អ្នកវិភាគ​ថា គម្រោង​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​ចិន​មក​កម្ពុជា ​គឺ​ជា​ការ​ពង្រឹង​អំណាច​លោក ហ៊ុន សែន

0:00 / 0:00

អ្នកវិភាគ​នយោបាយ​លើកឡើង​ថា គម្រោង​ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​ប្រទេស​ចិន​កុម្មុយនីស្ត លោក លី ខឺឈាង (Li Keqiang) មក​កម្ពុជា គឺ​ដើម្បី​ពង្រឹង​ឥទ្ធិពល និង​ជួយ​ជ្រោមជ្រែង​លើ​ផែនការ​ផ្ទេរអំណាច​ត្រកូល «​ហ៊ុន​» តែប៉ុណ្ណោះ​។ ការ​លើកឡើង​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រសួង​ការបរទេស​កម្ពុជា​ប្រកាស​ថា នាយករដ្ឋមន្ត្រី​ប្រទេស​ចិន​នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ពី​ថ្ងៃ​ទី​៨ ដល់​ថ្ងៃទី​១១ វិច្ឆិកា ព្រមទាំង​មាន​ជំនួប​ទ្វេភាគី​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិ​មួយ​ចំនួន​រវាង​ប្រទេស​ទាំងពីរ។

អ្នកវិភាគ​នយោបាយ​មើលឃើញ​ថា គម្រោង​ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​ចិន លោក លី ខឺ​ឈាង មក​កម្ពុជា​ពុំ​មាន​ផ្ដល់​ផល​ចំណេញ​ជា​ដុំកំភួន​ដល់​ប្រជា​ជាតិខ្មែរ​ឡើយ ក្រៅ​តែ​ការ​ពង្រឹង​ឥទ្ធិពល​របស់​ខ្លួន និង​ផ្តល់​ការ​គាំទ្រ​លើ​ផែនការ​ក្រាញ​អំណាច​គ្រួសារ លោក ហ៊ុន សែន។

អ្នកវិភាគ​នយោបាយ លោក គឹម សុខ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី៦ វិច្ឆិកា ថា ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​ចិន លោក លី ខឺឈាង មក​កម្ពុជា​លើក​នេះ ប្រទេស​ចិន​កុម្មុយនីស្ត​នឹង​ពង្រឹង​ទំនាក់ទំនង​កាន់តែ​ស៊ីជម្រៅ​ជាមួយ​កម្ពុជា​បន្ថែម​ទៀត ដើម្បី​ឱ្យ​កម្ពុជា​ផ្តល់​ការ​គាំទ្រ​ខ្លួន​ក្នុង​ការពង្រីក​ឥទ្ធិពល​ក្នុង​តំបន់​។ លោក គឹម សុខ បន្ត​ថា លោក លី ខឺឈាង នឹង​នាំ​ប្រយោជន៍​ដល់​លោក ហ៊ុន សែន តាមរយៈ​គាំទ្រ​ផែនការ​ផ្ទេរអំណាច​ឱ្យ​លោក ហ៊ុន ម៉ា​ណែ​ត និង​ផ្ដល់​ជំនួយឥតសំណង​ឱ្យ​រដ្ឋាភិបាល​ឯក​បក្ស ដើម្បី​បន្ត​កាន់អំណាច​ទៅមុខ​ទៀត​។ លោក​ថា ជា​ថ្នូរ​មកវិញ​ដែល​ប្រទេស​ចិន​កុម្មុយនីស្ត​ចង់​បាន​នោះ​គឺ​យក​កម្ពុជា​ធ្វើជា​កូនអុក​ឱ្យ​នៅ​ជាមួយ​ចិន​គ្រប់​កាលៈទេសៈ ជាពិសេស​ពាក់ព័ន្ធ​នឹង​ការ​សង្ស័យ​នៃ​វត្តមាន​មូលដ្ឋាន​កងទ័ព​ចិន​នៅ​កម្ពុជា៖

«ភាគី​ចិន​ចង់បាន​ពី​ក្រុម លោក ហ៊ុន សែន ការធានា​នូវ​ព័ត៌មាន​នៃ​លទ្ធភាព​វត្តមាន​កងទ័ព​ចិន​នៅ​សមុទ្រ​រាម ការធានា​កុំឱ្យ​ប៉ះពាល់​ផលប្រយោជន៍​ចិន លើ​ករណី​វិវាទ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ជាដើម»។

សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា​កាលពី​ថ្ងៃទី​៥ ខែវិច្ឆិកា ឱ្យដឹងថា នាយករដ្ឋមន្ត្រី​ប្រទេស​ចិន​កុម្មុយនីស្ត លោក លី ខឺ​ឈាង (Li Keqiang) នឹង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ពី​ថ្ងៃ​ទី​៨ ដល់​ថ្ងៃទី​១១ ខែវិច្ឆិកា ដែល​ដំណើរ​ទស្សនកិច្ច​នេះ​ឆ្លើយតប​តាម​ការ​អញ្ជើញ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។ ប្រភព​ដដែល ឱ្យ​ដឹង​ទៀត​ថា លោក ហ៊ុន សែន និង​លោក លី ខឺឈាង នឹង​មាន​ជំនួប​ទ្វេភាគី ពិភាក្សា​ដោយ​ផ្តោត​លើ​កិច្ច​សហប្រតិបត្តិការ​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ចិន​កម្ពុជា បញ្ហា​ក្នុង​តំបន់ និង​នៅ​អន្តរជាតិ​មួយចំនួន​។ ក្រៅ​ពី​នេះ លោក ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​ប្រទេស​ចិន​កុម្មុយនីស្ត ក៏​នឹង​ចុះហត្ថលេខា​លើ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​មួយចំនួន ក្នុង​ពិធី​សម្ពោធ​ផ្លូវ​ល្បឿន​លឿន​ត​ភ្ជាប់​ពី​ក្រុងភ្នំពេញ​ទៅ​ក្រុងព្រះសីហនុ។

វិទ្យុ​អាស៊ីសេរី​មិនទាន់​អាច​ទាក់ទងអ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក ជុំ សុន្ទរី និង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ដើម្បី​សាកសួរ​បន្ថែម​អំពី​រឿង​នេះ​បានទេ​នៅ​ថ្ងៃទី​៦ ខែវិច្ឆិកា។

ចំណែកអ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន វិញ​លោក​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​រឿង​នេះ​ទេ៖

«សួរ​អ្នកនាំពាក្យ​ក៏​អត់​ដឹង សួរ​អ្នកវិភាគ​ក៏​អត់​ដឹង​ខ្យល់​អី​ដែរ ចេះតែ​ឆ្លើយ​ប៉ាតណាប៉ាតណី​ទេ តាម​ការយល់ឃើញ​របស់​ខ្លួន​តែប៉ុណ្ណោះ​ទេ​។ សួរ​ក្រសួង​ការបរទេស​សហ​ប្រតិបត្តិការ​អន្តរជាតិ ព្រះរាជាណាចក្រ​កម្ពុជា ហ្នឹង​បាន​គាត់​ដឹង​រឿង​ពិត​យ៉ាងម៉េច»។

ទោះបីជា​យ៉ាងណា ការ​បញ្ជ្រាប​ឥទ្ធិពល​របស់​ចិន​មក​លើ​រដ្ឋាភិបាល លោក ហ៊ុន សែន តាម​បែប​ជំនួប​ទ្វេភាគី​នេះ ភាគច្រើន​ធ្វើឡើង​នៅមុន​ពេល​មាន​កិច្ចប្រជុំ​ក្របខណ្ឌ​អាស៊ាន ឬ​កិច្ចប្រជុំ​កម្រិត​លក្ខណៈ​អន្តរជាតិ​នានា ​ដែល​មាន​ចូលរួម​ពី​បណ្ដា​ប្រទេស​មហាអំណាច​លោក​សេរី ខណៈ​ពេល​ដែល​កម្ពុជា​ធ្វើជា​ប្រធាន​ប្ដូរ​វេទ​អាស៊ាន។

អ្នកវិភាគ​នយោបាយ​លោក គឹម សុខ យល់​ថា ការ​ដែល​នាយករដ្ឋមន្ត្រី​ប្រទេស​ចិន​នេះ​មក​ទស្សនកិច្ច​នៅ​កម្ពុ​ជាមុន​មេដឹកនាំ​នៃ​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ​ ជាពិសេស ​ដូចជា​សហរដ្ឋអាមេរិក​ជាដើម ក្នុងពេលដែល​កម្ពុជា​ជា​ម្ចាស់ផ្ទះ​នៃ កិច្ចប្រជុំ​កំពូល​អាស៊ាន គឺ​ដោយសារ​ចិន​អាច​នឹង​មិន​ហ៊ាន​ប្រឈមមុខ​ជាមួយ​ប្រទេស​ប្រជាធិបតេយ្យ ពាក់ព័ន្ធ​នឹង​ការដែល​ចិន​មិន​ទទួល​ស្គាល់​ចំពោះ​បញ្ហា​ដែល​កំពុង​កើតមាន​នៅ​ក្នុង​តំបន់ និង​នៅ​អន្តរជាតិ។

ចំណែក អ្នក​សិក្សា​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហប្រតិបត្តិ​ការ និង​សន្តិភាព (CICP) លោក វណ្ណ ប៊ុណ្ណា យល់​ថា ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​ចិន​មក​កម្ពុជា​នេះ ចិន​ទំនង​មិន​ហ៊ាន​បញ្ចេញ​មហិច្ឆតា​អ្វី​សម្រាប់​ដាក់​សម្ពាធ​ឱ្យ​កម្ពុជា ក្នុងនាម​កម្ពុជា​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នេះ​ទេ។

«ដោយសារ​ចិន​មាន​ឥទ្ធិពល​ស្រាប់​ទៅ​ហើយ មក​ដល់​ពេល​នេះ​ចិន​ហាក់ដូចជា​មិន​ចង់​អ្វី​ដាក់​ឱ្យ​កម្ពុជា​ជួយ ដើម្បី​ឱ្យ​សម្រេច​មហិច្ឆតា​ផលប្រយោជន៍​ក្នុង​កិច្ចប្រជុំ​ពាក់ព័ន្ធ​របស់​អាស៊ាន​ទេ។ ដោយសារ​ពេល​នេះ ឃើញ​ថា បញ្ហា​នានា​ត្រូវការ​ឆ្លងកាត់​នៃ​ការ​ពិភាក្សាគ្នា​ខ្លាំង ជាពិសេស​ក្នុង​កិច្ចប្រជុំ​អាស៊ាន ចិន​លើក​ទី​២៥ និង​កិច្ចប្រជុំ​អាស៊ី​បូព៌ា ដែល​ប្រទេស​មហាអំណាច​ចូលរួម​ហ្នឹង»។

ការ​ពង្រឹង​នូវ​កិច្ចប្រតិបត្តិការ​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​រដ្ឋាភិបាល​ឯក​បក្ស​របស់ លោក ហ៊ុន សែន ជាមួយ​ប្រទេស​ចិន​កុម្មុយនីស្ត ត្រូវ​បាន​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​មួយចំនួន​រិះគន់​ថា រដ្ឋាភិបាល​កម្ពុជា​លម្អៀង​ទៅ​រក​ចិន និង​ដឹកនាំ​ប្រទេស​កាន់តែ​ផ្ដាច់ការ​។ ទោះជា​យ៉ាងណា រដ្ឋាភិបាល​ចិន​កុម្មុយនីស្ត​តែងតែ​ជួយ​ជ្រោមជ្រែង និង​ធ្វើជា​ខ្នងបង្អែក​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ស្ទើរ​គ្រប់​វិស័យ ខណៈ​រដ្ឋាភិបាល​លោក ហ៊ុន សែន​វិញ​ក៏​ផ្ដល់​កិច្ច​គាំពារ​ពិសេស​សម្រាប់​ជនជាតិ​ចិន​នៅ​កម្ពុជា និង​ព្យាយាម​លាក់បាំង​ព័ត៌មាន​អំពី​វត្តមាន​នៃ​មូលដ្ឋាន​កងទ័ព​ចិន​នៅ​កំពង់ផែ​សមុទ្រ​រាម​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។