ក្រុមអ្នកអ្នកវិភាគមិនរំពឹងថា ការបោះឆ្នោតនៅអាណត្តិថ្មីនេះនឹងគ្មានមេដឹកនាំថ្មី ដែលធ្វើឲ្យជីវភាពពលរដ្ឋផ្លាស់ប្ដូរមុខមាត់ថ្មីឡើយ។ ការអះអាងរបស់ អ្នកវិភាគដូច្នេះធ្វើឡើងស្របពេលដែលកម្ពុជានឹងរៀបចំការបោះ ឆ្នោតសកលនៅខែកក្កដាខាងមុខនេះ។
នៅមិនយូរទៀតទេ ការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីនឹងមកដល់ គឺនៅខែកក្កដាខាងមុខនេះ ជាពេលវេលាដែលប្រជាពលរដ្ឋនឹងសស្រាក់សស្រាំនាំគ្នាទៅបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មី។ ក៏ប៉ុន្តែអ្នកវិភាគមើលឃើញថា ការបោះឆ្នោតនេះ គ្រាន់តែជាការធ្វើឡើងដើម្បីបង្គ្រប់កិច្ចទៅវិញ។
អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍសង្គម លោក បណ្ឌិត សេង សារី មិនរំពឹងថា ការរៀបចំការបោះឆ្នោតនៅពេលខាងមុខនេះ នឹងមានមេដឹកនាំថ្មីដូចការចង់បានរបស់ពលរដ្ឋឡើយ ដោយសារតែការរៀបចំការបោះឆ្នោតនោះនឹងប្រព្រឹត្តិទៅមិនសេរី និងយុត្តិធម៌។
លោក សេង សារី៖ «កម្លាំងពលរដ្ឋជារឿងសំខាន់ជាងគេ។ តែបច្ចុប្បន្ននេះតួសំខាន់ៗ ស្ថាប័នសំខាន់ៗ ដែលធានាទៅលើតម្លាភាព សេរីភាព យុត្តិធម៌នៅក្នុង ការបោះ ឆ្នោតវា អត់មាន។ អ៊ីចឹងហើយបានជាយើងមិនដឹងថា ការបន្លំ នោះមាន ទំហំប៉ុន ណា?។ ដូច្នេះហើយគ្មានស្ថាប័នណាឯករាជ្យ ដែលគួរឲ្យជឿទុកចិត្តបាន»។
ប្រទេសកម្ពុជាបានប្រកាន់យករបបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលកំណត់ការបោះឆ្នោតមួយអាណត្តិមានរយៈពេល៥ឆ្នាំម្ដង។ គិតតាំងពីឆ្នាំ១៩៩៣មក កម្ពុជាបានរៀបចំការបោះឆ្នោតចំនួន៦លើករួចមកហើយ។ រយៈពេលប្រមាណ៣០ឆ្នាំមកនេះ ទោះជាកម្ពុជាបានរៀបចំការបោះឆ្នោតជាទៀងទាត់ក្នុងរយៈពេល៥ឆ្នាំម្ដងដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញក៏ដោយ ក៏ការបោះឆ្នោតនេះ មិនអាចផ្លាស់ប្ដូរមេដឹកនាំថ្មីបានដដែល។ ផ្ទុយទៅវិញអំពើហិង្សានយោបាយ ការចាប់ចង ការបាញ់សម្លាប់តែងតែកើតឡើងជាហូរហែ ស្ទើរគ្រប់អាណត្តិ។ អ្នកនយោបាយកំពូលបង្កើតសង្គ្រាមពាក្យសម្ដីឆ្លងឆ្លើយនិងហែកហួរគ្នា គ្មានទីបញ្ចប់ ធ្វើឲ្យជាតិបែកបាក់។ ក្រុមអ្នកប្រឆាំងត្រូវបានរបបលោក ហ៊ុន សែន ចាត់ទុកជាខ្មាំងនិងជាក្រុមបដិវត្តន៍ពណ៌ជាដើម។
ទីប្រឹក្សាអង្គការខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា មានប្រសាសន៍ថា ដើម្បីឲ្យការបោះឆ្នោតជ្រើសរើសបានមេដឹកនាំល្អនោះ លុះត្រាតែពលរដ្ឋសកម្មទៅចូលរួមបោះឆ្នោតឲ្យគណបក្សដែលខ្លួនពេញចិត្តដោយសេរី និងគ្មានការភ័យខ្លាច។
លោក គល់ បញ្ញា៖«សកម្មភាពធ្វើនយោបាយអាចធ្វើនយោបាយដោយគ្មានការភ័យខ្លាច។ អ្នកនយោបាយអាចធ្វើនយោបាយឡើងវិញ បានធ្វើយ៉ាងណាឲ្យសមាសភាពគ.ជ.បមកពីសមភាពចម្រុះ មកពីគណបក្សដឹកនាំរដ្ឋាភិបាលបាល និង ក្រៅរដ្ឋាភិបាល»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានក្ដោបក្ដាប់ស្ថាប័នជាតិទាំងអស់ ពិសេសស្ថាប័នតុលាការនិង ស្ថាប័នរៀបចំការបោះឆ្នោត។ លោកគ្រប់គ្រងស្ថាប័នតុលាការ ដើម្បីកម្ចាត់គណបក្សប្រឆាំង ដូចជាការរំលាយគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ២០១៧ និងបន្តធ្វើទុក្ខបុកម្នេញគណបក្សប្រឆាំងរហូតដល់សព្វថ្ងៃជាដើម។ មកដល់ពេលនេះ មន្ត្រីសកម្មជននយោបាយនិងអ្នករិះគន់រដ្ឋាភិបាលជាង៧០នាក់កំពុងតែជាប់ឃុំឃាំងជាដើម។
រីឯគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតវិញ ត្រូវបានគេមើលឃើញថា ស្ថិតនៅក្នុងកណ្ដាប់ដៃលោក ហ៊ុន សែន។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ លោក ហ៊ុន សែន បានបង្គាប់ឲ្យគ.ជ.ប អនុប្រធានគ.ជ.ប មកពីគណបក្សហ៊្វុនស៊ិនប៉ិច ជំនួសលោក គួយ ប៊ុនរឿន ហើយសមាជិក ២រូបទៀត ត្រូវយកពីគណបក្សសញ្ជាតិកម្ពុជា និងពីស្ថាប័នអង្គការមិនមែនរដ្ឋាភិបាល ជំនួសលោក រ៉ុង ឈុន និងអ្នកស្រី តែ ម៉ានីរ៉ុង បន្ទាប់ពីមន្ត្រីជាន់ខ្ពស់គ.ជ.ប. ទាំងបីរូបកូតាមកពីគណបក្សសង្គ្រោះជាតិបានលាលែងកាលពីឆ្នាំ២០១៧។ លើសពីនេះទៀតប្រធានគ.ជ.ប.លោក ប្រាជ្ញ ចន្ទ ក៏ជាអតីតសមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាថែមទៀតផង។
ជាក់ស្ដែងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងរំលឹកឡើងវិញ អំពីលទ្ធផលបោះឆ្នោត ឆ្នាំ២០១៣នោះ ហាក់បីដូចជាដឹងលទ្ធផលបោះឆ្នោត មុនលទ្ធផលចេញជាផ្លូវការទៅទៀត។
លោក ហ៊ុន សែន៖«សន្លឹកឆ្នោតអ្នកឯងកើនក៏ដោយ តែស៊ីភីភីនៅតែឈ្នះ ឆ្នោត។ ព្រឹបភ្លាមគណបក្សប្រជាជនកម្ពុជាយកកៅអីពីខែត្រតូចចំនួន ៩រួចបាត់ទៅហើយ ដូចជាខែត្រកោះកុង មណ្ឌលគីរី រតនគីរី ស្ទឹងត្រែង កែប ប៉ៃលិន...»។
ស្ថាប័នរៀបចំការបោះឆ្នោត ត្រូវបានសហគមន៍ជាតិអន្តរជាតិចាត់ទុកថា មិនមែនជាស្ថាប័នតំណាងឲ្យជាតិ ហើយឯករាជ្យឡើយ។ កាលពីពេលថ្មីៗនេះ សហភាពអឺរ៉ុបបានព្រមានរបបលោក ហ៊ុន សែន ថា ប្រសិនការបោះឆ្នោតនាពេលខាងមុខ មិនប្រព្រឹត្តិទៅដោយសេរីនិងយុត្តិធម៌ទេនោះ សហភាពអឺរ៉ុបនឹងដកប្រព័ន្ធអនុគ្រោះពន្ធបន្ថែមទៀតពីកម្ពុជា។
ទាក់ទងនឹងបញ្ហានេះ លោក បណ្ឌិត សេង សារី មានប្រសាសន៍ថា ការបោះឆ្នោត នៅឆ្នាំ២០២៣នេះ គ្រាន់តែជានិមិត្តរូបតែប៉ុណ្ណោះ។ លោកបញ្ជាក់ថា លោក ហ៊ុន សែន នឹងមិនខ្វល់អំពីទុក្ខរបស់ប្រជារាស្ត្រនោះទេ អ្វីដែលលោកខ្វល់នោះថាតើត្រូវធ្វើយ៉ាងណា ដើម្បីសម្រេចគោលដៅរក្សាអំណាច និងអាចផ្ទេរអំណាចតពូជបាន។
លោក សេង សារី៖ «ការបោះឆ្នោតមួយរយៈចុងក្រោយនេះ គ្រាន់តែជានិមិត្តរូបនៃការបោះ ឆ្នោត ពីព្រោះថា គណបក្សកាន់អំណាចបានដឹងលទ្ធផលជាមុនបាត់ទៅហើយ...»។
ទោះបីជាលោក ហ៊ុន សែន បានក្ដោបក្ដាប់ស្ថាប័ន គ.ជ.ប. និងស្ថាប័នជាតិសំខាន់ៗ ផ្សេងទៀតដែលធ្វើឲ្យលោកអាចឈ្នះការឆ្នោតនៅពេលខាងមុខ តាមផែនការរបស់លោកបែបនេះក្ដី ក៏លោកនៅតែប្រើយុទ្ធសាស្ត្រជាច្រើនទៀតនៅមុនពេលបោះឆ្នោតជាតិ ខែកក្កដាមកដល់នេះ។
យុទ្ធសាស្ត្រទាំងនោះមានដូចជា ការគំរាមកំហែង និងសម្លុត ការអូសទាញក្រុមអ្នកប្រជាធិបតេយ្យឲ្យងាកមកចុះចូលជាមួយលោកវិញ។ យុទ្ធសាស្ត្ររបស់លោក ហ៊ុន សែន នេះ ទោះជាត្រូវច្បាប់ ខុសច្បាប់ ឬអសីលធម៌បែបណាក៏ដោយ ក៏លោកមិនខ្វល់អ្វីដែរ។ យុទ្ធសាស្ត្រខុសច្បាប់ និងអសីលធម៌នោះដូចជា ការលួចថតសំឡេងសន្ទនាឯកជនរបស់មន្ត្រីបក្សប្រឆាំង ជាបន្តបន្ទាប់ជាដើម ក្នុងនោះមាន លោក ប៉ែន សុវណ្ណ លោក កឹម សុខា និងអតីតអគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុទ្ធ ជាដើម។
ទោះបីជាលោក ហ៊ុន សែន ប្រើយុទ្ធសាស្ត្រអសីលធម៌ និងខុសច្បាប់បែបនេះក្ដី ក្រុមអ្នកវិភាគអះអាងថា ប្រសិនបើលោក ហ៊ុន សែន មិនរៀបចំការបោះឆ្នោត ដើម្បីបង្គ្រប់កិច្ចទេ ហើយបើកលំហសិទ្ធិសេរីភាព និងទុកឲ្យស្ថាប័ន គ.ជ.ប ជាស្ថាប័នឯករាជ្យដូចមានចែងនៅក្នុងច្បាប់មែននោះ ការបោះឆ្នោតនាពេលមុខគណបក្សកាន់អំណាចរបស់លោកនឹងមានវាសនាមិនខុសពីការបោះឆ្នោតកាលពីឆ្នាំ១៩៩៣ឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។