អ្នកវិភាគសង្កេតឃើញថា អ្នកនយោបាយប្រឆាំងមួយចំនួនដែលសុំសិទ្ធិធ្វើនយោបាយឡើងវិញប៉ុន្តែមិនឃើញធ្វើសកម្មភាពនយោបាយអាចទាក់ទងនឹងបញ្ហាបុគ្គលច្រើនជាងការបំបែកខ្លួនចេញពីគណបក្សសង្គ្រោះជាតិដើម្បីបង្កើតបក្សថ្មី។
ការលើកឡើងនេះខណៈមានមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិបីរូបក្នុងនោះ ក៏មនុស្សសំខាន់ម្នាក់ គឺលោក សុន ឆ័យ បានសុំសិទ្ធិធ្វើនយោបាយឡើង ប៉ុន្តែពួកគេនៅតែរក្សាភាពស្ងប់ស្ងៀមដដែល។
អ្នកវិភាគសង្កេតឃើញថា ត្បិតមានអ្នកនយោបាយមួយចំនួនសុំសិទ្ធិធ្វើនយោបាយឡើងវិញក្ដីប៉ុន្តែពួកគេភាគច្រើនមិនបានប្រកាសថាលាចេញពីគណបក្សសង្គ្រោះជាតិឡើយ។ អ្នកវិភាគយល់ថា ទោះអ្នកនយោបាយក្នុងបក្សប្រឆាំងមានប្រជាប្រិយភាពខ្ពស់កម្រិតណាក្ដីប៉ុន្តែបើគេបំបែកខ្លួនចេញពីលោក សម រង្ស៊ី និងលោក កឹម សុខា ពិបាកនឹងទទួលបានការគាំទ្រពីពលរដ្ឋខ្មែរណាស់។
អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ លោក ឯម សុណ្ណរ៉ា និយាយថា អ្នកសុំសិទ្ធិធ្វើនយោបាយដែលកត់សម្គាល់នៅរយៈពេលចុងក្រោយនេះគឺលោក សុន ឆៃ ដែលជាមន្ត្រីជាន់ខ្ពស់ក្នុងគណបក្សសង្គ្រោះជាតិអាចមកពីការចង់ថែរក្សាអចលនទ្រព្យរបស់លោកនៅខេត្តសៀមរាប ជាជាងការងាកមកបង្កើតបក្សថ្មី។ លោកសង្កេតឃើញថា ទោះអ្នកនយោបាយទាំងនោះទៅបង្កើតបក្សថ្មីប៉ុន្តែគ្មានលទ្ធភាពគ្រប់គ្រាន់ទៅកៀរគររកអ្នកគាំទ្របាននោះទេ៖ «លោក សុន ឆ័យ គាត់មានអតីតសមាជិកសភាដែលមានឥទ្ធិពលក្នុងបក្សដែរហើយការសុំរបស់គាត់នេះខ្ញុំគិតថា គ្រាន់តែយន្តការដើម្បីរក្សាសុវត្ថិភាពនិងអត្ថប្រយោជន៍ផ្ទាល់ខ្លួន ហើយអ្នកផ្សេងគាត់ចេញទៅបង្កើតបក្សថ្មីគឺពុំមានសង្ឃឹមទេ»។
លោក ឯម សុណ្ណរ៉ា លើកឧទាហរណ៍ ក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៨កន្លងទៅគណបក្សនយោបាយចំនួន១៩បក្សដែលចូលរួមប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជាគឺគ្មានគណបក្សណាមួយទទួលបានសំឡេងគាំទ្រឡើយ។
រីឯអ្នកវិភាគនយោបាយលោកបណ្ឌិត សេង សារី យល់ថា ការដែលអ្នកនយោបាយទទួលបានសិទ្ធិធ្វើនយោបាយតែមិនបង្ហាញសកម្មភាពធ្វើនយោបាយអាចមកពីពួកគេដឹងថា ខ្លួនគ្មានលទ្ធភាពអាចរកសំឡេងគាំទ្របាន ខណៈគណបក្សសង្គ្រោះជាតិនៅតែមានឥទ្ធិពលដដែល។ លោកបន្តថា នៅក្នុងស្ថានភាពសព្វថ្ងៃ ទោះបុគ្គលគ្រប់រូបមានសិទ្ធិធ្វើនយោបាយក្ដី ប៉ុន្តែពួកគេនៅតែរងការគំរាមកំហែងដដែល៖ «អាចមានរឿងពីររឿងទីមួយប្រហែលគាត់ដឹងថា គាត់ទៅបង្កើតបក្សថ្មីប្រហែលមិនអាចទៅរួចទេ រឿងទីពីរពួកគាត់មិនដែលប្រកាសថា ថាចាកចេញពីគណបក្សសង្គ្រោះជាតិទេគាត់នៅតែបន្តជាសមាជិកគណបក្សសង្គ្រោះជាតិទេ ប៉ុន្តែគាត់មានជម្រើសជាលក្ខណៈបុគ្គលរបស់គាត់»។
ការលើកឡើងបែបនេះរបស់ក្រុមអ្នកវិភាគក្រោយពីមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងចំនួនបីរូបកាលពីដើមខែកញ្ញាបានសុំសិទ្ធិធ្វើនយោបាយឡើងវិញអ្នកទាំងនោះរួមមានប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ៖លោក សុន ឆ័យ សមាជិកគណៈកម្មាធិការនាយកគណបក្សសង្គ្រោះជាតិ លោក តាវ គឹមឈន និង លោក វ៉ា សាម៉ុន។
មកទល់ពេលនេះមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិចំនួន ១២នាក់ហើយ ដែលបានសុំសិទ្ធិនយោបាយឡើងវិញ ក្នុងចំណោមមន្ត្រីជាន់ខ្ពស់ចំនួន ១១៨រូប ដែលរបបលោក ហ៊ុន សែន ដាក់បម្រាមមិនឲ្យធ្វើនយោបាយរយៈពេល ៥ឆ្នាំ។
អាស៊ីសេរីបានព្យាយាមសុំការបំភ្លឺបន្ថែមបញ្ហានេះពីលោក សុន ឆ័យ ប៉ុន្តែទូរស័ព្ទរបស់លោកមិនទទួលការហៅចូលឡើយ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិម្នាក់ លោក អ៊ូ ច័ន្ទរ័ត្ន បានសុំសិទ្ធិធ្វើនយោបាយ កាលពីឆ្នាំ២០១៩ បានឱ្យសារព័ត៌មានក្នុងស្រុក (វិទ្យុបារាំងអន្តរជាតិ) ដឹងកាលពីពេលថ្មីៗ នេះថា លោកកំពុងប្រមូលអ្នកប្រជាធិបតេយ្យដើម្បីបង្កើតគណបក្សនយោបាយថ្មី។ ប៉ុន្តែលោកមិនទាន់បញ្ជាក់ពីសមាសភាពថ្នាក់ដឹកនាំគណបក្សនេះឡើយទេ។
កាលពីដើមខែកញ្ញា លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិចោទប្រកាន់ថា លោក ហ៊ុន សែន នៅពីក្រោយនៃការបង្កើតគណបក្សតូចៗ ថ្មីថ្មោង ដើម្បីបន្លំភ្នែកអន្តរជាតិ និងដើម្បីលម្អប្រជាធិបតេយ្យក្លែងក្លាយ។ លោក សម រង្ស៊ី នៅតែអះអាងថា គ្មានគណបក្សណាអាចមកជំនួសគណបក្សសង្គ្រោះជាតិក្នុងការប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជាឡើយ៖ «គណបក្សថ្មីៗ តូចៗ ដែលគាត់ ( លោក ហ៊ុន សែន ) ជំរុញឱ្យបង្កើតនោះគឺជាឧបករណ៍ជាលេសដើម្បីជៀសវាងការបើកផ្លូវឱ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ»។
កាលពីការបោះឆ្នោតឆ្នាំ២០១៨ មានក្រុមមន្ត្រីគណបក្សសង្គ្រោះជាតិ លោក គង់ គាំ បានសុំសិទ្ធិធ្វើនយោបាយមកធ្វើជាទីប្រឹក្សាជាន់ខ្ពស់របស់គណបក្សកូនប្រុសរបស់លោកប៉ុន្តែមិនទទួលបានកៅអីនៅក្នុងសភានោះទេ។ ក្រៅពីនេះក៏មានមន្ត្រីគណបក្សសង្គ្រោះជាតិផ្សេងដូចជាលោក រៀល ខេមរិន្ទ លោក ខឺយ ស៊ីនឿន បានមកបង្កើតបក្សថ្មីដែរ ប៉ុន្តែមិនទាន់មានសកម្មភាពទទួលបានការគាំទ្រពីពលរដ្ឋនោះទេ។
រដ្ឋាភិបាលលោក ហ៊ុន សែន បានរំលាយគណបក្សសង្គ្រោះជាតិ កាលពីចុងឆ្នាំ២០១៧ និងដកសិទ្ធិនយោបាយលើមន្ត្រីជាន់ខ្ពស់គណបក្សនេះចំនួន ១១៨នាក់រយៈពេល ៥ឆ្នាំ និងបានដកហូតតំណែងក្រុមប្រឹក្សាឃុំសង្កាត់គណបក្សនេះជាង ៥០០០ យកមកគ្រប់គ្រង បន្ទាប់ពីគណបក្សប្រឆាំងដ៏ធំមួយនេះ មានសង្ឃឹមឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាលកាលពីពេលបោះឆ្នោតជាតិ ឆ្នាំ២០១៨៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។