រទេសចិន ឬបរទេសកុម្មុយនិស្តផ្សេងទៀត វាជាបញ្ហាដែលរងការរិះគន់ពីប្រជាពលរដ្ឋ ពីអង្គការជាតិ អន្តរជាតិនានា ពីបណ្ដាប្រទេសដឹកនាំតាមបែបលោកសេរីនានាមានការព្រួយបារម្ភអំពីជំហរកម្ពុជា»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី ដើម្បីសាកសួរជុំវិញរឿងនេះបន្ថែមបានទេ នៅថ្ងៃទី៥ ខែមិថុនា។
អ្នកឃ្លាំមើល និងអ្នកវិភាគលើកឡើងថា លោក វ៉ាង វិនពីន ក្នុងតំណែងថ្មីជាឯកអគ្គរដ្ឋទូតប្រចាំកម្ពុជាក៏ទំនងមិនខុសពីអគ្គរដ្ឋទូតមុនៗដែរ គឺលោកនឹងអនុវត្តផែនការនយោបាយតាមបែបកុម្មុយនិស្តក្នុងការរឹតចំណងមិត្តភាពជាមួយកម្ពុជាឱ្យកាន់តែស៊ីជម្រៅ និងបែបប្រជាភិថុតិ និងក្នុងគោលដៅទប់ទល់នឹងឥទ្ធិពលរបស់អាមេរិក។ ពួកគេក៏មិនរំពឹងថា ចិននឹងរួមចំណែកជួយជំរុញឱ្យរដ្ឋាភិបាលកម្ពុជាស្ដារប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឱ្យប្រសើរនោះទេ បើទោះបីជាចិនជាប្រទេសម្ចាស់ហត្ថលេខីមួយនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសយ៉ាងណាក្ដី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។