អ្នកវិភាគយល់ឃើញថា ការធ្វើទស្សនកិច្ចរបស់មន្ត្រីក្រសួងការពារជាតិលោក ទៀ បាញ់ និងគណៈប្រតិភូកងទ័ពការពារជាតិទៅប្រទេសចិន មិនត្រឹមតែជាការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពទេ លើសពីនេះអាចជាការសម្រួលសម្រាប់ឲ្យកងទ័ពចិនងាយស្រួល ប្រើប្រាស់មូលដ្ឋានទ័ពជើងទឹកសមុទ្ររាម ដែលអ្នកឃ្លាំមើល និងសហរដ្ឋអាមេរិកសង្ស័យថា កម្ពុជាបានអនុញ្ញាតឲ្យចិនបង្កើតទីតាំងសម្រាប់កងទ័ពចិននៅទីនោះ។
ក្នុងដំណើរទស្សនកិច្ចរបស់មន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ទៅកាន់ប្រទេសចិន កាលពីថ្ងៃទី១៣ ខែសីហា អ្នកវិភាគព្រួយបារម្ភថា កម្ពុជាអាចជួយសម្រួលដល់ការប្រើប្រាស់ទីតាំងមូលដ្ឋានកងទ័ពជើងទឹក នៅសមុទ្ររាម ក្នុងកាលៈទេសៈណាមួយដែលប្រទេសចិនត្រូវការ។ ចំពោះទំនាក់ទំនងរវាងប្រទេសមហាអំណាច ជាមួយប្រទេសតូច ដូចជាប្រទេសកម្ពុជាពិតជាខាតប្រយោជន៍ជាច្រើន និងអាចរងសម្ពាធពីប្រទេសមហាអំណាចដទៃ ចោទកម្ពុជាថាចូលដៃជើងជាមួយចិន។ លើសពីនេះប្រទេសចិនអាចយកកម្ពុជាសម្រាប់ជាតំបន់តតាំងក្នុងជម្លោះរបស់ប្រទេសមហាអំណាចនៅថ្ងៃមុខ។
អ្នកវិភាគនយោបាយលោក គឹម សុខ ប្រាប់វិទ្យុអាស៊ីសេរី នៅរសៀលថ្ងៃទី១៤ ខែសីហាថា ទំនាក់ទំនងរវាងចិន និងកម្ពុជា គឺកម្ពុជាមានបំណងចង់បានការគាំទ្រពីប្រទេសចិន ក្នុងការផ្ទេរអំណាចពីឪពុកទៅកូន គឺពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅលោក ហ៊ុន ម៉ាណែត នៅពេលខាងមុខ ពេលដែលកម្ពុជាពឹងចិន ហើយចិនក៏អាចមានលេសទារសគុណ សម្រាប់ជាថ្នូរឲ្យកងទ័ពចិនបានបោះទីតាំងនៅដែនសមុទ្រកំពង់ផែរាម។
លោកបន្តថា ពេលនោះកម្ពុជានឹងធ្លាក់ទៅក្នុងវិបត្តិនយោបាយរវាងប្រទេសមហាអំណាច និងប្រទេសមហាអំណាចមួយទៀត ហើយនឹងអាចឲ្យកម្ពុជារងគ្រោះពីការប្រជែងអំណាចនោះ៖ « កាលដែលប្រជាពលរដ្ឋមិនសប្បាយចិត្ត មួយទៀតគឺវាធ្វើឲ្យខ្ទាស់ផលប្រយោជន៍នៃវិស័យការពារជាតិកម្ពុជា ដែលត្រូវមានទំនាក់ទំនងទូលំទូលាយរវាងកម្ពុជា - សហរដ្ឋអាមេរិក កម្ពុជា - អូស្ត្រាលី កម្ពុជា - ជប៉ុន គឺក្នុងទំនាក់ទំនងកងទ័ព និងកងទ័ព មិនមែនត្រឹមតែទំនាក់ទំនងកងទ័ពនៃគណបក្សប្រជាជនកម្ពុជា ជាមួយនឹងកងទ័ពចិននោះទេ » ។
ប្រតិកម្មរបស់អ្នកវិភាគនេះធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ បានដឹកនាំគណៈប្រតិភូខ្មែរទៅទស្សនកិច្ចប្រទេសចិន កាលពីថ្ងៃទី១៣ ខែសីហា។ សេចក្ដីប្រកាសរបស់ក្រសួងការពារជាតិ កាលពីថ្ងៃទី១២ ខែសីហាថា លោក ទៀ បាញ់ និងគណៈប្រតិភូនៃក្រសួងការពារជាតិ នឹងពិភាក្សាការងាររវាងមេបញ្ជាការកងទ័ពនៃប្រទេសទាំងពីរ ចំណាយពេលបួនថ្ងៃ គឺចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ ខែសីហា។ ក្នុងដំណើរទស្សនកិច្ចទៅប្រទេសចិនលើកនេះ លោក ទៀ បាញ់ នឹងជួបពិភាក្សាផ្លាស់ប្ដូរបទពិសោធគ្នាអំពីវិបត្តិនៅក្នុងតំបន់ និងអន្តរជាតិ ជាមួយអនុប្រធានគណៈកម្មាធិការយោធាមជ្ឈិមប្រទេសចិនលោក ស្ស៊ី ឈីលាំង។ បន្ថែមពីនេះលោកនឹងធ្វើជាអធិបតីនៅក្នុងពិធីចុះហត្ថលេខាលើពិធីសារ២ចំណុច៖ ទី១ កិច្ចសហប្រតិបត្តិការយោធា និងទី២ កិច្ចសហប្រតិបត្តិការបច្ចេកទេសយោធា ក្នុងការពង្រឹងសមាសភាព លើកកម្ពស់ស្មារតីរបស់កងទ័ព និងអាចធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ ដែលហៅថា «យុទ្ធសាស្ត្រទន់ និងយុទ្ធសាស្ត្ររឹង» ជាការងាយស្រួលឲ្យយោធាយកទៅប្រើប្រាស់ក្នុងវិស័យការពារជាតិ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសុំការស្រាយបំភ្លឺជុំវិញបញ្ហានេះ ពីអ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាត និងអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានទេ នៅថ្ងៃទី១៣ ខែសីហា ដោយទូរស័ព្ទហៅចូលជាច្រើនដង តែពុំមានអ្នកទទួល។
អ្នកវិភាគនយោបាយកម្ពុជាលោក គឹម សុខ លើកឡើងថា ក្នុងដំណើរទស្សនកិច្ចរបស់លោក ទៀ បាញ់ ទៅចិនលើកនេះ អាចជាការស្រាយបំភ្លឺកុំឲ្យចិនយល់ច្រឡំ ពីករណីដែលលោក ហ៊ុន ម៉ាណែត ទៅទំនាក់ទំនងការទូតរវាងទ័ពកម្ពុជា និងវៀតណាម មួយទៀតអាចជាការរឹតចំណងឲ្យកាន់តែស៊ីជម្រៅ ដើម្បីឲ្យប្រទេសចិនការពារអំណាចរបស់គណបក្សប្រជាជន ក្នុងការក្រាញអំណាច មិនឲ្យបក្សប្រឆាំងណាមួយផ្ដួលរំលំបក្សប្រជាជនបាន៖ « មិនដឹងថាលោក ហ៊ុន ម៉ាណែត សន្យាបែបណាជ្រៅប៉ុណ្ណាជាមួយយួន ហើយលោក ហ៊ុន សែន ក៏សន្យាបែបណាជ្រៅប៉ុណ្ណាជាមួយចិនទេ។ អីចឹងហើយលោក ហ៊ុន សែន និង លោក ហ៊ុន ម៉ាណែត ហ្នឹងក្លាយជាទៅកូនអុកទៅហើយរបស់យួន និងចិន។ ពេលដែលលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ក្លាយទៅជាកូនអុកយួន និងចិនទៅហើយ ដូច្នេះលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ដែលកំពុងដឹកនាំកម្ពុជា ដឹកនាំកម្ពុជាឲ្យក្លាយទៅជាកូនអុករបស់យួន និងចិន » ។
រដ្ឋាភិបាល លោក ហ៊ុន សែន រងការចោទប្រកាន់ថា បានលួចចុះកិច្ចព្រមព្រៀងសម្ងាត់ជាមួយប្រទេសចិនកុម្មុយនិស្ត ដើម្បីអនុញ្ញាតឱ្យកងទ័ពចិនបោះទីតាំងឈរជើងនៅលើទឹកដីខ្មែរ។ សារព័ត៌មានល្បីឈ្មោះរបស់សហរដ្ឋអាមេរិក ឌឹ វ៉លស្រ៊ីត ជ័រណល (The Wall Street Journal) បានរាយការណ៍កាលពីខែកក្កដា ឆ្នាំ២០១៩ថា កិច្ចព្រមព្រៀងសម្ងាត់នោះអនុញ្ញាតឱ្យកងទ័ពចិនគ្រប់គ្រងកំពង់ផែទ័ពជើងទឹករាមផ្ដាច់មុខរហូតដល់ទៅ ៣០ឆ្នាំ ហើយកិច្ចព្រមព្រៀងនេះអាចបន្តបានរៀងរាល់ ១០ឆ្នាំម្ដង។ ថ្វីដ្បិតតែរដ្ឋាភិបាលកម្ពុជា និងចិន បានចេញមុខបដិសេធរឿងនេះក្តី ប៉ុន្តែខាងភាគីទាំងពីរមិនដែលបង្ហាញភស្តុតាង និងព័ត៌មានដែលអាចគួរឱ្យជឿជាក់បាននោះឡើយ។ លើសពីនេះទៀត មូលដ្ឋានទ័ពជើងទឹករាមដែលត្រូវបានគេសង្ស័យអំពីវត្តមានយោធារបស់ចិនជាច្រើនឆ្នាំមកហើយនោះ បានប្រែប្រួលខ្លាំងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ សំណង់ថ្មីៗមួយចំនួន រួមទាំងហេដ្ឋារចនាសម្ព័ន្ធដទៃទៀត បានលេចចេញជារូបរាងឡើង ខណៈមន្ត្រីកម្ពុជា វាយកម្ទេចអាគារដែលជាជំនួយរបស់អាមេរិកដោយគ្មានជូនដំណឹងជាមុន ព្រមទាំងមានសកម្មភាពបូមខ្សាច់ស្ដារជម្រៅទឹកសមុទ្រនៅមូលដ្ឋានកងទ័ពជើងទឹករាមជាដើម។ ក្រុមអ្នកឃ្លាំមើលថា ទោះបីជាមានការបកស្រាយត្រឹមតែការលើកឡើងជាសាធារណៈពីសំណាក់លោក ហ៊ុន សែន និងមន្ត្រីរបស់លោកក៏ដោយ ក៏មិនអាចលាងជម្រះមន្ទិលសង្ស័យពីសហរដ្ឋអាមេរិកបានដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។