អ្នកវិភាគយល់ថា ជំនួបមន្ត្រីទូតវៀតណាមថ្មីជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាការរំឭកឡើងវិញអំពីកាតព្វកិច្ចរបស់កម្ពុជាចំពោះផលប្រយោជន៍វៀតណាម។ ការលើកឡើងបែបនេះ កើតមានក្រោយពេលឯកអគ្គរដ្ឋទូតវៀតណាមថ្មីលោក ង្វៀន ហ៊ុយតាំង (Nguyen Huy Tang) បានចូលជួបលោក ហ៊ុន សែន នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា។
ឯកអគ្គរដ្ឋទូតរូបនេះ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលកម្ពុជាដែលបានជួយផ្ដល់បរិក្ខាពេទ្យ និងវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដល់វៀតណាម។
ជាការឆ្លើយតបលោក ហ៊ុន សែន មានប្រសាសន៍ថា ពាណិជ្ជកម្មកម្ពុជា និងវៀតណាម គឺបំពេញឱ្យគ្នាទៅវិញទៅមក។ លោកបានលើកទឹកចិត្តឱ្យឯកអគ្គរដ្ឋទូតវៀតណាមថ្មី ផ្ដោតការយកចិត្តទុកដាក់ពង្រីកពាណិជ្ជកម្មជាមួយគ្នា។ លើសពីនេះ លោក ហ៊ុន សែន ក៏ចង់ឱ្យមានកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យកសិកម្ម ដូចជាការធ្វើកសិកម្មតាមព្រំដែន ការផ្គត់ផ្គង់វត្ថុធាតុដើម ពូជដំណាំ និងការប្រើប្រាស់ទឹកតាមព្រំដែនជាដើមព្រមទាំងការបើកការហោះហើរត្រង់ឡើងវិញរវាងប្រទេសទាំងពីរ។
ជុំវិញរឿងនេះ អ្នកវិភាគនយោបាយលោក គឹម សុខ យល់ថា ជំនួបនេះ វៀតណាមគ្រាន់តែចង់រំឭកដល់លោក ហ៊ុន សែន ឡើងវិញ អំពីកាតព្វកិច្ចដែលត្រូវផ្ដល់ប្រយោជន៍ដល់ប្រទេសវៀតណាមប៉ុណ្ណោះ។ លោកបន្តថា ពាណិជ្ជកម្មរវាងវៀតណាមនិងកម្ពុជាមានន័យថា លោក ហ៊ុន សែន បំពេញប្រយោជន៍សេដ្ឋកិច្ចធំដល់ប្រទេសវៀតណាម ហើយវៀតណាមបំពេញមកវិញនូវការការពារអំណាចផ្ដាច់ការរបស់លោកហ៊ុន សែន វិញ៖ « ការដែលទូតវៀតណាមទៅជួបក្រុមលោក ហ៊ុន សែន នេះ ជាការរំឭកថាប្រសិនបើក្រុមលោក ហ៊ុន សែន ការពារចិនពេកទៅហើយនៅសមុទ្រចិនខាងត្បូង ដូច្នេះត្រូវផ្ដល់ផលប្រយោជន៍ផ្សេងៗទៀត កាន់តែធំទៅឱ្យវៀតណាម ជាការដោះដូរ កុំឱ្យវៀតណាមខឹងសម្បារជាមួយនឹងក្រុមលោក ហ៊ុន សែ ន » ។
លោក គឹម សុខ យល់ថា ថ្វីបើលោក ហ៊ុន សែន កំពុងតែងាកទៅរកបង្អែកចិនខ្លាំង ដោយប្រើប្រាស់វេទិកាអាស៊ានដើម្បីជួយពង្រីកមុខមាត់ចិននៅលើឆាកអន្តរជាតិក៏ពិតមែន កម្ពុជាក៏នៅតែរក្សាប្រយោជន៍ដល់វៀតណាមដដែល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។